សហគមន៍​ប្ដឹង​ទាហាន​ថ្មើរ​ជើង​ថា​រំលោភ​ដី​ព្រៃ​សហគមន៍​អណ្ដូងបរ​ខេត្ត​ឧត្ដរមានជ័យ

ប្រភព ៖ វិទ្យុអាស៊ីសេរី

មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ឧត្តរមានជ័យ បាន​ចាត់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មួយ​ចំនួន​ឲ្យ​ចុះ​ពិនិត្យ​ព្រៃឈើ និង​ដី​របស់​សហគមន៍​អណ្ដូងបរ តើ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក្នុង​ពេល​បច្ចុប្បន្ន។

ការ​បញ្ជូន​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​របាយការណ៍​នេះ បន្ទាប់​ពី​មន្ទីរ​កសិកម្ម បាន​ទទួល​បណ្ដឹង​របស់​សហគមន៍​ព្រៃឈើ​អណ្ដូងបរ ដែល​ស្នើសុំ​ឲ្យ​ជួយ​ដោះស្រាយ​រឿង​បញ្ហា​ទាហាន​រំលោភ​យក​ដី​ព្រៃ​លើស​ពី​តម្រូវការ​របស់​អង្គភាព​កងទ័ព។

តំណាង​សហគមន៍​ការពារ​ព្រៃឈើ​អណ្ដូងបរ ក្នុង​ឃុំ​បេង ស្រុក​បន្ទាយអំពិល ចោទ​ប្រកាន់​ថា មន្ត្រី​យោធា​ខ្លះ​នៃ​អង្គភាព​កងពល​តូច​ថ្មើរ​ជើង​លេខ​៤ កំពុង​ឈូស​ឆាយ​ដី​ព្រៃ​ក្នុង​តំបន់​ដែល​សហគមន៍​ការពារ យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​លើស​ពី​តម្រូវការ​អង្គភាព ដែល​យក​ដី​ខ្លះ​ធ្វើ​ជា​ទីតាំង​ឈរ​ជើង​ទីនោះ។

អនុប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​អណ្ដូងបរ គឺ​លោក កើត ម៉ាប់។ លោក​អះអាង​នៅ​រសៀល​ថ្ងៃ​អាទិត្យ ទី​២៧ ខែ​សីហា ថា ពេល​បច្ចុប្បន្ន មន្ត្រី​យោធា​ខ្លះ​ក្នុង​អង្គភាព​យោធា​នៃ​កងពល​តូច​ថ្មើរ​ជើង​លេខ​៤ បាន​ឈូស​រំលោភ​ចូល​ដី​ព្រៃ​សហគមន៍​កាន់​តែ​ធំ​ឡើងៗ។ លោក កើត ម៉ាប់ យល់​ថា​ការ​ឈូស​ដី​ព្រៃ​សហគមន៍​នេះ មិន​មែន​អង្គភាព​យោធា​ត្រូវការ​យក​ទៅ​ធ្វើ​ជា​ទីតាំង​ការពារ​ព្រំដែន​ទេ ប៉ុន្តែ​អាច​ជា​ការ​រំលោភ​យក​ដី​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។

លោក កើត ម៉ាប់ បញ្ជាក់​ថា មូលហេតុ​ដែល​លោក​អះអាង​ដូច្នេះ ពីព្រោះ​តែ​លោក​ឃើញ​ថា​ដី​ដែល​ទាហាន​ឈូស​ឆាយ​រួច​ហើយ​ខ្លះ ត្រូវ​គេ​យក​ទៅ​ធ្វើ​ស្ថានីយ​ប្រេង​ឥន្ធនៈ កន្លែង​ស្តង់​ទទួល​ទិញ​ដំឡូងមី និង​ដី​ចម្ការ​ដាំ​ដំឡូងមី ជាដើម៖ «គេ​យក​ដី​ព្រៃ​សហគមន៍​ទៅ​ធ្វើ​ជា​ស្តង់​ទទួល​ទិញ​ដំឡូង ធ្វើ​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ។ ខ្ញុំ​មិន​ដឹង​ថា​គោលការណ៍​គេ​យ៉ាង​ណា​ទេ ប៉ុន្តែ​ដី​នោះ​គឺ​ជា​ដី​របស់​សហគមន៍ គួរ​តែ​ឲ្យ​សហគមន៍​ដឹង មុន​នឹង​ធ្វើ​អ្វីៗ»

កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា សហគមន៍​អណ្ដូងបរ បាន​ដាក់​ពាក្យ​បណ្ដឹង​មួយ​ច្បាប់​ទៅ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ឧត្តរមានជ័យ ដោយ​ស្នើសុំ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​កងទ័ព​ដែល​មិន​ត្រឹម​តែ​យក​ដី​សហគមន៍​ធ្វើ​ជា​ទីតាំង​អង្គភាព​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​យ៉ាង​ធ្ងន់ធ្ងរ។

ពាក្យ​បណ្ដឹង​ចុះ​ថ្ងៃ​ដដែល បាន​រៀបរាប់​ថា​ចាប់​តាំង​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១១ អង្គភាព​យោធា​នៃ​កងពល​តូច​ថ្មើរ​ជើង​លេខ​៤ បាន​ចូល​ទៅ​បោះ​ទីតាំង​ដោយ​យក​ដី​ព្រៃ​សហគមន៍​អស់​ប្រហែល ១.៦០០​ហិកតារ សម្រាប់​ឈរ​ជើង​ការពារ​ព្រំដែន ប៉ុន្តែ​ជា​បន្តបន្ទាប់ ក្រៅ​ពី​យក​ដី​ព្រៃ​សហគមន៍​ធ្វើ​ជា​បន្ទាយ គឺ​មន្ត្រី​យោធា​ខ្លះ​បាន​ឈូស​ឆាយ​ព្រៃ​ពង្រីក​យក​ដី​ថែម​ទៀត​សម្រាប់​ដាំ​ដំឡូងមី ហើយ​ដី​ផ្នែក​ខ្លះ​ទៀត​ត្រូវ​គេ​សាងសង់​ស្ថានីយ​ប្រេង​ឥន្ធនៈ ព្រម​ទាំង​មាន​ដី​លក់ និង​ជួល​ទៅ​ឲ្យ​អ្នក​មក​ពី​ខេត្ត​បន្ទាយមានជ័យ និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​នៅ​ក្នុង​ឃុំ​បេង ផង។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ឧត្តរមានជ័យ លោក សូត្រ ស៊ីសុឃាង មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​បណ្ដឹង​របស់​សហគមន៍​ការពារ​ព្រៃឈើ​អណ្ដូងបរ​នោះ​ហើយ។ មន្ត្រី​ដដែល​បញ្ជាក់​ថា លោក​បាន​ចាត់​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ចុះ​ពិនិត្យ​ស្ថានភាព​តំបន់​ព្រៃ​សហគមន៍​នោះ​ហើយ ដើម្បី​ឲ្យ​ប្រាកដ​ថា តើ​វា​ពិត​ដូចជា​សហគមន៍​ប្ដឹង​មែន ឬ​ក៏​យ៉ាង​ណា? លោក សូត្រ ស៊ីសុឃាង បញ្ជាក់​ថា គោលការណ៍​របស់​រដ្ឋាភិបាល គឺ​គាំទ្រ​ដល់​កង​យោធា​ដែល​ចូល​ទៅ​តំបន់​ព្រៃ​សហគមន៍​នោះ ត្រឹម​តែ​យក​ដី​ធ្វើ​ជា​ទីតាំង​កងទ័ព​ទេ មិន​អាច​យក​ដី​ព្រៃ​សហគមន៍​ទៅ​ធ្វើ​ជា​តំបន់​អភិវឌ្ឍន៍​កសិកម្ម​អ្វី​ទៀត​បាន​ឡើយ៖ «យើង​បាន​ចាត់​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឲ្យ​ទៅ​ពិនិត្យ​នៅ​កន្លែង​នោះ​ហើយ។ ចំពោះ​មុខ គឺ​យើង​នឹង​រាយការណ៍​ទៅ​គណៈ​អភិបាល​ខេត្ត​ឧត្តរមានជ័យ និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ឲ្យ​ជ្រាប​ពី​រឿង​នេះ»

