“កម្ពុជា​នឹង​ប្រឈម​សម្ពាធ​ពី​អន្តរជាតិ​បើ​មិន​អនុវត្ត​រាល់​អនុសាសន៍​ពាក់ព័ន្ធ​សិទ្ធិ​អន្តរជាតិ”

ប្រភព ៖ វិទ្យុអាស៊ីសេរី

របាយការណ៍​លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្ដីពី​ការ​វាយ​តម្លៃ​ពាក់​កណ្ដាល​អាណត្តិ​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់​ឆ្នាំ​២០១៧ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ សីហា បាន​សន្និដ្ឋាន​ថា ការ​អនុវត្ត​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ ទាក់ទិន​នឹង​សេរីភាព​បញ្ចេញ​មតិ និង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា នៅ​មាន​បញ្ហា​ប្រឈម​ខ្លាំង​ឡើង។ មន្ត្រី​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស ព្រមាន​ថា ការ​មិន​អនុវត្ត​ឲ្យ​បាន​ពេញលេញ​រាល់​អនុសាសន៍​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ជា​អន្តរជាតិ នឹង​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ប្រឈម​សម្ពាធ​ពី​អន្តរជាតិ។

សេចក្ដី​សន្និដ្ឋាន​ពាក់​កណ្ដាល​អាណត្តិ​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​កាល​កំណត់​ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​មាន​ការ​វិវឌ្ឍន៍​មួយ​ចំនួន​នៅ​ក្នុង​ផ្នែក​សិទ្ធិ​ស្ត្រី និង​កុមារ សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ប៉ុន្តែ​ការ​វិវឌ្ឍន៍​ចំពោះ​អនុសាសន៍​ពាក់ព័ន្ធ​នឹង​សេរីភាព​បញ្ចេញ​មតិ និង​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​មាន​កម្រិត និង​កាន់​តែ​មាន​បញ្ហា​ប្រឈម​ឡើង។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​នេះ​កាល​ពី​ថ្ងៃ​ទី​២៩-៣០ ខែ​មិថុនា កន្លង​ទៅ។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ ថា ការ​បង្កើត​ច្បាប់​ស្ដីពី​អង្គការ-សមាគម បាន​ធ្វើ​ឲ្យ​សេរីភាព​បញ្ចេញ​មតិ ប្រមូល​ផ្ដុំ បាន​ធ្លាក់​មួយ​កម្រិត​ទៀត។ លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​រាល់​អនុសាសន៍ កតិកាសញ្ញា និង​សន្ធិសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ទាំងឡាយ​ដែល​ខ្លួន​ចុះ​ហត្ថលេខា​ព្រម​យក​មក​អនុវត្ត ហើយ​មិន​ត្រូវ​ធ្វើ​របាយការណ៍​ដោះសា​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ នោះ​ទេ៖ «អ៊ីចឹង​អន្តរជាតិ​មិន​មែន​អ៊ីចឹង​ទេ មាន​ន័យ​ថា កាល​យើង​ចុះ​ហត្ថលេខា​ទទួល​យក​ទាំងអស់​ហ្នឹង​ហើយ ត្រូវ​តែ​អនុវត្ត ហើយ​ទទួល​ខុស​ត្រូវ ប៉ុន្តែ​កម្ពុជា ហាក់​ទទួល​យក​ដោយ​រួច​តែ​ពី​ដៃ ហើយ​មិន​អនុវត្ត​ឲ្យ​តាម​ការ​ព្រមព្រៀង​នោះ​ឲ្យ​ឆ្លើយតប​ទៅ​នឹង​កិច្ចព្រមព្រៀង​នោះ​ទេ»

នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​២៦ កាល​ពី​ឆ្នាំ​២០១៤ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​ការ​ត្រួត​ពិនិត្យ​ជា​សកល​ហៅ​កាត់​ថា យូភីអ (UPR) លើក​ទី​ពីរ​សម្រាប់​ប្រទេស​កម្ពុជា ដែល​ជា​យន្តការ​មួយ​អនុញ្ញាត​ឲ្យ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ ដូច​គ្នា មាន​សិទ្ធិ​ត្រួត​ពិនិត្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​លើ​ប្រទេស​ជា​សមាជិក​មួយ​ទៀត។ នៅ​ឆ្នាំ​២០១៩ កម្ពុជា នឹង​ដល់​កាល​កំណត់ ៥​ឆ្នាំ​ម្ដង ដែល​ត្រូវ​ឲ្យ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ ត្រូវ​ត្រួត​ពិនិត្យ​អំពី​ស្ថានភាព​សិទ្ធិ​របស់​ប្រទេស​ខ្លួន បន្ទាប់​ពី​ព្រម​ទទួល​យក​អនុសាសន៍​ចំនួន​១៦៣ ក្នុង​ចំណោម​អនុសាសន៍​ទាំង​២០៥ ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​មក​អនុវត្ត។

