ការ​ចាប់​លោក កឹម ​សុខា ​ជា​ការ​កាត់ផ្ដាច់​ការ​បោះឆ្នោត​ដោយ​សេរី

ប្រភព ៖ ភ្នំពេញបុស្តិ៍

ការ​ចុះ​ចាប់​ខ្លួន​ពាក់កណ្តាល​យប់​ និង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​សញ្ញា​នៃ​ការ​វាយប្រហារ​រៀបចំ​យ៉ាង​ល្អ​មួយ​។​ ចំពោះ​អ្នក​វិភាគ​រដ្ឋប្រហារ​នេះ​ជា​ការ​រន្ធត់​មួយ​។

ទោះ​យ៉ាង​ណា​ក្តី វា​ជា​ការ​កាត់ផ្តាច់​ចុងក្រោយ​នៃ​ក្តីសង្ឃឹម​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះឆ្នោត​ដ៏សំខាន់​នៅ​ឆ្នាំ​ក្រោយ​។

ប្រសិន​បើ​លោក កឹម សុខា ចេញ​ឆ្ងាយ​ពី​គណបក្ស គណបក្ស​ប្រឆាំង​របស់​កម្ពុជា​នឹង​បាត់បង់​មេដឹកនាំ​ចំនួន​ ៥ ​នាក់​ចាប់​តាំងពី​ខែ​កុម្ភៈ​ដែល​ក្នុង​នោះ​ ៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​។ ​ខណៈ​គូបដិបក្ខ​នយោបាយ​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ហា ក្រុម​អ្នក​វិភាគ​និយាយ​ថា​វា​ធ្វើឲ្យ​មាន​ការ​លើក​ឡើង​នូវ​សំណួរ​អំពី​ភាព​ស្រប​ច្បាប់​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​របស់​កម្ពុជា​។

ការ​ចាប់​ខ្លួន​លោក កឹម សុខា ស្ទើរ​តែ​កើត​មាន​ប្រហែល​ ១៥ ​ខែ​មុន​។ កាលពី​ខែ​ឧសភា ឆ្នាំ​ ២០១៦ កម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​នាក់​បាន​ព័ទ្ធ​ទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រយៈ​ពេល​ខ្លី​។ ពួកគេ​ចង់​ចាប់​ខ្លួន​លោក កឹម សុខា ដែល​កាល​ពេល​នោះ​លោក​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក សម រង្ស៊ី ដែល​និរទេស​ដោយ​ខ្លួនឯង​ទៅ​បរទេស​ជា​ប្រធាន​ពាក់ព័ន្ធ​នឹង​ករណី​រឿង​ស្រី​កំណាន់ ប៉ុន្តែ​មិន​អាច​ចាប់​ខ្លួន​បាន​។

លោក កឹម សុខា បាន​ចំណាយ​ពេល​ជិត​ ៦ ​ខែ​រស់នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​ដើម្បី​ចៀស​ពី​ការ​ចាប់​ខ្លួន ហើយ​នៅ​ទីបំផុត​លោក កឹម សុខា ត្រូវ​បាន​លើកលែង​ទោស​ដោយ​ព្រះមហាក្សត្រ​នៅ​ខែ​ធ្នូ​តាម​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ ៣២ ​ឆ្នាំ ប៉ុន្តែ​ការ​គំរាម​កំហែង​ហាក់បី​ដូចជា​នៅ​តែ​មាន​ពី​ក្រោយ​ខ្នង​គាត់​។

ប៉ុន្តែ​ចំពោះ​ការ​ចាប់​ខ្លួន​លោក​នេះ​មិន​មាន​ដីកា​ពី​តុលាការ​ដែល​អាច​ធ្វើឲ្យ​លោក កឹម សុខា ដឹង​ខ្លួន​ជា​មុន​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​នោះ​ទេ ហើយ​អាជ្ញាធរ​ហាក់បី​ដូចជា​ធ្វើឲ្យ​ប្រាកដ​ថា​គាត់​នឹង​មិន​អាច​គេច​ខ្លួន​បាន​ទៀត​។

