សម្ភាស​អ្នកស្រី រ៉ូណា ស្មីត អំពី​ការ​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ប្រភព ៖ RFA

ក្នុង​ដំណើរ​ទស្សនកិច្ច​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លើក​ទី​៤ ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៨ សីហា អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​រក​ឃើញ​ថា កម្ពុជា នៅ​ប្រឈម​បញ្ហា​សិទ្ធិ​មនុស្ស​ជាច្រើន​គួរ​ឲ្យ​ព្រួយ​បារម្ភ និង​ស្នើ​ឲ្យ​មាន​ការ​កែលំអ បើ​ទោះ​ជា​មាន​ចំណុច​ខ្លះ​មាន​ភាព​ប្រសើរ​ឡើង​ក៏ដោយ។

បញ្ហា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទាំងនោះ​រួម​មាន សិទ្ធិ​កុមារ អ្នក​ជាប់​ឃុំ​រស់នៅ​ណែនណាន់​ក្នុង​ពន្ធនាគារ ធ្វើ​ឲ្យ​បាត់បង់​ភាព​ជា​មនុស្ស ការ​បំភិត​បំភ័យ គំរាម​កំហែង​ផ្នែក​នយោបាយ ការ​គាប​សង្កត់​សេរីភាព​បំពេញ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល ជាដើម។

លោក ជី វិតា៖ ដំបូង​ខ្ញុំ​សូម​អរគុណ​អ្នកស្រី​ដែល​ចំណាយ​ពេល​សម្រាប់​ខ្ញុំ។ ដំបូង​ខ្ញុំ​សុំ​ចាប់​ផ្ដើម​ដោយ​សំណួរ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​កុមារ ដែល​ជា​ប្រធានបទ​ដែល​អ្នកស្រី​ចាប់​អារម្មណ៍​ជាពិសេស និង​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​បន្ថែម​របស់​អ្នកស្រី​នៅ​លើក​នេះ។ តើ​អ្នកស្រី​អាច​ជម្រាប​បាន​ទេ​ថា អ្នកស្រី​រក​ឃើញ​អ្វី​ខ្លះ? តើ​ចំណុច​ណា​ខ្លះ​នៃ​បញ្ហា​សិទ្ធិ​កុមារ​នៅ​កម្ពុជា មាន​លក្ខណៈ​ប្រសើរ​ជាង​មុន ហើយ​ចំណុច​ណា​ខ្លះ​ដែល​កាន់​តែ​អាក្រក់?