ទោះ​ជា​យ៉ាង​ណា អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក ស ថាវី មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ លោក​នៅ​មិន​ទាន់​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​សហគមន៍​ការពារ​ព្រៃឈើ​អណ្ដូងបរ ដែល​ចោទ​ប្រកាន់​ទាហាន​រឿង​កាប់​ព្រៃ​ពង្រីក​យក​ដី​សហគមន៍​នោះ​នៅ​ឡើយ​ទេ។ លោក ស ថាវី បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​គាំទ្រ​អង្គភាព​យោធា​ដែល​កំពុង​ឈរ​ជើង​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​នោះ ចំពោះ​ការ​យក​ដី​ទៅ​ធ្វើ​ជា​ទីតាំង ក៏ប៉ុន្តែ​ប្រសិន​បើ​មន្ត្រី​យោធា​ខ្លះ​យក​ដី​សហគមន៍​លើស​ពី​តម្រូវការ​របស់​អង្គភាព ទៅ​ធ្វើ​ជា​កម្មសិទ្ធិ គឺ​អាជ្ញាធរ​មិន​គាំទ្រ​ឡើយ៖ «អ្វី​ដែល​មិន​តម្រូវ​លើ​វិស័យ​ការពារ​ជាតិ យើង​មិន​គាំទ្រ​ទេ។ តែ​បើ​សិន​ជា​មាន​គោលការណ៍​ពី​រាជ​រដ្ឋាភិបាល គឺ​អាជ្ញាធរ​ត្រូវ​តែ​អនុវត្ត»

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន មាន​ប្រសាសន៍​ថា រយៈពេល ៦​ឆ្នាំ​ហើយ​ដែល​សហគមន៍​ការពារ​ព្រៃឈើ​អណ្ដូងបរ ប្រឈម​មុខ​នឹង​ការ​បាត់បង់​ព្រៃឈើ​ក្នុង​តំបន់​ដែល​ពួក​គេ​ការពារ។ លោក ស្រី ណារ៉េន យល់​ស្រប​ជាមួយ​នឹង​អាជ្ញាធរ​ខេត្ត​ដែល​ថា បញ្ហា​អង្គភាព​យោធា​ចូល​ទៅ​យក​ដី​ព្រៃ​សហគមន៍ ដើម្បី​ធ្វើ​ជា​ទីតាំង​កងទ័ព​ការពារ​ព្រំដែន គឺ​ជា​រឿង​ចាំបាច់ ក៏ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ត្រូវ​តែ​ចាត់​វិធានការ​ទប់ស្កាត់​ទៅ​លើ​មន្ត្រី​យោធា​ខ្លះ​ដែល​កាប់​បំផ្លាញ​ព្រៃឈើ ហើយ​យក​ដី​សហគមន៍​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ ព្រម​ទាំង​លក់ដូរ​ខុស​ពី​តម្រូវការ​របស់​អង្គភាព​យោធា៖ «អា​ហ្នឹង​ត្រូវ​តែ​មន្ទីរ​កសិកម្ម ធ្វើ​ការងារ​នោះ​ឡើង​វិញ​ឲ្យ​ច្បាស់លាស់ កុំ​ឲ្យ​ពន្យារ​ពេល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ»

អ្នក​គ្រប់គ្រង​សហគមន៍​អណ្ដូងបរ ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៩ គេ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​ការពារ​ព្រៃឈើ​លើ​ផ្ទៃដី​ទំហំ​ជាង ៦.១០០​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន ដី​ព្រៃ​ទាំងនោះ​បាន​បាត់បង់​ភាគច្រើន ដោយសារ​ទាហាន​ឈូស​យក គឺ​នៅ​សល់​តែ​តិចតួច​ប៉ុណ្ណោះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s