អ.ស.ប​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ធានា​សិទ្ធិ​ពលរដ្ឋ នយោបាយ និង​សេរីភាព​សារព័ត៌មាន

ប្រភព ៖ វិទ្យុអាស៊ីសេរី

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) នៅ​ថ្ងៃ​ទី​២៥ សីហា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​នូវ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ក្រោយ​ពេល​រដ្ឋាភិបាល​សម្រេច​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ចេញ​ពី​កម្ពុជា និង​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​រិះគន់​រដ្ឋាភិបាល។

ចំណែក​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក ចន ម៉ាក់ខេន (John McCain) វិញ​ថ្លែង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ខ្លាច​សង្គម​បើក​ចំហ និង​ការ​ពិភាក្សា​ដេញដោល។

អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ថ្លែង​ថា ស្ថាប័ន​មួយ​នេះ​កំពុង​បារម្ភ​ពី​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បញ្ឈប់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដែល​រិះគន់​រដ្ឋាភិបាល។

សេចក្តី​ថ្លែងការណ៍​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស បារម្ភ​ថា ការ​បិទ​ទ្វារ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ធ្វើ​ឡើង​មិន​ទៅ​តាម​នីតិវិធី​ត្រឹមត្រូវ ហើយ​ក៏​បារម្ភ​ពី​ស្ថានភាព​កាន់​តែ​យ៉ាប់យ៉ឺន​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធានា​ពេញលេញ​នូវ​ការ​គោរព​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ព្រម​ទាំង​សេរីភាព​សារព័ត៌មាន មុន​ពេល​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ចូល​មក​ដល់។

កាល​ពី​ថ្ងៃ​ទី​២២ សីហា លោក ហ៊ុន សែន បាន​ថ្លែង​ចាត់​ទុក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថា​ជា​ចោរ ដោយសារ​តែ​មិន​បាន​បង់​ពន្ធ​ជូន​រដ្ឋ ហើយ​ថា​បើ​សិន​ជា​កាសែត​នេះ​មិន​ព្រម​បង់​ពន្ធ​ជូន​រដ្ឋ​ទេ ត្រូវ​វេច​បង្វេច​ចេញ​ពី​កម្ពុជា។ ក្នុង​ពេល​ជាមួយ​គ្នា លោក ហ៊ុន សែន ប្រកាស​ថា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ទៀត​ឡើយ​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះឆ្នោត បង្កើត​ឡើង​ដោយ​បណ្ដុំ​អង្គការ​ក្រៅ​រដ្ឋាភិបាល។ លោក ហ៊ុន សែន ថែម​ទាំង​ស្ដីបន្ទោស​អ្នក​ដែល​ផ្តល់​លុយ​ជួយ​បន្ទប់​ស្ថានការណ៍​ទៀត​ផង។

មួយ​ថ្ងៃ​ក្រោយ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចេញ​លិខិត​បញ្ឈប់​សកម្មភាព​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ហើយ​ជា​បន្ត​បន្ទាប់​មក​ទៀត វិទ្យុ​ក្នុង​ស្រុក​ដែល​ចាក់​ផ្សាយ​កម្មវិធី​វិទ្យុ​របស់​បក្ស​ប្រឆាំង អាស៊ីសេរី (RFA) និង​វីអូអេ (VOA) ភាគច្រើន​ត្រូវ​បាន​ក្រសួង​ព័ត៌មាន បញ្ឈប់​សកម្មភាព​អាជីវកម្ម​តែ​ម្តង ចំណែក​ខ្លះ​ទៀត​បញ្ឈប់​ការ​ផ្សាយ​បន្ត​កម្មវិធី​ពី​វិទ្យុ​បរទេស​ទាំងនេះ ដោយ​ក្រសួង​អះអាង​ថា វិទ្យុ​ទាំងអស់​នេះ​បាន​រំលោភ​ប្រកាស​អនុញ្ញាត និង​កិច្ចសន្យា​ជាមួយ​ក្រសួង។

