ពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​មេ​ភូមិ​នៅ​ខែត្រ​តាកែវ​រំពឹង​ឈ្នះ​ក្ដី​នៅ​សាលាឧទ្ធរណ៍

ប្រភព ៖ វិទ្យុអាស៊ីសេរី

បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​រស់​នៅ​ភូមិ​អូរក្រឡង់ដួល ឃុំ​អង្គកែវ ស្រុក​ទ្រាំង ខែត្រ​តាកែវ ហើយ​ធ្លាប់​ចោទ​ប្រពន្ធ និង​កូន​របស់​មេភូមិ​អូរក្រឡង់ដួល ថា បាន​ព្រួត​គ្នា​វាយ​គាត់​ដោយ​បុក​មួយ​ដង​ចប​បាក់ធ្មេញ​ខាង​លើ​មួយ​ជួរ និង​របួស​ជើង​ធ្ងន់ធ្ងរ​រំពឹង​ឈ្នះ​ក្ដី​នៅ​សាលាឧទ្ធរណ៍​ទាំង​ករណី​ព្រហ្មទណ្ឌ និង​ករណី​ជម្លោះ​ដីធ្លី​ជាមួយ​មេភូមិ។

ការ​រំពឹង​នេះ គឺ​ក្រោយ​ពេល​ដែល​លោក​បាន​ចាញ់​ក្ដី​នៅ​សាលា​ដំបូង​ខែត្រ​តាកែវ។ ពលរដ្ឋ​ដែល​បាន​ចោទ​ប្រពន្ធ និង​កូន​របស់​លោក​មេ​ភូមិ​អូរក្រឡង់ដួល ថា​បាន​បុក​មួយ​ដង​ចប​បាក់ធ្មេញ​១​ជួរ​លើ​កាល​ពី​ឆ្នាំ​២០១៣ គឺ​លោក អ៊ូច សេម មាន​អាយុ ៦៨​ឆ្នាំ។ លោក​អះអាង​ថា មូលហេតុ​ដំបូង​ដែល​នាំ​ឲ្យ​កើត​ហិង្សា​វាយ​លោក​បាក់​ធ្មេញ ដោយសារ​តែ​មាន​ការ​ដណ្ដើម​ដី​គ្នា​មួយ​កន្លែង​ជា​ដី​ប្រភេទ​ក្នុង​អូរ ស្ថិត​ក្នុង​ភូមិ​អូរក្រឡង់ដួល ឃុំ​អង្គកែវ ស្រុក​ទ្រាំង។

លោក អ៊ូច សេម រំលឹក​ថា នៅ​ពេល​មាន​ទំនាស់​ដីធ្លី​នោះ អាជ្ញាធរ​ឃុំ​ដោះស្រាយ​ទំនាស់​នេះ មិន​បាន​សម្រេច​ទេ​ដោយ​បញ្ជូន​ទៅ​ថ្នាក់​ស្រុក។ នៅ​ពេល​ក្រុម​មន្ត្រី​នៅ​សាលា​ស្រុក​ទ្រាំង ចុះ​ដោះស្រាយ​វាស់វែង​ដី​ទំនាស់​គ្នា​កើត​ឡើង​រវាង​លោក​មេ​ភូមិ​ជាមួយ​រូប​លោក​កាន់​តែ​តានតឹង។ ក្រោយ​មក​លោក​ប្រាប់​ថា ដី​ដែល​លោក​ធ្លាប់​បាន​កាន់កាប់ និង​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​១៩៧៩ មក ត្រូវ​បាន​លោក​មេ​ភូមិ ហាមឃាត់​ឈប់​ឲ្យ​ធ្វើ​ស្រែ និង​បាន​ច្រូត​យក​ស្រូវ​របស់​លោក​នៅ​ពេល​ដែល​ស្រូវ​នោះ​ទុំ។

​លោក អ៊ូច សេម៖ «វាយ​ក្នុង​ឆ្នាំ​២០១៣ ខែ​៨។ កូន​បក្ស​ពួកគេ ហើយ​និង​កូន​ប្រាំ​នាក់​ទាំង​អស់… គេ​វ៉ៃ​ដល់​ចាប់​ជាប់ (ដង​ចប) គេ​បុក បុក​បាក់ធ្មេញ។ រើ​ចុះ​រើ​ឡើង​វា​ត្រូវ​ជើង… បាក់​អស់​មួយ​ជួរ​លើ​នេះ»

