សមាជិក​សភា​អាស៊ាន​បន្ត​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បង្ក្រាប​លើ​សំឡេង​រិះគន់

ប្រភព ៖ វិទ្យុអាស៊ីសេរី

ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​បង្អង់​ដៃ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រិះគន់​រដ្ឋាភិបាល សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស​បន្ត​ទទូច​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បង្ក្រាប​លើ​សំឡេង​រិះគន់​ទាំង​អស់​នេះ។ ស្ថាប័ន​នេះ​រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ថា កំពុង​ធ្វើ​ឲ្យ​ប្រជាធិបតេយ្យ​កម្ពុជា ដើរ​ថយ​ក្រោយ។

​នេះ​ជា​លើក​ទី​២​ហើយ​ដែល​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស ចេញ​មុខ​រិះគន់​ចំណាត់​ការ​របស់​រដ្ឋាភិបាល តាំង​ពី​ពេល​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​បិទ​ទ្វារ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា មក។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស លើក​ឡើង​ថា សមាជិក​សភា​មក​ពី​​គ្រប់​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​ស្ថានភាព​សិទ្ធិមនុស្ស​កាន់តែ​ដុនដាប​នៅ​កម្ពុជា។

ប្រធាន​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស និង​ជា​សមាជិក​សភា​ម៉ាឡេស៊ី (Malaysia)  លោក ឆាលស៍ សានទីអេហ្គោ (Charles Santiago) ថ្លែង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដោយ​ចាត់​ទុក​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​សំឡេង​រិះគន់ ថា​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជោគវាសនា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​នៅ​ពេល​ការ​បោះឆ្នោត​ជាតិ​ជិត​ចូល​មក​ដល់។

លោក ឆាលស៍ សានទីអេហ្គោ ថ្លែង​បន្ត​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​យុទ្ធសាស្ត្រ​បំភ័យ​ដែល​ជា​មធ្យោបាយ​ដើម្បី​ការពារ​អំណាច ប៉ុន្តែ​លោក​ថា ចំណាត់​ការ​រដ្ឋាភិបាល​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​ជា​ការ​វាយ​ប្រហារ​ផ្លូវ​ច្បាប់​លើ​សំឡេង​រិះគន់​ដែល​មិន​ធ្លាប់​កើត​មាន​ឡើយ​តាំង​ពី​កម្ពុជា មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មក។

ដោយសារ​តែ​ការ​បិទ​ទ្វារ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ រដ្ឋាភិបាល​បាន​សំអាង​លើ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល លោក ឆាលស៍ សានទីអេហ្គោ រម្លឹក​ថា ចាប់​តាំង​ពី​ច្បាប់​នេះ​ឋិត​ក្នុង​ដំណាក់កាល​ធ្វើ​សេចក្ដី​ព្រាង​ម្ល៉េះ សង្គម​ស៊ីវិល​បាន​និយាយ​ហើយ​ថា ច្បាប់​នេះ​ធ្វើ​ឡើង​ដើម្បី​បិទ​ទ្វារ​អង្គការ​ទាំង​ឡាយ​ណា​ដែល​រិះគន់​រដ្ឋាភិបាល។ លោក​ថា ការ​បិទ​ទ្វារ NDI នៅ​ពេល​នេះ វា​បង្ហាញ​កាន់​តែ​ច្បាស់​ថា ការ​បារម្ភ​របស់​សង្គម​ស៊ីវិល​គឺ​ត្រឹមត្រូវ។

រី​ឯ​សមាជិក​នៃ​សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស និង​ជា​សមាជិក​សភា​របស់​ប្រទេស​ហ្វីលីពីន (Philippines) គឺ​លោក ថម វីឡារីន (Tom Villarin)។ លោក​យល់​ថា ពលរដ្ឋ​កម្ពុជា កំពុង​បាត់បង់​ព័ត៌មាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ដែល​ជា​ផ្នែក​សំខាន់​មួយ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ លោក​ក៏​រិះគន់​ចំពោះ​ចំណាត់​ការ​ពន្ធដារ​ភ្លាមៗ​របស់​រដ្ឋាភិបាល​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​លោក​ថា ធ្វើ​តាម​តែ​អំពើ​ចិត្ត​ដោយ​មិន​បាន​ទុក​ឱកាស​ឲ្យ​ម្ចាស់​ខ្លួន​បកស្រាយ តវ៉ា​ឡើយ ដូចជា​ករណី​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) អ៊ីចឹង។ ផ្ទុយ​ទៅ​វិញ លោក​កត់សម្គាល់​ថា រដ្ឋាភិបាល​មិន​បាន​ចាត់​វិធានការ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ​ចំនួន​ដែល​ផ្សាយ​ព័ត៌មាន​ចោទ​ប្រកាន់​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ថា បាន​រៀបចំ​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ឡើយ បើ​ទោះ​ជា​ការ​ផ្សព្វផ្សាយ​នោះ​មិន​មាន​ប្រភព​ច្បាស់​លាស់​ក្ដី។

