ពលរដ្ឋ​ឃុំ​ក្រយា​ស្នើ​អាជ្ញាធរ​ពន្លឿន​ផ្ដល់​ដី​សង្គមកិច្ច​ប្រភេទ​កសិកម្ម​ជូន​ពួក​គាត់

ប្រភព ៖ វិទ្យុអាស៊ីសេរី

ពលរដ្ឋ​រស់នៅ​ភូមិ​សែនសិរីមង្គល ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដែល​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច លើក​ឡើង​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ជីវភាព​រស់នៅ។ បញ្ហា​ប្រឈម​ខ្លាំង​បំផុត គឺ​គ្មាន​ដី​កសិកម្ម​សម្រាប់​អាស្រ័យ​ផល។ បញ្ហា​នេះ បណ្តាល​ឲ្យ​អ្នក​ភូមិ​ជាច្រើន​ត្រូវ​បង្ខំ​ចិត្ត​ចំណាក​ស្រុក និង​ស៊ី​ឈ្នួល​ឲ្យ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ក្បែរ​នោះ ដើម្បី​បាន​ប្រាក់​ខ្លះ​គ្រាន់​ដោះស្រាយ​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​អាជ្ញាធរ​បណ្តេញ​ចេញ​ពី​តំបន់​បន្ទាយ​រងៀង កាល​ពី​ឆ្នាំ​២០០៩ មក​រស់នៅ​ភូមិ​សែនសិរីមង្គល ឃុំ​ក្រយា ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ជា​ប្រភេទ​ដី​កសិកម្ម​ដល់​ពួក​គាត់។ ការ​ស្នើ​នេះ ដោយសារ​មាន​ពលរដ្ឋ​មួយ​ចំនួន​មិន​ទាន់​ទទួល​បាន​ដី​កសិកម្ម​នៅ​ឡើយ ពោល​គឺ​ទទួល​បាន​តែ​ដី​លំនៅឋាន​ប៉ុណ្ណោះ។ ជាង​នេះ​ទៀត ពលរដ្ឋ​ដែល​អាជ្ញាធរ​ផ្តល់​ដី​កសិកម្ម​ជូន​ក្នុង​មួយ​គ្រួសារ ១​ហិកតារ​ទៅ ១​ហិកតារ​កន្លះ​នោះ ភាគច្រើន​មិន​អាច​ចូល​អាស្រ័យ​ផល​លើ​ដី​របស់​ខ្លួន​បាន ដោយសារ​មាន​ក្រុម​អនាធិបតេយ្យ​ជា​អ្នក​កាន់​កាប់​មុន។

ពលរដ្ឋ​នៅ​ភូមិ​សែនសិរីមង្គល លោក ឆាយ ប៉េងអាន មាន​ប្រសាសន៍​ថា មាន​ពលរដ្ឋ​ជាង ១០០​គ្រួសារ​ទៀត​ដែល​មិន​ទាន់​ទទួល​បាន​ដី​កសិកម្ម​សម្រាប់​អាស្រ័យ​ផល។ ចំណែក​ពួក​លោក​ដែល​អាជ្ញាធរ​ចែក​ដី​កសិកម្ម​បាន ១​ហិកតារ​កន្លះ ប៉ុន្តែ​មាន​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ ព្រោះ​មិន​អាច​ចូល​អាស្រ័យ​ផល​បាន ដោយសារ​មាន​ក្រុម​អនាធិបតេយ្យ​អះអាង​ថា​ជា​ដី​របស់​ពួក​គេ និង​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​ជម្លៀស​ពី​តំបន់​បន្ទាយ​រងៀង​កាន់​កាប់​បាន​ឡើយ។ លោក​បន្ត​ថា អ្នក​ភូមិ​ត្រូវ​ប្រឈម​ការ​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ ដោយសារ​គ្មាន​ដី​បង្កបង្កើនផល៖ «តាំង​ពី​ខាង​ខេត្ត​ថ្នាក់​ស្រុក គេ​បែងចែក​យក​មក​ចាក់​ចោល​នៅ​ម្តុំ​នេះ និយាយ​រួម​ទៅ​គេ​មិន​បាន​គិតគូរ​ជូន​ពលរដ្ឋ​ទេ។ គិតគូរ​ខ្លះ​ដែរ ដូចជា​អណ្ដូងទឹក​អ៊ីចឹង​ទៅ បញ្ហា​ស្បៀង​រក​ដោយខ្លួន​ឯង»

