សង្គម​ស៊ីវិល​និង​ពលរដ្ឋ​ចោទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ថា​អនុវត្ត​ច្បាប់​សំណង់​មិន​ស្មើ​ភាព

ប្រភព ៖ RFA

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថា​អនុវត្ត​ច្បាប់​សាងសង់ ឬ​ច្បាប់​សំណង់​មិន​បាន​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់ រវាង​មន្ត្រី​មាន​អំណាច ឈ្មួញ​មាន​ទ្រព្យ និង​ពលរដ្ឋ​ក្រីក្រ​អត់​បុណ្យ​ស័ក្តិ ឬ​គ្មាន​ខ្នង​បង្អែក។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន មាន​សមាគម​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) ជាដើម បាន​រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថា​អនុវត្ត​ច្បាប់​សំណង់​មិន​ទាន់​ត្រឹមត្រូវ​ទេ ឬ​អាច​មាន​បក្សពួក​និយម​ដោយ​លម្អៀង​គាំទ្រ​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​ខ្លះ​ដែល​ជា​ម្ចាស់​សំណង់​សង់​អត់​ច្បាប់។

ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល បាន​លើក​ឧទាហរណ៍​មួយ គឺ​ចង់​សំដៅ​ទៅ​លើ​សំណង់​បុរី​ផ្ទះ​ល្វែង​មាន​ម្ចាស់​ឈ្មោះ ឆឹង សុខា មាន​ទីតាំង​នៅ​ទល់​មុខ​វត្ត​អូរត្រេះ ស្ថិត​ក្នុង​សង្កាត់​៤ ក្រុង​ព្រះសីហនុ ដោយ​ចាត់​ទុក​ថា​ជា​សំណង់​រឹងមាំ​មួយ​ស្ថិត​ក្នុង​ចំណោម​សំណង់​រឹងមាំ​ផ្សេង​ទៀត​ដែល​បើក​ការដ្ឋាន​សាងសង់ ដោយ​មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​ជា​មុន​ពី​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​លោក នួន ប៉ុក ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ និង​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ត្រូវ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​សំណង់​នេះ​ឲ្យ​បាន​ស្មើ​ភាព​គ្នា​រវាង​មន្ត្រី​មាន​អំណាច ឈ្មួញ​មាន​ទ្រព្យ និង​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ៖ «បើ​សិន​ជា​មន្ត្រី​ជំនាញ​មិន​ហ៊ាន​យក​ច្បាប់​មក​អនុវត្ត​ផង តើ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ទំនុក​ចិត្ត មាន​ភាព​កក់ក្តៅ​ពី​មន្ត្រី​ជំនាញ​ម្តេច​បានហើយ​ម្យ៉ាង​ទៀត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ខក​ចិត្ត​របស់​រដ្ឋាភិបាល ជាពិសេស​លោក​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ដែល​បាន​ប្រគល់​ការងារ​ឲ្យ​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ពិនិត្យ​ទៅ​លើ​សំណង់​ផ្សេងៗ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ»

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក បាន​ឲ្យ​ដឹង​ថា ចំពោះ​ការ​បើក​ការដ្ឋាន​សាងសង់​សំណង់​បុរី​ផ្ទះ​ល្វែង​នៅ​មុខ​វត្ត​អូរត្រេះ មាន​លោក ឆឹង សុខា ជា​ម្ចាស់​សំណង់ គឺ​ពិត​ជា​មិន​ទាន់​មាន​ច្បាប់​សាងសង់​មុន​ពេល​បើក​ការដ្ឋាន​សាងសង់​ពិត​មែន។ លោក​បន្ត​ថា ករណី​នេះ លោក​បាន​ធ្វើ​លិខិត​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅ​លោក​អភិបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​អន្តរាគមន៍​ផ្អាក​ការដ្ឋាន​សំណង់​របស់​លោក ឆឹង សុខា នេះ​ជា​បណ្ដោះអាសន្ន​កាល​ពី​សប្តាហ៍​មុន ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប​ទេ។

