អ្នក​រាយការណ៍​ពិសេស​អ.ស.ប ថា​មណ្ឌល​ព្រៃ​ស្ពឺ​មាន​ស្ថានភាព​អាក្រក់​ជាង​មុន

ប្រភព ៖ RFA

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លើក​ឡើង​ថា មណ្ឌល​សង្គមកិច្ច​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា​មណ្ឌល​អប់រំ​វិជ្ជាជីវៈ​ព្រៃ​ស្ពឺ នា​ពេល​នេះ​មាន​ស្ថានភាព​អាក្រក់​ជាង​មុន។ អ្នកស្រី រ៉ូណា ស្មីត ទាមទារ​ឲ្យ​ក្រសួង​សង្គមកិច្ច ខិតខំ​ដោះស្រាយ និង​កែលំអ​ស្ថានភាព​នោះ​ឡើង​វិញ។ រីឯ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច នៅ​តែ​ថ្លែង​ការពារ​ថា ស្ថានភាព​មណ្ឌល​ព្រៃ​ស្ពឺ ល្អ​ប្រសើរ​ជាង​មុន ប៉ុន្តែ​លោក​មិន​បដិសេធ​ក្នុង​ការ​ទទួល​យក​អនុសាសន៍​ឡើយ។

បញ្ហា​មិន​ប្រក្រតី​នៅ​ក្នុង​មណ្ឌល​ព្រៃ​ស្ពឺ បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) និង​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា នា​ទីស្ដីការ​ក្រសួង។

អ្នកស្រី រ៉ូណា ស្មីត មាន​ប្រសាសន៍​ក្នុង​ជំនួប​នោះ​ថា បន្ទាប់​ពី​ទស្សនកិច្ច​នៅ​មណ្ឌល​ព្រៃ​ស្ពឺ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា នោះ អ្នកស្រី​មើល​ឃើញ​ថា ស្ថានភាព​មណ្ឌល​ព្រៃ​ស្ពឺ​នា​ពេល​នេះ​មាន​ស្ថានភាព​អាក្រក់​ជាង​លើក​មុន ដោយសារ​តែ​មាន​ចំនួន​មនុស្ស​រស់នៅ​ច្រើន​តាន់តាប់ រហូត​ដល់​ទៅ ៥២៤​នាក់។ ក្រៅ​ពី​នេះ អ្នកស្រី​ថា​អ្នក​រស់នៅ​ក្នុង​មណ្ឌល​ព្រៃ​ស្ពឺ នៅ​មាន​ចន្លោះ​ប្រហោង​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ និង​នៅ​ពុំ​ទាន់​មាន​ការ​ដោះស្រាយ​បញ្ហា​ជូន​ពួក​គាត់​នៅ​ឡើយ​ទេ៖ «»។

មណ្ឌល​សង្គមកិច្ច​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា​មណ្ឌល​អប់រំ​វិជ្ជាជីវៈ​ព្រៃ​ស្ពឺ ស្ថិត​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ គឺ​ជា​កន្លែង​ដែល​អាជ្ញាធរ​បាន​ចាប់​មនុស្ស​ចាស់ និង​កុមារ​នៅ​តាម​ចិញ្ចើម​ផ្លូវ អ្នក​គ្មាន​ទីជម្រក អ្នក​ប្រើប្រាស់​គ្រឿង​ញៀន ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ និង​ជន​វិកល​ចរិត ជាដើម យក​ទៅ​អប់រំ​កែប្រែ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ កន្លង​ទៅ អាជ្ញាធរ​ក៏​បាន​យក​ពលរដ្ឋ​បុរីកីឡា​ដែល​តវ៉ា​ក្នុង​ពេល​អាជ្ញាធរ​ឈូស​ឆាយ​ផ្ទះ​សម្បែង យក​ទៅ​ដាក់​នៅ​ទីនោះ​បណ្ដោះអាសន្ន​ដែរ។ នៅ​រាល់​ពេល​មាន​ពិធី​បុណ្យ​ជាតិ និង​កិច្ចប្រជុំ​ធំៗ អាជ្ញាធរ​តែងតែ​ប្រមូល​ជន​អនាថា ឬ​អ្នក​សុំ​ទាន ឲ្យ​ទៅ​រស់នៅ​ទីនោះ​មួយ​រយៈពេល។

ជា​ការ​ឆ្លើយតប រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច លោក វង សូត ថ្លែង​ការពារ​ថា មណ្ឌល​ព្រៃ​ស្ពឺ​នៅ​ពេល​នេះ គឺ​មាន​ស្ថានភាព​ល្អ​ជាង​មុន បើ​ទោះ​បី​ជា​ការ​គ្រប់គ្រង​មនុស្ស​នៅ​មណ្ឌល​ព្រៃ​ស្ពឺ គឺ​នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​ក្តី។

