ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ចំនួន​៣​ក្រុម​ផ្សេង​គ្នា​តវ៉ា​សុំ​ពន្លឿន​ដំណោះស្រាយ​ដីធ្លី

ប្រភព ៖ RFA

ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មក​ពី​ខេត្ត​បាត់ដំបង ខេត្ត​កំពត និង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ សីហា ដាក់​ញត្តិ​តវ៉ា​ទៅ​ស្ថាប័ន​ផ្សេង​គ្នា ក្នុង​នោះ​មាន​ទាំង​ទៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ដើម្បី​ជំរុញ​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ពួក​គាត់​ឲ្យ​បាន​ឆាប់។ ក្រុម​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ខ្លះ​បញ្ជាក់​ថា ប្រសិន​បើ​លោក ហ៊ុន សែន ព្រម​ចេញ​មុខ​អន្តរាគមន៍ ហើយ​មិន​បណ្ដោយ​ឲ្យ​មន្ត្រី​ថ្នាក់​ខេត្ត​ដោះស្រាយ​ជំនួស​នោះ គឺ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​នឹង​ដោះស្រាយ​ចេញ​ជា​មិន​ខាន។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង ដែល​ចោទ​ទាហាន​ផ្កាយ​មួយ​ម្នាក់​ប្លន់​ដី​ពួក​គាត់ បាន​អះអាង​ថា ញត្តិ​ដែល​ដាក់​កន្លង​ទៅ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រសួង​ដែនដី ហើយ​បញ្ជូន​បន្ត​ទៅ​មន្ត្រី​ខេត្ត​ដោះស្រាយ​ជំនួស​នោះ មិន​ដែល​មាន​ប្រសិទ្ធភាព​ឡើយ និង​ដំណាក់កាល​នេះ​មាន​តែ​លោក ហ៊ុន សែន ប៉ុណ្ណោះ​ដែល​អាច​អន្តរាគមន៍​ផ្ដល់​យុត្តិធម៌​ឲ្យ​ពួក​គាត់ ដែល​ជា​ពលរដ្ឋ​ស្លូត​ត្រង់​បាន។

ភរិយា​យោធិន​ពិការ លោកស្រី សោម ចំរើន បាន​រៀបរាប់​នៅ​ពេល​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ថា ដីធ្លី​របស់​ប្រជាពលរដ្ឋ​ទីទ័លក្រ និង​ជន​ពិការ​ចំនួន​ជាង ៥០​គ្រួសារ​ដែល​ត្រូវ​ទាហាន​ផ្កាយ​មួយ​ឈ្មោះ ភ្លន់ សុផល្លា ប្រើ​កង​ទាហាន​រឹប​អូស​យក​ទាំង​អយុត្តិធម៌​នោះ នឹង​ត្រូវ​ដោះស្រាយ​ចេញ​ដោយ​ភាព​យុត្តិធម៌ ប្រសិន​បើ​លោក ហ៊ុន សែន ស្ម័គ្រ​ចិត្ត​ចេញ​មុខ៖ «ខាង​ស្រុក​បវេល និង​ស្រុក​បាណន់ ចុះ​ទៅ​វាស់វែង​ឲ្យ​ប្រជាពលរដ្ឋ ហើយ​គាត់​សុំ​ឲ្យ​ទាហាន​វាស់​លើ​ដី​ប្រជាពលរដ្ឋ លោក មិល សុផល (អភិបាល​រង​ស្រុក​បាណន់គាត់​និយាយ​អ៊ីចឹង ហើយ​ខ្ញុំ​ថា​ម៉េច​ក៏​អ៊ីចឹង វាស់​ឲ្យ​ពួក​ខ្ញុំ​ហើយ ទៅ​វាស់​ឲ្យ​ទាហាន​ទៀត វា​ជាន់​លើ​ដី​ខ្ញុំ ប៉ុន្តែ​គាត់​ថា​អ៊ីចឹង​បាន​រៀបរយ​កើត»

លោកស្រី​បន្ថែម​ថា ការ​បញ្ជូន​ញត្តិ​របស់​ពួក​គាត់​ពី​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​ក្រសួង​ដែនដី ជា​បន្តបន្ទាប់​ទៅ​ឲ្យ​មន្ត្រី​ខេត្ត​បាត់ដំបង ដោះស្រាយ​នោះ គឺ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ ដោយសារ​មន្ត្រី​ខេត្ត​ខ្លះ​បាន​ឈរ​នៅ​ខាង​ភាគី​ទាហាន​ផ្កាយ​មួយ​ឈ្មោះ ភ្លន់ សុផល្លា។

