ម្ចាស់​វិទ្យុ​FM​មួយ​ចំនួន​គ្រោង​ពិភាក្សា​ជាមួយ​ក្រសួង​ព័ត៌មាន​ស្នើសុំ​ដំណើរការ​វិទ្យុ​ឡើង​វិញ

ប្រភព ៖​ វិទ្យុអាស៊ីសេរី

អ្នក​គ្រប់គ្រង​ស្ថានីយ​វិទ្យុ អេហ្វ.អឹម (FM) មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​ផ្សេង​ទៀត​ដែល​ធ្លាប់​ចាក់​ផ្សាយ​បន្ត​កម្មវិធី​របស់​វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) នៅ​ថ្ងៃ​ទី​២៧ សីហា បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ឡើង​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ទៅ​ជួប​ពិភាក្សា​ជាមួយ​ក្រសួង​ព័ត៌មាន ស្នើសុំ​ឲ្យ​បើក​ដំណើរការ​ស្ថានីយ​វិទ្យុ​របស់​ខ្លួន​ឡើង​វិញ។ វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន ត្រូវ​បាន​បិទ​ទ្វារ​អស់​ជាច្រើន​ថ្ងៃ​ហើយ ក្រោយ​ពី​ពួក​គេ​ទទួល​លិខិត​ពី​មន្ត្រី​នៃ​ក្រសួង​ព័ត៌មាន នៅ​តាម​បណ្ដា​ខេត្ត​រៀងៗ​ខ្លួន។ អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា ការ​ស្នើសុំ​ឲ្យ​ក្រសួង​ព័ត៌មាន បើក​ដំណើរ​វិទ្យុ​ទាំងនេះ​ឡើង​វិញ គឺ​ជា​រឿង​ល្អ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ។

អ្នក​គ្រប់គ្រង​ស្ថានីយ​វិទ្យុ អេហ្វ.អឹម (FM) ក្នុង​ស្រុក​ភាគច្រើន​អះអាង​ថា ពួក​គេ​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ព័ត៌មាន ត្រឹមត្រូវ ក្នុង​ការ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​កន្លង​ទៅ។

ម្ចាស់​ស្ថានីយ​វិទ្យុ​ស្ទឹងខៀវ ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ លោក គុយ សំរិទ្ធី មាន​ប្រសាសន៍​ថា វិទ្យុ​របស់​លោក​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១២ ដោយ​មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ពី​ក្រសួង​ព័ត៌មាន ត្រឹមត្រូវ។ លោក​អះអាង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ សីហា លោក​បាន​ចេញ​ដំណើរ​ពី​ខេត្ត​បាត់ដំបង ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ទៅ​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​២៨ សីហា ដើម្បី​សាកសួរ​ពី​មូលហេតុ​ដែល​ក្រសួង​ឲ្យ​ពួក​គេ​បិទ​កម្មវិធី​ផ្សាយ​ទាំងអស់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ សីហា នោះ៖ «ហើយ​កំពុង​ដំណើរ​អាជីវកម្ម ដល់​បិទ​ទាំងស្រុង​អ៊ីចឹង​ទៅ វា​ប៉ះពាល់​ដល់​ដៃគូ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​គេ​ធ្វើ​ជាមួយ​យើង។ ខ្ញុំ​ចង់​ឲ្យ​វា​ដំណើរការ​ឡើង​វិញ ប្រសិន​ជា​គេ​ត្រូវការ​ច្បាប់​ទម្លាប់​យ៉ាង​ណា សុំ​គេ​ចង្អុល​បង្ហាញ​មក។ ហេតុ​បាន​ជា​ត្រូវ​បិទ​ទាំងស្រុង​ដូច្នោះ

លោក​បន្ថែម​ថា ក្រៅ​អំពី​លោក​ហើយ នៅ​មាន​ម្ចាស់​ស្ថានីយ​វិទ្យុ អេហ្វ.អឹម (FM) មួយ​ចំនួន​ទៀត​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង ក៏​បាន​ឡើង​ទៅ​រាជធានី​ភ្នំពេញ​ដែរ។

