ទីបំផុត​​… ត្រូវ​ផ្អាកនិងត្រូវរុះកែប្រព័ន្ធប្រឡាយទឹក​ឱ្យ​បាន​​ដូច​ដើម​​​វិញ

ប្រភព ៖ កោះសន្តិភាព

សំណង់​រមណីយដ្ឋាន​របស់​មន្ត្រី​គយ​ម្នាក់ ដែល​បង្ក​ផល​ប៉ះពាល់​ស្ទើរ​ទាំងស្រុង​ ដល់​ប្រព័ន្ធ​ប្រឡាយ​រំដោះ​ទឹក​របស់ក្រុមហ៊ុន​ចិន​នៅ​លើ​ភ្នំព្រឹក​ ត្រូវ​បាន​អាជ្ញាធរ​ស្រុក ចេញ​លិខិត​បញ្ជា​ឱ្យ​ផ្អាក​សកម្មភាព​សាងសង់​ហើយ កាលពី​ថ្ងៃ​ទី​២១ សីហា ក្រោយ​ពី​មានការ​រិះគន់​ខ្លាំង​ៗ​ពី​មហាជន មន្ត្រី​នានា និង​តាម​បណ្ដាញ​សង្គម​យ៉ាង​ចាស់ដៃ​ផង​នោះ ។ នេះ​បើ​តាម​ប្រភព​ពី​មន្ត្រី​សាលាស្រុក​ភ្នំព្រឹក ដែល​បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ សីហា ។

លោក​សួន គឿ​ន អភិបាលស្រុក​ភ្នំព្រឹក បាន​បំភ្លឺ​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២២ សីហា​ថា លោក​ពិតជា​បាន​ចេញ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ម្ចាស់​សំណង់​នោះ ដើម្បី​ឱ្យ​ផ្អាក​ការ​សាងសង់​សំណង​រមណីយដ្ឋាន​នៅ​លើ​ចង្កេះ​ភ្នំព្រឹក​មែន ។ លោក​អភិបាលស្រុក បាន​និយាយ​ថា ក្រោយ​ពី​មានការ​រិះគន់​អំពី​ផល​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​បង្ហូរទឹក​របស់​ក្រុមហ៊ុន​ចិន ដោយសារ​សំណង់​រមណីយដ្ឋាន​នេះ លោក​និង​មន្ត្រី​មួយ​ចំនួន​បាន​ចុះ​ទៅ​ពិនិត្យ ហើយ​មើលឃើញ​ថា សំណង់​នេះ​ពិតជា​បាន​បង្ក​ផល​ប៉ះ​ពាល់​មែន ។ លោក​សួន គឿ​ន បាន​បញ្ជាក់​ថា ម្ចាស់​សំណង់​រមណីយដ្ឋាន​នេះ បាន​សាងសង់​ខ្យូ​ស​តូច​ៗ​ជា​កន្លែង​ផឹកស៊ី​នៅ​តាមចង្កេះភ្នំ​ប៉ែក​ខាងលើ​ផ្លូវ​ដែល​ជា​ដី​របស់​រដ្ឋ រំលោភ​លើ​ប្រព័ន្ធ​ប្រឡាយ​បេតុង ដែល​ក្រុមហ៊ុន​ចិន​បាន​សាងសង់​សម្រាប់​រំដោះ​ទឹក​បញ្ចៀស​មិន​ឱ្យ​ហូរ​ច្រោះ​ផ្លូវជាតិ​លេខ​៥៩ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ពេល​នេះ​លោក​បាន​ចេញ​លិខិត​បញ្ជា​ឱ្យ​ម្ចាស់​បញ្ឈប់​ការ​សាងសង់ ហើយ​ត្រូវ​ដក​កូន​លូ​តូច​ៗ​ចេញពី​ប្រឡាយ​បង្ហូរទឹក​រៀបចំ​ធ្វើ​ឱ្យ​ដូច​ដើម​វិញ ។