អ្នក​ភូមិ​អះអាង​ថា កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា ឆ្នាំ​២០១៧ ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ចំនួន ១៥២​ហិកតារ ស្ថិត​នៅ​ភូមិ​ព្រៃព្រាល ឃុំ​ឃ្លាំងមាស ស្ថិត​នៅ​ចន្លោះ​ស្រុក​បវេល និង​ស្រុក​បាណន់ ត្រូវ​បាន​លោក ភ្លន់ សុផល្លា ប្រើ​ទាហាន​មួយ​ក្រុម​ចំនួន ២០​នាក់ បោះ​ជំរំ​រំលោភ​យក និង​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​លើ​ដី​ដែល​ពួក​គាត់​កាន់​កាប់ និង​ដាំ​ដំណាំ​ផ្សេងៗ​តាំង​ពី​ឆ្នាំ​២០០០ មក បន្ទាប់​ពី​ប្រធាន​សមាគម​យោធា​ពិការ ស្រី​មេម៉ាយ និង​កុមារ​កំព្រា​ប្រចាំ​ខេត្ត​បាត់ដំបង លោក ព្រំ កើត បាន​បែងចែក​ឲ្យ​ពួក​គាត់។

ពលរដ្ឋ​ក៏​បញ្ជាក់​ថា តាម​ពិត​ចំណែក​ដី​របស់​ទាហាន គឺ​ស្ថិត​នៅ​តំបន់​ផ្សេង​ឯណោះ​ទេ ប៉ុន្តែ​បែរ​ជា​មក​ដឹកនាំ​កង​កម្លាំង​មក​អះអាង​ថា ដី​ចំនួន ១៥២​ហិកតារ​របស់​ពួក​គាត់ គឺ​ជា​ដី​របស់​ទាហាន​ទៅ​វិញ ស្រប​ពេល​ក្រុម​និស្សិត​លោក ហ៊ុន សែន បាន​ចុះ​វាស់​ធ្វើ​ប្លង់​លើ​ដី​នោះ។ បន្ថែម​ពី​នេះ មន្ត្រី​ខេត្ត​ក៏​ធ្លាប់​ទទួល​ស្គាល់​ដែរ​ថា ដី​កំពុង​មាន​ជម្លោះ​ទាំង ១៥២​ហិកតារ​នេះ គឺ​ជា​ដី​របស់​ពលរដ្ឋ ប៉ុន្តែ​ក្រោយ​មក ទាំង​អភិបាល​រង​ខេត្ត លោក ងួន រតនៈ និង​អភិបាល​រង​ស្រុក​បាណន់ លោក មិល សុផល បែរ​ជា​ទៅ​កាន់​ជើង​ទាហាន​ឈ្មោះ ភ្លន់ សុផល្លា វិញ។

អំឡុង​ពេល​ការ​ដាក់​ញត្តិ​សុំ​ឲ្យ​លោក ហ៊ុន សែន ចេញ​អន្តរាគមន៍​ផ្ទាល់​នេះ លោកស្រី សោម ចំរើន អះអាង​ថា អភិបាល​រង​ស្រុក​បាណន់ លោក មិល សុផល បាន​ទូរស័ព្ទ​ហៅ​ក្រុម​លោកស្រី​ត្រឡប់​ទៅ​ខេត្ត​បាត់ដំបង វិញ ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​នៅ​សាលា​ខេត្ត​នៅ​ថ្ងៃ​ច័ន្ទ សប្ដាហ៍​ក្រោយ រីឯ​មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន ក៏​បាន​សន្យា​ថា បើ​ការ​ដោះស្រាយ​នៅ​ថ្នាក់​ខេត្ត​នោះ​មិន​ជោគជ័យ គឺ​ស្នើ​ពួក​គាត់​ឡើង​មក​ដាក់​សុំ​កិច្ច​អន្តរាគមន៍​ជា​ថ្មី​ទៀត។

ស្រប​គ្នា​នេះ ប្រជាពលរដ្ឋ​ជាង ២០​នាក់​មក​ពី​ខេត្ត​កំពត ក៏​បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ម្ដង​ទៀត​ដែរ ដើម្បី​រង់ចាំ​ការ​ឆ្លើយតប​ពី​លោក​រដ្ឋមន្ត្រី ជា សុផារ៉ា ចេញ​សេចក្ដី​សម្រេច​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ដែល​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​ទៅ​ឈូស​ឆាយ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង ផល​ដំណាំ ដី​ស្រែ​ចម្ការ ដី​លំនៅឋាន ហើយ​ទុក​ដី​ទំនេរ​ចោល ត្រូវ​ផ្ដល់​ដី​នោះ​ឲ្យ​ពលរដ្ឋ​បាន​តាំង​ទី​ជ្រកកោន​ឡើង​វិញ។

