អាជ្ញាធរ​ខែត្រ​ក្រចេះ​ដាក់​ឱសានវាទ​ឲ្យ​ពលរដ្ឋ​ជាង​៤០០​គ្រួសារ​រុះរើ​ផ្ទះ​ចេញ​ពី​ដី​ក្រុមហ៊ុន

ប្រភព ៖ RFA

អាជ្ញាធរ​ខែត្រ​ក្រចេះ បាន​ដាក់​ឱសានវាទ​ឲ្យ​ពលរដ្ឋ​ដែល​ទៅ​តាំង​ទីលំនៅ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​របស់​វៀតណាម ជាង ៤០០​គ្រួសារ ត្រូវ​រុះរើ​លំនៅឋាន​ចេញ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៥ ខែ​កញ្ញា។ ចំណែក​ពលរដ្ឋ​អះអាង​ថា នឹង​លើក​គ្នា​តវ៉ា​ទាមទារ​ដី​តំបន់​នោះ។

ពលរដ្ឋ​រស់នៅ​ឃុំ​ពីរធ្នូ ស្រុក​ស្នួល នៅ​ថ្ងៃ​ទី​២៧ សីហា អំពាវនាវ​ឲ្យ​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ បញ្ឈប់​បណ្តេញ​អ្នក​ភូមិ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ ពីព្រោះ​ពលរដ្ឋ​ដែល​ទៅ​តាំង​ទីលំនៅ​នៅ​តំបន់​នោះ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ខ្វះខាត​ដី​រស់នៅ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​ទៀត លោក ម៉េត ធី ត្អូញ​ថា ពលរដ្ឋ​ភាគច្រើន​សម្រេច​បដិសេធ​មិន​ចេញ​ពី​តំបន់​នោះ បើ​ទោះ​បី​ជា​អាជ្ញាធរ​ខែត្រ​ដាក់​កម្លាំង​ប្រដាប់​អាវុធ​ក្តី។ លោក​ថា ពួក​គាត់​ភាគច្រើន​ជា​ពលរដ្ឋ​ក្រីក្រ គ្មាន​ដី​រស់នៅ បាន​ទៅ​រស់នៅ​តំបន់​នោះ​ជា​បន្តបន្ទាប់​តាំង​ពី​ឆ្នាំ​២០១០ ម្យ៉ាង​ដី​តំបន់​នោះ​ជា​ដី​ទំនេរ ទើប​ពលរដ្ឋ​ក្រីក្រ​ចូល​ទៅ​សាងសង់​លំនៅឋាន​រស់នៅ និង​ធ្វើ​កសិកម្ម​លក្ខណៈ​គ្រួសារ​ចិញ្ចឹម​ជីវិត៖ «ប្រជាជន​ខំ​បោះឆ្នោត​ឲ្យ​សម្តេច ហ៊ុន សែន ហេតុ​អី​បាន​សម្តេច ហ៊ុន សែន ដែល​ជាប់​ឆ្នោត​ហើយ ចង់​រុញ​ផ្ទះ​ប្រជាជន​ចោល។ ពលរដ្ឋ​រក​តែ​បាយ​ស៊ី​មិន​បាន​ផង ពុះ​ឧស​លី​តិចតួច ហុត​ទឹក​បបរ​អី​ទេ ដើម្បី​បាន​ដីធ្លី ១២​ម៉ែត្រ»

ក្រុមហ៊ុន​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ឈ្មោះ​ចម្ការ​កៅស៊ូ​មេមត់ របស់​កូន​ស្រី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាណា ទទួល​សិទ្ធិ​វិនិយោគ​ដំណាំ​ឧស្សាហកម្ម​កៅស៊ូ​តាំង​ពី​ឆ្នាំ​២០០៨ លើ​ផ្ទៃដី​ជិត ១​ម៉ឺន​ហិកតារ​នៅ​ស្រុក​ស្នួល ខែត្រ​ក្រចេះ រយៈពេល ៥០​ឆ្នាំ ក៏ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​វៀតណាម កាល​ពី​ឆ្នាំ​២០១៥។

លិខិត​ជូន​ដំណឹង​របស់​អាជ្ញាធរ​ខែត្រ​ក្រចេះ ចុះ​ថ្ងៃ​ទី​២១ សីហា បញ្ជាក់​ថា ពលរដ្ឋ​ត្រូវ​រុះរើ​រោង​ស្នាក់នៅ​ចេញ​ពី​តំបន់​នោះ​ជា​បន្ទាន់ បញ្ឈប់​ការ​ទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន និង​បញ្ឈប់​ទិញ​លក់​ដូរ​ដី​របស់​ក្រុមហ៊ុន រួម​ទាំង​បញ្ឈប់​កាប់​បំផ្លាញ​ព្រៃឈើ។ ចំពោះ​ពលរដ្ឋ​ណា​ដែល​ទទួល​បាន​ដី​តាម​រយៈ​បទបញ្ជា​០១ របស់​រាជ​រដ្ឋាភិបាល ត្រូវ​ដក​ខ្លួន​ចេញ​ពី​ដី​របស់​ក្រុមហ៊ុន ហើយ​ក្នុង​ករណី​ពលរដ្ឋ​ខ្វះខាត​ដី​រស់នៅ​ពិតប្រាកដ ត្រូវ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន ហើយ​អាជ្ញាធរ​ខែត្រ​នឹង​ដោះស្រាយ​ជូន​ពលរដ្ឋ​តាម​នីតិវិធី​របស់​ក្រសួង​សុរិយោដី។

