Fresh News បន្ដ​ភ្ជាប់​សង្គ្រោះ​ជាតិ​​ ជាមួយ​ក្រុម​ជ្រុល​និយម​តៃវ៉ាន់​បន្ទាប់ពី​ភ្ជាប់​នឹង​ CIA

ប្រភព ៖ ភ្នំពេញបុស្តិ៍

បើ​ទោះ​ជា​មាន​ការ​ច្រានចោល​ពី​បក្ស​ប្រឆាំង​ចំពោះ​ការ​ភ្ជាប់​ខ្លួន​នឹង​ប្រភព​ចារកម្ម​អាមេរិក​ ខណៈ​អ្នក​វិភាគ​ថា​ព័ត៌មាន​ដក​ស្រង់​ពី​ប្រភព​គ្មាន​ឈ្មោះ​ត្រឹមត្រូវ​ជា​ព័ត៌មាន​មិន​ពិត​ក្ដី ប៉ុន្តែ​ប្រព័ន្ធ​ព័ត៌មាន​ Fresh News ដែល​លម្អៀង​ទៅ​រក​រដ្ឋាភិបាល​កាល​ម្សិលមិញ​នៅ​តែ​បន្ត​លាតត្រដាង​ថា​បក្ស​ប្រឆាំង​ឃុបឃិត​ជាមួយ​ក្រុម​ជ្រុល​និយម​តៃវ៉ាន់​ប្រព្រឹត្ត​មិន​ល្អ​មក​លើ​រដ្ឋាភិបាល​ជា​អ្វី​

ដែល​បាន​ដកស្រង់​ចេញ​ពី​ហ្វេសប៊ុក​។

យោងតាម​ facebook ឈ្មោះ “កូន​ខ្មែរ​” ដែល​ទម្លាយ​ព័ត៌មាន​ និង​រូបភាព​ហើយ​ត្រូវ​បាន​ដក​​ស្រង់​ដោយ​ Fresh News ផ្សាយ​ម្សិលមិញ​នោះ​បាន​អះអាង​ថា​ក្រុម​ជ្រុលនិយម​តៃវ៉ាន់​ដែល​មាន​បទពិសោធ​ជាច្រើន​ក្នុង​ការ​​ចាត់ចែង​ប្រមូល​កម្លាំង​មហាជន​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​តាម​ចលនា​អំណាច​ប្រជាជន (People’s Power) ​នោះ​បាន​ជួប​ប្រជុំ​សម្ងាត់​ជាមួយ​មេដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីស្នាក់ការ​កណ្តាល​កាលពី​ចុង​ឆ្នាំ​ ២០១៣ ដើម្បី​រៀបចំ​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ធ្វើ​តាម​ទម្រង់​បដិវត្ត​ពណ៌​ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​អាមេរិក​ជា​អ្នក​បញ្ជា និង​បម្រើ​ឲ្យ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ជា​យុទ្ធសាស្ត្រ​របស់​អាមេរិក​នៅ​អាស៊ី​ផង​ដែរ​។

តាម​ការ​ដកស្រង់​របស់​ Fresh News «​ប្រភព​ព័ត៌មាន​ពី​ក្រុម​អ្នក​ប្រជាធិបតេយ្យ​សេរី​ជឿនលឿន​នៅ​តៃវ៉ាន់​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ដើម្បី​ជួយ​ (​បក្ស​សង្គ្រោះ​ជាតិ​) ​ផ្តួលរំលំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ក្រោម​លេស​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ឆ្នាំ​ ២០១៣ ពួក​អង្គការ​ទាំង​នោះ​បាន​ជួយ​ចាត់ចែង​ឲ្យ​ក្រុម​ជ្រុល​និយម​នៅ​តៃវ៉ាន់​បាន​ចូល​មក​សំងំ​នៅ​ស្រុក​ខ្មែរ​ដើម្បី​ជួប​ប្រជុំ​សម្ងាត់​ជាមួយ​មេដឹកនាំ​ CNRP ​នៅ​ទីស្នាក់ការ​កណ្តាល​ចាក់​អង្រែ​កាលពី​រសៀល​ថ្ងៃ​ទី​ ២៤ ខែ​ធ្នូ ឆ្នាំ​ ២០១៣»​។