ចំពោះ​ការ​រិះគន់​ពី​មហាជន និង​មន្ត្រី​មួយ​ចំនួន​ដែល​ថា អាជ្ញាធរ​ស្រុក​ភ្នំព្រឹក ជា​អ្នក​អនុញ្ញាត​ឱ្យ​មានការ​សាងសង់​កន្លែង​ផឹកស៊ី​រំលោភ​លើ​ប្រព័ន្ធ​រំដោះ​ទឹក​នេះ លោក​សួន គឿ​ន អភិបាលស្រុក​ភ្នំព្រឹក​បាន​បដិសេធ​ថា លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សំណង់​រមណីយដ្ឋាន​ខាងលើ​នេះ​ទេ ហើយ​ក៏​មិន​មាន​លិខិតអនុញ្ញាត​ណាមួយ ដែល​លោក​ចុះហត្ថលេខា​ឯកភាព​ឱ្យ​សាងសង់​ដែរ ។

បើ​តាម​មន្ត្រី​ស្រុក​ភ្នំព្រឹក​បាន​ប្រាប់​ថា សំណង់​រមណីយដ្ឋាន​ដែល​សង់​ជា​ខ្យួ​ស​តូច​ៗ​ធ្វើ​ពី​ដែក​តាម​ចង្កេះភ្នំ​ជាង​៤០​ខ្យូ​ស​ខាងលើ​នេះ ជា​កម្មសិទ្ធិ​របស់​លោក​ភុ​ត ឆា​យ៉ា មាន​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​គយ និង​រដ្ឋាក​ប្រចាំ​ច្រក​ទ្វារ​តំបន់​អូរ​រំដួល ស្រុក​ភ្នំព្រឹក ។ មន្ត្រី​ដដែល​និយាយ​ថា មន្ត្រី​គយ​រូប​នេះ​បាន​សាងសង់​ស្ថានីយ​ប្រេង​ដ៏​ធំ​មួយ​កន្លែង និង​មាន​គម្រោង​សាងសង់​រមណីយដ្ឋាន ដែល​មាន​អាង​ហែល​ទឹក​ផង នៅ​ខាង​មុខ​ស្ថានីយ​ប្រេង រីឯ​មួយ​កន្លែង​ទៀត​កំពុង​សាងសង់​ជា​ខ្យូ​ស​តូច​ៗ​យ៉ាងតិច​ជាង​៤០​ខ្យូ​ស​សម្រាប់​អង្គុយ​លំហែកាយ​និង​ជាទី​តាំង​ផឹកស៊ី​នៅ​តាម​ចង្កេះភ្នំ​ខាងលើ​ផ្លូវជាតិ​លេខ​៥៩ ដែល​រំលោភ​លើ​ប្រព័ន្ធ​ប្រឡាយ​រំដោះ​ទឹក​ដែល​ក្រុមហ៊ុន​ចិន​សាងសង់​សម្រាប់​បញ្ចៀស​ជំនន់​ទឹកភ្លៀង​ហូរ​ចុះ​ពី​ភ្នំ កុំឱ្យ​ហូរ​ច្រោះ​ប៉ះពាល់​ផ្លូវថ្នល់​នៅ​លើ​ភ្នំ ហើយ​គេ​សង្ស័យ​ថា សំណង់​ទាំងនេះ​ទំនង​សុទ្ធតែ​គ្មាន​ច្បាប់​ទាំងអស់ ។

លោក​ភុ​ត ឆា​យ៉ា បាន​ធ្វើ​ខ្យូ​ស​ផឹកស៊ី​គ្រប​លើ​សំណង់​បេតុង ដែល​ជា​ប្រព័ន្ធ​ប្រឡាយ​សម្រាប់​រំដោះ​ទឹក​មានមុខ​ទំហំ​១​ម៉ែត្រ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ស្ថាបនា​ផ្លូវជាតិ​លេខ​៥៩​។ មិនតែប៉ុណ្ណោះ មន្ត្រី​គយ​រូប​នេះ​បាន​បញ្ជា​ឱ្យ​ជាង​រៀប​ថ្ម​បិទ​ប្រព័ន្ធ​បង្ហូរទឹក​នេះ​យ៉ាង​រឹង​ម៉ាំ ហើយ​គេ​ដាក់​កូន​លូ​រំដោះ​ទឹកតូច​ៗ​ដែល​មានមុខ​២​តឹក​ជំនួស​វិញ ។