កាល​ពី​ឆ្នាំ​២០០៩ រាជ​រដ្ឋាភិបាល​បាន​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​បន្ទាយ​រងៀង​ឲ្យ​ទៅ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ តាន បៀន (Tan Bien) ហើយ​បណ្ដេញ​ពលរដ្ឋ​ប្រមាណ ៦០០​គ្រួសារ​រួម​មាន​ពលរដ្ឋ​ក្រីក្រ យោធិន​ពិការ​ផង ឲ្យ​មក​រស់នៅ​តំបន់​ថ្មី​នៅ​ភូមិ​សែនសិរីមង្គល ក្នុង​ឃុំ​ក្រយា វិញ។ ពលរដ្ឋ​ទាំងនោះ​សង្ឃឹម​ថា នឹង​មាន​ជីវភាព​រស់នៅ​សមរម្យ​នៅ​ពេល​ពួក​គាត់​មក​រស់នៅ​តំបន់​ថ្មី ដោយ​កាលណោះ​អាជ្ញាធរ​បាន​បែងចែក​ដី​លំនៅឋាន​ជូន​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ទំហំ ២០​ម៉ែត្រ​គុណ ៤០​ម៉ែត្រ។ រហូត​ដល់​ឆ្នាំ​២០១៣ អាជ្ញាធរ​រៀបចំ​ប្រគល់​ដី​ចម្ការ​នៅ​តំបន់​សូងសាង​ដល់​អ្នក​ភូមិ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​កសិកម្ម ១​ហិកតារ​ទៅ ១​ហិកតារ​កន្លះ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​ដី​កសិកម្ម​ទេ។

លោក ឆាយ ប៉េងអាន បញ្ជាក់​ថា ដី​កសិកម្ម​ដែល​ក្រុម​អនាធិបតេយ្យ​ដណ្តើម​យក​ពី​ពលរដ្ឋ​នោះ គឺ​ភាគច្រើន​ធ្លាក់​ទៅ​លើ​ដៃ​ឈ្មួញ និង​អ្នក​មាន​ប្រាក់​មក​ពី​ខេត្ត​កំពង់ចាម តាម​រយៈ​ប្រមូល​ទិញ​ពី​ពលរដ្ឋ​ទាំងនោះ ហើយ​ម្នាក់​អាច​ទទួល​បាន​ដី​ពី ៥០​ហិកតារ​ទៅ​ជាង ១០០​ហិកតារ ទោះ​បី​ជា​ដី​ទាំងនោះ​មិន​អនុញ្ញាត​ឲ្យ​លក់​បន្ត​ក្នុង​រយៈពេល​ក្រោម ៥​ឆ្នាំ​ក្តី។ លោក​បន្ត​ថា បច្ចុប្បន្ន​ពលរដ្ឋ​ដែល​រស់នៅ​ជាប់​ក្នុង​ភូមិ​ថ្មី គឺ​មិន​ដល់ ៣០០​គ្រួសារ​ផង ពីព្រោះ​ពួក​គេ​នាំ​គ្នា​ចំណាក​ស្រុក​ទៅ​រក​ស៊ី​ឆ្ងាយៗ ពិសេស​ទៅ​ប្រទេស​ថៃ តែ​ម្តង៖ «ខ្ញុំ​គ្មាន​សំណូមពរ​អី​ធំ​ទេ គឺផ្នែក​នាយក​រដ្ឋមន្ត្រី បើ​បាន​ឮ​ហើយ​សុំ​ជួយ​ពលរដ្ឋ​នៅ​ភូមិ​សែនសិរីមង្គល ខ្ញុំ​ផង»