Facebook កូន​ខ្មែរ​ដែល Fresh News ដក​ស្រង់​ក៏​បាន​ភ្ជាប់​បាតុកម្ម​ហិង្សា និង​ជា​កុបកម្ម​នៅ​ផ្លូវ​វ៉េងស្រេង​នា​ថ្ងៃ​ទី​ ៣-៤ ខែ​មករា ២០១៤ ថា​គឺជា​ការ​បង្កើត​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​ពី​គណបក្ស​នេះ​ទទួល​បាន​បទពិសោធ​ពី​ការ​ប្រជុំ​ជាមួយ​ក្រុម​ជ្រុល​និយម​តៃវ៉ាន់​។ ​ជាង​នេះ​ទៀត​ក៏​បាន​អះអាង​ថា​ទោះ​បី​ចលនា​អំណាច​ប្រជាជន​ផ្តួលរំលំ​រដ្ឋាភិបាល​បរាជ័យ​ក៏ដោយ ក៏​ទំនាក់​ទំនង​ជា​ចំហ​ និង​សម្ងាត់​រវាង​ក្រុម​ជ្រុលនិយម​តៃវ៉ាន់​​ និង​បក្ស​សង្គ្រោះ​ជាតិ​គឺ​នៅ​តែ​បន្ត​ដែល​មាន​ កឹម មនោវិទ្យា កូនស្រី​លោក​ កឹម សុខា ជា​ស្ពាន​ចម្លង​ឈាន​ទៅ​សម្រេច​គោលដៅ​ដែល​បាន​គ្រោង​ទុក​។

Fresh News បាន​រាយការណ៍​ទៀត​​ថា​ក្រោម​លេស​សង្កេតការណ៍​បោះឆ្នោត​ប្រធានាធិបតី​នៅ​តៃវ៉ាន់​នៅ​ថ្ងៃ​ទី​ ១៦ ខែ​មករា ឆ្នាំ​ ២០១៦ អង្គការ​បរទេស​នៅ​ស្រុក​ខ្មែរ​ក៏​បាន​ជួយ​រៀបចំ​ឲ្យ​កូនស្រី​លោក​ កឹម សុខា គឺ កឹម មនោវិទ្យា ដែល​មាន​ទំនាក់ទំនង​ជាមួយ​ភ្នាក់ងារ​ CIA ក្នុង​ស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ​ឲ្យ​ទៅ​ចូលរួម​គាំទ្រ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​បក្ស​ប្រឆាំង​នៅ​តៃវ៉ាន់​ផង និង​ក៏​ដើម្បី​បន្ត​កិច្ចសហការ​ជា​សម្ងាត់​ផង​ដែរ​។

នៅ​ចុង​បញ្ចប់​នៃ​របាយការណ៍​របស់​ខ្លួន ​Fresh News ​ក៏​បាន​បន្ថែម​​ថា​ការ​រៀបរាប់​ខ្លះៗ​ខាង​លើ​នេះ​គឺ​គ្រាន់​តែ​ចង់​បញ្ជាក់​ថា​នៅ​ស្រុក​ខ្មែរ​គឺ​ពិតជា​មាន​ការ​រៀបចំ​ផែនការ​ផ្តួល​រដ្ឋាភិបាល​តាម​ទម្រង់​បដិវត្តន៍​ពណ៌​ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ​ដែល​អាមេរិក​ជា​អ្នក​បញ្ជា​ផង បម្រើ​ឲ្យ​ផលប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​ជា​យុទ្ធសាស្ត្រ​របស់​អាមេរិក​នៅ​អាស៊ី​ផង និង​ជាពិសេស​គឺ​ការ​អនុវត្ត ​“​នយោបាយ​ចិន​ ២ ​ផង​ដែរ ហើយ​ថា​អ្វីៗ​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ «​គឺ​គ្រាន់តែ​ជា​គំនិត​សម្រាប់​អ្នក​កាន់​អំណាច​នៅ​ស្រុក​ខ្មែរ និង​ទីក្រុង​ប៉េកាំង​ត្រិះរិះ​ពិចារណា​»​។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ​លោក លឹម ជាវុត្ថា នាយក​ការ​ផ្សាយ Fresh News មិន​ធ្វើ​អត្ថាធិប្បាយ​ថា​ព័ត៌មាន​នេះ​ជា​ការ​ពិត​ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​អ្វី​ដែល​ FreshNews ​ផ្សាយ​គឺជា​ព័ត៌មាន​ដែល​មាន​ការ​ចាប់​អារម្មណ៍​។

លោក​បាន​បញ្ជាក់​ថា​៖ «​ព័ត៌មាន​អ្វី​ដែល​ចាប់​អារម្មណ៍​គឺ​ខាង​ខ្ញុំ​យក​មក​ផ្សាយ​អត់​ខុស​ពី Wikileak ទេ​ដែល​គាត់​មាន​ទម្លាយ​ឯកសារ​ណា​ដែល​សំខាន់ៗ ហើយ​សារព័ត៌មាន​ល្បីៗ​លើ​ពិភពលោក​ស្រង់​យក​មក​ផ្សព្វផ្សាយ​។ អ៊ីចឹង​វា​ជា​សិទ្ធិ​ពេញលេញ​របស់​ Fresh News ហើយ​គ្មាន​អ្នក​ណា​ម្នាក់​បង្គាប់​ឲ្យ​ផ្សព្វផ្សាយ​ទេ​»​។

