អាជ្ញាធរ​និង​ក្រុមហ៊ុន​អូ​.ស៊ី.​អាយ.​ស៊ី​ដាក់​កម្លាំង​ឈូស​ឆាយ​ដីធ្លី​ពលរដ្ឋ​នៅ​ជ្រោយចង្វារ

ប្រភព ៖ RFA

អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ និង​ភាគី​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) នៅ​ថ្ងៃ​ទី​២១ សីហា បាន​ដាក់​កង​កម្លាំង និង​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ចុះ​ឈូស​ឆាយ​ដីធ្លី​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ដែល​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​យូរ​មក​ហើយ​នោះ។ មន្ត្រី​សិទ្ធិ​មនុស្ស​ចាត់​ទុក​ថា ការ​ឈូស​ឆាយ​ដី​ជម្លោះ​ទាំង​គ្មាន​ដំណោះស្រាយ​បែប​នេះ គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ម្ចាស់​ដី។

គ្រឿងចក្រ​ប្រមាណ ១០​គ្រឿង បាន​ចូល​ឈូស​ឆាយ​កាយ​គាស់​កម្ទេច​របង​ផ្ទះ និង​កាយ​ដី​ខ្សាច់​ពន្លិច​ដី​របស់​ពលរដ្ឋ​ដោយ​គ្មាន​ការ​ខ្លាច​រអា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា នៅ​ចំណុច​ភូមិ​ដើមគ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ទោះ​បី​ជា​ម្ចាស់​ដី​ទាំងនោះ​នាំ​គ្នា​ទៅ​ទប់ស្កាត់​ក្ដី។

ក្នុង​ប្រតិបត្តិការ​ឈូស​ឆាយ​នោះ អាជ្ញាធរ​បាន​ដាក់​កម្លាំង​ជាច្រើន​នាក់ និង​ត្រៀម​រថយន្ត​ពន្លត់​អគ្គិភ័យ​ផង ដើម្បី​ការពារ​ការ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ទៅ​ទប់ស្កាត់​គ្រឿងចក្រ​កំពុង​ឈូស​ឆាយ​ដី​នោះ។

ទោះ​យ៉ាង​ណា​ក៏​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​ដែរ ដោយ​កម្លាំង​សន្តិសុខ​សង្កាត់​ជ្រោយចង្វារ បាន​រុញ​ច្រាន​ពលរដ្ឋ​ម្ចាស់​ដី​ដែល​តវ៉ា និង​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ម្នាក់ តែ​ចុង​ក្រោយ​ដោះលែង​វិញ និង​ពុំ​បាន​បង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ​នោះ​ទេ ដោយសារ​តែ​ពលរដ្ឋ​មាន​ការ​អត់ធ្មត់​ខ្លាំង។

ពលរដ្ឋ​ម្ចាស់​ដី​ម្នាក់ ចាត់​ទុក​ថា សកម្មភាព​ឈូស​ឆាយ​នេះ គឺ​ជា​ការ​ប្លន់​យក​ដី​រាស្ត្រ ព្រោះ​ការ​ឈូស​ឆាយ​នេះ​មិន​បាន​ជូន​ដំណឹង ព្រម​ទាំង​គ្មាន​ដំណោះស្រាយ​ជា​មុន​ទៀត​ផង។ លោក​ថា​ការ​អះអាង​របស់​អាជ្ញាធរ​ដែល​ថា ដី​នេះ​គឺ​ជា​ដី​របស់​រដ្ឋ គឺ​មិន​ត្រឹមត្រូវ​ឡើយ ព្រោះ​ពួក​គាត់​បាន​កាន់​កាប់​មុន​ឆ្នាំ​១៩៧៩ ទៅ​ទៀត ដែល​បន្សល់​ទុក​ពី​ឪពុក​ម្ដាយ​របស់​ពួក​គាត់៖ «»។

ក្នុង​ពេល​ដឹកនាំ​កម្លាំង​ឈូស​ឆាយ​នោះ អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ នោះ​ទេ ដោយ​ពួក​គាត់​រុញ​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អាជ្ញាធរ​ខ្លះ​ទៀត​កុហក​ថា ពួក​គាត់​គឺ​ជា​ពលរដ្ឋ​ធម្មតា​មក​មើល​ការ​ឈូស​ឆាយ​នេះ​តែ​ប៉ុណ្ណោះ។ ចំណែក​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី ប្រាប់​ថា​កំពុង​ជាប់​រវល់​ប្រជុំ មិន​អាច​បកស្រាយ​បាន។

តំណាង​ប្រជាពលរដ្ឋ លោក ជា សុផាត ថ្លែង​ថា ដី​ជម្លោះ​នេះ​បាន​អូស​បន្លាយ​ពេល​ជាច្រើន​ឆ្នាំ​មក ដោយ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជិត ២០០​គ្រួសារ ក្នុង​សង្កាត់​ចំនួន​៣ គឺ​សង្កាត់​ជ្រោយចង្វារ សង្កាត់​ព្រែកលៀប និង​សង្កាត់​ព្រែកតាសេក ក្រោយ​ពី​សាលា​រាជធានី​ភ្នំពេញ យក​ដី​របស់​ពួក​គាត់ ហើយ​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ អូ.ស៊ី.អាយ.ស៊ី (OCIC) ធ្វើ​ការ​អភិវឌ្ឍ​បង្កើត​ជា​ទីក្រុង​រណប។ ពួក​គេ​បាន​ដាក់​លិខិត​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ ហើយ​ពេល​នេះ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​បាន​បន្ត​ឈូស​ឆាយ​លើ​ដី​ជម្លោះ​អម​ដោយ​កម្លាំង​អាជ្ញាធរ​ការពារ​ទៀត​ផង។

