ម្ចាស់​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​សុំ​អនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​ធ្វើ​អាជីវកម្ម​ឡើង​វិញ

ប្រភព ៖​ វិទ្យុអាស៊ីសេរី

ម្ចាស់​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ក្រសួង​ព័ត៌មាន លុប​ប្រកាស​ធ្វើ​អាជីវកម្ម​ដោយ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​កិច្ចសន្យា​ជាមួយ​ក្រសួង​នោះ បាន​ដាក់​លិខិត​ជូន​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៨ សីហា ដើម្បី​ស្នើសុំ​ក្រសួង​អនុញ្ញាត​ឲ្យ​ពួក​គេ​បើក​ធ្វើ​អាជីវកម្ម​ឡើង​វិញ។ ម្ចាស់​ស្ថានីយ​ទាំងនេះ​ថា ការ​សម្រេច​បិទ​របស់​ក្រសួង បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​ពួក​គេ​យ៉ាង​ខ្លាំង។

ក្នុង​ពេល​ដែល​ពលរដ្ឋ​ធ្លាប់​ស្តាប់​ព័ត៌មាន​របស់​វិទ្យុ​ក្នុង​ស្រុក ដែល​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​របស់​បក្ស​ប្រឆាំង វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) កំពុង​តែ​រអ៊ូរទាំ និង​ខឹងសម្បា​រដ្ឋាភិបាល ដោយសារ​តែ​បិទ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​នេះ។ ម្ចាស់​វិទ្យុ​ក្នុង​ស្រុក​ទាំងនេះ​វិញ ក៏​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​ក្រសួង ដើម្បី​បាន​បើក​អាជីវកម្ម​របស់​ខ្លួន​ឡើង​វិញ​ដែរ។

ម្ចាស់​ស្ថានីយ​វិទ្យុ​ចំនួន​៥ ក្នុង​ចំណោម​ស្ថានីយ​វិទ្យុ​ជិត​២០ ដែល​ក្រសួង​ព័ត៌មាន បាន​បញ្ជា​ឲ្យ​បិទ​ធ្វើ​អាជីវកម្ម រួម​មាន​ម្ចាស់​ស្ថានីយ​វិទ្យុ​កំពង់ចាម វិទ្យុ​អង្គរ​រដ្ឋា វិទ្យុ​សំឡេង​កូន​ខ្មែរ វិទ្យុ​មហា​នគរ និង​វិទ្យុ​ស្ទឹង​ខៀវ បាន​ធ្វើ​លិខិត​រួម​គ្នា​ដាក់​ជូន​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៨ សីហា។ ម្ចាស់​ស្ថានីយ​វិទ្យុ​ទាំងនេះ​ស្នើសុំ​ក្រសួង​ព័ត៌មាន ផ្តល់​ការ​បើក​ប្រកាស ដើម្បី​ពួក​គេ​ធ្វើ​អាជីវកម្ម​ឡើង​វិញ។

នៅ​ក្នុង​លិខិត​ស្នើសុំ​នោះ ពួក​គេ​សន្យា​ថា នឹង​គោរព​តាម​ប្រកាស​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម និង​កិច្ចសន្យា​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង។

ប្រធាន​វិទ្យុ​កំពង់ចាម លោក ថាន សុរិទ្ធិ សង្ឃឹម​ថា ក្រសួង​នឹង​ហៅ​ពួក​លោក​មក​ពិភាក្សា​អំពី​រឿង​នេះ និង​អនុញ្ញាត​ឲ្យ​បន្ត​អាជីវកម្ម​វិទ្យុ​ឡើង​វិញ។ លោក ថាន សុរិទ្ធិ យល់​ថា ការ​បិទ​អាជីវកម្ម​របស់​ក្រសួង​លើ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​នេះ គឺ​មាន​ហេតុផល​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ ពិសេស​នោះ​ដោយសារ​តែ​វិទ្យុ​របស់​ពួក​លោក​បាន​ចាក់​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​របស់​បក្ស​ប្រឆាំង អាស៊ីសេរី វីអូអេ និង វីអូឌី ជាដើម៖ «បើ​សិន​ក្រសួង​ហៅ​យើង​ទៅ​ហើយ​ឲ្យ​ធ្វើ​កិច្ចសន្យា​ថា​មិន​អនុញ្ញាត​ឲ្យ​ចាក់​អាស៊ីសេរី វីអូអេ ព័ត៌មាន​ឯករាជ្យ​អ្វី​ផ្សេង​ទៀត វា​ទាល់​តែ​ក្រសួង​មាន​ហេតុផល​ត្រឹមត្រូវ ច្បាស់លាស់​មក​ឲ្យ​ក្រុម​ពួក​យើង បាន​យើង​ទទួល​យក​បាន តែ​បើ​ក្នុង​លក្ខខណ្ឌ​មួយ​គេ​គាប​សង្កត់​ថា បើ​នៅ​តែ​ចាក់​ព័ត៌មាន​អាស៊ីសេរី វីអូអេ ឬ​របស់​ព័ត៌មាន​អី​ផ្សេង​ទៀត ហ្នឹង​យើង​ត្រូវ​គិត​ពិចារណា​បន្ត​ទៀត»