អភិបាល​រង​ខែត្រ​ក្រចេះ ទទួល​បន្ទុក​ដោះស្រាយ​វិវាទ​ដីធ្លី លោក ខណ្ឌ ចំណាន បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ​នៅ​ថ្ងៃ​ទី​២៨ សីហា ដោយ​លោក​បាន​ផ្តាច់​ទូរស័ព្ទ​នៅ​ពេល​សួរ​អំពី​ករណី​នេះ។ ដោយឡែក​អភិបាល​រង​ស្រុក​ស្នួល លោក សាន់ ណាល់ ក៏​បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ដែរ ដោយ​លោក​ជំរុញ​ឲ្យ​សួរ​អាជ្ញាធរ​ខែត្រ​ក្រចេះ វិញ។

មេ​ឃុំ​ពីរធ្នូ លោក ពឹង វិន ឲ្យ​ដឹង​ថា ពលរដ្ឋ​បាន​លើក​គ្នា​កាប់​រាន​ដី​ក្រុមហ៊ុន​រស់នៅ និង​ធ្វើ​ចម្ការ ភាគច្រើន​ជា​ពលរដ្ឋ​ចំណាក​ស្រុក​ចំនួន ៤១៨​គ្រួសារ ក្នុង​នោះ​ពលរដ្ឋ​នៅ​មូលដ្ឋាន ២៣២​គ្រួសារ ដែល​បាន​មក​រស់នៅ​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​កត់​សម្គាល់​ថា នៅ​គ្រា​ដែល​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​សិក្សា​ផល​ប៉ះពាល់ បាន​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ជាង ២០០​ហិកតារ ក៏ប៉ុន្តែ​ពលរដ្ឋ​ចំណាក​ស្រុក និង​ពលរដ្ឋ​មូលដ្ឋាន​បាន​នាំ​គ្នា​ទន្ទ្រាន​ព្រៃ​យក​ដី​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន នៅ​គ្រា​ដែល​ក្រុមហ៊ុន​សិក្សា​ផល​ប៉ះពាល់​រួច​ហើយ៖ «វា​ពិបាក​ណាស់​អ្នក​ចំណូល​កាប់​បាន​ទៅ បង​ប្អូន​នៅ​ហ្នឹង (ពលរដ្ឋ​នៅ​មូលដ្ឋានចង់​បាន​ដែរ ទៅ​កាប់​ដែរ ភាគច្រើន​អ្នក​ចង់​បាន​ដី​ទើប​រៀបការ​ថ្មីៗ ប៉ុន្តែ​មួយ​ចំនួន​ចាស់ៗ មិន​មាន​បាន​ហើយ​ក៏​ទៅ​ដែរ»

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី ដែល​បាន​ចុះ​អង្កេត​រឿង​នេះ​យល់​ថា អាជ្ញាធរ​គួរ​ដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​សន្តិវិធី ប្រសើរ​ជាង​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ដែល​អាច​នាំ​ឲ្យ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ និង​ផ្ទុះ​ការ​តវ៉ា។ លោក​ថា ការ​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​រុះរើ​លំនៅឋាន​ពលរដ្ឋ​ដោយ​បង្ខំ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​បទបញ្ជា​រដ្ឋាភិបាល៖ «សម្បទាន​ឲ្យ​ក្រុមហ៊ុន​រាប់​ម៉ឺន​ហិកតារ ចុះ​ហេតុ​អី​មិន​អាច​កាត់​ដី​ពី​ក្រុមហ៊ុន​សម្បទាន​ឲ្យ​ពលរដ្ឋ​ខ្លួន ក្នុង​ម្នាក់​ក្បាល​ដី​តែ ១០​ម៉ែត្រ​មិន​បាន»

មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា កត់​សម្គាល់​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាច្រើន​ដល់​ក្រុមហ៊ុន​ឯកជន និង​បាន​ដកហូត​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​មួយ​ចំនួន តែ​លោក​មាន​មន្ទិល​ថា ដី​ដែល​រដ្ឋ​ដក​ពី​ក្រុមហ៊ុន​នោះ មិន​ដឹង​ថា​រដ្ឋ​បាន​ប្រើប្រាស់​ដោយ​របៀប​ណា​ទេ ខណៈ​បច្ចុប្បន្ន ពលរដ្ឋ​ក្រីក្រ​នៅ​តែ​ជួប​វិបត្តិ​គ្មាន​ដី​រស់នៅ៖ «រដ្ឋាភិបាល​គួរ​តែ​ពិចារណា​លើ​ពលរដ្ឋ​ទាំងឡាយ​ណា​ដែល​ខ្វះខាត​ដី ហើយ​កំពុង​មាន​បញ្ហា​ទំនាស់ គួរ​តែ​ពិចារណា​ពិនិត្យ​លទ្ធភាព​ដើម្បី​ផ្តល់​ដីធ្លី​ឲ្យ​ពួក​គាត់​មាន​សិទ្ធិ​ប្រើប្រាស់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ»

របាយការណ៍​របស់​អាជ្ញាធរ​ស្រុក​ស្នួល ខែត្រ​ក្រចេះ បង្ហាញ​ថា ក្រោយ​ពី​រាជ​រដ្ឋាភិបាល​ចេញ​បទបញ្ជា​០១ អាជ្ញាធរ​ខែត្រ​ក្រចេះ បាន​ទទួល​ពលរដ្ឋ​ចំណូល​ស្រុក​រាប់​ពាន់​គ្រួសារ​មក​រស់នៅ និង​បាន​កាត់​ឆ្វៀល​ដី​ជាង ៤​ម៉ឺន​ហិកតារ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៩ ដើម្បី​បម្លែង​ជា​ដី​សម្បទាន​សង្គមកិច្ច​ស្រប​ច្បាប់ ជូន​ពលរដ្ឋ​ក្រីក្រ​ចំណាក​ស្រុក​មក​រស់នៅ​ខែត្រ​នេះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s