ក្រុមហ៊ុន​កប៉ាល់​ដឹក​​ភ្ញៀវ​​នៅ​ខេត្ត​ព្រះសីហនុ​ស្នើ​អាជ្ញាធរ​កុំ​យក​លុយ​បន្ថែម​​៨​ពាន់​រៀល​ពី​ភ្ញៀវក្នុង​ស្រុក

ប្រភព ៖ RFA

ប្រតិបត្តិករ​ទេសចរណ៍ និង​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លើក​លែង​ការ​យក​លុយ ៨​ពាន់​រៀល ពី​ទេសចរ​ជាតិ ដែល​ចេញ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា នៅ​ក្នុង​ខេត្ត​នេះ។

​ចំណែក​អភិបាល​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ ឬ​ទូក​ដឹក​ទេសចរ ឲ្យ​ជួយ​ផ្សព្វផ្សាយ​ដល់​ទេសចរ និង​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ឲ្យ​បាន​ទាំង​អស់​គ្នា ដើម្បី​រួម​សហការ​អភិវឌ្ឍ​ខេត្ត​ទេសចរណ៍​មួយ​នេះ​ឲ្យ​រីកចម្រើន។

ប្រតិបត្តិករ​ទេសចរណ៍​ក្រុមហ៊ុន​កប៉ាល់ ឬ​ទូក​ដឹក​ទេសចរ ចេញ​ទៅ​កម្សាន្ត​តាម​កោះ​មួយ​ចំនួន ថ្លែង​ថា ពួកគេ​គ្មាន​សិទ្ធិ​ជំទាស់​ការ​កំណត់​ឲ្យ​ទេសចរ​ត្រូវ​បង់លុយ ៨​ពាន់​រៀល (៨.០០០) ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ទេ ប៉ុន្តែ​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត ត្រូវ​ដាក់​តុ​អង្គុយ​រង់ចាំ​យក​លុយ​នៅ​តាម​ផែកប៉ាល់ ឬ​ទូក​ទេសចរណ៍​នីមួយៗ ដោយ​ខ្លួន​ឯង និង​ឲ្យ​មាន​របៀប​រៀប​រយ។

អ្នកស្រី ស៊ុយ ស្រីមុំ នាយិកា​ក្រុមហ៊ុន ស្ពីឌី ហ្វើរី ខេមបូឌា (Speed Ferry Cambodia) ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិសេស​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល គួរ​មាន​ការ​លើកលែង​ការ​បង់​លុយ ៨​ពាន់​រៀល ចំពោះ​ភ្ញៀវ​ជាតិ ត្បិត​ពួកគេ​មិន​សប្បាយ​ចិត្ត​ទេ៖ «រៀបចំ​ធ្វើ​ម៉េច​កុំ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ ហើយ​សំណូមពរ​មួយ​ទៀត ភ្ញៀវ​ទេសចរ​ខ្មែរ ឬ​ប្រជាពលរដ្ឋ​ខ្មែរ​យើង បើសិនជា​រដ្ឋបាល​ខេត្ត​អាច​លើក​លែង​បាន​ក៏​លើកលែង​ទៅ ពីព្រោះ​តំបន់​ទេសចរណ៍​ណា​ក៏​គេ​លើកលែង​មិន​យក​លុយ​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ហ្នឹង​ដែរ សូម្បី​តែ​ប្រាសាទ​អង្គរវត្ត ក៏​គេ​មិន​យក​លុយ​ភ្ញៀវ​ទេសចរ​ជាតិ​ដែរ»

កាល​ពី​ថ្ងៃ​ទី​១០ និង​ថ្ងៃ​ទី​១១ ខែ​សីហា ដែល​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចាប់​ផ្ដើម​ដាក់​តុ​ចាំ​យក​លុយ ៨​ពាន់​រៀល ពី​ទេសចរ​ជាតិ អន្តរជាតិ ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នា​ផែ​កប៉ាល់ ឬ​ទូក​ទេសចរណ៍​ឆ្នេរ​អូរ​ឈើទាល ខេត្ត​ព្រះសីហនុ ទេសចរ​ជាតិ​មួយ​ចំនួន​បាន​តវ៉ា និង​មិន​ព្រម​បង់​លុយ ៨​ពាន់​រៀល​ជូន​រដ្ឋបាល​ខេត្ត​ទេ។