អ្នកស្រី រ៉ូណា ស្មីត៖ ខ្ញុំ​បាន​ជ្រើសរើស​យក​បញ្ហា​សិទ្ធិ​កុមារ​ជាពិសេស ដោយសារ​មូលហេតុ​ជាច្រើន ដែល​ក្នុង​នោះ​ក៏​រួម​មាន​មូលហេតុ​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​មាន​គំនិត​ផ្ដួចផ្ដើម​ជាច្រើន​ដែល​មាន​ឥទ្ធិពល​ផ្ទាល់​ដល់​សិទ្ធិ​កុមារ។ មាន​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន​ជាច្រើន​ចំណុច ក្នុង​នោះ​រួម​មាន​ការ​អនុម័ត​ច្បាប់​ស្ដីពី​យុត្តិធម៌​ដល់​អនីតិជន និង​គម្រោង​របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា ដែល​មាន​គោលដៅ​ចុះ​បញ្ជី​កុមារ​ឲ្យ​ទទួល​បាន​ការ​ថែទាំ​នៅ​តាម​ស្ថាប័ន គម្រោង​ជាច្រើន​របស់​ក្រសួង​សុខាភិបាល ក្នុង​ការ​លើក​កម្ពស់​សុខភាព​របស់​កុមារ និង​គម្រោង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បញ្ចូល​ការ​លើក​កម្ពស់​ការ​អប់រំ​ដល់​កុមារ។ ដូច្នេះ ខ្ញុំ​យល់​ថា​មាន​វិស័យ​ជាច្រើន​ដែល​ក្នុង​នោះ សិទ្ធិ​កុមារ​កំពុង​ត្រូវ​បាន​ការពារ​យ៉ាង​ប្រសើរ​ជាង​មុន​នៅ​កម្ពុជា។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ពិត​ជា​នៅ​មាន​វិស័យ​ជាច្រើន​ដែល​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ។ កុមារ​ជាច្រើន​នៅ​តែ​បន្ត​ស្ថិត​ក្នុង​ការ​ឃុំឃាំង​តាម​ស្ថាប័ន មិន​ថា​ស្ថាប័ន​ផ្ដល់​សេវា​ថែទាំ មជ្ឈមណ្ឌល​សំចត និង​មណ្ឌល​ស្ដារ​នីតិសម្បទា​នោះ​ទេ។ ក្រៅ​ពី​នេះ បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​ខ្ញុំ​បាន​ពិនិត្យ​មើល​កាល​ពី​បេសកកម្ម​លើក​មុន ក៏​នៅ​កើត​មាន​ដល់​កុមារ​ដែរ។ កុមារ​ក្នុង​ចំនួន​ដ៏​ច្រើន ជាពិសេស​កុមារ​ដែល​ត្រូវ​បាន​ឪពុក​ម្ដាយ​ចាកចេញ​ទៅ​ឆ្ងាយ ដោយសារ​ចំណាក​ស្រុក​មក​រក​ការងារ​ធ្វើ​នៅ​ទីក្រុង នៅ​តាម​រោងចក្រ ការដ្ឋាន​សំណង់ ឬ​នៅ​ក្រៅ​ប្រទេស កុមារ​ទាំងនោះ​ត្រូវ​បាន​ទុក​ឲ្យ​រស់នៅ​ជាមួយ​សាច់ញាតិ​ដទៃ​ទៀត ហើយ​ដូច​ដែល​ខ្ញុំ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្ញុំ​អ៊ីចឹង គឺ​ស្ថានភាព​កុមារ​ទាំងនោះ​អាច​នឹង​មាន​បញ្ហា និង​មាន​និន្នាការ​ឆ្ពោះ​ទៅ​រក​ការ​រំលោភ​បំពាន​សិទ្ធិ​កុមារ។

លោក ជី វិតា៖ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា បាន​លើក​ឡើង​ថា នឹង​បង្កើត​ឲ្យ​មាន​មន្ទីរ​ឃុំឃាំង​សម្រាប់​អនីតិជន ឬ​កុមារ។ តើ​អ្នកស្រី​សង្ឃឹម​យ៉ាង​ណា​ចំពោះ​ការ​លើក​ឡើង​របស់​ក្រសួង​សង្គមកិច្ច?

អ្នកស្រី រ៉ូណា ស្មីត៖ ខ្ញុំ​គិត​ថា​ការ​បង្កើត​ឲ្យ​មាន​សម្ភារៈ​បរិក្ខារ និង​មណ្ឌល​សមស្រប​សម្រាប់​ឃុំឃាំង​ជន​ជាប់​ចោទ​ជា​អនីតិជន​ស្រប​តាម​ច្បាប់ មាន​សារសំខាន់​ណាស់។ នៅ​ពេល​បច្ចុប្បន្ន អនីតិជន ឬ​កុមារ​មិន​អាច​ត្រូវ​បាន​ឃុំឃាំង​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​ជន​ជាប់​ឃុំ​មនុស្ស​ធំ​នោះ​ទេ ដូចជា​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ដែល​នៅ​ទីនោះ​មិន​មាន​ទីកន្លែង​គ្រប់គ្រាន់​សម្រាប់​ដាក់​ទណ្ឌិត​ជា​អនីតិជន​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​ទណ្ឌិត​ជា​ស្ត្រី។ ដូច្នេះ​ប្រសិន​បើ​មាន​សម្ភារៈ​បរិក្ខារ និង​ទីកន្លែង​សមរម្យ ហើយ​ស្រប​តាម​បទដ្ឋាន​អប្បបរមា​នៃ​ការ​ឃុំឃាំង​នោះ នឹង​ក្លាយ​ជា​ជំហាន​ជា​វិជ្ជមាន​មួយ។

