ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ខេត្ត​រតនគិរី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​លុប​ប្រឡាយ​បង្ហូរ​ទឹក​ចេញ​ពី​បឹង

ប្រភព ៖ RFA

ពលរដ្ឋ​រស់​នៅ​ភូមិ​ថ្មី ឃុំ​វ៉ឺនសៃ ស្រុក​វ៉ឺនសៃ ខេត្ត​រតនគិរី ទាមទារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ប្រគល់​ដី ៣២​ហិកតារ និង​លុប​ប្រឡាយ​ដែល​ក្រុមហ៊ុន​បាន​ជីក​បង្ហូរ​ទឹក​ចេញ​ពី​បឹង​ដែល​អ្នក​ភូមិ​ប្រើប្រាស់ ក៏ប៉ុន្តែ​​ប្រធាន​ក្រុមហ៊ុន​អះអាង​ថា ការ​ទាមទារ​ដី​នេះ​មិន​ត្រឹមត្រូវ​ទេ ហើយ​ក្រុមហ៊ុន​បាន​លុប​ប្រឡាយ​ដែល​ឋិត​នៅ​ខាង​ក្រៅ​បរិវេណ​ដី​ក្រុមហ៊ុន​រួច​ហើយ។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ថ្មី សំណូមពរ​ឲ្យ​អាជ្ញាធរ​ស្រុក​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​កសិកម្ម​របស់​ក្រុម ហ៊ុន បូរ៉ា គៀមនី ហើយ​លុប​ប្រឡាយ​ដែល​ក្រុមហ៊ុន​បាន​ជីក​បង្ហូរ​ទឹក​បឹង​បង្ក​ផល​ប៉ះពាល់​ទឹក​ពលរដ្ឋ​ប្រើប្រាស់។

កាល​ពី​ឆ្នាំ​២០១៥ តំណាង​ពលរដ្ឋ ៨​នាក់​បាន​ផ្ដិត​មេដៃ​ប្ដឹង​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​វ៉ឺនសៃ ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន​អ្នក​ភូមិ​អះអាង​ថា បញ្ហា​នេះ​មិន​ទាន់​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ឡើយ។

តំណាង​អ្នក​ភូមិ​គឺ​លោក សួត ឡម បញ្ជាក់​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ថា ក្រុមហ៊ុន​មិន​ទាន់​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​ទាំង​ស្រុង​នៅ​ឡើយ បើ​ទោះ​បី​ក្រុមហ៊ុន​បាន​កាត់​ដី ៩២​ហិកតារ ប្រគល់​ជូន​អាជ្ញាធរ​​ស្រុក​វិញ​ក៏ដោយ។ លោក​ថា ក្រុមហ៊ុន​នៅ​បន្ត​កាន់​កាប់​ដី ៣២​ហិកតារ និង​មិន​បាន​លុប​ប្រឡាយ​​បង្ហូរ​ទឹក​បឹង​រួចរាល់​នោះ​ទេ៖ «ចង់​ឲ្យ​គាត់​លុប​ប្រឡាយ​ចង់​ឲ្យ​គាត់​ឈប់​ធ្វើ​នៅ​ហ្នឹង​តែម្ដង ព្រោះ​ប៉ះពាល់​គោ​ក្របី​ងាប់​ដោយសារ​​ប្រឡាយ​របស់​គាត់»

​ក្រុមហ៊ុន បូរ៉ា គៀមនី គ្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម​លើ​ផ្ទៃដី​ជាង ១២០​ហិកតារ​នៅ​តំបន់​រដ្ឋបាល​ភូមិ​ឡាម៉ឺយ ក្នុង​ឃុំ​កុកឡាក់ និង​ភូមិ​ថ្មី ក្នុង​ឃុំ​វ៉ឺនសៃ តាំង​ពី​ឆ្នាំ​២០១៤ ក៏ប៉ុន្តែ​ក្រោយ​ការ​សិក្សា​ពី​ទីតាំង​នេះ ប្រជាពលរដ្ឋ​ភូមិ​ថ្មី​បាន​ជំទាស់​ទើប​ក្រុមហ៊ុន​សម្រេច​បញ្ឈប់​គម្រោង ហើយ​ទិញ​ដី​ជា​លក្ខណៈ​ឯកជន​ចំនួន ៣២​ហិកតារ ពី​ពលរដ្ឋ​ភូមិ​ឡាម៉ឺយ ដើម្បី​អភិវឌ្ឍ​ដំណាំ​ស្រូវ។