ទាក់ទង​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន បាន​ចាត់​ទុក​សកម្មភាព​បក្ស​ប្រឆាំង​ថា​​បាន​ប្រព្រឹត្ត​ខុស​ពី​គោលនយោបាយ​កម្ពុជា​ដែល​ទទួល​ស្គាល់​ចិន​តែ​មួយ​ហើយ​ថា​នេះ​ជា​តួនាទី​របស់​ក្រសួង​មហាផ្ទៃ​អង្កេត​។

លោក​បាន​អះអាង​ថា​៖ «​ខ្ញុំ​មើល​ឃើញ​​ថា​ជា​ការ​អូសទាញ​បរទេស​ឲ្យ​មក​លុកលុយ​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​។ ​ពីរ​បី​អាណត្តិ​មក​ហើយ​យើង​មិន​អនុញ្ញាត​ឲ្យ​តៃវ៉ាន់​លើក​ទង់ជាតិ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ​ដោយសារ​គោលការណ៍​ចិន​តែ​មួយ​។ ​អាហ្នឹង​ជា​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ជាប់​ឆ្នោត​ក្នុង​អាណត្តិ ដូច្នេះ​អ្វី​ដែល​គាត់​ធ្វើ​ឆ្គង​ពី​អាហ្នឹង​គឺជា​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ទុក​ឲ្យ​តួនាទី​ក្រសួង​មហាផ្ទៃ​ចាត់​វិធានការ​»​។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។ ប៉ុន្តែ​កាលពី​ម្សិលម្ង៉ៃ​លោក​បាន​ថ្លែង​ថា​ក្រសួង​មហាផ្ទៃ​បាន​ស៊ើប​ពី​ប្រភព​ថវិកា​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​មាន​ការ​ចុះ​ផ្សាយ​តាម​ប្រព័ន្ធ​ព័ត៌មាន​។

អ្នក​នាំ​ពាក្យ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទាក់ទង​សុំ​បំភ្លឺ​ចំពោះ​ការ​ចោទប្រកាន់​នេះ​បាន​ទេ​​កាលពី​ម្សិលមិញ​ដោយសារ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ​។ ទោះបី​ជា​យ៉ាង​ណា​គណបក្ស​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ច្រាន​ចោល​រាល់​ការ​ចោទ​ពី​ផែនការ​ធ្វើ​អំពើ​ហិង្សា​ដោយ​​ចាត់​ទុក​ការ​ថា​ជា​ការ​លាប​ពណ៌​។

សេចក្តី​ប្រកាស​នោះ​សរសេរ​ថា «​បញ្ជាក់​សា​ជាថ្មី​ម្តង​ទៀត​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​គិត​មិន​បាន​ត្រៀម​​ និង​មិន​ធ្វើ​សកម្មភាព​ណា​ដែល​ជា​អំពើ​​ហិង្សា​ដូច​ដែល​គេ​មួល​បង្កាច់​លាប​ពណ៌​នោះ​ឡើយ​ទាំង​ពេល​មុន​ ឬ​ក្រោយ​ពេល​បោះឆ្នោត​ក៏ដោយ​»​។

ទោះ​យ៉ាង​ណា​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត សូ ចន្ថា បាន​ចាត់​ទុក​ព័ត៌មាន​ដែល​ត្រូវ​បាន​ស្រង់​ផ្សាយ​បន្ត​ពី facebook ដែល​គ្មាន​ឈ្មោះ​ត្រឹមត្រូវ​ជា​ព័ត៌មាន​មិន​ពិត​ហើយ​ថា​លោក​មិន​ច្បាស់​ថា​សមាជិក​បក្ស​សង្គ្រោះ​ជាតិ​មាន​ទំនាក់​ទំនង​ជាមួយ​បរទេស​ដល់​​កម្រិត​ណា​ទេ ប៉ុន្តែ​តាម​មើល​ទៅ​មិន​មាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ថា​គណបក្ស​នេះ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រដ្ឋាភិបាល​នោះ​ឡើយ​។

លោក​ សូ ចន្ថា បាន​បញ្ជាក់​ថា​៖ «​ជាទូទៅ​ខ្ញុំ​គិត​ថា​គ្រាន់​តែ​ជា​ការ​ទាក់ទង​គ្នា​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​នយោបាយ​ដែល​ជា​មេរៀន​ពី​ប្រទេស​នីមួយៗ​។ ​ការ​បង្ហាញ​វត្តមាន​ថា​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ខ្ញុំ​ថា​ដូចជា​មិន​មាន​មើល​ឃើញ​ចំណុច​ណា​មួយ​ដែល​បក្ស​ប្រឆាំង​នៅ​កម្ពុជា​រៀបចំ​ជា​សេណារីយោ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s