ទោះ​បី​ជា​យ៉ាង​ណា ក៏​មន្ទីរ​ឃុំឃាំង​បែប​នេះ​ត្រូវ​តែ​បំពេញ​ឲ្យ​បាន​ជា​អប្បបរមា ឬ​ឲ្យ​លើស​ពី​កម្រិត​អប្បបរមា​ទៅ​ទៀត​នូវ​បទដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ ហើយ​ដាក់​បញ្ចូល​នូវ​ការ​អប់រំ និង​បណ្ដុះបណ្ដាល​ដល់​កុមារ ហើយ​ច្បាស់​ណាស់​ការ​ឃុំឃាំង​កុមារ​ដោយ​ស្រប​តាម​ច្បាប់​ទៅ​បាន លុះត្រា​តែ​មាន​ហេតុផល និង​ច្បាប់។

លោក ជី វិតា៖ ដើម្បី​ដោះស្រាយ​បញ្ហា​អ្នក​ជាប់​ឃុំ​រស់នៅ​ណែនណាន់​ក្នុង​ពន្ធនាគារ អ្នកស្រី​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រសួង​យុត្តិធម៌ ជ្រើសរើស​យក​វិធី​អនុវត្ត​ទោស​នៅ​ក្រៅ​ពន្ធនាគារ​តាម​រយៈ​ឲ្យ​អ្នក​ត្រូវ​ជាប់​ឃុំ រស់នៅ​ក្រៅ​ឃុំ​ដោយ​ធ្វើ​ការ​ក្នុង​សហគមន៍ ដើម្បី​ប្រយោជន៍​សាធារណៈ​វិញ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ថា​ជម្រើស​ឲ្យ​អ្នក​ទោស​ធ្វើ​ការ​ក្នុង​សហគមន៍ ជា​រឿង​ថ្មី​ចែស​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​មិន​ទាន់​អាច​ទទួល​យក​បាន។ លោក​បារម្ភ​ថា​ការ​អនុវត្ត​ទោស​នៅ​ក្រៅ​ពន្ធនាគារ អាច​នឹង​ត្រូវ​ហ្វូង​មនុស្ស​វាយ​ឲ្យ​ស្លាប់។ តើ​អ្នកស្រី​ឆ្លើយ​យ៉ាង​ម៉េច​ដែរ?

អ្នកស្រី រ៉ូណា ស្មីត៖ កាល​ពី​ពេល​ខ្ញុំ​បាន​ជួប​ជាមួយ​ក្រសួង​យុត្តិធម៌ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ជម្រើស​ទាំង​ពីរ គឺ​ការ​ដាក់​ឲ្យ​អ្នក​ទោស​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ និង​ជម្រើស​ឲ្យ​អ្នក​ទោស​ធ្វើ​ការ​ក្នុង​សហគមន៍​ជំនួស​ឲ្យ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​ក្នុង​ដំណាក់កាល​រង់ចាំ​ការ​ជំនុំ​ជម្រះ​នោះ គឺ​ជា​គោល​គំនិត​ថ្មី​នៅ​កម្ពុជា។

ខ្ញុំ​បាន​ឆ្លើយ​ប្រាប់​ឯកឧត្ដម​រដ្ឋមន្ត្រី​វិញ​ថា ជម្រើស​ទាំងនោះ​មិន​មែន​ខ្ញុំ​ជា​អ្នក​បង្កើត​ឡើង​ទេ តាម​ពិត​វា​មាន​ចែង​នៅ​ក្នុង​ច្បាប់​កម្ពុជា ដែល​មាន​ស្រាប់​រួច​ទៅ​ហើយ។ ខ្ញុំ​រីករាយ​ដែល​ក្រសួង​កំពុង​ពិនិត្យ​មើល​ជម្រើស​ទាំងនោះ ហើយ​ខ្ញុំ​សូម​ស្វាគមន៍​ដែល​ក្រសួង​កំពុង​រៀបចំ​ផែនការ​សាកល្បង​អនុវត្ត​នូវ​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ ដើម្បី​កាត់​បន្ថយ​ភាព​ណែនណាន់​តាន់តាប់​ក្នុង​ពន្ធនាគារ។ ខ្ញុំ​គិត​ថា នោះ​ជា​ជំហាន​វិជ្ជមាន ហើយ​ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​ក្រសួង​អនុវត្ត​គម្រោង​សាកល្បង ដោយ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​សហគមន៍​បាន​យល់​ដឹង​ជា​មុន​ថា អ្វី​ទៅ​ជា​ការ​អនុវត្ត​ទោស​នៅ​ក្រៅ​ពន្ធនាគារ ឲ្យ​ពួក​គាត់​ដឹង​ថា ទណ្ឌិត​ទាំងនោះ​នៅ​ជាប់​ទោស និង​កំពុង​ស្ថិត​ក្នុង​ការ​ដាក់​ទោស​ទណ្ឌ​នៅ​ឡើយ គ្រាន់​តែ​ពួក​គេ​មិន​ចាំបាច់​ស្ថិត​ក្នុង​ពន្ធនាគារ។ ម្យ៉ាង​ទៀត ចំពោះ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​ការ​ជំនុំ​ជម្រះ​វិញ ក្រសួង​គួរ​តែ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​យល់​ថា ជន​សង្ស័យ​ទាំងនោះ​នៅ​តែ​ស្អាតស្អំ​នៅ​ឡើយ មុន​ពេល​តុលាការ​រក​ឃើញ​ថា ជន​នោះ​មាន​ទោស ហើយ​ជន​ទាំងនោះ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​យ៉ាង​តឹងរ៉ឹង រង់ចាំ​ដំណើរការ​ជំនុំ​ជម្រះ។