ចំណែក​នាយក​វិទ្យុ​ឃ្លាំងមឿង ខេត្ត​បាត់ដំបង លោក ឃេម ឃឿន មាន​ប្រសាសន៍​ថា វិទ្យុ​របស់​លោក​បាន​បិទ​កម្មវិធី​ផ្សាយ​ទាំងអស់​តាំង​ពី​ថ្ងៃ​ទី​២៣ សីហា មក។ លោក​អះអាង​ថា ចាប់​តាំង​ពី​វិទ្យុ​របស់​លោក​បិទ​ទ្វារ​មក ប្រជាពលរដ្ឋ​ជាច្រើន ជាពិសេស​អ្នក​ដែល​និយម​តាមដាន​ស្ដាប់​កម្មវិធី​ចាក់​ផ្សាយ​បន្ត​របស់​វិទ្យុ​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) តែងតែ​ទូរស័ព្ទ​មក​សាកសួរ​លោក​ជា​រៀង​រាល់​ថ្ងៃ ពី​ការ​ពុំ​មាន​ចាក់​ផ្សាយ​ព័ត៌មាន​នៃ​វិទ្យុ​ទាំងនេះ​ដូច​ពេល​មុនៗ៖ «ភាគច្រើន​ដែល​គាត់​ទាក់ទង​មក​ខ្ញុំ គាត់​ចង់​ឲ្យ​វិទ្យុ​អាស៊ីសេរី ដំណើរការ​ឡើង​វិញ ដោយសារ​គាត់​ស្ដាប់​ជា​រៀង​រាល់​ថ្ងៃ។ គាត់​បន្ត​ត្រូវ​យ៉ាង​ណា ដើម្បី​បាន​ស្ដាប់​វិទ្យុ​នេះ​ទៀត ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ឲ្យ​ស្ដាប់​ហ្វេសប៊ុក (Facebookទៅ​អាច​មើល​ឃើញ​រូប និង​ស្ដាប់​បាន ប៉ុន្តែ​គាត់​ថា​នៅ​ស្រុក​ស្រែ​យើង​មិន​មាន​លទ្ធភាព​ទេ»

រីឯ​ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ លើក​ឡើង​ថា មូលហេតុ​ដែល​ពួក​គាត់​ត្រូវការ​ស្ដាប់​វិទ្យុ អេហ្វ.អឹម (FM) ផ្សាយ​បន្ត​វិទ្យុ​ឯករាជ្យ​ទាំង​ពីរ​នេះ ដោយសារ​វិទ្យុ​ទាំងអស់​នេះ​ផ្សាយ​ព័ត៌មាន​ពិត ដែល​ធ្វើ​ឲ្យ​ពួក​គាត់​បាន​យល់​ដឹង​បញ្ហា​កើត​ឡើង​នៅ​ក្នុង​សង្គម៖ «ខ្ញុំ​មិន​ដឹង​ធ្វើ​អី​គេ​កើត​ទេ ប៉ុន្តែ​ស្ដាប់ៗ​ទៅ​កុំ​ឲ្យ​គេ​ថា​ដូច​កង្កែប​ក្នុង​អណ្ដូង គ្មាន​ដឹង​អ្វី​សោះ។ សុំ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ បាន​ជា​ខ្ញុំ​ចេះ​តែ​ចង់​ស្ដាប់​វិទ្យុ​ឯករាជ្យ​នោះ។ ខ្ញុំ​ធ្លាប់​បាន​ស្ដាប់​អាស៊ីសេរី​ព្រឹក​ល្ងាច ដើម្បី​ស្វែងយល់​បញ្ហា​ក្នុង​ប្រទេស។ ដល់​ពេល​អត់​បាន​ស្ដាប់​អ៊ីចឹង ចង្អៀត​ចង្អល់​ចិត្ត​ណាស់ ព្រោះ​មាន​បាន​ព័ត៌មាន​តែ​ម្ខាង​អត់​មាន​ទស្សនៈ​ទូលំទូលាយ»

