ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​ឈប់​ផ្សាយ​បន្ត​ពី​អាស៊ីសេរី​និង​វីអូអេ

ប្រភព ៖ RFA

ស្ថានីយ​វិទ្យុ​អេហ្វ.អឹម (FM) មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ដែល​ផ្សព្វផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក វីអូអេ (VOA) និង​អាស៊ីសេរី (RFA) និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រឆាំង ត្រូវ​បាន​ក្រសួង​ព័ត៌មាន បញ្ជា​ឲ្យ​ផ្អាក​ការ​ផ្សាយ។ អ្នក​ឯកទេស​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​គណបក្ស​ប្រឆាំង យល់​ថា សកម្មភាព​នេះ​ធ្វើ​ឲ្យ​លំហ​សេរីភាព​សារព័ត៌មាន​រួម​តូច និង​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០១៨។

បន្ទាប់​ពី​ក្រសួង​ព័ត៌មាន បាន​កោះ​ហៅ​ទៅ​ពិភាក្សា​នៅ​ពេល​ព្រឹក វិទ្យុ​ស្ត្រី អេហ្វ.អឹម ១០២ (FM 102) សម្រេច​ឈប់​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​បរទេស​ទាំង​ពីរ ចាប់​ពី​យប់​ថ្ងៃ​ទី​២៣ សីហា តទៅ។

នាយិកា​មជ្ឈមណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា ដែល​គ្រប់គ្រង​ស្ថានីយ​វិទ្យុ ១០២ អ្នកស្រី ជា ស៊ុនដាណែត ឲ្យ​ដឹង​ថា ក្រសួង​ព័ត៌មាន បាន​ចោទ​ស្ថានីយ​អ្នកស្រី​ថា​បាន​បំពាន​កិច្ចព្រមព្រៀង ដែល​អនុញ្ញាត​ឲ្យ​ប៉ុស្តិ៍ ១០២ ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​ពី​វិទ្យុ​បរទេស​ទាំង​ពីរ​កន្លះៗ​ម៉ោង។

វិទ្យុ ១០២ ផ្សាយ​គ្រប​ដណ្តប់ ៧៥​ភាគរយ​នៃ​ប្រជាជន​កម្ពុជា សរុប​ប្រមាណ ១៥​លាន​នាក់។ ១០២ ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​បរទេស​ទាំង​ពីរ​ចំនួន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ គឺ វីអូអេ ចំនួន ១​ម៉ោង​កន្លះ និង​អាស៊ីសេរី ចំនួន ២​ម៉ោង។

អ្នកស្រី ដាណែត ទទួល​ស្គាល់​ថា ស្ថានីយ អេហ្វេ.អឹម ១០២ ពិត​ជា​បាន​បំពាន​នឹង​កិច្ចព្រមព្រៀង​ឆ្នាំ​២០០៦ ក៏ប៉ុន្តែ​អ្នកស្រី​ឆ្ងល់​ថា ហេតុ​អ្វី​ក្រសួង​ទើប​ចាត់​វិធានការ​នៅ​ពេល​នេះ៖ «ផ្សាយ​រាល់​ដង​មិន​អី។ គេ​ធ្មេច​ភ្នែក​មួយ​ចំហៀង»

ដោយឡែក​ស្ថានីយ​វិទ្យុ​មហា​នគរ ៩៣,៥ ដែល​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ វីអូអេ និង​អាស៊ីសេរី និង​កម្មវិធី​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវ​បាន​ក្រសួង​ព័ត៌មាន បញ្ឈប់​ការ​ផ្សាយ​ទាំងស្រុង​នៅ​ថ្ងៃ​ទី​២៣ សីហា ដោយ​ផ្សាយ​កម្មវិធី​ពី​ប្រភព​ខាង​ក្រៅ មិន​សុំ​ការ​អនុញ្ញាត​ពី​ក្រសួង។

អ្នក​គ្រប់គ្រង​ការ​ផ្សាយ​ស្ថានីយ​នេះ អ្នកនាង យី ឆវ័ន្ត ដែល​ត្រូវ​ក្រសួង​កោះ​ហៅ​ទៅ​សាកសួរ យល់​ថា ហេតុផល​នេះ​មិន​សូវ​សម​ហេតុផល ដោយ​លើក​ឡើង​ថា ចំណាត់ការ​នេះ​ត្រូវ​អនុវត្ត​ដោយ​មិន​យុត្តិធម៌។ នាង​បន្ត​ថា ក្រសួង​គួរ​ផ្តល់​ឱកាស​សម្របសម្រួល​ជា​មុន មុន​នឹង​សម្រេច​បញ្ឈប់៖ «យើង​ធ្វើ​អ្វី​តាម​ក្រសួង។ គួរ​មាន​ការ​ព្រមាន ហើយ​ទុក​ឲ្យ​កែលំអ​សិន។ ខ្ញុំ​ស្មាន​តែ​ទៅ​ហៅ​ទៅ​ចរចាដល់​ចឹង​ខ្ញុំ​ភ្ញាក់»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​ថា គណបក្ស​របស់​លោក​ជួល​ម៉ោង​ផ្សាយ​វិទ្យុ​មហា​នគរ​ចំនួន ២​ម៉ោង​រៀង​រាល់​ថ្ងៃ។ លោក​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​ទទួល​បាន​លិខិត​ពី​ម្ចាស់​ស្ថានីយ​ស្ដីពី​ការ​ឈប់​ផ្សាយ៖ «វា​ជា​រឿង​នយោបាយ។ ខ្ញុំ​គ្មាន​វាចា​នឹង​ថ្លែង។ ការ​បោះឆ្នោត​២០១៨ នឹង​មិន​សេរី និង​យុត្តិធម៌​ទេ។ វា​ប៉ះពាល់​ដល់​ដំណើរការ​ឃោសនា​បោះឆ្នោត»

ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត​ដែល វីអូអេ និង​អាស៊ីសេរី ជួល​ម៉ោង​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​ខ្លួន ឲ្យ​ដឹង​ថា ពួក​គេ​បាន​ទទួល​បទបញ្ជា​ពី​ក្រសួង​ព័ត៌មាន ឲ្យ​ឈប់​លក់​ម៉ោង​ផ្សាយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ម៉ម សូណង់ដូ ប្រាប់​ថា វិទ្យុ​សំបុក​ឃ្មុំ​របស់​លោក​នឹង​បន្ត​ចាក់​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​សំឡេង​វិទ្យុ​បរទេស​ទាំង​ពីរ​ដដែល ដរាប​ណា​មិន​ទាន់​មាន​បញ្ជា​ពី​ក្រសួង​ព័ត៌មាន៖ «អត់​ទាន់​ទទួល​បាន​លិខិត​ពី​ក្រសួង​ទេ។ ចង់​ជួប​សួរ​ក្រសួង​ឲ្យ​បាន​ច្បាស់លាស់។ នឹង​ធ្វើ​តាម​ការ​បញ្ជា​របស់​ក្រសួង»

ចំណែក​វិទ្យុ​សារិកា ដែល​ផ្សាយ​កម្មវិធី​ព័ត៌មាន​វិទ្យុ វីអូឌី (VOD) របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ក៏​ត្រូវ​គេ​ផ្អាក​ការ​ផ្សាយ​ទាំងមូល​ដែរ។

នាយក​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង ថ្លែង​ថា គេ​លែង​ឲ្យ​ផ្សាយ ដោយសារ​បញ្ហា​បច្ចេកទេស និង​រដ្ឋបាល តែ​មិន​បាន​បញ្ជាក់​លម្អិត។ លោក​យល់​ថា យន្តការ​របស់​ក្រសួង​ព័ត៌មាន គឺ​ជា​ចំណាត់ការ​របស់​រដ្ឋាភិបាល​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ខណៈ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នឹង​មក​ដល់​នៅ​ឆ្នាំ​ក្រោយ៖ «វា​ធ្វើ​ឲ្យ​បាត់​ព័ត៌មាន​ឯករាជ្យ​សម្រាប់​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ជា​អ្នក​ខាត»

ចំណាត់ការ​លើ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ទាំងនេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ច្រាន​ចោល​ការ​រិះគន់​នេះ ហើយ​ពន្យល់​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់។ លោក​បន្ត​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​ត្រូវ​ចូល​ស្ទឹង​តាម​បត់៖ «ស្ថាប័ន​ដែល​មិន​គោរព​ច្បាប់ នឹង​ទទួល​លទ្ធផល​ដូច​គ្នា»

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​រឿយៗ​បាន​ចោទ​វិទ្យុ វីអូអេ និង​អាស៊ីសេរី ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​គណបក្ស​ប្រឆាំង និង​ប្រឆាំង​រដ្ឋាភិបាល។

បើ​តាម​គោលការណ៍​បេសកកម្ម​របស់​ស្ថាប័ន​ទាំង​ពីរ វីអូអេ និង​អាស៊ីសេរី ត្រូវ​ផ្តល់​ព័ត៌មាន​ប្រកប​ដោយ​ស្តង់ដារ​សារព័ត៌មាន​វិជ្ជាជីវៈ ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​មិន​លម្អៀង។

វិទ្យុ​ទាំង​ពីរ​ផ្សាយ​ខ្លឹមសារ​វិភាគ​ជ្រាលជ្រៅ បង្ហាញ​ពី​នយោបាយ សង្គម និង​សេដ្ឋកិច្ច ដែល​មន្ត្រី​រដ្ឋាភិបាល​មិន​សូវ​ពេញ​ចិត្ត។

ថ្មីៗ​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ណែនាំ​ឲ្យ​ក្រសួង​ព័ត៌មាន ពិនិត្យ​មើល​ពី​ការ​ចុះ​បញ្ជិកា​ដែល​ទំនង​ពាក់ព័ន្ធ​នឹង​គេចវេះ​មិន​បង់​ពន្ធ។

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​អះអាង​ថា​ផ្សាយ​ដំណឹង​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​មិន​លម្អៀង កំពុង​ប្រឈម​នឹង​ការ​បង្ខំ​ឲ្យ​បិទ​ទ្វារ បើ​មិន​បង់​ពន្ធ​ដែល​រដ្ឋាភិបាល​បញ្ជាក់​ថា មាន​ចំនួន​ជាង ៦​លាន​ដុល្លារ ខណៈ​កាសែត​នេះ​ឲ្យ​ដឹង​ថា ខ្លួន​តែង​អនុវត្ត​តាម​ច្បាប់​ពន្ធដារ​កម្ពុជា យ៉ាង​ខ្ជាប់ខ្ជួន​បំផុត។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល ហ្វ្រីឌឹម ហៅស៍ (Freedom House) ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ បាន​ដាក់​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​របស់​ប្រទេស​កម្ពុជា ថា «មិន​សេរី» ដោយ​បាន​ជាប់​លេខ ១៥២ លើ ១៩៩​ប្រទេស​ទូទាំង​ពិភពលោក។ អង្គការ​នេះ​បាន​ព្រមាន​ថា កម្ពុជា នឹង​អាច​ជួប​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ការ​បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​កាន់​តែ​អាក្រក់ ខណៈ​ការ​បោះឆ្នោត​ជាតិ​កាន់​តែ​ខិតចូល​មក​ដល់៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s