ដូច្នេះ​ខ្ញុំ​គិត​ថា​ត្រូវ​មាន​ការ​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ហើយ​អាច​សាកល្បង​ធ្វើ​បាន។ បន្ទាប់​មក ក្រសួង​អាច​ពិនិត្យ​មើល​បន្ថែម​ទៀត​លើ​ការ​អនុវត្ត​គម្រោង​សាកល្បង​នោះ ហើយ​សម្រេច​ថា តើ​អ្វី​អាច​ធ្វើ​បាន? អ្វី​មិន​អាច​ធ្វើ​បាន? រួច​ហើយ​កំណត់​ផែនការ​ទៅ​មុខ​ទៀត។

ចំពោះ​ការ​វាយ​សម្លាប់​មនុស្ស​ដោយ​កំហឹង​មហាជន​វិញ មិន​ថា​នៅ​កម្ពុជា ឬ​នៅ​ប្រទេស​ណា​ទេ គ្មាន​ទីណា​ដែល​ពលរដ្ឋ​ក្នុង​សហគមន៍​អាច​កាត់​ទោស​ជនល្មើស​ដោយ​ខ្លួន​ឯង​ឡើយ។ អំពើ​បែប​នោះ វា​បណ្ដាល​ឲ្យ​មាន​អំពើ​ហិង្សា​កាន់​តែ​ច្រើន​ឡើង​ទៅ​វិញ​ទេ ហើយ​វា​មិន​អាច​ទទួល​យក​បាន​ឡើយ។ ការ​រក​យុត្តិធម៌​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​វាយ​សម្លាប់​ជន​សង្ស័យ​នៅ​តាម​ផ្លូវ​ថ្នល់ អាច​ឆ្លុះ​បញ្ចាំង​ពី​ការ​អស់​ជំនឿ​ទំនុក​ចិត្ត​របស់​មហាជន​ទៅ​លើ​ប្រព័ន្ធ​តុលាការ ប៉ុន្តែ​នៅ​ពេល​ណា​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ហើយ​នោះ នឹង​មាន​ភាព​ងាយ​ស្រួល។

លោក ជី វិតា៖ ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ត្រូវ​គេ​មើល​ឃើញ​ថា​ជា​ឆ្នាំ​មិន​ល្អ​ទេ​សម្រាប់​សិទ្ធិ​មនុស្ស។ លោក​បណ្ឌិត កែម ឡី ត្រូវ​ធ្វើ​ឃាត មនុស្ស​ជាច្រើន​ត្រូវ​តុលាការ​ចោទ​ប្រកាន់ និង​ចាប់​ដាក់​គុក ក្នុង​នោះ​មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​ដីធ្លី អ្នក​នយោបាយ អ្នក​វិភាគ​នយោបាយ។ ករណី​ជាច្រើន​ត្រូវ​គេ​ជឿ​ថា​ជា​រឿង​នយោបាយ។ បន្ទប់​ស្ថានការណ៍​ដែល​ជា​បណ្ដុំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​កិច្ចការ​ឃ្លាំ​មើល និង​វាយ​តម្លៃ​ការ​បោះឆ្នោត ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ។