វា​អាច​ជា​សញ្ញា​នៃ​ភាព​តានតឹង​ខ្លាំង​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈកាល​កន្លង​មក​នេះ​ដោយ​នៅ​ដើម​ខែ​សីហា ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ជា​អតីត​មេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ លោក​ ញឹក ប៊ុនឆៃ ត្រូវ​បាន​ចាប់​ខ្លួន​។ បន្ទាប់មក​លោក លោក សួន សេរី រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ផង​ដែរ​។

ទន្ទឹម​នេះ​ក៏​មាន​ការ​បង្ក្រាប​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ និង​ការ​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ផង​ដែរ​។

អ្នក​វិភាគ​នយោបាយ​លោក អ៊ូ វីរៈ ថ្លែង​ថា​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​គឺ​ការ​លេង​ដៃ​ធ្ងន់​។

លោក​បន្ត​ថា​៖ «​នេះ​ជា​ចំណុច​របត់​។ ​ខ្ញុំ​គិត​ថា​វា​ពិបាក​ជឿ​ណាស់​​ដែល​ថា​នឹង​មាន​ការ​បោះឆ្នោត​​ដោយ​យុត្តិធម៌​។ ​ខ្ញុំ​គិត​ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ ២០១៨»​។

ទាំង​លោក អ៊ូ វីរៈ និង​លោក មាស នី សំណួរ​ដែល​សំខាន់​បំផុត​គឺ​ថា តើ​បទ​ចោទ​ថា​ក្បត់ជាតិ​នឹង​ធ្វើឲ្យ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ​ឬ​អត់​? ហើយ​មិន​អាច​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ក្រោយ​។ ការ​រំលាយ​​គណបក្ស​អាច​នឹង​ធ្វើ​ទៅ​រួច​ក្រោម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ ២ ​ដង​ដែល​ហាម​ទណ្ឌិត​មិន​ឲ្យ​កាន់​តំណែង​មេដឹកនាំ​ក្នុង​គណបក្ស​។

លោក វីរៈ បាន​ថ្លែង​ថា​ប្រសិន​បើ​គណបក្ស​ប្រឆាំង​អាច​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត សហគមន៍​អន្តរជាតិ​ទំនង​ជា​នឹង​ទទួល​យក​លទ្ធផល​។

លោក នី បន្ថែម​ថា​ការ​រំលាយ​គណបក្ស​នេះ​នឹង​ធ្វើឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ប្រព័ន្ធ​ឯកបក្ស​ដែល​ជា​បញ្ហា បើ​យោង​តាម​រដ្ឋធម្មនុញ្ញ​។

លោក​ថា​៖ «​ខ្ញុំ​គិត​ថា​វា​អាច​ទៅ​រួច​ដែល​គណបក្ស​ប្រជាជន​អាច​នៅ​តែ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ជា​អ្នក​នៅ​ពី​ក្រោយ​»​។ ​«​វា​អាច​ជា​ករណី​ដែល​ [​ការ​ចាប់​ខ្លួន​] ​លោក កឹម សុខា មិន​ប៉ះពាល់​ការ​បន្ត​ដំណើរការ​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នឹង​បន្ត​តស៊ូ​រហូត​ដល់​ការ​បោះឆ្នោត ប៉ុន្តែ​ការ​បោះឆ្នោត​នឹង​មិន​មាន​ភាព​យុត្តិធម៌​ទេ​»​។

លោក​ មាស នី បាន​បញ្ជាក់​ថា​៖ «​ក្តីបារម្ភ​របស់​ខ្ញុំ​គឺ​ថា​នឹង​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តវ៉ា​ និង​ធ្វើ​បាតុកម្ម វា​អាច​នាំ​ឲ្យ​រដ្ឋាភិបាល​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​គ្រប់គ្រង ហើយ​នឹង​មិន​មាន​ការ​បោះឆ្នោត​»​។

លោក នី បាន​បន្ថែម​ថា​ការ​ចាប់​ខ្លួន​លោក កឹម សុខា អាច​ជា​ប្រតិបត្តិការ​ «​មួយ​ជំហានៗ​» ដោយ​ថ្លែង​ថា​នៅ​ពេល​ការ​ប៉ុនប៉ង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​គណបក្ស​លោក​ជាមួយ​រឿង​អាស្រូវ​ត្រូវ​បរាជ័យ រឿង​ថ្មី​ត្រូវ​បាន​លើក​ឡើង​ថា ក្បត់ជាតិ​ហើយ​ចាប់​ខ្លួន​។