ក្រៅ​ពី​នេះ វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) របស់​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ដែល​ផ្សាយ​តាម​រយៈ​វិទ្យុ អេហ្វ.អឹម (FM) ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​តាម​ខេត្ត​មួយ​ចំនួន ត្រូវ​បាន​ផ្អាក​ទាំងស្រុង​នៅ​ថ្ងៃ​ទី​២៤ សីហា។ CCIM ជឿជាក់​ថា សកម្មភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា គឺ​ជា​ចេតនា​នយោបាយ ឈាន​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មក​ពី​គណបក្ស​សាធារណរដ្ឋ លោក ចន ម៉ាក់ខេន (John McCain) ថ្លែង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​លោក​នៅ​ថ្ងៃ​ទី​២៥ សីហា ដោយ​សម្ដែង​ការ​ព្រួយ​បារម្ភ និង​ខក​ចិត្ត​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ដែល​បាន​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ចេញ​ពី​កម្ពុជា។ លោក​ថា NDI ធ្វើ​ការងារ​លើក​កម្ពស់​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក ហើយ​បាន​ធ្វើ​ការ​មាន​តម្លៃ​ជាច្រើន​ដើម្បី​ធានា​នូវ​បូរណភាព និង​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា។ លោក ចន ម៉ាក់ខេន បញ្ជាក់​ថា ការ​បណ្តេញ NDI ចេញ​ពី​កម្ពុជា នៅ​ពេល​នេះ វា​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា លោក ហ៊ុន សែន កំពុង​ខ្លាច​សង្គម​បើក​ចំហ និង​ការ​ពិភាក្សា​ដេញដោល​គ្នា ហើយ​វា​ក៏​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា លោក ហ៊ុន សែន កំពុង​ប្រើ​ការ​គ្រប់គ្រង​បែប​ផ្ដាច់ការ គាប​សង្កត់​អ្នក​រិះគន់​ខ្លួន។

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​មក​ពី​បក្ស​សាធារណរដ្ឋ​ចាស់​វស្សា​រូប​នេះ ក៏​ទទូច​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវ​តែ​ផ្ញើ​សារ​ខ្លាំងៗ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ថា​សហរដ្ឋ​អាមេរិក ប្ដេជ្ញា​ក្នុង​ការ​លើក​កម្ពស់​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក។

ចំណែក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា​អ្វី​ដែល​កំពុង​កើត​ឡើង​នេះ គឺ​ជា​យុទ្ធនាការ​នយោបាយ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្នុង​ការ​រឹតត្បិត និង​បំបិទ​សំឡេង​អ្នក​ឯករាជ្យ​នៅ​ក្នុង​ប្រទេស។ នាយក​រង យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែង​ថា នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក ហ៊ុន សែន កំពុង​បង្កើន​ការ​ប្រឹងប្រែង​កម្ចាត់​ការ​រិះគន់​ទៅ​លើ​របប​ដឹកនាំ​របស់​លោក។

យូមែន រ៉ៃត៍ វ៉ច្ឆ ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​នូវ​យុទ្ធនាការ​ធ្វើ​បាប សម្លុត​បំភ័យ និង​គំរាម​កំហែង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ពេល​នេះ។

នាយក​រង យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថ្លែង​ថា អង្គ​ទូត និង​ប្រទេស​ម្ចាស់​ជំនួយ​ទាំងអស់​គួរ​ប្រាប់​លោក ហ៊ុន សែន ថា បើ​គាត់​មិន​ធ្វើ​ឲ្យ​ស្ថានការណ៍​ត្រឡប់​មក​ភាព​ដើម​វិញ​ទេ ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ក្នុង​ពេល​ខាង​មុខ នឹង​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​ឡើយ។

ប្រតិកម្ម​ចំពោះ​ការ​រិះគន់​ផ្ទួនៗ​គ្នា​នេះ មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​អ្នក​ទាំងអស់​នេះ​កំពុង​បង្ហាញ​នូវ​សញ្ញា​ពី​ការ​ជ្រៀតជ្រែក​ទៅ​ក្នុង​ការ​បោះឆ្នោត​នៅ​កម្ពុជា។ លោក​ថា​ការ​រិះគន់​របស់​សហរដ្ឋ​អាមេរិក​មក​លើ​កម្ពុជា វា​គ្មាន​អ្វី​ប្លែក​នោះ​ឡើយ៖ «ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល គឺ​យើង​ឈរ​ទៅ​លើផ្លូវ​ច្បាប់។ យើង​ឈរ​ទៅ​លើអ្វី​ទៅដែល​ជា​អធិបតេយ្យភាព​របស់​កម្ពុជា ពីព្រោះ​យើង​មិន​មែន​ជា​ប្រទេស​សម្ព័ន្ធ​មិត្ត​រណប​ប្រទេស​ណា​ទេ។ យើង​ឯករាជ្យ ហើយ​លទ្ធិប្រជាធិបតេយ្យ​ពលរដ្ឋ​ដើរ​តួនាទី​សំខាន់​ណាស់​ទាំង​ការ​ចូលរួម ទាំង​ការ​គ្រប់គ្រងការ​បោះឆ្នោត ក៏ដូចជា​ច្បាប់​បោះឆ្នោត និង​ការ​ពិនិត្យ​ការ​បោះឆ្នោត។ នេះ​ជា​ផល​ប្រយោជន៍​របស់​ខ្មែរ មិន​មែន​ជា​ផល​ប្រយោជន៍​របស់​អាមេរិកាំង ឬ​ក៏​ចិន ទេ»