ហើយ​ថ្មីៗ​នេះ អង្គការ​សិទ្ធិ​មនុស្ស​ធំៗ​បី បាន​ចេញ​របាយការណ៍​មួយ​ដែល​មាន​កម្រាស់​ជាង ១០០​ទំព័រ បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​ធ្ងន់ធ្ងរ​របស់​ក្រុម​សង្គម​ស៊ីវិល អំពី​ការ​កើន​ឡើង​នៃ​ការ​សម្លុត​គំរាម​កំហែង និង​ការ​លប​ឃ្លាំ​មើល​សកម្មភាព​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សង្គម​ស៊ីវិល ដោយ​ភ្នាក់ងារ​រដ្ឋាភិបាល។ ក្រុម​សង្គម​ស៊ីវិល​ជឿ​ថា កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​របស់​ពួក​គេ​ត្រូវ​បាន​លួច​ថត។

តើ​អ្នកស្រី​មាន​អ្វី​និយាយ​លើក​ទឹក​ចិត្ត​ក្រុម​សង្គម​ស៊ីវិល ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ​បន្ត​ការងារ​វិស័យ​សិទ្ធិ​មនុស្ស​ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​ពួក​គេ?

អ្នកស្រី រ៉ូណា ស្មីត៖ ទាក់ទង​នឹង​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស វា​មាន​សារសំខាន់​ក្នុង​ការ​កត់​សម្គាល់​ថា ពួក​គេ​មាន​សិទ្ធិ​ស្រប​តាម​ច្បាប់​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស ក្នុង​ការ​បំពេញ​ការងារ​ការពារ​សិទ្ធិ​មនុស្ស តាម​រយៈ​ការ​តាមដាន ស៊ើប​អង្កេត និង​ងើប​ឈរ​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។ ជា​ការពិត អង្គការ​សង្គម​ស៊ីវិល អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ស្ថាប័ន​ដទៃ​ជាច្រើន បាន​រាយការណ៍​ប្រាប់​ខ្ញុំ​ពី​ក្ដី​បារម្ភ​របស់​ពួក​គេ​អំពី​ការ​កើន​ឡើង​នៃ​ការ​គាប​សង្កត់​តាម​រយៈ​ការ​អនុវត្ត​ច្បាប់​ផ្សេងៗ​ជាច្រើន ប្រឆាំង​នឹង​ពួក​គេ។ ក៏​មាន​ដែរ​នូវ​ការ​ព្រួយ​បារម្ភ​ជាច្រើន​អំពី​ការ​ដែល​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ត្រូវ​បាន​តម្រូវ​ឲ្យ​រាយការណ៍​ទៅ​អាជ្ញាធរ​ថ្នាក់​ឃុំ-សង្កាត់ និង​ថ្នាក់​ស្រុក-ខណ្ឌ នូវ​គ្រប់​សកម្មភាព​របស់​ពួក​គេ រួម​ទាំង​ការ​ចុះ​បើក​វគ្គ​បណ្ដុះបណ្ដាល​ពលរដ្ឋ​ក្នុង​សហគមន៍​ផង​ដែរ។ នេះ​គឺ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ ខ្ញុំ​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ហើយ​សម្ដេច​មាន​ប្រសាសន៍​ថា សម្ដេច​រីករាយ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ដែល​សម្ដេច​តម្រូវ​ឲ្យ​គ្រប់​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ទាំងអស់ រាយការណ៍​ពី​សកម្មភាព​របស់​ពួក​គេ។ ខ្ញុំ​បាន​គូស​បញ្ជាក់​ថា ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​គោលការណ៍​ណែនាំ​ស្ដីពី​ការ​អនុវត្ត មិន​បាន​តម្រូវ​ឲ្យ​មាន​ការ​ជូន​ដំណឹង​ទេ។ ក្រសួង​មហាផ្ទៃ និង​ថ្នាក់​ខេត្ត លើក​ឡើង​ថា ការ​តម្រូវ​ឲ្យ​រាយការណ៍​ដល់​អាជ្ញាធរ​នោះ គឺ​ថា​ដើម្បី​រក្សា​សន្តិសុខ។ ខ្ញុំ​បាន​ប្រាប់​ពី​ក្ដី​បារម្ភ​របស់​ខ្ញុំ​វិញ​ថា នោះ​គឺ​ផ្ទុយ​នឹង​ច្បាប់​ដែល​មាន​ស្រាប់។

