ពលរដ្ឋ​ជាង​២​ពាន់​នាក់​ដាក់​លិខិត​ចំហ​ឲ្យ​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ហង្សមាស​សុំ​ទោស

ប្រភព ៖ RFA

ពលរដ្ឋ​ជាង ២​ពាន់​នាក់​ដែល​បាន​ចូលរួម​តាម​អនឡាញ (online) ឈ្មោះ ​ឆេង ដត អូអជី (Change.org) បាន​គាំទ្រ​លិខិត​ចំហ​ដាក់​ទៅ​ស្ថាប័ន​៣ តម្រូវ​ឲ្យ​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ទូរទស្សន៍​ហង្សមាស លោក មាស រិទ្ធី និង​អ្នកស្រី រស់ សុធាវី សុំ​ទោស​ជា​សាធារណៈ​ដល់​សព​ស្ត្រី និង​គ្រួសារ។

លិខិត​ចំហ​នេះ ត្រូវ​បាន​អ្នក​តំណាង​ផ្ញើ​ជូន​ស្ថាប័ន​ទាំង​៣ គឺ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស ស្នើ​ឲ្យ​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ទាំង ២​នាក់ សុំ​ទោស​ជា​សាធារណៈ​ដល់​សព​ស្ត្រី និង​គ្រួសារ ដែល​រង​ការ​រំលោភ​ផ្លូវ​ភេទ​កាល​ពី​ដើម​ខែ​សីហា ដោយ​អ្នក​រត់​តាក់ស៊ី ២​នាក់ ក្នុង​ពេល​ដែល​នារី​រងគ្រោះ​ជិះ​រថយន្ត​ឈ្នួល​ពី​ភ្នំពេញ​ទៅ​ខេត្ត​ស្វាយរៀង។

លិខិត​នេះ​ក៏​ត្រូវ​គេ​បញ្ជូន​ទៅ​ក្រសួង​កិច្ចការ​នារី និង​ក្រសួង​ព័ត៌មាន ដែរ ក្នុង​បំណង​ជំរុញ​ឲ្យ​ពិនិត្យ​មើល​ចំពោះ​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ពេល​ព្រឹក​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស ដែល​គេ​យល់​ថា បាន​ប្រើ​ពាក្យពេចន៍​ប្រមាថ​មាក់ងាយ និង​ព្យាយាម​ស្ដីបន្ទោស​ដល់​ស្ត្រី​រងគ្រោះ ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌​ដូច​ដែល​មាន​ចែង​ក្នុង​សេចក្ដី​ប្រកាស​រួម​ស្ដីពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​អ្នក​ព័ត៌មាន អំពើ​ហិង្សា​លើ​ស្ត្រី​របស់​ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការ​នារី នា​ពេល​ថ្មីៗ​នេះ។

សកម្មជន​ស្ត្រី​នៅ​ក្នុង​យុទ្ធនាការ​ដាក់​ញត្តិ​លើ​អនឡាន (Change.org) និង​ជា​ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​យេនឌ័រ អ្នកស្រី ស៊ឹម ចិន្តា សង្ឃឹម​ថា ស្ថាប័ន​ទាំង​៣ នឹង​ពិចារណា​ចំពោះ​សំណើ​នេះ៖ «គោល​បំណង​ធំ​នៅ​ក្នុង​លិខិត​យើង​នេះ គឺ​ផ្ញើ​ជូន​ទៅ​ទូរទស្សន៍​ហង្សមាស តែ​ក្រសួង​កិច្ចការ​នារី និង​ក្រសួង​ព័ត៌មាន គឺ​យើង​ចម្លង​ជូន​ពួក​គាត់ ដោយសារ​ស្ថាប័ន​ទាំង​ពីរ គឺ​ទើប​តែ​ចុះ​ហត្ថលេខា​រួម​ថ្មីៗ​នេះ​ទៅ​លើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន ដើម្បី​ឲ្យ​គាត់​បាន​ឮ និង​ជួយ​រំលឹក​ធ្វើ​វិធានការ​ផ្សេងៗ ធ្វើ​ម៉េច​ឲ្យ​ក្រម​នេះ​គេ​អនុវត្ត​ដោយ​ខ្ជាប់ខ្ជួន​អត់​ប្រាសចាក​ពី​ក្រម​នេះ»

នៅ​ក្នុង​លិខិត​ចំហ​ដែល​គេ​ដាក់​ជូន​ស្ថាប័ន​ទាំង​៣ នេះ បាន​ស្រង់​សម្ដី​របស់​លោក មាស រិទ្ធី និង​អ្នកស្រី រស់ សុធាវី ថា​បើ​រំលោភៗ​ចុះ កុំ​សម្លាប់ បើ​គេ​រំលោភ​កុំ​ជេរ​ប្រមាថ​គេ សម្របសម្រួល​តាម​គេ​ទៅ បើ​រំលោភ​ហើយ​មិន​ព្រម​ទុក​ប្រើប្រាស់​តទៅទៀត យុទ្ធសាស្ត្រ​របស់​ស្រីៗ បើ​ចូល​ក្នុង​កណ្ដាប់ដៃ​គេ​ហើយ ធ្វើ​ឲ្យ​ទន់ភ្លន់ ពេល​យប់​ព្រលប់​ស្ងាត់​កុំ​សូវ​ហ៊ាន​ពេក និង​មិន​គួរ​ធ្វើ​ដំណើរ​តាម​ប្រភេទ​តាក់ស៊ី​ម៉ៅ វា​គ្រោះថ្នាក់​ដល់​យើង​អ៊ីចឹង ជាដើម។ ម្យ៉ាង​វិញ​ទៀត ខ្លឹមសារ​លិខិត​នេះ ពួក​គេ​រឹត​តែ​មិន​ទទួល​យក​ចំពោះ​ការ​បកស្រាយ​របស់​លោក មាស រិទ្ធី និង​អ្នកស្រី រស់ សុធាវី ដែល​បាន​បកស្រាយ​ថា គាត់​និយាយ​កំប្លែង​លេង​ដើម្បី​កុំ​ឲ្យ​អ្នក​ទស្សនា​ធុញទ្រាន់ ហើយ​ចរិត​របស់​ពួក​គាត់​ជា​អ្នក​ចូល​ចិត្ត​លេង​សើច។ ប្រការ​នេះ អ្នក​ទាមទារ​យល់​ថា មិន​មាន​ការ​គោរព​សិទ្ធិ​ស្ត្រី និង​ស្នើ​ឲ្យ​បញ្ឈប់​នូវ​រាល់​ទង្វើ ឬ​ការ​អត្ថាធិប្បាយ​ទាំងឡាយ​ណា​ដែល​ចាត់​ទុក​ស្ត្រី​ជា​កម្មវត្ថុ នៃ​ការ​និយាយ​កំប្លែង​លេង​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​អំពី​ហិង្សា​លើ​ស្ត្រី៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s