ទេសចរ​ជាតិ​ភាគ​ច្រើន​បាន​រអ៊ូរទាំ​ចំពោះ​ការ​តម្រូវ​ឲ្យ​ពួកគេ​បង់លុយ ៨​ពាន់​រៀល​ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ហើយ​បាន​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិចារណា​ចំពោះ​ការ​កំណត់​ឲ្យ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​ក្នុង​ម្នាក់ៗ ត្រូវ​បង់​លុយ ៨​ពាន់​រៀល បន្ថែម​ពីលើ​តម្លៃ​ទិញ​សំបុត្រ​ទូក ឬ​សំបុត្រ​កប៉ាល់។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ឲ្យ​ពិចារណា​ចំពោះ​បញ្ហា​នេះ៖​ «ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ហើយ​ធ្វើ​ឲ្យ​អ្នក​ចូលរួម​គាត់​រីករាយ​សប្បាយ​ចិត្ត​ចូលរួម​ក្នុង​ការ​បង់​ប្រាក់ ៨​ពាន់​រៀល​ដោយ​សប្បាយ​ចិត្ត ហើយ​យើង​ក៏​បាន​ផល​ប្រយោជន៍​ទាំង​អស់​គ្នា ដោយ​មិន​មាន​កើត​មាន​ផល​ទំនាស់​ផ្សេងៗ​កើត​ឡើង គួរ​តែ​កំណត់​លក្ខខណ្ឌ​សម្រាប់​ភ្ញៀវ​ដែល​គួរ​បង់។ ឧទាហរណ៍​ទេសចរ​បរទេស​តម្រូវ​ឲ្យ​បង់​ចំនួន​ប៉ុន្មាន?»

​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា ការ​តម្រូវ​ឲ្យ​ទេសចរ​ជាតិ អន្តរជាតិ ដែល​​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​ត្រូវ​បង់​ថវិកា ៨​ពាន់​រៀល​ជូន​រដ្ឋបាល​ខេត្ត គឺ​យោង​ទៅ​តាម​ចំណារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ លោក យន្ត មីន បន្ត​ថា ការ​យក​លុយ​នេះ ជា​ការ​ពង្រឹង​ការ​គ្រប់គ្រង​លើ​វិស័យ​ទេសចរណ៍ និង​ប្រាក់​ចំណូល​ស្រប​តាម​នីតិវិធី​ហិរញ្ញវត្ថុ​សាធារណៈ ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ជា​គោលការណ៍​ចំនួន ៣​ចំណុច។

លោក​ថា ការ​តម្រូវ​ឲ្យ​ភ្ញៀវ​បង់​លុយ ៨​ពាន់​រៀល​ជូន​រដ្ឋបាល​ខេត្ត​ពេល​នេះ ដើម្បី​យក​ទៅ​ប្រើប្រាស់​លើ​ការងារ​អភិវឌ្ឍន៍​សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន​ឆ្នេរ និង​ការងារ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ទេសចរ៖ «ប្រទេស​ជិត​ខាង​ក៏​ដូច​គ្នា ហើយ​ខេត្ត​ដទៃ​ក៏​គេ​តម្រូវ​ឲ្យ​ទេសចរ​បង់​លុយ​នេះ​ដែរ ប៉ុន្តែ​ដោយសារ​តែ​ខេត្ត​ព្រះសីហនុ យើង​​មិន​ធ្លាប់​​យក​លុយ ដូច្នេះ​ហើយ​ជា​ទៅ​ជា​រឿង​ថ្មីៗ ធ្វើ​ឲ្យ​ទេសចរ​មិន​ចូល​រួម។ សម្រាប់​ភ្ញៀវ​ទេសចរ​ម្នាក់​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា​ហ្នឹង គឺ​ត្រូវ​បង់ ៨​ពាន់​រៀល។ រឿង​នេះ​តាម​ខ្ញុំ​គិត ក៏​ដូច​អ្នក​ខ្លះ​គិត​ដែរ ថា​គេ​មិន​ស្ដាយ​អី​ទេ​លុយ ៨​ពាន់​រៀល​នោះ សម្រាប់​អ្នក​ដើរ​កម្សាន្ត ប៉ុន្តែ​សម្រាប់​បង​ប្អូន​អាជីវករ ឬ​ប្រតិបត្តិករ​ហ្នឹង​គាត់​មិន​ទាន់​យល់​ពី​បញ្ហា​ហ្នឹង គាត់​អត់​ឯកភាព»

យ៉ាង​នេះ​ក្តី ទាំង​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ជា​ពិសេស​ទេសចរ​ជាតិ បាន​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពិចារណា​ឡើង​វិញ ឬ​មិន​ត្រូវ​យក​លុយ​ពី​ភ្ញៀវ​ជាតិ​នោះ​ទេ ព្រោះ​ពួកគេ​មិន​ពេញចិត្ត​ការ​កំណត់​ឲ្យ​បង់​លុយ ៨​ពាន់​រៀល​ជូន​រដ្ឋបាល​ខេត្ត​នោះ​ទេ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s