ម្ចាស់​បុរី​ផ្ទះ​ល្វែង លោក ឆឹង សុខា បាន​ឲ្យ​ដឹង​ថា សំណង់​ផ្ទះ​ល្វែង​ពិត​ជា​បាន​បើក​ការដ្ឋាន​សាងសង់​មុន​ទទួល​បាន​ច្បាប់​សាងសង់​ពិត​មែន។ លោក ឆឹង សុខា ដែល​មាន​តួនាទី​ជា​នាយ​ការិយាល័យ​បង្ការ និង​បង្ក្រាប​អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ផង​នោះ បញ្ជាក់​ថា ក្រុមហ៊ុន​លោក​បាន​រត់​ការ​ឯកសារ​សុំ​ច្បាប់​សាងសង់​បុរី​ផ្ទះ​ល្វែង​នេះ​បណ្តើរ និង​ធ្វើ​ការ​សាងសង់​បណ្តើរ ដោយ​មិន​ចង់​ឲ្យ​ខាត​ពេល៖ «ឥឡូវ​ឯកសារ​រត់​ការ​ច្បាប់​សាងសង់​សំណង់​ផ្ទះ​ល្វែង​របស់​ខ្ញុំ​នេះ គឺ​មាន​មន្ត្រី​បម្រើ​ការងារ​នៅ​ខាង​សុរិយោដី​សាលា​ក្រុង​ព្រះសីហនុ បាន​ជួយ​ធ្វើ​កិច្ច​ការងារ​នេះ​រួច​ហើយ។ មាន​ន័យ​ថា ការ​បើក​ការដ្ឋាន​សំណង់​ផ្ទះ​ល្វែង មាន​ទីតាំង​នៅ​ទល់​មុខ​វត្ត​អូរត្រេះ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ គឺ​បាន​រត់​ការ​ច្បាប់​សាងសង់​រួច​ហើយ ប៉ុន្តែ​មន្ត្រី​ជំនាញ​មិន​ទាន់​បាន​ធ្វើ​ជូន​ក្រុមហ៊ុន​រួច​រាល់​នៅ​ឡើយ»

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ទទួល​ស្គាល់​ថា សំណង់​ផ្ទះ​ល្វែង​របស់​លោក ឆឹង សុខា ពិត​ជា​មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​ជា​មុន​ពិត​មែន។ លោក​ថា ការដ្ឋាន​សង់​នេះ​ត្រូវ​ម្ចាស់​បើក​ការ​សាងសង់​បណ្តើរ និង​រត់​ការ​សុំ​ច្បាប់​សាងសង់​បណ្តើរ ដូច​ម្ចាស់​សំណង់​នេះ​អះអាង​ពិត​មែន។ អភិបាល​ខេត្ត​ព្រះសីហនុ ហាក់​មាន​ការ​រារែក​ឆ្លើយ​សំណួរ​អាស៊ីសេរី ដែល​សួរ​ថា តើ​រដ្ឋបាល​ខេត្ត​នឹង​បញ្ជា​កម្លាំង​ចម្រុះ​ចុះ​ផ្អាក​សកម្មភាព​សាងសង់​ជា​បណ្ដោះអាសន្ន ឬ​តម្រូវ​ឲ្យ​វាយ​កម្ទេច​ចោល គឺ​មិន​មាន​ចម្លើយ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ខ្លី​ថា នឹង​ជំរុញ​ឲ្យ​លោក ឆឹង សុខា ពន្លឿន​ធ្វើ​ឯកសារ​រត់​ច្បាប់​សាងសង់​នេះ​ឲ្យ​ស្រប​ច្បាប់​ឲ្យ​បាន​ឆាប់៖ «ក្រុមហ៊ុន​ផ្ទះ​ល្វែង​របស់​លោក ឆឹង សុខា នេះ គឺ​គេ​បាន​សាងសង់​បណ្តើរ និង​បាន​រត់​ច្បាប់​បណ្តើរ​រួច​ហើយ»

ត្រង់​ចំណុច​នេះ អ្នកស្រី សុធារី កត់​សម្គាល់​ថា កន្លង​ទៅ សកម្មភាព​ចុះ​ផ្អាក ឬ​វាយ​កម្ទេច​ចោល​ភាគច្រើន​របស់​អាជ្ញាធរ​ខេត្ត​នេះ គឺ​បាន​អនុវត្ត​មាន​ប្រសិទ្ធភាព​ចំពោះ​សំណង់​សង់​អត់​ច្បាប់​របស់​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ជីវភាព​ក្រីក្រ ប៉ុន្តែ​ចំពោះ​សំណង់​រឹងមាំ​ធំៗ មាន​ដូចជា​សំណង់​បុរី​ផ្ទះ​ល្វែង​របស់​លោក ឆឹង សុខា ជាក់ស្តែង​មិន​ឃើញ​រដ្ឋបាល​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ បញ្ជា​កម្លាំង​ចុះ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ពួក​គេ​មាន​ចម្ងល់​ថា ហេតុ​អ្វី​បាន​ជា​អ្នក​មាន​បុណ្យ​ស័ក្តិ និង​ឈ្មួញ​មាន​ទ្រព្យ​ខ្លះ អាច​បើក​ការដ្ឋាន​សាងសង់​សំណង់​រឹងមាំ​ធំៗ​ដោយ​មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត និង​គ្មាន​ការ​ហាមឃាត់​ពី​អាជ្ញាធរ? ឬ​មួយ​ក៏​អាច​មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ និង​បក្សពួក​និយម? បញ្ហា​នេះ អ្នក​ឃ្លាំ​មើល​សង្គម​ស្នើ​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល ឲ្យ​ជួយ​ពិនិត្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​សាងសង់​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ជៀស​ឲ្យ​ផុត​ពី​មតិ​រិះគន់​ផ្សេងៗ​ពី​សាធារណជន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s