សហគមន៍​នៅ​ខេត្ត​រតនគិរី​ទាមទារ​ឲ្យ​កាត់​ដី​អភិរក្ស​ពីរ​ចំណុច​ចេញ​ពី​ដី​សម្បទាន

ប្រភព ៖​ វិទ្យុអាស៊ីសេរី

​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី កាល​ពី​ដើម​ខែ​សីហា បាន​បិទ​ប្រកាស​នៅ​សាលា​ឃុំ​ញ៉ាង ឲ្យ​ពលរដ្ឋ​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​ញ៉ាង ទៅ​ពិនិត្យ​មើល​ផែនទី​ដែល​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​សិក្សា​គូស​កំណត់​ដី​ដែល​ត្រូវ​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន និង​កាត់​ដី​មាន​ផល​ប៉ះពាល់​ពលរដ្ឋ​ចេញ​ពី​គម្រោង​សម្បទាន។ លិខិត​ជូន​ដំណឹង​នោះ​កំណត់​ពេល ៣០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧ ជា​ឱសានវាទ​ឲ្យ​អ្នក​ភូមិ​តវ៉ា។

​តំណាង​អ្នក​ភូមិ លោក កាឡាន ហ្លាង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា ថា លិខិត​តវ៉ា​របស់​ពលរដ្ឋ​ដាក់​ជូន​អាជ្ញាធរ​ឃុំ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ក្នុង​នោះ​អ្នក​ភូមិ​ទាមទារ​ឲ្យ​កាត់​ចេញ​ដី​ប្រមាណ ២​ពាន់​ហិកតារ​នៅ​ចំណុច​ច្រក​ផ្លូវ​ទៅ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផាតាម និង​នៅ​ចំណុច​វាលសុន។ លោក​កត់សំគាល់​ថា ដី​ទាំង​ពីរ​ចំណុច​នេះ​មួយ​ភាគ​ធំ​ជា​ដី​ចម្ការ​ពលរដ្ឋ​ដាំ​ដុះ​ជាក់ស្ដែង និង​ដី​​មួយ​ផ្នែក​ទៀត ជា​ដី​ព្រៃ​ឈើ​ដែល​អ្នក​ភូមិ​គ្រោង​ស្នើ​សុំ​រក្សា​ទុក​ចុះ​បញ្ជី​ជា​ព្រៃ​អភិរក្ស​សហគមន៍៖ «ដី​ទាំង​ពីរ​ចំណុច បើ​សិន​ខាង​រដ្ឋាភិបាល​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​ឈូស​ឆាយ​គេ​សម្រេច​ចិត្ត​ថា​នឹង​ធ្វើ​បាតុកម្ម​តែម្ដង»

កាល​ពី​ខែ​តុលា ឆ្នាំ​២០១១ រាជរដ្ឋាភិបាល​បាន​សម្រេច​ធ្វើ​អនុប្បយោគ​ដី​ជាង ៦.៨០០​ហិកតារ (៦.៨៥៥) នៅ​ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ដើម្បី​ប្រែក្លាយ​ដី​តំបន់​នោះ​ជា​ដី​ឯកជន​របស់​រដ្ឋ​តាម​សំណើ​ក្រសួង​កសិកម្ម ដើម្បី​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម។ នៅ​ឆ្នាំ​២០១៣ ក្រុមហ៊ុន ៧ ​មករា ផារី បាន​សុំ​ចុះ​បញ្ជី​ដី​នោះ​ជា​សម្បទាន​សេដ្ឋកិច្ច ក៏ប៉ុន្តែ​រហូត​បច្ចុប្បន្ន​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ទាក់ទិន​ដី​តំបន់​នោះ​នៅ​មិន​ទាន់​ធ្វើ​រួច​រាល់​នៅ​ឡើយ។

​មេ​ឃុំ​ញ៉ាង លោក រម៉ាម ហិន ទទួល​ស្គាល់​ថា ក្រុមហ៊ុន​បាន​ហ៊ុមព័ទ្ធ​ដី​ស្ទើរ​ទាំង​អស់​នៅ​តំបន់​នោះ នៅ​សល់​ដី​តិចតួច​ដែល​អ្នក​ភូមិ​តាំង​លំនៅឋាន។ លោក​បន្ត​ថា អ្នក​ភូមិ​តវ៉ា​តាំង​ពី​ឆ្នាំ​២០១៦ ​ដើម្បី​ទាមទារ​ដី​ត្រៀម​បម្រុង និង​ព្រៃឈើ​សម្រាប់​អភិរក្ស​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​​ទើប​អាជ្ញាធរ​គូស​ផែនទី​កាត់​ផល​ប៉ះពាល់​ឲ្យ​ប្រជាពលរដ្ឋ​ពិនិត្យ និង​តវ៉ា​ជា​ថ្មី៖ «អត់​ខុស​ទេ​សហគមន៍​គាត់​ស្រឡាញ់​តែ​ព្រៃ​គាត់​វិញ វា​អត់​មាន​ព្រៃ​មែន​កន្លែង​នោះ អស់​រលីង។ ក្នុង​ផែនទី​ក្រុមហ៊ុន​នៅ​ជុំវិញ​ភូមិ​គាត់​នៅ​សល់​តិចតួច គាត់​តវ៉ា​តាំង​ពី​ឆ្នាំ​មុន​នោះ»

ដូច​គ្នា​នេះ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​សិក្សា និង​​គូស​ផែនទី​កាត់​ចេញ​ដី​តំបន់​មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​រួច​ហើយ​មុន​នឹង​ដាក់​ជូន​ពលរដ្ឋ​ពិនិត្យ​ឡើង​វិញ​នេះ។ លោក​ថា មន្ត្រី​ជំនាញ និង​ចុះ​ផ្សព្វផ្សាយ​ពន្យល់​លំអិត​ដល់​ពលរដ្ឋ​ទាក់ទិន​ផែនទី​កាត់​ចេញ​ដី​មាន​ផល​ប៉ះពាល់​ជូន​ពលរដ្ឋ​ចៀសវាង​អ្នក​ភូមិ​មាន​ការ​ភ័ន្តច្រឡំ៖ «គេ​បាន​ប្រជុំ​កាត់​ឲ្យ​គាត់​អស់​រលីង ហើយ​កាល​គេ​ចុះ​ទៅ​ធ្វើ​ណា​ដី​ហ្នឹង​ដូចជា​នៅ​សល់ ២​ពាន់​​ហិកតារ​ហ្នឹង»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ តំណាង​ពលរដ្ឋ លោក កាឡាន ហ្លាង បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា រហូត​បច្ចុប្បន្ន អ្នក​ភូមិ​នាំ​គ្នា​បាញ់​ថ្នាំ​ពណ៌​កំណត់​ព្រំ​ដី​ដែល​អ្នក​ភូមិ​តវ៉ា​នៅ​តំបន់​ទាំង​ពីរ​ទុក​ជា​សម្គាល់​ជូន​ក្រុម​សមត្ថកិច្ច​សម្រេច​កាត់​ដី​នោះ​ទុក​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​វិញ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s