ក្រោយ​ពេល​អាជ្ញាធរ​បណ្តេញ​ពលរដ្ឋ​ប្រមាណ ៦០០​គ្រួសារ​ចេញ​ពី​តំបន់​បន្ទាយ​រងៀង​រួច​មក បច្ចុប្បន្ន​ក្រុមហ៊ុន​វៀតណាម បាន​ដាំ​កៅស៊ូ ហើយ​ផ្តល់​ផល​បី ឬ​បួន​ឆ្នាំ​មក​ហើយ ដោយឡែក​ពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​មក​រស់នៅ​តំបន់​ថ្មី​មួយ​ចំនួន​វិញ មិន​ទាន់​រក​គោលដៅ​ឃើញ​ផង។ ផ្ទះ​សម្បែង​អ្នក​ភូមិ​សែនសិរីមង្គល ខ្លះ គ្រាន់​មាន​ស័ង្កសី​ប្រក់ មាន​ជញ្ជាំង​បិទ​បាំង​ត្រឹមត្រូវ ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​ទៀត ផ្ទះ​ពួក​គេ​បាន​ត្រឹម​តែ​ប្រក់​ស្បូវ ជញ្ជាំង​ស្បូវ លាយឡំ​តង់​កៅស៊ូ ឬ​ក្រដាស​ផ្សេងៗ គ្រាន់​បិទ​បាំង​ពី​ខាង​ក្រៅ​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ ក្នុង​ភូមិ​មាន​សភាព​ស្ងាត់​ជ្រងំ​យូរៗ​ម្តង ឃើញ​មាន​ក្មេង​រត់​លេង​នៅ​តាម​ផ្លូវ ហើយ​មាន​ផ្ទះ​សម្បែង​ខ្លះ​បិទ​ទ្វារ​ទុក​ចោល​តែ​ម្តង។

យោធិន​ពិការ​ជើង​ឆ្វេង​ម្នាក់ លោក កុយ សុផា មាន​ប្រសាសន៍​ថា ដី​កសិកម្ម​ទំហំ​ជាង ១​ហិកតារ​ដែល​ផ្តល់​ជូន​គ្រួសារ​លោក គឺ​ទទួល​បាន​ពិតប្រាកដ​តែ​កន្លះ​ហិកតារ​ប៉ុណ្ណោះ ពីព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​មួយ​ក្រុម​ទៀត។ បុរស​ជន​ពិការ​រូប​នេះ​មិន​ប្រាថ្នា​ចង់​បាន​ដី​រាប់​សិប​ហិកតារ​ដូច​ក្រុម​អ្នក​មាន​ប្រាក់ និង​អ្នក​មាន​អំណាច​មួយ​ចំនួន​ទេ ប៉ុន្តែ​លោក​ចង់​បាន​តែ​ដី​ចម្ការ​គ្រប់​តាម​ទំហំ​ដែល​រដ្ឋ​ផ្តល់​ជូន ទុក​គ្រាន់​ដាំ​ដំណាំ​ចិញ្ចឹម​ជីវិត៖ «សុំ​ឲ្យ​គេ​ជួយ​មើល​ជន​ពិការ។ ចង់​ឲ្យ​ចែក​ដី​ចែក​ធ្លី​ហ្នឹង​សាជាថ្មី ឲ្យ​បាន​សមរម្យ​ស្រណុក​ចិញ្ចឹម​ជីវិត»

