កូន​លោក កឹម សុខា និង​មន្ត្រី​ជាន់ខ្ពស់​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​

ប្រភព ៖ ភ្នំពេញបុស្តិ៍

កូនស្រី​លោក កឹម សុខា និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ថែម​ទៀត បន្ទាប់ពី​មេបក្ស​ប្រឆាំង​ល្បី​ឈ្មោះ​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូល​ចាប់​ខ្លួន​យ៉ាង​តក់ក្រហល់​ទាំង​កណ្តាល​យប់​រំលង​អធ្រាត្រ​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​ខណ្ឌ​ទួលគោក ហើយ​ត្រូវ​បាន​បញ្ជូន​ទាំង​កណ្តាល​យប់​ទៅ​កាន់​ពន្ធនាគារ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «​ក្បត់ជាតិ​» ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា សមត្ថកិច្ច​ក៏​កំពុង​តែ​ស៊ើប​អង្កេត​ស្វែងរក​ចាប់​ខ្លួន​ជនបរទេស​មួយ​ចំនួន​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ដែរ​។

លោក កឹម សុខា និង​អង្គរក្ស​របស់​លោក​ចំនួន ៨ ​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ៣ ​ម្សិលមិញ​ដោយ​លោក​ កឹម សុខា ត្រូវ​ចោទ​ពី​បទ​ «​ក្បត់ជាតិ​» ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ ត្រពាំងផ្លុង នៅ​ខេត្ត​ត្បូងឃ្មុំ​ ខណៈ​ដែល​អង្គរក្ស​របស់​លោក​ត្រូវ​បាន​ដោះលែង​វិញ​កាលពី​ល្ងាច​ម្សិលមិញ​។

លោក​ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​សមត្ថកិច្ច​បាន​បញ្ជូន​លោក​ កឹម សុខា ទៅ​មន្ទីរ​ឃុំឃាំង​ត្រពាំងផ្លុង​នៅ​ខេត្ត​ត្បូងឃ្មុំ​រួច​ហើយ ប៉ុន្តែ​លោក​បញ្ជាក់​ថា​លោក​​ កឹម សុខា មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ចូល​ទៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​ទេ ដោយ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បណ្តោះអាសន្ន​នៅ​ក្នុង​ដែន​សមត្ថកិច្ច​នៅ​ទី​នោះ​សិន ហើយ​លោក​មិន​បញ្ជាក់​លម្អិត​អំពី​ដំណើរការ​នៃ​នីតិវិធី​នោះ​​ទេ​។

លោក​ ខៀវ សុភ័គ ថ្លែង​ថា​៖ «​បាទ បញ្ជូន​ទៅ​តុលាការ (​យើង​) ​នឹង​ (​ស៊ើប​) ​បន្ត​ទៀត​ហើយ​។ ​យើង​បញ្ជូន​ទៅ​ត្រពាំងផ្លុង​មែន ប៉ុន្តែ​មិន​ទាន់​ចូល​កន្លែង​ឃុំឃាំង​ទេ​គឺ​នៅ​កន្លែង​របស់​មន្ត្រី​យើង​ហ្នឹង​»​។

លោក ជីន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ថ្លែង​ថា​លោក កឹម សុខា អាច​ត្រូវ​បាន​បញ្ជូន​ទៅ​ទីណា​ក៏​បាន​ដែរ​ដើម្បី​ផលប្រយោជន៍​នៃ​ការ​ស៊ើបអង្កេត រក្សា​បាន​នូវ​សណ្ដាប់ធ្នាប់​សារធារណៈ​ និង​សុវត្ថិភាព​។

លោក ម៉ាលីន បាន​ថ្លែង​ថា​៖ «​ព្រះរាជអាជ្ញា​ចោទ​តាម​មាត្រា​ ៤៤៣ គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស​ ឬ​ភ្នាក់ងារ ហើយ​អាច​ចោទ​ពី​បទ​ក្បត់ជាតិ ឬ​ប៉ះពាល់​សន្តិសុខ​ជាតិ វា​អាស្រ័យ​លើ​ការ​ស៊ើបអង្កេត​បន្ថែម​»​។

