លោក ជា សុផារ៉ា សន្យា​ដោះស្រាយ​បញ្ហា​ដី​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ស្ករស​ចំនួន​៣ខេត្ត

ប្រភព ៖ វិទ្យុអាស៊ីសេរី

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ទទួល​សម្របសម្រួល និង​ដោះស្រាយ​វិវាទ​ដីធ្លី​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ ដល់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង និង​ខេត្ត​ព្រះវិហារ។

ការ​សម្រេច​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​អន្តរ​ក្រសួង​នៅ​ទីស្ដីការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា។

លទ្ធផល​កិច្ចប្រជុំ​រវាង​ក្រសួង​ចំនួន​៤ ស្ដីពី​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ សម្រេច​ថា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ទទួល​សម្របសម្រួល និង​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន​៣ មាន​ខេត្ត​កំពង់ស្ពឺ ខេត្ត​កោះកុង និង​ខេត្ត​ព្រះវិហារ។

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា ស្នើ​ឲ្យ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កោះកុង ដែល​មក​រង់ចាំ​ស្តាប់​លទ្ធផល​នៅ​ទីស្ដីការ​ក្រសួង​ផ្ទាល់ ឲ្យ​ចូលរួម​សហការ​ដោយ​ប្រមូល​យក​ឯកសារ​ដែល​ពាក់ព័ន្ធ ដាក់​ទៅ​សាលា​ស្រុក​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​ការ​ដោះស្រាយ៖ «នាំ​គ្នា​ទៅ​ប្រមូល​ឯកសារ​ដែល​មាន​ការ​ពាក់ព័ន្ធ ដូចជា​យើង​ធ្លាប់​កាន់​កាប់​ដី​តាំង​នៅ​កន្លែង​ណា យើង​ប្រមូល​ឯកសារ​ហ្នឹង​ទៅ​ឲ្យ​គេ នៅ​ហ្នឹង​សាលា​ស្រុក សាលា​ស្រុក​ក្នុង​ខេត្ត​មួយៗ ហើយ​អ្នក​ណា​ដែល​ធ្លាប់​បាន​ទទួល​ដី​គេ​ហើយ ទទួល​លុយ​គេ​ហើយ គឺ​កុំ​មក​ពាក់ព័ន្ធ អ្នក​ណា​ដែល​អត់​ទាន់​បាន​ទទួល​គោល​នយោបាយ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ហ្នឹង គឺ​បង​ប្អូន​ប្រមូល​យក​ឯកសារ​ទាំងអស់​ទៅ​ដាក់​រៀបចំ​ដំឡើង​ផែនទី ហើយ​ធ្វើ​ហ្នឹង​គឺ​តម្លាភាព​ទាំងអស់​គ្នា​កុំ​ភ័យ»

ដំណើរការ​នៃ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ ខាង​ក្រសួង​រៀបចំ​ដែនដី សម្រេច​ប្រគល់​ទៅ​ឲ្យ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​នីមួយៗ​ជា​អ្នក​ដោះស្រាយ។ ប្រធាន​មន្ទីរ​ទាំង​បី​ខេត្ត នឹង​សម្របសម្រួល​ក្នុង​ការ​បំពេញ​ទម្រង់​បែបបទ និង​ធ្វើ​អត្តសញ្ញាណកម្ម​ប្រជាពលរដ្ឋ និង​ទីតាំង​ដែល​ពាក់ព័ន្ធ​ក្នុង​រយៈពេល ៣០​ថ្ងៃ។

ការ​បំពេញ​ទម្រង់​បែបបទ​សម្រាប់​ពលរដ្ឋ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ទាំង ៣​ខេត្ត គឺ​ត្រូវ​ធ្វើ​ឡើង​ក្នុង​សាលា​ស្រុក​រៀងៗ​ខ្លួន មាន​សាលា​ស្រុក​ឱរ៉ាល់ ក្នុង​ខេត្ត​កំពង់ស្ពឺ ស្រុក​ស្រែអំបិល ក្នុង​ខេត្ត​កោះកុង ស្រុក​ត្បែងមានជ័យ និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ចាប់​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៧។

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ត​កោះកុង លោកស្រី ផាវ ញ៉ឺង ដែល​បាន​រង់ចាំ​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ ថ្លែង​ថា ពលរដ្ឋ​មាន​សង្ឃឹម​ច្រើន​ដែល​បាន​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី ជា សុផារ៉ា ផ្ទាល់​បែប​នេះ។ ទោះ​យ៉ាង​ណា ពលរដ្ឋ​ហាក់​នៅ​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ចំពោះ​ការ​អនុវត្ត​របស់​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង៖ «ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក៏​យើង​មិន​ទាន់​មាន​ការ​ជឿជាក់ ដោយសារ​តែ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​គាត់​មិន​សូវ​អើពើ ហើយ​ភាគច្រើន​ពួក​យើង​មក​តវ៉ា​ជា​របៀប​សហគមន៍។ អ៊ីចឹង​គាត់​តែងតែ​រើសអើង​ថា​បក្ស​នេះ​បក្ស​នោះ។ អ៊ីចឹងយើង​សង្ឃឹម​ថា​ក្រសួង​ដែនដី អញ្ជើញ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​ជួប​តាម​សាលា​ឃុំ​នៀក យើង​សង្ឃឹម​ថា​ឯកឧត្តម​នឹង​គិតគូរ​ដល់​ពួក​យើង។ ប្រសិន​បើ​ថ្ងៃ​ទី​៤ នេះ​អត់​មាន​ចំណាត់ការ​អី​ឲ្យ​ពួក​យើង​ទេ យើង​នឹង​រង់ចាំ​ដល់ ៣០​ថ្ងៃ យើង​នឹង​ត្រឡប់​មក​តវ៉ា​ទៀត»

លោកស្រី ផាវ ញ៉ឺង បញ្ជាក់​បន្ថែម​ទៀត​ថា ក្រុម​ពលរដ្ឋ​ដែល​ប៉ះពាល់​ចំនួន ១៥​គ្រួសារ​មាន​ឯកសារ​គ្រប់គ្រាន់ ដោយឡែក​តែ​ពលរដ្ឋ​ចំនួន ១៤៥​គ្រួសារ​ផ្សេង​ទៀត​មិន​មាន​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់។

ក្រុម​ពលរដ្ឋ​ប្រមាណ ១០០​នាក់​ដែល​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​រង់ចាំ​លទ្ធផល​កិច្ចប្រជុំ​នេះ គឺ​ជា​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា ហេង ហ៊ុយ និង​អតីត​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់។ ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​សម្បែង និង​ស្រែ​ចម្ការ​របស់​ពួក​គេ​កាល​ពី​ឆ្នាំ​២០០៦។

ទោះ​យ៉ាង​ណា ក្រុម​ពលរដ្ឋ​នឹង​ជួបជុំ​គ្នា​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា នេះ នៅ​ទី​ព្រះអង្គ​ដងកើ ដើម្បី​ធ្វើ​ការ​ថ្លែង​អំណរគុណ និង​ជូនពរ​ទៅ​ដល់​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ដំណើរការ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួក​គេ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s