លោក ជី វិតា៖ តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​បាន​ធ្វើ​ច្បាប់ និង​កែប្រែ​ច្បាប់​នានា​ដែល​គេ​មើល​ឃើញ​ថា រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ និង​សិទ្ធិ​នយោបាយ ជាពិសេស​ច្បាប់​ចុង​ក្រោយ​គេ​នោះ គឺ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ អ្នកស្រី​បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​អ្នក​កាសែត​ថា សម្រាប់​ពេល​នេះ​វា​ហាក់​ដូចជា​ឆាប់​ពេក​ក្នុង​ការ​សន្និដ្ឋាន​ថា តើ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ វា​នឹង​មាន​ភាព​សេរី ត្រឹមត្រូវ និង​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​យ៉ាង​ណា​នោះ​ទេ។

ហេតុ​អ្វី​អ្នកស្រី​មិន​ទាន់​អាច​សន្និដ្ឋាន​បាន បើ​ទោះ​ជា​មាន​បញ្ហា​ជាច្រើន​ដូច​រៀបរាប់​ក្នុង​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ខ្ញុំ​បាន​លើក​ឡើង​ខាង​លើ?

អ្នកស្រី រ៉ូណា ស្មីត៖ ខ្ញុំ​គិត​ថា​បរិយាកាស​នយោបាយ​នា​ពេល​បច្ចុប្បន្ន ខណៈ​តួអង្គ​នយោបាយ​ជាច្រើន​មាន​អារម្មណ៍​ថា​ខ្លួន​កំពុង​រង​ការ​បំភិត​បំភ័យ នៅ​ពេល​មាន​ការ​ប្រើ​វោហារសាស្ត្រ​ជាច្រើន​ពី​សំណាក់​អ្នក​នយោបាយ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ហិង្សា ការ​បំភិត​បំភ័យ ឬ​ការ​គំរាម​ថា​នឹង​មាន​សង្គ្រាម​ស៊ីវិល​ជាដើម អាច​នឹង​រារាំង​ដល់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ក៏ប៉ុន្តែ​ឥឡូវ​ទើប​តែ​ខែ​សីហា ទេ ខ្ញុំ​ជឿ​ថា​នៅ​មាន​ពេលវេលា​ដើម្បី​ស្ដារ​ស្ថានភាព​នេះ​ឲ្យ​ប្រសើរ​ឡើង​វិញ។ ដើម្បី​មាន​ការ​បោះឆ្នោត​ដោយ​យុត្តិធម៌ សេរី និង​អាច​ទុក​ចិត្ត​បាន ចាំបាច់​ណាស់​ដែល​គណបក្ស​នយោបាយ​ទាំងអស់​នៅ​កម្ពុជា មាន​ឱកាស​ស្មើ​គ្នា​ក្នុង​ការ​បង្ហាញ​ពី​ទស្សនៈ​របស់​ខ្លួន​ទៅ​កាន់​ម្ចាស់​ឆ្នោត និង​ធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត មាន​ឱកាស​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្មើ​គ្នា មាន​ឱកាស​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ រួច​ហើយ​ឲ្យ​ប្រជាពលរដ្ឋ​អាច​សម្រេច​ចិត្ត​ដោយ​សេរី ដោយ​មិន​មាន​ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ។ នោះ​នឹង​ក្ដោប​បាន​នូវ​បទដ្ឋាន​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ហើយ។ ភាព​អាច​ទុក​ចិត្ត​បាន​នៃ​ការ​បោះឆ្នោត កើត​មាន​បាន​ក៏​ពាក់ព័ន្ធ​នឹង​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ជាក់ស្ដែង។ ទិដ្ឋភាព​មួយ​ទៀត​ដែល​ត្រូវ​យក​មក​វាយ​តម្លៃ​ដែរ​នោះ គឺ​អំឡុង​ពេល​មុន​ការ​បោះឆ្នោត​ពី​ឥឡូវ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត។

លោក ជី វិតា៖ តើ​អ្នកស្រី​វាយ​តម្លៃ​ទស្សនកិច្ច​អ្នកស្រី​លើក​នេះ​យ៉ាង​ណា​ដែរ?