យោង​តាម​វីដេអូ​ឃ្លីប​ដែល​បាន​ផ្សាយ​នៅ​លើ Fresh News លោក ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​គ្រាន់តែ​ស្អប់ ហ៊ុន សែន ម្នាក់ ស្អប់​គណបក្ស​ប្រជាជន អ្នកឯង​នាំ​បរទេស​ផ្ដួលរំលំ ហើយ​ខ្ញុំ​អំពាវនាវ​ចំពោះ​សហរដ្ឋ​អាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត​កុំ​លូក​ដៃ​ជាមួយ​នឹង​កិច្ចការ​ទាំង​ឡាយ​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ និង​ផលប្រយោជន៍​ជាតិ​របស់​កម្ពុជា​ទោស​ក្បត់ជាតិ​គឺជា​ទោស​ដែល​ធ្ងន់​ជាង​គេ​ក្នុង​ចំណោម​ទោស​ដែល​មាន​»​។

លោក​ថ្លែង​បន្ត​ថា​៖ «​កុំ​ថា​ប្រទេស​នេះ​ផ្តាច់ការ អត់​ទេ រដ្ឋ​អធិបតេយ្យ​មួយ​មិន​អាច​ឲ្យ​បរទេស​មក​ធ្វើ​របៀប​នេះ​ទេ នេះ​ជា​អំពើ​ក្បត់ជាតិ លក់​ផលប្រយោជន៍​ជាតិ​ទៅ​ឲ្យ​បរទេស គ្រាន់​តែ​ដើម្បី​ផ្ដួលរំលំ​ និង​ឡើង​កាន់​អំណាច​ខ្លួនឯង អាមេរិកាំង​ធ្លាប់​ធ្វើ​រឿង​នេះ​ជាមួយ លន់ នល់ ឥឡូវ​អាមេរិក​ក៏​ធ្វើ​រឿង​នេះ​ជាមួយ កឹម សុខា សូម​បងប្អូន​រក្សា​ភាព​ស្ងប់ស្ងាត់ ទុក​ឲ្យ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវ​ច្បាប់ មិន​ឲ្យ​អំពើ​ក្បត់ជាតិ​បែប​នេះ​កើត​នៅ​លើ​ទឹកដី​កម្ពុជា​ម្ដង​ទៀត​ទេ​»​។ «​ជនបរទេស​ដែល​ឃុបឃិត​បើ​មិន​មែន​រដ្ឋាភិបាល គេ​ត្រូវ​តែ​មាន​ការ​បកស្រាយ​មួយ​សម​ហេតុផល តើ​រដ្ឋាភិបាល​អាមេរិក​ ឬ​បុគ្គល​អាមេរិក​ធ្វើ​រឿង​នេះ​»​។

លោក ហ៊ុន សែន បន្ត​ថា​តាមរយៈ​នៃ​ការ​ចាប់​លោក កឹម សុខា នេះ​ដែរ​រាជរដ្ឋាភិបាល​នឹង​ស្វែងរក​ជនបរទេស​ណា​ខ្លះ ដែល​ជាប់​ពាក់ព័ន្ធ វា​មិនមែន​ជា​បញ្ហា​លេងសើច​ទេ រឿង​នេះ​រឿង​ជាតិ​ធំ​ណាស់​ដែល​រាជរដ្ឋាភិបាល​មិន​នឹក​ស្មាន​ថា​មាន​ការ​ឃុបឃិត​បែប​នេះ មាន​រយៈពេល​ជាង​ ២០ ​ឆ្នាំ​ហើយ​ក៏​បាន​ព្រមាន​ដល់​សមាជិក​បក្ស​ប្រឆាំង​នេះ​ផង​ដែរ កុំ​ចេញ​មុខ​ការពារ​ប្រធាន​បក្ស​នេះ​អាច​នឹង​ពាក់ព័ន្ធ​ដល់​ការ​រំលាយ​បក្ស​ចោល​។

ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា​ក្រៅ​ពី​លោក​ កឹម សុខា ​ត្រូវ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់​ជាតិ​នោះ​គឺ​នៅ​មាន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​អាច​នឹង​ត្រូវ​ចាប់​ខ្លួន​ដែរ ដែល​ពួកគេ​ពាក់ព័ន្ធ​នឹង​អំពើ​ដូច​គ្នា​នេះ​។

លោក កឹម សុខា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​កាន់កាប់​អំណាច​ជិត​ ៤០ ​ឆ្នាំ​កន្លង​មក​នេះ​ឆ្មក់​ចូល​ចាប់​ខ្លួន​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ៣ ខែ​កញ្ញា​នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​សង្កាត់​បឹងកក់​ ២ ខណ្ឌ​ទួលគោក​ដោយ​ចោទប្រកាន់​ក្នុង​បទល្មើស​ជាក់ស្តែង​គឺ «​ក្បត់ជាតិ​» ដោយ​ចោទ​ថា​លោក​ កឹម សុខា បាន​ឃុបឃិត​ជាមួយ​អាមេរិក ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​។

មន្ត្រី​រូប​នោះ​បាន​ឲ្យ​ដឹង​ថា​សមាជិក​គណៈកម្មាធិការ​នាយក និង​គណៈកម្មាធិកា​អចិន្ត្រៃយ៍​របស់​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បន្ថែម​ទៀត​ក៏​នឹង​ត្រូវ​ចាប់​ខ្លួន​ដែរ​ដោយសារ​ពួកគេ​ក៏​មាន​ការ​ឃុបឃិត​ជាមួយ​បរទេស​ផង​ដែរ ដើម្បី​ផ្តួល​រដ្ឋាភិបាល​។ មន្ត្រី​ដដែល​បាន​និយាយ​ថា «​គេ​គ្រាន់​តែ​ប្រាប់​ថា នៅ​មាន​ (​ចាប់​) ​បន្ត​ទៀត​មេ​»​។

ចំណែក​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្ត្រោះ​ជាតិ​មួយ​រូប​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដែរ​នោះ​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ផង​ដែរ​ថា កូនស្រី​លោក​ កឹម សុខា ​គឺ កញ្ញា កឹម មនោវិទ្យា និង​ កឹម សាម៉ាធីតា ក៏​នឹង​ត្រូវ​ចាប់​ខ្លួន​ក្នុង​ករណី​នេះ​ដែរ​ចំពោះ​អ្វី​ដែល​ត្រូវ​បាន​គេ​ចោទ​ថា​ដោយសារ​អ្នក​ទាំង​ពីរ​នាក់​នេះ​មាន​ការ​ឃុបឃិត​ជាមួយ​បរទេស​ដូចជា​អាមេរិក​ជាដើម​។ មន្ត្រី​រូប​នេះ​បញ្ជាក់​ថា​៖ «​គេ​នឹង​យក​កូន កឹម សុខា ទៀត​។ រឿង​ហ្នឹង​មិន​មែន​ប៉ុណ្ណឹង​ចប់​ទេ​នៅ​បន្ត​ទៀត​»​។

ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​ចោទ​ពី​បទ​ «​ក្បត់ជាតិ​» ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ឃ្លីប​វីដេអូ​មួយ​របស់​បណ្តាញ​ព័ត៌មាន​ឈ្មោះ Cambodian Braodcasting Network (CBN) ត្រូវ​បាន​ផ្សព្វផ្សាយ​ពី​សកម្មភាព​លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៣​។