នាយក​ក្រុមហ៊ុន បូរ៉ា គៀមនី លោក ឃុន សុវណ្ណារ៉ា បញ្ជាក់​ថា ដី ៣២​ហិកតារ គឺ​ជា​ដី​ស្រប​ច្បាប់​ដែល​លោក​បាន​ទិញ​ពី​ពលរដ្ឋ​ភូមិ​ឡាម៉ឺយ ហេតុ​នេះ​ពលរដ្ឋ​ភូមិ​ថ្មី មិន​មាន​សិទ្ធិ​ទាមទារ​នោះ​ឡើយ។លោក​ទទួល​ស្គាល់​ថា បាន​ជីក​ប្រឡាយ​បង្ហូរ​ទឹក​ពី​បឹង​ដើម្បី​ប្រើប្រាស់ ហេតុ​នេះ​លោក​បាន​លុប​ប្រឡាយ​មួយ​ផ្នែក​នៅ​ក្រៅ​ដី​ក្រុមហ៊ុន​ដើម្បី​ទប់​ទឹក​ជូន​អ្នក​ប្រើប្រាស់​ដូច​ធម្មតា​វិញ​ហើយ។

មេ​ឃុំ​វ៉ឺនសៃ លោក ស៊ី ផល្លី បញ្ជាក់​ថា អាជ្ញាធរ​ឃុំ​បាន​ព្យាយាម​ជួយ​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ ក៏ប៉ុន្តែ​មិន​បាន​លទ្ធផល ដោយសារ​តែ​អ្នក​ភូមិ​នៅ​បន្ត​ទាមទារ​ដី​ដែល​ក្រុមហ៊ុន​​បាន​ទិញ​ពី​អ្នកភូមិ​ឡាម៉ឺយ និង​ឲ្យ​ក្រុមហ៊ុន​លុប​ប្រឡាយ​ទាំង​អស់​ដែល​ក្រុមហ៊ុន​បាន​ជីក។ លោក​ថា បាន​បញ្ជូន​រឿង​នេះ​ទៅ​ថ្នាក់​ស្រុក​ជួយ​ដោះស្រាយ​បន្ត៖ «ដី​ដែល​គាត់​បម្រុង គាត់​ជូន​មក​ប្រជាពលរដ្ឋ​អស់ ស្រុក​ក៏​ជួយ​ដោះស្រាយ​ដែរ​ប្រជាពលរដ្ឋ​នៅ​តែ​​តម្រូវការ​ឲ្យ​គាត់​ឈប់»

​មន្ត្រី​អង្គការ​ទន្លេ​បី ដែល​ឃ្លាំមើល​បញ្ហា​នេះ អ្នកស្រី ណាង ណយ អំពាវនាវ​ឲ្យ​អាជ្ញាធរ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ជូន​អ្នក​ភូមិ ចៀសវាង​កុំ​ឲ្យ​ទំនាស់​នេះ​រីក​រាលដាល​ធំ​ឡើង។ អ្នកស្រី​កត់សំគាល់​ថា ក្រុមហ៊ុន​លុប​ប្រឡាយ​តែ​បី​ម៉ែត្រ​ប៉ុណ្ណោះ៖ «គាត់​សន្យា​លុប​ប្រឡាយ​វិញ ជាក់ស្ដែង​គាត់​លុប​តែ ៥​ម៉ែត្រ​ទេ។ កិច្ចសន្យា​ទិញ​គាត់​ថា អត់​មាន​​បញ្ជាក់​ពី​ម្ចាស់​ដី​ទេ​មាន​ត្រឹម​ឃុំ»

​អភិបាល​ស្រុក​វ៉ឺនសៃ លោក ជុំ ងិល បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​បាន​សម្របសម្រួល​បញ្ហា​នេះ​រួច​ហើយ ក៏​ប៉ុន្តែ​មាន​អ្នកភូមិ​មួយ​ចំនួន​តូច​មិន​យល់​ស្រប​ចង់​បាន​ដី​ដែល​ក្រុមហ៊ុន​បាន​ទិញ។ លោក​ថា ក្រុមប្រឹក្សា​ខេត្ត​បាន​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​ឲ្យ​ឈប់​គ្រប់គ្រង​ដី ៩៣​ហិកតារ ហើយ​​លុប​ប្រឡាយ និង​ប្រគល់​ដី​ជូន​អាជ្ញាធរ​ស្រុក​វិញ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s