ស្ថានីយ​វិទ្យុ​ដែល​ទទួល​ផ្សាយ​ព័ត៌មាន​អាស៊ីសេរី ព័ត៌មាន​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​សំឡេង​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​រលក​ធាតុ​អាកាស អេហ្វ.អឹម (FM) គឺ​បិទ​ស្ទើរ​តែ​អស់​ទៅ​ហើយ នៅ​សល់​តែ​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ និង​ស្ថានីយ​វិទ្យុ​ស្ត្រី​ប៉ុណ្ណោះ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែង​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា ថា ប្រសិន​បើ​ម្ចាស់​ស្ថានីយ​វិទ្យុ​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ក្រសួង​ដកហូត​អាជ្ញាប័ណ្ណ​ទាំងស្រុង មិន​ពេញ​ចិត្ត​នឹង​ចំណាត់ការ​របស់​ក្រសួង​ពេល​នេះ ពួក​គេ​អាច​មក​ជួប​តវ៉ា​ជាមួយ​ក្រសួង​បាន។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា ករណី​ម្ចាស់​វិទ្យុ អេហ្វ.អឹម (FM) ក្នុង​ស្រុក​ដែល​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន អនុញ្ញាត​ឲ្យ​ពួក​គេ​បាន​បើក​ដំណើរការ​ឡើង​វិញ​នេះ គឺ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​វិទ្យុ​ទាំងនោះ​មាន​ច្បាប់​អនុញ្ញាត។ លោក​បន្ថែម​ថា ប្រសិន​បើ​ក្រសួង​ព័ត៌មាន បិទ​វិទ្យុ​ទាំងនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​ព័ត៌មាន​ពុំ​បាន​ទូលំទូលាយ​ឡើយ៖ «ចាំបាច់​ក្រសួង​ដូចជា​រាជ​រដ្ឋាភិបាល ត្រូវ​ធ្វើ​ការ​ណែនាំ​បន្ថែម​ឲ្យ​ភាគី​ពាក់ព័ន្ធ​បំពេញ​បែបបទ ដើម្បី​បាន​ដំណើរ​ឡើង​វិញ ទើប​ប្រទេស​យើង​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ឬ​សង្គម​របស់​យើង​ដំណើរការ​បាន​ល្អ»

ចំណែក​មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង ទទូច​ឲ្យ​រដ្ឋាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ អនុញ្ញាត​ឲ្យ​វិទ្យុ អេហ្វ.អឹម (FM) ក្នុង​ស្រុក​ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​ឯករាជ្យ បាន​បើក​ដំណើរការ​ឡើង​វិញ​ឲ្យ​បាន​ឆាប់ ពីព្រោះ​ថ្ងៃ​បោះឆ្នោត​កាន់​តែ​ខិត​កៀក​មក​ដល់​ហើយ៖ «ជា​ធម្មតា​សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ត្រូវ​មាន​ការ​ផ្សាយ​ព័ត៌មាន​ឲ្យ​ដល់​គ្រប់​ទិសទី​នៅ​ក្នុង​ប្រទេស ដើម្បី​ប្រជាពលរដ្ឋ​បាន​ដឹង ដើម្បី​ងាយស្រួល​អភិវឌ្ឍ​ប្រទេស​ជាតិ»

ក្រសួង​ព័ត៌មាន ក្រៅ​ពី​បិទ​ស្ថានីយ​វិទ្យុ អេហ្វ.អឹម មួយ​ចំនួន​ហើយ ក្រសួង​ព័ត៌មាន ក៏​បាន​ចេញ​លិខិត​លុប​ចោល​ប្រកាស និង​ដកហូត​ហ្វ្រេកង់​ពី​បណ្ដា​ស្ថានីយ​នៅ​តាម​ខេត្ត​ផ្សេង​ទៀត ដូចជា​ស្ថានីយ​វិទ្យុ​គិរីដងរែក ខេត្ត​ឧត្តរមានជ័យ វិទ្យុ​ស្ទឹងសែន ខេត្ត​កំពង់ធំ វិទ្យុ​កំពង់ចាម ខេត្ត​កំពង់ចាម និង​វិទ្យុ​មហានគរ ជាដើម ក្រោម​ហេតុផល​ថា បាន​រំលោភ​ប្រកាស​អនុញ្ញាត​ធ្វើ​អាជីវកម្ម និង​កិច្ចសន្យា​ដែល​តម្កល់​ទុក​នៅ​ក្រសួង​ព័ត៌មាន។

អ្នក​គ្រប់គ្រង​ស្ថានីយ​វិទ្យុ​ដែល​ត្រូវ​បាន​បិទ​ទ្វារ​ទាំងនោះ សង្ឃឹម​ថា ក្រោយ​ពេល​ជួប​ជាមួយ​មន្ត្រី​ក្រសួង​ព័ត៌មាន ហើយ នឹង​បាន​បើក​ដំណើរការ​វិទ្យុ​របស់​ខ្លួន​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ។ ទន្ទឹម​គ្នា​នេះ ករណី​ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​បន្ត​អាជីវកម្ម ពួក​គាត់​ក៏​ពុំ​ទាន់​មាន​ផែនការ​ថា​នឹង​ធ្វើ​យ៉ាង​ណា​បន្ត​ទៀត​នៅ​ឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s