លោក ថាន សុរិទ្ធិ ថ្លែង​បន្ត​ថា ការ​បិទ​វិទ្យុ​ពួក​គាត់​នេះ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ប៉ះពាល់ និង​ខាត​ប្រយោជន៍​ដល់​អ្នក​ស្តាប់​ជាច្រើន​នោះ​ទេ តែ​បើ​និយាយ​ពី​ផលវិបាក​សម្រាប់​ម្ចាស់​វិទ្យុ​វិញ គឺ​ពួក​គាត់​គ្មាន​ចំណូល​សម្រាប់​បង់​ថ្លៃ​ឲ្យ​បុគ្គលិក ព្រោះ​ថា​បើ​ទោះ​ជា​វិទ្យុ​មិន​ដំណើរការ​ក៏ដោយ ម្ចាស់​វិទ្យុ​ក៏​ត្រូវ​បង់​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​យ៉ាង​ហោច​ណាស់​ក៏ ៣​ខែ​ដែរ ក្នុង​ពេល​ដែល​រង់ចាំ​ចម្លើយ​របស់​ក្រសួង​នេះ។ បន្ថែម​ពី​នេះ គឺ​មិន​មាន​ចំណូល​សម្រាប់​បង់​ថ្លៃ​ជួល​ទីតាំង ស្ថានីយ ទីតាំង​ដាក់​អង់តែន និង​បាត់បង់​អតិថិជន​ផ្សាយ​ពាណិជ្ជកម្ម ជាដើម។

ឆ្លើយតប​ចំពោះ​សំណើ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែង​ថា លោក​មិន​ទាន់​អាច​អត្ថាធិប្បាយ​ថា​យ៉ាង​ណា​នៅ​ឡើយ គឺ​រង់ចាំ​ពិនិត្យ​លិខិត​ស្នើសុំ​សិន។ ទោះ​ជា​យ៉ាង​ណា លោក​ថា​មុន​មាន​ការ​សម្រេច​យ៉ាង​ណា​នោះ ក្រសួង​ត្រូវ​ហៅ​ម្ចាស់​ស្ថានីយ​ទាំងនោះ​មក​ជួប៖ «ដូច​ខ្ញុំ​បាន​និយាយ​កន្លង​មក​ចឹង​ថា ម្ចាស់​ស្ថានីយ​ទាំងអស់​គាត់​មាន​សិទ្ធិ​មក​ជជែក​តវ៉ា​ជាមួយ​ក្រសួង ហើយ​យើង​ធ្វើ​ការ​ជាមួយ​គ្នា ត្រង់​ថា​ឥឡូវ​ខុស ឬ​ត្រូវ ខ្ញុំ​អត់​មាន​អត្ថាធិប្បាយ (Comment) អ្វី​ទាំងអស់ ព្រោះ​វា​ជា​ការ​សន្យា​បែប​គតិយុត្តិ​មួយ​ដែល​ត្រូវការ​មាន​អាជ្ញា​កណ្តាល ព្រោះ​អី​យើង​សន្យា​ជាមួយ​គេ​យ៉ាង​ម៉េច យើង​ត្រូវ​ធ្វើ​តាម ហើយ​បើ​យើង​រំលោភ​ការ​ទុក​ចិត្ត ធ្វើ​តាម​ហ្នឹង​ទៀត​ទៅ»