​ក្រៅ​ពី​បណ្ដេញ NDI ចេញ​ពី​ប្រទេស រដ្ឋាភិបាល​ក៏​បិទ​មិន​ឲ្យ​មាន​បន្ទប់​ស្ថានការណ៍​សម្រាប់​ការ​បោះ​ឆ្នោត គំរាម​បិទ​កាសែត ឌឹ ខេមបូឌា ដេលី ខណៈ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ដែល​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អាស៊ីសេរី (RFA) សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ត្រូវ​បាន​ក្រសួង​ព័ត៌មាន​បិទ​ទ្វារ​មិន​ឲ្យ​ធ្វើ​អាជីវកម្ម ដោយ​ចោទ​ប្រកាន់​ថា មិន​បាន​គោរព​ប្រកាស និង​កិច្ច​សន្យា​ជាមួយ​ក្រសួង។

ម្ចាស់​ស្ថានីយ​វិទ្យុ​កំពង់ចាម លោក ថាន សុរិទ្ធិ ដែល​ត្រូវ​បាន​ក្រសួង​ព័ត៌មាន បញ្ជា​ឲ្យ​បញ្ឈប់​អាជីវកម្ម​ទាំង​ស្រុង​ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៣១ សីហា ថា រហូត​មក​ទល់​ពេល​នេះ ក្រសួង​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​លិខិត​ស្នើ​សុំ​រួម​របស់​ពួក​លោក​ដើម្បី​បើក​អាជីវកម្ម​ឡើង​វិញ ដែល​បាន​ដាក់​ជូន​ក្រសួង​កាល​ពី​ថ្ងៃ​ទី​២៨ សីហា នៅ​ឡើយ​ទេ។ លោក​ថា ក្រសួង​គួរ​ឆ្លើយ​តប​ឲ្យ​បាន​ឆាប់​ចំពោះ​ការ​ស្នើ​សុំ​នេះ ព្រោះ​ការ​ឆ្លើយ​តប​យឺតយ៉ាវ​របស់​ក្រសួង គឺ​ជា​ការ​បិទ​ដង្ហើម​សេដ្ឋកិច្ច និង​បំបែក​ឆ្នាំង​បាយ​របស់​ពួក​លោក៖ «ក្រសួង​គួរ​ពិចារណា​ឲ្យ​បាន​ច្បាស់​ថា តើ​ការ​ធ្វើ​របស់​ក្រសួង​នេះ​ត្រឹមត្រូវ​អត់? ការ​បិទ​ស្ថានីយ​នីមួយៗ​គួរ​ណាស់​ជូន​ដំណឹង​ម្ដង ឬ​២​ដង​សិន​ទៅ ហើយ​ស្ថានីយ​គោរព​តាម ឬ​អត់? ហ្នឹង​ចាំ​ចាត់​វិធានការ តែ​នេះ​ចាត់​វិធានការ​តែម្ដង មាន​ន័យ​ថា អត់​ផ្ដល់​ឱកាស​ឲ្យ​គ្នា​បាន​ដឹង​ឮ ព័ត៌មាន​ពី​ក្រសួង​ថា ត្រូវ​តែ​បិទ​ទេ គឺ​អត់​ដឹង​សោះ​តែម្ដង»

​ឆ្លើយ​តប​ចំពោះ​កង្វល់​នេះ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង មាន​ប្រសាសន៍​ថា ផ្នែក​សោតទស្សន៍​កំពុង​រៀបចំ​ឯកសារ​ឆ្លើយ​តប​ចំពោះ​ម្ចាស់​ស្ថានីយ​ទាំង​អស់​នេះ​ហើយ។ ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា​នោះ លោក​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ៖ «មក​ដល់​ថ្ងៃ​នេះ យើង​អត់​ទាន់​ធ្វើ​ហើយ​ទេ ព្រោះ​អី​នៅ​កំពុង​តែ​រៀបចំ ត្រង់​ថា សម្រេច​របៀប​ម៉េច ខ្ញុំ​អត់​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​យើង​បាន​ទទួល​លិខិត​ពួក​គាត់​ហើយ»

ក្រៅ​ពី​បិទ​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​គំរាម​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បក្ស​កាន់​អំណាច​ក៏​បាន​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ជា​បន្តបន្ទាប់​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ប្រើ​ពាក្យ​សម្ដី​គំរាមកំហែង វាយ​បំបែក​ធ្មេញ សំពង​ក្បាល និង​កម្ទេច​អ្នក​តវ៉ា​លទ្ធផល​ឆ្នោត​ជាដើម។

សមាជិក​សភា​អាស៊ាន​សម្រាប់​សិទ្ធិមនុស្ស ស្នើ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទាំង​អស់ ថ្កោលទោស​ចំពោះ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​កម្ពុជា និង​ត្រូវ​ជំរុញ​ឲ្យ​កម្ពុជា គោរព​សិទ្ធិ​សេរីភាព​នានា ដែល​មាន​ចែង​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s