លោក John Sifton នៅ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​បាន​រិះគន់​ការ​ចាប់​ខ្លួន​នេះ​ថា​ជា​ «​ការ​រំខាន​ក្រៃលែង​» ​និង​ជា​ «​ការ​ដើរ​ថយ​ក្រោយ​នៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។

លោក​ថា​៖ «​ការ​ចោទប្រកាន់​របស់​រដ្ឋាភិបាល​ខ្វះ​ការ​ជឿជាក់​បាន​ដោយសារ​កំណត់ត្រា​នៃ​ប្រវត្តិ​ជាយូរ​មក​ហើយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រើ​ប្រព័ន្ធ​ច្បាប់​ដើម្បី​បំបិទ​សំឡេង​ ឬ​បំភិត​បំភ័យ​អ្នក​រិះគន់ និង​អ្នក​ប្រឆាំង​នយោបាយ​។ ​អស់​រយៈពេល​ជាង​ ៣០ ​ឆ្នាំ​លោក ហ៊ុន សែន បាន​ប្រើ​ហិង្សា ការ​គំរាម​កំហែង អំពើ​ពុករលួយ និង​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ​ដើម្បី​បន្ត​អំណាច​របស់​ខ្លួន ហើយ​នៅ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការ​បង្ក្រាប​ខ្លាំង​ឡើង​ទៅ​លើ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​»​។

លោក​ John Sifton បន្ត​ថា​៖ «​ប្រសិន​បើ​គាត់​មិន​ផ្លាស់ប្តូរ​ចិត្ត​របស់​គាត់ វា​នឹង​មិន​អាច​ចាត់​ទុក​ការ​បោះឆ្នោត​មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​បាន​ទេ​»​។

តំណាងរាស្ត្រ​អាមេរិក Alan Lowental បាន​បន្ទរ​លើ​ការ​លើក​ឡើង​នេះ​។

លោក​ថា​៖ «​ទង្វើ​នេះ​ជា​ទង្វើ​ប្រឆាំង​ប្រជាធិបតេយ្យ​ដែល​ជា​ការ​វាយប្រហារ​ទៅ​លើ​សេរីភាព​ប្រជាធិបតេយ្យ​ដោយ​របប​ផ្តាច់ការ​របស់​លោក ហ៊ុន សែន ដែល​មាន​គោលបំណង​ដកហូត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​យោបល់​របស់​ពួកគេ​»​។

លោក​កត់សម្គាល់​ថា​៖ «​ការ​ភ័យខ្លាច​បំផុត​របស់​សហគមន៍​អន្តរជាតិ​គឺ​ខ្លាច​ថា លោក ហ៊ុន សែន​គ្មាន​ចេតនា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​»​។

សាស្ត្រាចារ្យ​ជនជាតិ​អូស្ត្រាលី​លោក Lee Morgenbesser កាលពី​ម្សិលមិញ​បាន​ថ្លែង​នៅ​លើ Twitter ថា​៖ «​ហេតុអ្វី​ហៅ​វា​ថា​ជា​ការ​វាយប្រហារ​ទៅ​លើ​ប្រជាធិបតេយ្យ​។ វា​មិន​ដែល​មាន​ប្រជាធិបតេយ្យ​ទេ​។ វា​ជា​របប​ផ្តាច់ការ​ដែល​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើង​»​។ ​លោក​បន្ថែម​ថា​​កម្ពុជា​មាន​ «​ភាព​ផ្តាច់ការ​ជាយូរ​មក​ហើយ ហើយ​សកម្មភាព​នាពេល​ថ្មីៗ​បំផុត​នេះ​គឺ​គ្រាន់​តែ​ជា​ការ​បញ្ជាក់​បន្ថែម​ទៀត​»​។

លោក​បន្ថែម​ថា​៖ «​ឥឡូវ​នេះ​វា​បង្ហាញ​ច្បាស់​» ​ថា​ «​អំពើ​នៃ​ការ​បង្ក្រាប​នីមួយៗ​គឺ​ស៊ីគ្នា​ទៅ​នឹង​គោលដៅ​នយោបាយ​របស់​ពួកគេ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s