លោក វង សូត អះអាង​ថា ក្រសួង​នឹង​ព្យាយាម​កែលំអ​មណ្ឌល​ព្រៃ​ស្ពឺ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត។ បច្ចុប្បន្ន ក្រសួង​កំពុង​កសាង​មណ្ឌល​ពិនិត្យ ព្យាបាល ថែទាំ ជាពិសេស​សម្រាប់​ជន​វិកល​ចរិត ស្ថិត​នៅ​ឃុំ​កំពង់កន្ទួត ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ដែល​អាច​នឹង​រួចរាល់​នៅ​ចុង​ឆ្នាំ​២០១៧ ឬ​ដើម​ឆ្នាំ​២០១៨ ហើយ​ក្រសួង​នឹង​ផ្ទេរ​អ្នក​រស់នៅ​ក្នុង​មណ្ឌល​ព្រៃ​ស្ពឺ​ប្រមាណ ១០០ ទៅ ២០០​នាក់​ទៅ​កាន់​មណ្ឌល​ថ្មី​នោះ។

ចំពោះ​ការ​ឃុំ​ខ្លួន​ជន​អនាថា​មិន​ឲ្យ​ចេញ​ក្រៅ​នោះ ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ដែល​ល្បី​មួយ​ប្រាវ​រឿង​ព្រមាន​វាយ​ក្បាល​អ្នក​តវ៉ា​នឹង​គល់​ឫស្សី​រូប​នេះ ពន្យល់​ដែរ​ថា ដោយសារ​ខ្លាច​ជន​អនាថា​ទាំងនោះ​ដើរ​ចេញ​ពេញ​វាល​អនាធិបតេយ្យ និង​ដើរ​សុំ​ទាន​គេ​ជាដើម ព្រោះ​ពួក​គេ​មួយ​ចំនួន​មិន​កែ​ទម្លាប់ ហើយ​នឹង​មិន​ទទួល​យក​សេវា​ថែទាំ​របស់​មណ្ឌល ជាដើម៖ «»។

ផ្ទុយ​ទៅ​វិញ អ្នកស្រី រ៉ូណា ស្មីត យល់​ឃើញ​ថា មូលហេតុ​ដែល​ជន​អនាថា​ទាមទារ​ចេញ​ពី​មណ្ឌល​ព្រៃ​ស្ពឺ ឬ​ពួក​គេ​ចង់​វិល​ទៅ​ដើរ​សុំ​ទាន​គេ​នោះ ក៏​ព្រោះ​តែ​ពួក​គេ​ត្រូវ​ការ​បំពេញ​ន័យ​ជីវិត ឬ​ចិញ្ចឹម​ជីវិត និង​ម្យ៉ាង​ទៀត ការ​ផ្តល់​សេវា​ថែទាំ​នៅ​ក្នុង​មណ្ឌល​នៅ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ពួក​គេ ជាដើម៖ «»។

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ព្រមាន​ឲ្យ​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​នេះ​ចោល​ម្តង​ដែរ ប្រសិន​ជា​ក្រសួង​សង្គមកិច្ច និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ខ្វះ​សមត្ថភាព​គ្រប់គ្រង​កែលំអ​មណ្ឌល​មួយ​នេះ ហើយ​តែង​បន្សល់​ឲ្យ​មាន​បញ្ហា​រ៉ាំរ៉ៃ និង​តែង​រង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា​កាល​ពី​ពេល​កន្លង​ទៅ។

កន្លង​ទៅ អង្គការ​ជាតិ និង​អន្តរជាតិ ត្អូញត្អែរ​ថា ការ​ប្រមូល​ផ្ដុំ​មនុស្ស​ក្នុង​មជ្ឈមណ្ឌល​នេះ ក្នុង​ហេតុផល​អប់រំ​ផ្ដល់​ឱកាស​រៀនសូត្រ​ជំនាញ​ដើម្បី​កែប្រែ​ស្ថានភាព​ជីវិត​រស់នៅ​ប្រសើរ​ឡើង​វិញ ប៉ុន្តែ​ភាព​ពិត​ជាក់ស្ដែង គឺ​ផ្ទុយ​ពី​គោលការណ៍​ដើម។ ពួក​គេ​មើល​ឃើញ​ថា មណ្ឌល​មួយ​នេះ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ មាន​ការ​ឃុំឃាំង​មនុស្ស​ខុស​ច្បាប់​ដោយ​ធ្វើ​ទារុណកម្ម ការ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដូចជា​ការ​សេពសន្ថវៈ ការ​ទុក​មនុស្ស​មាន​ជំងឺ​ឲ្យ​ស្លាប់​ដោយ​មិន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​ពួក​គេ​ម្នាក់ៗ​មាន​សភាព​មិន​ខុស​ពី​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ប៉ុន្មាន​ឡើយ។

អ្នកស្រី រ៉ូណា ស្មីត ក៏​បាន​ស្នើ​ឲ្យ​លោក វង សូត ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​នានា​ចូលរួម​ធ្វើ​ការងារ​ឡើង​វិញ និង​អនុវត្ត​តាម​អនុសាសន៍ ឬ​គោលការណ៍​ណែនាំ​ទាំងឡាយ​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​កន្លង​ទៅ។ អ្នកស្រី​ក៏​សន្យា​ថា នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ការ​វិវឌ្ឍន៍​នៃ​ស្ថានភាព​មណ្ឌល​សំចត និង​មណ្ឌល​ស្ដារ​នីតិសម្បទា​នានា​ម្តង​ទៀត​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា លើក​ក្រោយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s