ចំណាត់ការ​ភ្លាមៗ​របស់​រដ្ឋាភិបាល និង​ក្រសួង​ព័ត៌មាន មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ បាន​ទទួល​រង​នូវ​ការ​រិះគន់​ជាច្រើន​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ និង​សហគមន៍​អន្តរជាតិ។ ក្រៅ​ពី​នោះ ក្លឹប​អ្នក​កាសែត​កម្ពុជា នៅ​ក្រៅ​ប្រទេស ក៏​បាន​រិះគន់​ទៅ​លើ​ចំណាត់ការ​របស់​រដ្ឋាភិបាល ប៉ុន្តែ​ចំពោះ​ក្លឹប​អ្នក​កាសែត​កម្ពុជា នៅ​ក្នុង​ស្រុក​វិញ ហាក់​ពុំ​សូវ​មាន​ប្រតិកម្ម​អ្វី​ខ្លាំងក្លា​ឡើយ។

ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា លោក ប៉ែន បូណា យល់​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​ស្ថាប័ន​ព័ត៌មាន​ដែល​មិន​បង់​ពន្ធ​ឲ្យ​រដ្ឋ ឬ​មិន​គោរព​តាម​កិច្ចសន្យា​ជាមួយ​ក្រសួង​ព័ត៌មាន វា​គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​ប្រទេស។ បើ​ទោះ​ជា​លោក​ទទួល​ស្គាល់​ថា ការ​បិទ​វិទ្យុ​ក្នុង​ស្រុក​ដែល​ផ្សាយ​បន្ត​កម្មវិធី​ពី​វិទ្យុ​បរទេស ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​ព័ត៌មាន​មួយ​ចំនួន​ពី​វិស័យ​សារព័ត៌មាន​ក្តី ប៉ុន្តែ​លោក​ថា​គេ​គួរ​តែ​និយាយ​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង តើ​មក​ពី​ការ​មិន​អនុវត្ត​ច្បាប់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ដោយសារ​វា​មាន​ហេតុផល​នយោបាយ? តែ​លោក​ថា បើ​វា​កើត​ឡើង​ដោយសារ​ការ​បំពាន​ច្បាប់ វា​ជា​រឿង​ធម្មតា​ដែល​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ច្បាប់៖ «បើ​សិន​ជា​នៅ​សហរដ្ឋ​អាមេរិក នៅ​សហភាព​អឺរ៉ុប នៅ​ពេល​ដែល​ស្ថាប័ន​មួយ​អត់​បង់​ពន្ធ​ជូន​រដ្ឋ តើ​គាត់​មាន​វិធានការ​អត់ទាល់​តែ​សួរ​សំណួរ​នេះ​ទៅ​គាត់​សិន ទើប​អាច​ពន្យល់​បាន តែ​បើ​ថា​អត់​ទេ បើ​ស្ថាប័ន​ព័ត៌មាន​នៅ​ស្រុក​គាត់​អត់​បាច់​បង់​ពន្ធ ក៏​អត់​ទោស​ដែរ ដើម្បី​គោរព​សេរីភាព​សារព័ត៌មាន ប្រហែល​ជា​អាច​និយាយ​គ្នា​បាន ប៉ុន្តែ​បើ​សិន​ជា​ករណី ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ទៅ​បង់​ពន្ធ​គ្រប់​ចំនួន ហើយ​បើ​គេ​នៅ​បិទ យើង​ចាំ​មាន​រឿង​និយាយ​ផ្សេង​ទៀត ប៉ុន្តែ​គាត់​អត់​ព្រម​បង់​ពន្ធ​ធ្វើ​ម៉េច

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ចំណាត់ការ​របស់​រដ្ឋាភិបាល​ភ្លាមៗ​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ហេតុផល​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ ដោយ​ហេតុ​ថា​វា​បាន​កើត​ឡើង​នៅ​ពេល​ការ​បោះឆ្នោត​ជិត​ចូល​មក​ដល់។ ម្យ៉ាង ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​កំពុង​ទទួល​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល គឺ​សុទ្ធតែ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​រដ្ឋាភិបាល​ក្នុង​ពេល​កន្លង​ទៅ។ លើស​ពី​នេះ ស្ថានីយ​វិទ្យុ​ដែល​រដ្ឋាភិបាល​បិទ គឺ​សុទ្ធតែ​ជា​វិទ្យុ​ដែល​ផ្សាយ​ព័ត៌មាន​បន្ត​ពី​វិទ្យុ​បរទេស និង​បក្ស​ប្រឆាំង៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s