ប្រជាពលរដ្ឋ​សម្ដែង​ការ​សោកស្តាយ​ដែល​កន្លង​ទៅ​តែងតែ​បោះឆ្នោត​គាំទ្រ​គណបក្ស​កាន់​អំណាច ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ​បាន​ត្រឹម​តែ​បាត់បង់​ដីធ្លី​ទាំង​អយុត្តិធម៌​បែប​នេះ​ទេ។ ពួក​គេ​សំណូមពរ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ករណី​វិវាទ​ដីធ្លី​នេះ ព្រោះ​មិន​អាច​ពឹងពាក់​អាជ្ញាធរ​ថ្នាក់​ក្រោម​ដែល​ជា​អ្នក​បំផ្លាញ​សន្លឹកឆ្នោត​បាន​ទេ៖ «»។

កន្លង​ទៅ សាលា​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ថា នឹង​បែងចែក​ដី​របស់​ពួក​គាត់​ជា​បី​ផ្នែក ដោយ​ភាគី​ពលរដ្ឋ​ម្ចាស់​ដី​ទទួល​បាន​ដី​ត្រឹម ១០% រីឯ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ទទួល​បាន ៤០% និង​សាលា​ក្រុង​ទទួល​បាន ៥០%។ ដំណោះស្រាយ​នេះ ពលរដ្ឋ​ថា​មិន​អាច​ទទួល​យក​បាន​ទេ។ អ្វី​ដែល​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ចង់​បាន គឺ​អំពាវនាវ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ដោះស្រាយ​មាន​បី​ចំណុច គឺ​ទី​១ ពលរដ្ឋ​ជា​ម្ចាស់​ដី​ចង់​បាន​ដី​ចំនួន ៦៥% មក​វិញ ហើយ​ពួក​គាត់​សុខ​ចិត្ត​ចូលរួម​បរិច្ចាគ​ដី​ចំនួន ៣៥% ឲ្យ​សាលា​ក្រុង​ដើម្បី​យក​ទៅ​អភិវឌ្ឍ​ទីក្រុង​រណប។ ទី​ពីរ សាលា​ក្រុង​ត្រូវ​តែ​ឆ្វៀល​ដី​ទុក​ឲ្យ​ពលរដ្ឋ ប្រសិន​បើ​ការ​អភិវឌ្ឍ​ធ្វើ​ឲ្យ​ប៉ះពាល់​លំនៅឋាន។ រីឯ​ទី​៣ ពលរដ្ឋ​សុខ​ចិត្ត​លះបង់​ដី​ទាំងស្រុង​សម្រាប់​អភិវឌ្ឍ តែ​ត្រូវ​គិតគូរ​តាម​ទីផ្សារ​នៃ​តម្លៃ​ដី​ជាក់ស្ដែង​ឲ្យ​ពួក​គាត់។

រីឯ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន លោក សៀ ភារម្យ ថ្លែង​ថា វា​គឺ​ជា​រឿង​សោកស្តាយ​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន​ឈូស​ឆាយ​ទាំង​គ្មាន​ដំណោះស្រាយ​បែប​នេះ។ លោក​ថា បើ​ផ្អែក​ទៅ​លើ​ផ្លូវ​ច្បាប់​នោះ គឺ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្រប​ច្បាប់​ច្រើន​ជាង​ក្រុមហ៊ុន ក្នុង​ការ​កាន់​កាប់​ដី​នោះ ព្រោះ​ក្រុមហ៊ុន​ទើប​តែ​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ។ លោក​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ស្វែងរក​ដំណោះស្រាយ​តាម​យុទ្ធសាស្ត្រ​ឈ្នះៗ​ទាំងអស់​គ្នា តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លង​ទៅ៖ «»។

ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដី​នៅ​តំបន់​នោះ ភាគច្រើន​គឺ​ជា​អ្នក​មាន​ទ្រព្យ​ធន និង​ជា​មន្ត្រី​រាជការ​នៅ​តាម​ក្រសួង​ស្ថាប័ន​នានា។ ពលរដ្ឋ​អះអាង​ថា ពួក​គេ​ខ្លះ​បាន​មក​រស់នៅ​តំបន់​នោះ​តាំង​ពី​ឆ្នាំ​១៩៧៩ មាន​ប័ណ្ណ​សម្គាល់ ប្លង់​ដី បាន​បង់​ពន្ធ​ដី​ជូន​រដ្ឋ មាន​អត្តសញ្ញាណប័ណ្ណ និង​មាន​ឯកសារ​ផ្សេង​ទៀត​បញ្ជាក់​ថា ពួក​គេ​ជា​ពលរដ្ឋ​ស្រប​ច្បាប់​រស់នៅ​តំបន់​នោះ និង​អះអាង​ថា​ពួក​គេ​នឹង​បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ទៀត ដែល​ពួក​គេ​ថា ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ និង​ទប់ស្កាត់​ការ​បណ្តេញ​ចេញ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s