ពលរដ្ឋ​ម្នាក់​ឈ្មោះ បូ សារឹម ថ្លែង​អំឡុង​ពេល​ស្រែក​តវ៉ា​ថា ពលរដ្ឋ​មិន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ឡើយ ដរាប​ណា​លោក ហ៊ុន សែន និង​លោក ជា សុផារ៉ា មិន​បាន​ចេញ​សម្រេច​ឲ្យ​មាន​ការ​ផ្ដល់​ដី​ឲ្យ​ពលរដ្ឋ​វិញ​ទេ​នោះ៖ «អត់​ទៅ​វិញ ព្រោះ​មិន​ដឹង​ទៅ​ណា ព្រោះ​ដីធ្លី​ផ្ទះ​សម្បែង​ត្រូវ​បាន​គេ​រុះរើ​អស់​ហើយ»

នៅ​ក្នុង​ញត្តិ​ដែល​ពលរដ្ឋ​បាន​ដាក់​នៅ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា កន្លង​ទៅ បង្ហាញ​ថា អ្នក​ភូមិ​ចំនួន ៣០៨​គ្រួសារ​មក​ពី​ឃុំ​តេជោអភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហ្វើស បាយអូថិច អាគ្រីខាល់​ឈើរ៉ល កម្ពុជា (First Bio-Tech Agricultural (Cambodia) Co., Ltd) របស់​អ្នកស្រី ចាន់ សុធា។ ពលរដ្ឋ​ថា​ក្រុមហ៊ុន​មិន​បាន​អភិវឌ្ឍ​ដំណាំ​លើ​ដី​ពិតប្រាកដ​ទេ និង​មាន​តែ​ធ្វើ​ឲ្យ​ពួក​គាត់​ត្រូវ​រង​ទុក្ខ​បង្ហូរ​ទឹក​ភ្នែក​ឥត​ស្រាកស្រាន្ត។ រីឯ​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ ពលរដ្ឋ​មក​ពី​សហគមន៍​បឹង​ឈូក​អេ (A) ជាង ៣០​នាក់ ក៏​បាន​លើក​គ្នា​ទៅ​ស្នើសុំ​ឲ្យ​សាលា​ក្រុង ពន្លឿន​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី បន្ទាប់​ពី​អាជ្ញាធរ​ចម្រុះ​បាន​ចុះ​វាស់វែង​រួច​រាល់​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៧ ដើម្បី​យក​ដី​នោះ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង។

តំណាង​ពលរដ្ឋ​សហគមន៍​បឹង​ឈូក​អេ លោក សេង ស្នា បាន​ថ្លែង​ថា នៅ​ពេល​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ សីហា គឺ​ខាង​សាលា​ក្រុង​បាន​បង្ហាញ​ឯកសារ​ដែល​ជា​គោលការណ៍​រៀបចំ​បែងចែក​ជា​ដី​ឡូត៍​រួច​រាល់​ហើយ ដើម្បី​ចែក​ឲ្យ​ពលរដ្ឋ​ទាំង ១៧៥​គ្រួសារ​នៃ​សហគមន៍​បឹង​ឈូក​អេ និង​បឹង​ឈូក​១ នៅ​សង្កាត់​ទួលសង្កែទី២ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ក្នុង​ពេល​ឆាប់ៗ​នេះ៖ «គាត់ (សាលា​ក្រុងគូស​ផែនដី​ចំនួន ២៣០​ឡូត៍​ទុក​ចែក​ប្រជាពលរដ្ឋ​ហើយ»

ពលរដ្ឋ​បញ្ជាក់​ថា កាល​ពី​អំឡុង​ឆ្នាំ​២០០៩ កង​កម្លាំង​ដឹកនាំ​ដោយ​លោក​អតីត​អភិបាល​ខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត ធ្លាប់​ចុះ​បណ្ដេញ និង​រុះរើ​ផ្ទះ​សម្បែង​ពលរដ្ឋ ក្រោម​ហេតុផល​ចុះ​រៀបចំ​សំណង់​មិន​រៀបរយ ប៉ុន្តែ​ក្រោម​មក បន្ទាប់​ពី​មាន​ការ​តវ៉ា​ជា​បន្តបន្ទាប់ ទើប​មាន​អាជ្ញាធរ​ចម្រុះ​ចុះ​វាស់វែង​ដី​នៅ​ទីនោះ​ដើម្បី​ចែក​ដី​ជូន​ពលរដ្ឋ​វិញ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s