ជុំវិញ​ការ​សង់​ខ្ទម​តូច​ៗ​ខាងលើ​នេះ មន្ត្រី​នានា និង​ប្រជាពលរដ្ឋ​ស្រុក​ភ្នំព្រឹក​បាន​លើក​ឡើង​ដែរ​ថា បញ្ហា​នេះ​មិនមែន​លោក​អភិ​បាលស្រុក​មិនដឹង​អំពី​សកម្មភាព​សាងសង់​ខ្សូ​ស​លើ​ភ្នំ​នេះ​ទេ តែ​លោក​ហាក់​ធ្វើ​ព្រងើយកន្តើយ​ថែម​ទាំង​បណ្ដែតបណ្ដោយ​ឱ្យ​មន្ត្រី​គយ​ឈ្មោះ​ភុ​ត ឆា​យ៉ា នេះ​សាងសង់​សំណង់​យ៉ាង​អនាធិបតេយ្យ​តាម​អំពើ​ចិត្ត​នៅ​លើ​ភ្នំ បើ​ទោះ​បង្ក​ផល​ប៉ះពាល់​ដល់​សម្បត្តិ​សាធា​រណ​:​របស់​រដ្ឋ​បែប​ណា​ក្ដី​។ ប៉ុន្តែ​ពាក់ព័ន្ធ​ជាមួយនឹង​ការ​បង្កើត​រមណីយដ្ឋាន​ថ្មី​របស់​មន្ត្រី​គយ​ដ៏​មហិមា​នេះ គេ​ឃើញ​អភិបាលរង​ស្រុក​ភ្នំព្រឹក​ម្នាក់ គឺ​លោក​ហែម ស៊ី​ណា​ក់ ហាក់​បាន​ប្រទាក់ក្រឡា​ការងារ​សាងសង់​ខ្យូ​ស​ផឹកស៊ី​នេះ​ជាមួយ​គ្នា​យ៉ាង​ស្និត​ស្នាល​បំផុត ដែល​គេ​សង្ស័យ​អាច​មាន​ភាគហ៊ុន​ជាមួយ​មន្ត្រី​គយ​នោះ​ទៀត​ផង ។

នៅ​ក្នុង​រឿង​នេះ​កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​ហែម ស៊ី​ណា​ក់ អភិបាលរង​ស្រុក​ភ្នំព្រឹក និង​លោក​ភុ​ត ឆា​យ៉ា ដែល​ជា​ដង្ខៅ​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំព្រឹក​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២២ សីហា ។ ប៉ុន្តែ​លោក​ភុ​ត ឆា​យ៉ា បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ដទៃ​ទៀត​ថា សំណង់​ខ្ទម​ដែក​តូច​ៗ​ដែល​សង់​រំលោភ​លើ​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​លើ​ភ្នំព្រឹក​នោះ ពិតជា​របស់​លោក​មែន ហើយ​លោក​បាន​បញ្ជាក់​ថា ពេល​នេះ​លោក​បាន​ផ្អាក​ការ​សាងសង់​ហើយ ក្រោយ​ពី​អាជ្ញាធរ​ស្រុក​បញ្ជា​ឱ្យ​ផ្អាក ។