ក្នុង​ឃ្លីប​នោះ​លោក​ សុខា បាន​និយាយ​ថា​តាំងពី​លោក​ជាប់​ឆ្នោត​ដំបូង​ក្នុង​ឆ្នាំ ១៩៩៣ រដ្ឋាភិបាល​អាមេរិក​បាន​ហៅ​លោក​ទៅ​ក្នុង​នាម​អ្នក​នយោបាយ​ខ្មែរ​ជា​រហូត​មក​ដើម្បី​ឲ្យ​យល់​ពី​លទ្ធិប្រជាធិបតេយ្យ​ដោយ​ប្រាប់​លោក​ឲ្យ​ដក​ខ្លួន​ចេញ​ពី​នយោបាយ​មួយ​រយៈ​សិន​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ ហើយ​លោក​ក៏​បាន​ដក​ខ្លួន​ពី​នយោបាយ​នៅ​ឆ្នាំ​ ២០០២ ដើម្បី​រក​យុទ្ធសាស្ត្រ​ផ្លាស់ប្តូរ​មេដឹកនាំ​បច្ចុប្បន្ន​ពី​ក្រោម​ឡើង​ទៅ​លើ​គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​លោក​ក៏​បាន​ចាកចេញ​ពី​នយោបាយ​ទៅ​បង្កើត​អង្គការ​មួយ​ឈ្មោះ​មជ្ឈមណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា​។

លោក​ កឹម សុខា បាន​មាន​ប្រសាសន៍​ថា​៖ «​គេ​ថា​មុន​នឹង​ដូរ​មេដឹកនាំ​ខាង​លើ​បាន​ទាល់​តែ​ដូរ​ខាង​ក្រោម​ទៅ​មុន​។ ជា​យុទ្ធសាស្ត្រ​នយាបាយ​ប្រទេស​ប្រជាធិបតេយ្យ​គេ​ធ្វើ ហើយ​សហរដ្ឋ​អាមេរិក​ដែល​គេ​ជួយ​ខ្ញុំ​នេះ​គេ​ឲ្យ​ខ្ញុំ​យក​ម៉ូដែល​តាម​ប្រទេស​យូហ្គោស្លាវី ស៊ែប៊ី ដែល​គេ​ប្តូរ​មេដឹកនាំ​ផ្តាច់ការ​ មេឡូ សូវិច បាន​នោះ មេឡូសូវិច រថក្រោះ​សម្បើម​ណាស់ បងប្អូន ប៉ុន្តែ​គេ​ប្តូរ​បាន​ដោយសារ​គេ​ធ្វើ​យុទ្ធសាស្ត្រ​ហ្នឹង ហើយ​គេ​យក​បទពិសោធ​ហ្នឹង​មក​ឲ្យ​ខ្ញុំ​ធ្វើ​នៅ​ស្រុក​ខ្មែរ​តែ​អត់​មាន​អ្នក​ណា​ដឹង​ទេ ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​ដោយសារ​ថ្ងៃ​នេះ​យើង​ឈាន​ដល់​មួយ​ដំណាក់​ហើយ ខ្ញុំ​ត្រូវ​តែ​ប្រាប់​បងប្អូន​ឲ្យ​ដឹង ហើយ​នៅ​បន្ត​ទៀត​ជោគជ័យ​នឹង​ទទួល​បាន​»​។

លោក​ សុខា បន្ត​ទៀត​ថា​៖ «​ខ្ញុំ​អត់​ធ្វើ​តាម​ខ្ញុំ​នឹក​ឃើញ​ទេ​គឺ​មាន​អ្នក​ជំនាញ​ការ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ឌីស៊ី​នៅ​ទីក្រុង​ម៉ុងរេអាល់​ ប្រទេស​កាណាដា​ដែល​អាមេរិកាំង​គេ​ជួល​មក​ដើម្បី​ធ្វើការ​ផ្តល់​មតិ​ឲ្យ​ខ្ញុំ​របៀប​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​ហើយ​បើ​ខ្ញុំ​ធ្វើ​តាម​ក្បួន​ប៉ុណ្ណឹង​ហើយ មាន​យុទ្ធសាស្ត្រ​ប៉ុណ្ណឹង​ហើយ បើ​មិន​ជោគជ័យ​ទៀត​ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​ម៉េច​ទៀត​ទេ​»​។

លោកស្រី​ មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដូចជា​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​បាន​ធ្វើការ​ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​លោក​ សុខា ទាំង​តក់ក្រហល់​នេះ និង​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ហើយ​ថា​គណបក្ស​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដល់​ដំណើរការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ ខាង​មុខ​ដែល​នឹង​មិន​មាន​យុត្តិធម៌​ត្រឹមត្រូវ​។

លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​ថា​៖ «​យើង​ឃើញ​ច្បាស់​ណាស់​ជា​ការ​ព្រួយបារម្ភ​ធំ​ណាស់​។ ដូច្នេះ​ហើយ​យើង​សុំ​ឲ្យ​អន្តរជាតិ​យក​ការងារ​ហ្នឹង​ទៅ​ធ្វើ​ទៅ​ជា​ការងារ​របស់​សហគមន៍​អន្តរជាតិ​ហើយ​»​។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​តាំង​ពី​យប់​ទៀបភ្លឺ​ម្សិលមិញ​ភ្លាមៗ​បន្ទាប់ពី​ការ​ចាប់​ខ្លួន​ដោយ​ថ្កោលទោស​យ៉ាង​ខ្លាំង ហើយ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ កឹម សុខា ជា​បន្ទាន់​ដោយ​អត់​លក្ខខណ្ឌ​។

សេចក្តី​ថ្លែង​ការណ៍​សរសេរ​ថា​៖ «​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដោយ​តក់ក្រហល់​នេះ​គឺ​ធ្វើ​ឡើង​ដោយ​ហេតុផល​នយោបាយ និង​ជា​ទង្វើ​រំលោភ​បំពាន​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​ដោយសារ​ថា​ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ទាំង​កណ្តាល​អធ្រាត្រ និង​ក្នុង​ខណៈ​ពេល​ដែល​លោក កឹម សុខា គឺជា​អ្នក​តំណាងរាស្ត្រ​ដែល​មាន​​អភ័យ​ឯកសិទិ្ធ​សភា​»​។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា​៖ «​គណបក្ស​សង្គ្រោះ​ជាតិ​សូម​ប្រកាស​ជា​ឱឡារិក​ថា គណបក្ស​ធ្វើ​សកម្មភាព​នយោបាយ​ និង​មាន​គោលនយោបាយ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​សន្តិវិធី ខ្មែរ​តែ​មួយ​ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ មិន​យក​ខ្មែរ​ណា​ធ្វើ​ជា​សត្រូវ គោរព​គោលការណ៍​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​តាមរយៈ​ការ​បោះឆ្នោត​»​។

អ្នក​វិភាគ​នយោបាយ​លោក​ សូ ចន្ថា សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​បាន​មើល​ឃើញ​ថា​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា គឺជា​វប្បធម៌​នៃ​ការ​លាប​ពណ៌​គ្នា​ដើម្បី​យក​ឈ្នះ​ចាញ់​ក្នុង​នយោបាយ​ដែល​លោក​ចាត់ទុក​ថា​ជា​នយោបាយ​ក្មេងខ្ចី ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោក​ សូ ចន្ថា មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​មើល​ទៅ​អ្វី​ដែល​លោក កឹម សុខា បាន​លើក​ឡើង​តាំងពី​ប៉ុន្មាន​ឆ្នាំ​មុន​ហើយ​ដល់​ពេល​បច្ចុប្បន្ន​នេះ​ទើប​មក​ចាត់ការ​រឿង​នេះ ហើយ​បើ​យើង​មើល​ពី​អ្វី​ដែល​លោក កឹម សុខា លើក​ឡើង​ជា​របៀប​នៃ​ការ​ប្រកួត​ប្រជែង​បែប​ប្រជាធិបតេយ្យ​តាមរយៈ​សន្លឹក​ឆ្នោត ការ​ផ្លាស់ប្តូរ​​អំណាច​ដោយ​សន្តិវិធី​នៃ​ការ​ប្រើប្រាស់​សន្លឹកឆ្នោត​ជា​មូលដ្ឋាន​។ យើង​ហាក់​ដូចជា​មើល​មិន​ឃើញ​អំពី​ការ​ដែល​លើក​ឡើង​អំពី​ការ​ក្បត់ជាតិ​នោះ​ទេ​»​។