ទោះ​ជា​យ៉ាង​ណា ក្នុង​ពេល​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទី​៤ មក​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៨ សីហា អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត វាយ​តម្លៃ​ស្ថានភាព​ទូទៅ​នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​ថា នៅ​តែ​មាន​ភាព​តានតឹង ដោយ​អ្នកស្រី​បញ្ជាក់​ថា ប្រទេស​កម្ពុជា ហាក់​កំពុង​ខិត​ទៅ​ជិត​ស្ថានភាព​គ្រោះថ្នាក់។

រីឯ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៥ សីហា សម្ដែង​ការ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​នៅ​ពេល​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ យល់​ឃើញ​ថា ការ​គំរាម​បញ្ឈប់​ដំណើរការ​សារព័ត៌មាន​ឯករាជ្យ កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ការ​បញ្ឈប់​ដំណើរការ​អង្គការ​មិន​មែន​រដ្ឋាភិបាល ដូចជា​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) រួម​ទាំង​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​បាន​ចាក់​ផ្សាយ​កម្មវិធី​វិទ្យុ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាស៊ីសេរី (RFA) និង​វីអូអេ (VOA) នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ខាង​មុខ។

គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ និង​អនុញ្ញាត​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​នេះ​ដំណើរការ​ឡើង​វិញ។ គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គូ​ប្រជែង​ស្វិតស្វាញ​តែ​មួយ​គត់​របស់​បក្ស​កាន់​អំណាច អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​សេរីភាព​សារព័ត៌មាន និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​ធានា​ឲ្យ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

សមាជិក​សភា​អាមេរិក មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) និង​មួយ​រូប​ទៀត​មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ គឺ​លោក ស្ទាវ ឆាបុត (Steve Chabot) ក៏​បាន​ថ្កោលទោស​ទៅ​លើ​ចំណាត់​ការ​របស់​លោក ហ៊ុន សែន ដែល​កំពុង​រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ។ សមាជិក​សភា​ទាំង​ពីរ​បន្ត​ថា ជាង​ ៣០​ឆ្នាំ​កន្លង​មក​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បន្ត​​បិទ​មាត់​អ្នក​ហ៊ាន​តវ៉ា​ប្រឆាំង ទាំង​ខាង​ក្នុង និង​ក្រៅ​ប្រទេស។ ពួកគាត់​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ត្រូវ​តែ​តតាំង​នឹង​រដ្ឋាភិបាល លោក ហ៊ុន សែន ដែល​ប៉ុនប៉ង​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​កម្ពុជា ដូច្នេះ ព្រោះ​ពលរដ្ឋ​កម្ពុជា ត្រូវ​តែ​មាន​សិទ្ធិ​ទទួល​បាន​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​ភាព​សេរី គ្មាន​ការ​គំរាមកំហែង គ្មាន​ការ​សម្លុត​បំភ័យ​ និង​បង្ក្រាប​ផ្នែក​នយោបាយ។

ចំណែក​ឯ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក អ្នកស្រី មែឌឺឡែន អលប៉្រាយថ៍ (Madeleine Albright) បាន​សរសេរ​លើ​គណនី ធ្វីតធឺ (Twitter) របស់​អ្នកស្រី នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ​ថា ចំណាត់​ការ​បណ្ដេញ​អង្គការ NDI គឺ​ជា​បញ្ហា​គួរ​ឲ្យ​ខ្វល់ខ្វាយ​មួយ ព្រោះ​ប្រជាធិបតេយ្យ​ មិន​មែន​ជា​អ្វី​ដែល​បាន​មកពី​ភព​ខាង​ក្រៅ​នោះ​ទេ។ ប្រជាធិបតេយ្យ គឺ​ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជា​អ្នក​សម្រេច​ចង់​បាន៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s