សូម​បញ្ជាក់​ថា សំណង់​រមណីយដ្ឋាន​របស់​មន្ត្រី​គយ លោក​ភុ​ត ឆា​យ៉ា ដែល​កំពង់​សាងសង់​នៅ​លើ​ភ្នំព្រឹក​នេះ ត្រូវ​បាន​មហាជន និង​មន្ត្រី​នានា​ប្រតិកម្ម​រិះគន់​យ៉ាង​ខ្លាំង ជា​ពិសេស​តាម​បណ្ដាញ​សង្គម​តែ​ម្ដង ។ នៅ​ក្នុង​បណ្ដាញ​សង្គម​ខ្លះ​បាន​រិះគន់​ធ្ងន់​ៗ ថែម​ទាំង​​បាន​វាយប្រហារ​ចំ​ៗ​ចោទ​អាជ្ញាធរ​ថា បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​នោះ​ដើម្បី​ផល​ប្រ​យោន៍​ផ្ទាល់ខ្លួន ទើប​មិន​ខ្វល់ខ្វាយ​ពី​ផល​ប៉ះពាល់​ដល់​សម្បត្តិ​រដ្ឋ និង​សណ្ដាប់ធ្នាប់​សាធារណ​: ។ មិនតែប៉ុណ្ណោះ ថែម​ទាំង​បណ្ដែតបណ្ដោយ​ឱ្យ​មន្ត្រី​គយ​នោះ​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍​ដោយ​គ្មាន​ច្បាប់ទម្លាប់​តាម​អំពើ​ចិត្ត​។ លុះ​មាន​ប្រតិកម្ម​ខ្លាំង​ពី​មហាជន និង​មាន​បទបញ្ជា​ពី​ថ្នាក់លើ ទើប​អាជ្ញាធរ​ស្រុក​ធ្វើ​ជា​ភ្ញាក់ផ្អើល​ចុះ​ទៅ​ពិនិត្យ ហើយ​ម្នាក់​ៗ​ឆ្លើយ​យករួចខ្លួន​រៀង​ៗ​ខ្លួន ។

បើ​តាម​មន្ត្រី​សាលាស្រុក​ភ្នំព្រឹក​មួយ​រូប​បាន​ប្រាប់​ថា ក្រោយ​ពី​ផ្ទុះ​រឿង​នេះ ក្រុមហ៊ុន​ចិន​បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​ដើម្បី​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​រុះរើ​សំណង់​រមណីយដ្ឋាន​របស់​លោក ឆា​យ៉ា ដែល​ធ្វើ​រំលោភ​លើ​ប្រព័ន្ធ​រំដោះ​ទឹក ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទ​ទូល​បាន​ដំណឹង​ភ្លាម លោក​អភិបាលខេត្ត​ក៏​បាន​កោះហៅ​អាជ្ញាធរ​ស្រុក​ភ្នំព្រឹក​មក​សាលាខេត្ត ដើម្បី​សួរនាំ​ពី​រឿង​ភ្នំព្រឹក​នេះ កាលពី​ថ្ងៃ​ទី​២១ សីហា ។ ដូច្នេះ​ហើយ​ទើប​លោក​អភិបាលស្រុក​ចេញ​លិខិត​ត្រ​បញ្ជា​ឱ្យ​ថៅកែ​រមណីយដ្ឋាន​ទឹកធ្លាក់​នេះ​បញ្ឈប់​ការ​សាងសង់​ភ្លាម​ៗ​ដែរ ។

អភិបាលស្រុក​ភ្នំព្រឹក លោក​សួន គឿ​ន បាន​លើក​ឡើង​ថា ជំហាន​ដំបូង​នេះ​ លោក​បាន​ចេញ​លិ​ខិ​ត​ឱ្យ​ផ្អាក​ការ​សង​សង់ ហើយ​ម្ចាស់​សំណង់​ត្រូវ​រុះរើ​កែស​ម្រួល​​ធ្វើ​ប្រព័ន្ធ​ប្រឡាយ​រំដោះ​ទឹក​ឱ្យ​បាន​ដូច​ដើម​​វិញ ។ ដោយឡែក ​ខ្ទម​ឬ​ខ្យូ​ស​ធ្វើ​ពី​ដែក​រាប់​សិប​ខ្នង​នោះ លោក​សួន គឿ​ន បាន​បញ្ជាក់​ថា ពេល​នេះ​យើង​កំពុង​រង់ចាំ​សេចក្ដីសម្រេច​ពី​លោក​អភិបាលខេត្ត​ថា តើ​ត្រូវ​ធ្វើការ​រុះរើ​ទាំង​ស្រុង ​ឬ​ត្រូវ​មាន​វិធានការ​ផ្សេង ?

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s