សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​កម្មសិទ្ធិ​បន្ត​កើត​មាន​នៅ​ខេត្ត​ពោធិ៍សាត់

ប្រភព ៖ RFA

ពលរដ្ឋ ទាហាន និង​អ្នក​មាន​លុយ​ខ្លះ​ចាប់​ផ្ដើម​សម្រុក​ទិញ​ដី និង​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​កម្មសិទ្ធិ​នៅ​ទឹក​ដី​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដោយ​ពុំ​មាន​សមត្ថកិច្ច​ទប់ស្កាត់។ ពលរដ្ឋ​ឲ្យ​ដឹង​ថា សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​កើត​មាន​កាន់​តែ​ខ្លាំង ស្រប​ពេល​ដែល​ឃុំ​ថ្មដា ចាប់​ផ្ដើម​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​មាន​កាស៊ីណូ និង​មាន​ផ្លូវ​ដោះដូរ​សេដ្ឋកិច្ច​រវាង​ខ្មែរ-ថៃ។

អ្នក​ភូមិ​នៃ​ឃុំ​ថ្មដា ចំនួន ៤​នាក់​ដែល​ដឹង​ពី​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​នៅ​ក្បែរ​មូលដ្ឋាន​ខ្លួន​រស់នៅ ប៉ុន្តែ​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ដោយ​បារម្ភ​ពី​សុវត្ថិភាព ប្រាប់​ថា អ្នក​ទន្ទ្រាន​ដី​ព្រៃ​ភាគច្រើន​ជា​ទាហាន​ឈរ​ជើង​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-ថៃ និង​បក្សពួក។ ពួក​គេ​ថា ផ្ទៃដី​ដែល​បាន​កាប់​បំផ្លាញ​នៅ​ភូមិ​ឯកភាព និង​ភូមិ​សង្គមថ្មី នៃ​ឃុំ​ថ្មដា មិន​តិច​ជាង ២៥​ហិកតារ​ឡើយ។

ប្រភព​ពី​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៤​នាក់​បន្ថែម​ថា ទីតាំង​ទើប​ទន្ទ្រាន​ថ្មី​មាន​នៅ​ចំណុច​ស្ពាន​ដែក ចំណុច​ខ្នង​១៦ ឬ​វាល​អុកគូទ នៃ​ភូមិ​ឯកភាព និង​ចំណុច​វាលពួច នៃ​ភូមិ​សង្គមថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង។

អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ក្រុម​ទាហាន​ឈរ​ជើង​តាម​ព្រំដែន​ខ្មែរ-ថៃ ក្នុង​ឃុំ​ថ្មដា និង​មេ​ឃុំ​ថ្មដា លោក ព្រុំ ង៉ុន ដើម្បី​ឆ្លើយតប​នឹង​ការ​អះអាង​របស់​ពលរដ្ឋ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា។

អភិបាល​ស្រុក​វាលវែង លោក ហេង សុភាណា ធ្លាប់​បញ្ជាក់​ថា ទាំង​បទល្មើស​ឈើ និង​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ ខាង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​កំពុង​ប្រឹងប្រែង​ទប់ស្កាត់ និង​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឲ្យ​បាន​យល់​ដឹង​ពី​បញ្ហា​ធនធាន​ធម្មជាតិ។ លោក​ថា កម្លាំង​សមត្ថកិច្ច​ក៏​បង្ក្រាប​បទល្មើស​បាន​ច្រើន​ករណី ក្នុង​នោះ​ក៏​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទៅ​តុលាការ​ជាច្រើន​ករណី​ដែរ៖ «ខ្ញុំ​បាន​ឲ្យ​ជំនាញ​ពិនិត្យ​មើល​ទាក់ទង​ការងារ​ហ្នឹង ហើយ​ទាំង​ការ​កាប់​រាន​ដី​ព្រៃ ឬ​ក៏​បទល្មើស​ព្រៃឈើ។ និយាយ​រួម យើង​អនុវត្ត​ជា​ប្រចាំ។ យើង​ធ្វើ​យ៉ាង​ម៉េច​តាម​យន្តការ​អាជ្ញាធរ​ផង និង​កម្លាំង​ជំនាញ​ដើម្បី​កុំ​ឲ្យ​មាន​ការ​កាប់​រាន​យក​ដី​នៅ​តំបន់​ហ្នឹង»

ទាក់ទង​នឹង​ការ​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​កម្មសិទ្ធិ​នេះ អាជ្ញាធរ​ខេត្ត និង​ស្រុក ធ្លាប់​ដឹកនាំ​កម្លាំង​ចម្រុះ​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ និង​ដុត​ខ្ទម​ជាច្រើន​ខ្នង​ដែល​ពួក​គេ​សង់​នៅ​លើ​ដី​ព្រៃ​របស់​រដ្ឋ ឋិត​នៅ​ចន្លោះ​ឃុំ​ក្រពើពីរ និង​ឃុំ​ប្រមោយ កាល​ពី​ឆ្នាំ​២០១៦។ កាលណោះ អាជ្ញាធរ​បាន​ប្រើ​ទាំង​វិធីសាស្ត្រ​អប់រំ និង​ចាត់​វិធានការ​ក្ដៅ ដើម្បី​ឲ្យ​ពួក​គេ​ចេញ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​នៅ​លួច​ចេញ​ធ្វើ​ស្រែ​ចម្ការ​រហូត​ដល់​សព្វ​ថ្ងៃ។

អាជ្ញាធរ​ស្រុក​វាលវែង និង​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ដែល​បង្អង់​ដៃ​ក្នុង​ការ​បង្ក្រាប ឬ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​ដី​ព្រៃ​ឡើយ ដើម្បី​រក្សា​នូវ​និរន្តរភាព​ព្រៃឈើ ឬ​ការ​ប្រែប្រួល​អាកាសធាតុ។ ប៉ុន្តែ​គេ​សង្កេត​ឃើញ​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៥ និង​ផ្លូវ​លំ​ខ្លះ​ក្នុង​ស្រុក​វាលវែង ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​វាល​បន្តិច​ម្ដងៗ​ចាប់​ពី​តំបន់​ទំនាប រហូត​ដល់​ក្បែរ​ជើង​ភ្នំ​តាំង​ពី​ឆ្នាំ​២០១៣ មក៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s