នៅ​ម៉ោង​ប្រមាណ​ ៥ ​ល្ងាច​ម្សិលមិញ​អង្គរក្ស​ទាំង ៨ ​នាក់​របស់​លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​វិល​​ត្រឡប់​មក​កាន់​គេហដ្ឋាន​លោក កឹម សុខា ​វិញ​ក្រោយ​ពី​នគរបាល​រាជធានី​បាន​ចាប់​ខ្លួន​ជាមួយ​លោក សុខា តាំងពី​ពាក់​កណ្តាល​អធ្រាត្រ​។

លោក វ៉ាន់ សុបិន អង្គរក្ស​ម្នាក់​ក្នុង​ចំណោម​អង្គរក្ស​ទាំង​នោះ​ដែល​ជា​អ្នក​បើក​ឡាន​ឲ្យ​លោក កឹម សុខា បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​ថា​នៅ​ពេល​សមត្ថកិច្ច​មក​ឡោមព័ទ្ធ​ផ្ទះ​ឆែកឆេរ គេ​បាន​ប្រមូល​យក​របស់របរ​មួយ​ចំនួន​ទៅ​ផង​ដែរ​មាន​ដូចជា​ទូរស័ព្ទ កាបូប​លុយ នាឡិកា​ជាដើម​។ មុន​សម្រុក​ចូល​ផ្ទះ នគរបាល​បាន​ហៅ​អ្នក​ផ្ទះ​ឲ្យ​បើក​ទ្វារ​ដោយ​មាន​កងកម្លាំង​ជាច្រើន​បាន​ឡោមព័ទ្ធ​ពី​ខាង​ក្រៅ​។

លោក​បាន​រៀបរាប់​ថា៖ «​ពេល​ប៉ូលិស​ចូល​មក​​ដំបូង ស្រែក​សម្លុត​បើក​ទ្វារ​លើក​ទី​ ១ ២ ៣… ​ទើប​មេ​ (​លោក សុខា​) អនុញ្ញាត​ឲ្យ​បើក​ទ្វារ បើ​មិន​បើក​ក៏​គេ​កម្ទេច​ចូល​ដែរ​ព្រោះ​កម្លាំង​ប៉ូលិស​ដាក់​ព្រាត ប៉ូលិស​ឡើង​លើ​ឡាន អាមេ​ភ្ជង់​ឲ្យ​បើក​ទ្វារ​… អ៊ីចឹង​ក៏​បើក​ទ្វារ​តាម​ដំណើរ​»​។

លោក​ថា៖ «​ប៉ូលិស គេ​ចេះ​តែ​ឆែក គេ​ឲ្យ​យើង​អង្គុយ​ផ្តុំ​គ្នា​មួយ​កន្លែង​។ ប្រហែល​កន្លះ​ម៉ោង​ពី​ម៉ោង ​១២ ដល់​ ១២ ​និង​ ៣០ គេ​ឆែក​រួច​ក៏​នាំ​ដាក់​ឡាន​ចេញ​ទៅ​ស្នងការដ្ឋាន​។ ទាំង​មេ​ទាំង​អី​ទៅ​ជាមួយ​គ្នា​»​។

លោក​បន្ថែម​ថា៖ «​ប៉ូលិស​សួរ​ប្រវត្តិរូប សួរ​ធ្វើ​អី រស់នៅ​ជាមួយ​គាត់ (​សុខា​) ​ប៉ុន្មាន​ឆ្នាំ​មាន​ប្រើ​អាវុធ​ឬ​អត់​? មាន​ប្រើ​គ្រឿងញៀន​ឬ​អត់​? គេ​ពិនិត្យ​ទឹកនោម​ហើយ​អត់​មាន​ទាំងអស់ ហើយ​អាវុធ​អី​ក៏​អត់​មាន​ដែរ​…​។ អ៊ីចឹង​គេ​ក៏​ដោះលែង​យើង​តាំងពី​ម៉ោង​ ១ រសៀល តែ​រង់ចាំ​អ្នក​ធានា​រហូត​ដល់​ម៉ោង​ ៤ ​ទើប​បាន​ចេញ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s