អ្នករាយការណ៍ថានឹងយកករណី ទេព វន្នី ប្រាប់កិច្ចប្រជុំ UN

ប្រភព ៖ VOD

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថ្លែងថា លោកស្រីនឹងលើកយកករណីអ្នកស្រី ទេព វន្នី ដែលកំពុងជាប់ពន្ធនាគារ ទៅប្រាប់កិច្ចប្រជុំអង្គការសហប្រជាជាតិ។

ការថ្លែងបែបនេះគឺនៅពេល លោកស្រី រ៉ូណា ស្មីត ទៅចូលរួមក្នុងពិធីរំលឹកខួប១ឆ្នាំនៃការជាប់ពន្ធនាគាររបស់អ្នកស្រី ទេព វន្នី នៅតំបន់បឹងកក់កាលពីល្ងាចម្សិលមិញ។

លោកស្រី រ៉ូណា ស្មីត ថ្លែងថា វត្តមានរបស់លោកស្រីក្នុងពិធីនេះ គឺជាការរំលឹកដល់ការជាប់ពន្ធនាគាររបស់អ្នកស្រី ទេព វន្នី និង «មន្ត្រីសិទ្ធិមនុស្សផ្សេងៗទៀត» ដែលទទួលរងការរំលោភសិទ្ធិមនុស្ស។ លោកស្រីបន្តថា  ករណីអ្នកស្រី ទេព វន្នី លោកស្រីនៅតែតាមដានយ៉ាងដិតដល់ ហើយក៏បានធ្វើការងារជាមួយរដ្ឋាភិបាលកម្ពុជាទៅលើករណីនេះផងដែរ។

លោកស្រីថ្លែងតាមរយៈអ្នកបកប្រែថា «ជាកាពិតណាស់ គាត់ធ្លាប់លើកករណីរបស់ ទេព វន្នី ហើយករណីរឿងបឹងកក់ជាច្រើនដងមកជាមួយខាង UN ពិសេសខាងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ អំពីរឿងហ្នឹង ហើយតាមដាននៅស្ថានការណ៍ ជាពិសេសករណី ទេព វន្នី យ៉ាងដិតដល់នៅខាងអង្គការសហប្រជាជាតិហ្នឹង»។

លោកស្រីបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហា លោកស្រីក៏បានទៅជួប​អ្នកស្រី ទេព វន្នី នៅពន្ធ​នា​​គារ​ដែរ ​ដោយ​អ្នកស្រី ទេព វន្នី បានប្រាប់គាត់ថា គាត់នឹកកូនដែលគ្មានអ្នកណាមើលថែ។

តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា លើកឡើងថា ពួកគេចង់ឲ្យរដ្ឋាភិបាលដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ ដោយថា អ្នកស្រី ទេព វន្នី មិនបានប្រព្រឹត្តខុសដូចតុលាការចោទប្រកាន់ឡើយ។ អ្នកស្រីបន្តថា ការចូលរួមរបស់លោកស្រី រ៉ូណា ស្មីត គឺជាការផ្ដល់ភាពកក់ក្ដៅ និងជាការលើកទឹកចិត្តដល់អ្នកស្រី ទេព វន្នី រួមទាំងពួកគាត់ដែលជាអ្នករងគ្រោះ ដោយសារបញ្ហាដីធ្លីផងដែរ។

អ្នកស្រីថា «​គាត់ផ្ដល់វត្តមានមកទីនេះ គឺគាត់ផ្ដល់កិត្តិយសមកដល់ពួកយើង ផ្ដល់ភាពកក់ក្ដៅមកដល់យើងទាំងអស់គ្នា ដែលពួកយើងអត់ដែលបានទទួលភាពកក់ក្ដៅនេះពីរាជរដ្ឋាភិបាលឡើយ មានតែទទួលបានអំពើហិង្សានិងការចោទប្រកាន់ជាលក្ខណៈប្រព័ន្ធតុលាការ ឬមួយគេហៅថា អនុវត្តច្បាប់ស្ដង់ដារពីរ»។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការចូលរួមរបស់លោកស្រី រ៉ូណា ស្មីត នៅក្នុងសហគមន៍បឹងកក់នេះជាការល្អ ដែលអាចនឹងធ្វើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ ក្នុងការដោះលែងសកម្មជនដីធ្លី និងអ្នកទោសមនសិកាផ្សេងទៀត។ លោកបន្តថា ប្រសិនបើលោកស្រី រ៉ូណា ស្មីត យកករណីអ្នកស្រី ទេព វន្នី ទៅប្រាប់អង្គការសហប្រជាជាតិនោះ លោកថារឿងល្អ។ លោកថា «ការជាប់ពន្ធនាគាររបស់គាត់នេះ គឺកើតចេញអំពីបញ្ហានៃកិច្ចការពារ​ឬក៏ទាមទារបញ្ហាដីធ្លីនៅក្នុងតំបន់បឹងកក់នេះ»។

អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៦ ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សអាដហុកនិងរកយុត្តិធម៌ជូន លោក កែម ឡី។

សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទប្រកាន់ពីបទជេរប្រមាថនិងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១១ ប៉ុន្តែតុលាការបានកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញកាលពីឆ្នាំ២០១៣៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s