របាយការណ៍​លទ្ធផល​នៃ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្ដីពី​ការ​វាយ​តម្លៃ​ពាក់​កណ្ដាល​អាណត្តិ​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​ពេលវេលា​កំណត់​ឆ្នាំ​២០១៧ ដែល​បាន​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​ផ្ដួចផ្ដើម​ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស រួម​សហការ​ជាមួយ​អង្គការ​ដទៃ​ទៀត បាន​ឲ្យ​ដឹង​ថា ច្បាប់​ចំនួន​៣ ដូចជា​ច្បាប់​សមាគម អង្គការ ច្បាប់​សហជីព និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ មាន​ចំណុច​មួយ​ចំនួន​រឹតត្បិត​សេរីភាព​មូលដ្ឋាន​ជា​ខ្លាំង។ លើស​ពី​នេះ អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ជា​ក្រុម​ជំទាស់ ប្រសិន​បើ​ពួក​គេ​រិះគន់​រដ្ឋាភិបាល ក៏​ជា​ផ្នែក​នៃ​ការ​រឹតត្បិត​សេរីភាព​មូលដ្ឋាន​ដែរ។ រីឯ​ប្រព័ន្ធ​តុលាការ ក៏​នៅ​តែ​បន្ត​រង​ការ​រិះគន់​ថា​ខ្វះ​ភាព​ឯករាជ្យ​នៅ​ឡើយ។

ទោះ​ជា​យ៉ាង​ណា ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ធ្លាប់​បាន​ថ្លែង​នៅ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្ដីពី​ការ​វាយ​តម្លៃ​ពាក់​កណ្ដាល​អាណត្តិ​នៃ​ការ​ត្រួត​ពិនិត្យ​ជា​សកល​តាម​ពេលវេលា​កំណត់​ឆ្នាំ​២០១៧ ដែរ​ថា ថ្វីត្បិតតែ​រដ្ឋាភិបាល​មិន​បាន​ដាក់​របាយការណ៍​ពាក់​កណ្ដាល​អាណត្តិ​នៃ​ការ​ត្រួត​ពិនិត្យ​សកល ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ប៉ុន្តែ​រដ្ឋាភិបាល​កំពុង​លើក​កម្ពស់​សិទ្ធិ​មនុស្ស ដូចជា​សិទ្ធិ​ស្ត្រី និង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ជាដើម។ បន្ថែម​ពី​នេះ លោក​ថា​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម និង​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កម្ពុជា ក៏​ត្រូវ​បាន​បើក​យ៉ាង​ទូលាយ​ដែរ។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​ត្រូវ​តែ​បញ្ចប់​សេរីភាព​បញ្ចេញ​មតិ​ណា​ដែល​ប៉ះពាល់​ដល់​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស។

ប៉ុន្តែ​លោក ស៊ឹង សែនករុណា ព្រមាន​ថា រាល់​អនុសាសន៍​របស់​អន្តរជាតិ​ដែល​កម្ពុជា ពុំ​អាច​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នោះ គឺ​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ មាន​សិទ្ធិ​ប្រើ​យន្តការ​ដាក់​សម្ពាធ​សេដ្ឋកិច្ច និង​ការទូត ជាដើម មក​លើ​កម្ពុជា។

ប្រឈម​នឹង​សេរីភាព​បញ្ចេញ​មតិ​ធ្លាក់​ចុះ និង​ប្រព័ន្ធ​តុលាការ​នៅ​មិន​ទាន់​ឯករាជ្យ​នេះ សង្គម​ស៊ីវិល​លើក​ឡើង​ថា រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ប្រឹងប្រែង​បន្ថែម​ទៀត​អនុវត្ត​តាម​អនុសាសន៍​ដែល​ខ្លួន​ទទួល​យក និង​ត្រូវ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ជា​សង្គម​ស៊ីវិល ដើម្បី​សម្រេច​បំណង​នេះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s