សហភាព​អឺរ៉ុប​រំពឹង​ថា​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​នឹង​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព

ប្រភព ៖ វិទ្យុអាស៊ីសេរី

អ្នកនាំពាក្យ​សហភាព​អឺរ៉ុប រំពឹង​ថា អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា នឹង​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព និង​មាន​ហេតុផល​ត្រឹមត្រូវ និង​ថា សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សារសំខាន់​ក្នុង​ការ​ទ្រទ្រង់​ប្រជាធិបតេយ្យ។ ស្រប​គ្នា​នេះ ការ​បើក​ទូលាយ​អោយ​មាន​ការ​ពិភាក្សា​គ្នា​គឺ​ជា​ការ​គាំទ្រ​ទៅ​ដល់​ការ​ធ្វើ​គោលនយោបាយ​ដ៏​មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល។

សេចក្ដី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​សហភាព​អឺរ៉ុប ដែល​ចេញ​កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​សីហា ថា សំខាន់​ណាស់​​ដែល​នៅ​មុន​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​២០១៨ មក​ដល់ ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​អនុវត្ត​តួនាទី​ស្របច្បាប់​របស់​ពួកគេ​ដោយ​ពុំ​មាន​ការ​គំរាម​កំហែង និង​រឹត​បន្តឹង​ហួសហេតុ។

សេចក្ដី​ថ្លែងការណ៍​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​នឹង​ស្ថានភាព​ថ្មីៗ​ចុង​ក្រោយ​នៅ​កម្ពុជា គឺ​បន្ទាប់​ពី​មានការ​បិទ​ទ្វារ​វិទ្យាស្ថាន​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NDI) និង​បណ្ដេញ​បុគ្គលិក​បរទេស​របស់​អង្គការ​នេះ​ពី​កម្ពុជា និង​ការ​ព្រមាន​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) រួម​ទាំង​ដំណឹង​នៃ​ការ​បិទ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​បាន​ផ្សាយ​កម្មវិធី​វិទ្យុ​​របស់​គណបក្ស​ប្រឆាំង។

សេចក្ដី​ថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ដដែល​លើក​ឡើង​ថា បញ្ហា​ទាំង​នេះ​កើត​ឡើង​ភ្លាមៗ​បន្ទាប់​ពី​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​បង្ហាញ​ក្ដី​បារម្ភ​ពី​ការ​ប្រើប្រាស់​ច្បាប់​មួយ​ចំនួន​ដើម្បី​រឹត​បន្តឹង​លំហ​នៃ​សេរីភាព​រិះគន់ និង​បង្ក្រាប​ការ​ពិភាក្សា​លើ​បញ្ហា​នយោបាយ។

បើ​ទោះ​ជា​យ៉ាង​ណា អ្នកនាំពាក្យ​សហភាព​អឺរ៉ុប ក៏​លើក​ឡើង​ដែរ​​ថា អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ត្រូវ​តែ​គោរព​តាម​ច្បាប់​កម្ពុជា។

អង្គការ​ធំៗ​របស់​ពិភពលោក និង​ស្ថាប័ន​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក ក៏​បាន​រិះគន់​ចំណាត់ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រពន័ន្ធ​ផ្សាយ​នៅ​កម្ពុជា ដែរ ដោយ​ចាត់​ទុក​ចំណាត់​ការ​នេះ​ថា កំពុង​ធ្វើ​អោយ​ប៉ះពាល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​អាច​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០១៨ ខាង​មុខ។

ប្រតិកម្ម​ចំពោះ​ការ​រិះគន់​ផ្ទួនៗ​គ្នា​នេះ មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​អ្នក​ទាំង​អស់​នេះ កំពុង​បង្ហាញ​នូវ​សញ្ញា​ពី​ការ​ជ្រៀតជ្រែក​ទៅ​ក្នុង​ការ​បោះឆ្នោត​នៅ​កម្ពុជា។ លោក​ថា ការ​រិះគន់​របស់​សហរដ្ឋអាមេរិក មក​លើ​កម្ពុជា វា​គ្មាន​អ្វី​ប្លែក​នោះ​ឡើយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s