អ្នកស្រី រ៉ូណា ស្មីត៖ ខ្ញុំ​មាន​សំណាង​ដោយ​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នា​ទីក្រុង​ភ្នំពេញ និង​នៅ​ខេត្ត​បាត់ដំបង ដែល​ផ្ដល់​ការ​គាំទ្រ​សម្រួល​ដល់​ការ​បំពេញ​បេសកកម្ម​របស់​នាង​ខ្ញុំ​ឲ្យ​មាន​លក្ខណៈ​រលូន។ បុគ្គលិក​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា បាន​អម​ដំណើរ​ខ្ញុំ​ក្នុង​កិច្ចប្រជុំ​ភាគច្រើន ដោយ​ជួយ​ខ្ញុំ​ក្នុង​ការងារ​កត់ត្រា។ ទាក់ទង​នឹង​កិច្ចប្រជុំ​ជាមួយ​ក្រសួង​រដ្ឋាភិបាល ខ្ញុំ​គិត​ថា​ពួក​គាត់​រួសរាយ​រាក់ទាក់ និង​គួរសម​ដល់​ខ្ញុំ។ ក្នុង​ករណី​ជាច្រើន​ដែល​រដ្ឋមន្ត្រី​របស់​រដ្ឋាភិបាល​បាន​ចង្អុល​បង្ហាញ​ប្រាប់​ខ្ញុំ​ពី​ចំណុច​ដែល​ពួក​គាត់​បរាជ័យ ចំណុច​ដែល​ពួក​គាត់​មាន​ក្ដី​ព្រួយ​បារម្ភ ចំណុច​ដែល​ពួក​គាត់​ទស្សន៍ទាយ​ថា ខ្ញុំ​នឹង​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ ដែល​ជា​ទូទៅ​ពួក​គាត់​ទាយ​ត្រូវ ហើយ​និង​ចំណុច​ដែល​ពួក​គាត់​កំពុង​រៀបចំ​ផែនការ​ឆ្ពោះ​ទៅ​ការ​ពង្រឹង​សិទ្ធិ​មនុស្ស។ ក្នុង​ន័យ​នេះ ខ្ញុំ​យល់​ថា​បេសកកម្ម និង​ជំនួប​របស់​ខ្ញុំ​ជាមួយ​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា មាន​លក្ខណៈ​វិជ្ជមាន។ ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ពិចារណា​យ៉ាង​ម៉ត់ចត់​ពី​អនុសាសន៍​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដែល​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ស្ដីពី​ការ​ត្រួត​ពិនិត្យ​តាម​ពេល​កំណត់​ជា​សាកល (Universal Periodic Review) អនុសាសន៍​របស់​ស្ថាប័ន​សន្ធិសញ្ញា​នៃ​អង្គការ​សហប្រជាជាតិ ព្រម​ទាំង​អនុសាសន៍​របស់​ខ្ញុំ និង​អ្នក​រាយការណ៍​ពិសេស​មុនៗ​ផង​ដែរ ហើយ​បោះ​ជំហាន​រឹងមាំ​ឆ្ពោះ​ទៅ​រក​ការ​ពង្រឹង​ការ​ការពារ លើក​កម្ពស់ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោក ជី វិតា៖ តើ​អ្នកស្រី​មាន​ស្នើ​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឬ​ទេ​លើក​នេះ?

អ្នកស្រី រ៉ូណា ស្មីត៖ ដូច​ដែល​ខ្ញុំ​តែងតែ​ធ្វើ​អ៊ីចឹង។ នៅ​ពេល​ខ្ញុំ​ផ្ញើ​សំណើ​សុំ​ធ្វើ​ទស្សនកិច្ច​នៅ​រាល់​បេសកកម្ម​នីមួយៗ​របស់​ខ្ញុំ ខ្ញុំ​តែងតែ​ស្នើសុំ​ជួប​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​តាម​បែបបទ​ពិធីការ។ ក្នុង​បេសកកម្ម​លើក​នេះ លោក​នាយក​រដ្ឋមន្ត្រី​មិន​អាច​ជួប​ខ្ញុំ​បាន​ទេ តែ​ខ្ញុំ​តែងតែ​ស្នើសុំ​ជួប​លោក​នៅ​គ្រប់​បេសកកម្ម​ទាំងអស់។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s