ទាក់ទង​បញ្ហា​នេះ អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ មាន​ប្រសាសន៍​ថា ករណី​នេះ​ជា​រឿង​ចាស់ ប៉ុន្តែ​លោក​នឹង​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ចុះ​ពិនិត្យ​ភាព​ជាក់ស្តែង​ដើម្បី​រក​ដំណោះស្រាយ។ លោក​បន្ត​ថា ដី​សម្បទាន​សង្គមកិច្ច​មិន​អាច​លក់​ដូរ​បាន​ទេ ប្រសិន​បើ​ដី​នោះ​មិន​ទាន់​មាន​រយៈពេល​លើស​ពី ៥​ឆ្នាំ ហើយ​បើ​សិន​មាន​ករណី​នេះ​កើត​ឡើង អាជ្ញាធរ​នឹង​ដកហូត​តែ​ម្តង៖ «និយាយ​រួម​ខ្ញុំ​បាន​ចែក​ដី​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ ប៉ុន្តែ​ស្ថិតិ​ការ​ពិត យើង​មិន​ទាន់ក្តាប់​បាន​អស់។ ប៉ុន្តែ​ខ្ញុំ​បាន​ចាត់​ឲ្យ​ក្រុម​ការងារ​ដែល​មាន​អភិបាល​រង​ខេត្ត​មួយ​រូប​ដើម្បី​ពិនិត្យ​ការងារ​ហ្នឹង​ឡើង​វិញ»

ពលរដ្ឋ​នៅ​ភូមិ​សែនសិរីមង្គល អះអាង​ថា ប្រសិន​បើ​ពួក​គាត់​មាន​ដី​កសិកម្ម​សម្រាប់​ធ្វើ​ចម្ការ​ត្រឹមត្រូវ នឹង​អាច​កាត់​បន្ថយ​បញ្ហា​ប្រឈម​ក្នុង​ជីវភាព​រស់នៅ។

មន្ត្រី​សម្របសម្រួល​ស្តីទី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ មើល​ឃើញ​ថា នីតិវិធី​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត គឺ​មាន​ភាព​យឺតយ៉ាវ និង​ស្មុគស្មាញ​ច្រើន។ ជាក់ស្តែង​ការ​បែងចែក​ដី​កសិកម្ម​ជូន​ពលរដ្ឋ គឺ​មិន​បាន​គ្រប់​ចំនួន ហើយ​មាន​អ្នក​ភូមិ​ខ្លះ​បាន​តែ​ទំហំ​ដី​លើ​ក្រដាស​មិន​អាច​ចូល​អាស្រ័យ​ផល​បាន ព្រោះ​ប៉ះពាល់​ដី​ពលរដ្ឋ​ដែល​ចូល​កាន់​កាប់​មុន ព្រម​ទាំង​ប៉ះ​លើ​ដី​របស់​ឈ្មួញ និង​អ្នក​មាន​ប្រាក់ ជាដើម។ ជាង​នេះ​ទៀត ពលរដ្ឋ​ដែល​មិន​ទាន់​ទទួល​បាន​ដី​កសិកម្ម​សោះ អាជ្ញាធរ​មិន​ទាន់​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់ ថា​តើ​ពួក​គេ​នឹង​ទទួល​បាន​ដី​នៅ​តំបន់​ណា​ប្រាកដ៖ «ជា​ចំណុច​មួយ​ដែល​យើង​មើល​ឃើញ​ថាការ​ដោះស្រាយ​ជូន​ពលរដ្ឋ គឺ​មាន​ការ​យឺតយ៉ាវ។ បើ​យើង​មើល​ពី​ក្រុមហ៊ុន តាន បៀន គឺ​គេ​បាន​ផល​ហើយ គេ​ដាំ​កៅស៊ូ​បាន​ចៀរ​ជ័រ​ហើយ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​ដី​កសិកម្ម​ជូន​ពលរដ្ឋ​ដែល​នៅ​សេសសល់ និង​ពលរដ្ឋ​ដែល​មាន​ឈ្មោះ​ទទួល​បាន​តែ​នៅ​លើ​ក្រដាស​ឲ្យ​បាន​ឆាប់​រហ័ស។ លោក​ថា​ប្រសិន​បើ​អាជ្ញាធរ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​នេះ ពលរដ្ឋ​កាន់​តែ​រង​ផល​ប៉ះពាល់ ដូចជា​គ្មាន​ដី​ដាំ​ដំណាំ ហើយ​ត្រូវ​បង្ខំ​ចិត្ត​ចំណាក​ស្រុក ចំណែក​ក្មេងៗ​នឹង​បោះបង់​ការ​សិក្សា ជាដើម៕

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s