ពលរដ្ឋ​រូប​នេះ​បន្ត​ថា ក្រោយ​កើត​ហិង្សា​នោះ​មក លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលាដំបូង​ខែត្រ​តាកែវ ហើយ​ក្រោយ​ជំនុំជម្រះ​លោក​ចាញ់​ក្ដី ដោយសារ​គ្មាន​លទ្ធភាព​ជួល​មេធាវី​ការពារ​ក្ដី។ បច្ចុប្បន្ន​លោក​កំពុង​រង់ចាំ​ការ​កោះ​ហៅ​ពី​សាលាឧទ្ធរណ៍ ករណី​ហិង្សា និង​ជម្លោះ​ដីធ្លី​ជាមួយ​មេ​ភូមិ​អូរក្រឡង់ដួល។

​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ខាង​ភាគី​មេ​ភូមិ​អូរក្រឡង់ដួល លោក សៀង គឹមហ៊ី ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​ទេ ដោយ​ទូរស័ព្ទ​មិន​ចូល។

​ចំណែក​មេ​ឃុំ​អង្គកែវ នៃ​ស្រុក​ទ្រាំង លោក ជិន ជឹម ឲ្យ​អាស៊ីសេរី ដឹង​ថា ករណី​ហិង្សា​វាយ​បាក់​ធ្មេញ​នេះ មិន​មែន​បាក់​ធ្មេញ​ពី​កំណើត​នោះ​ទេ គឺ​បាក់​ធ្មេញ​ដាក់​បន្ថែម​របស់​លោក អ៊ូច សែម តែប៉ុណ្ណោះ។ ចំពោះ​ករណី​ដី​មាន​ទំនាស់​វិញ លោក​មេ​ឃុំ​ថា កាល​ពី​សម័យ​ទិញ​ដី​នោះ លោក អ៊ូច សែម និង​មេ​ឃុំ​ចាស់ មិន​បាន​ចុះ​ទៅ​វាស់វែង​ទំហំ​ដី​ពិត​ប្រាកដ​ទេ ដោយ​នាំគ្នា​ចុះ​ហត្ថលេខា​តែ​លើ​ក្រដាស៖ «គាត់ (អ៊ូច សែម) ទិញ​គេ ទិញ​គេ​អា​លើ ដល់​អា​ក្បាល​ដី កាល​ពី​មេ​ឃុំ (ចាស់) គាត់​ស៊ីញ៉េ ឲ្យ​អត់​ទៅ​វាស់​ទេ​ណា ហើយ​ដល់​គាត់​ទិញ​អ៊ីចឹង គាត់​ដាក់​ចំនួន​ដូច​ថា ៦០​អា ដល់​ពេល​គាត់​ខ្លះ គាត់​មក​ទារ​គេ​អា​ក្បាលដី​គាត់​ខ្វះ​ហ្នឹង»

​សាលក្រម​សាលាដំបូង​ខែត្រ​តាកែវ ចេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ចៅក្រម​បាន​សម្រេច​ច្រានចោល​ពាក្យ​បណ្ដឹង​ព្រហ្មទណ្ឌ និង​បណ្ដឹង​រដ្ឋប្បវេណី​របស់​លោក អ៊ូច សែម ដែល​បាន​ចោទ​ប្រកាន់​មេ​ភូមិ ឈ្មោះ សៀង គឹមហ៊ី ថា បាន​ប្រើ​ហិង្សា​លើ​រូប​លោក។ ដោយ​ឡែក​បណ្ដឹង​រដ្ឋប្បវេណី​ទាមទារ​សំណង ៥​ម៉ឺន​ដុល្លារ​អាមេរិក ក៏​ត្រូវ​បាន​តុលាការ​ច្រានចោល​ដែរ​ដោយ​អះអាង​ថា ពុំ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។ ក្រោយ​ការ​ប្រកាស​សាលក្រម​នេះ លោក អ៊ូច សែម បាន​សម្រេច​ប្ដឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍។

​អនុ​ប្រធាន​ផ្នែក​ដោះស្រាយ​ទំនាស់​ដីធ្លី​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក សួស វណ្ណៈ យល់​ថា ការ​សម្រេច​ក្ដី​នៅ​សាលាដំបូង​ខេត្ត​តាកែវ មិន​ទាន់​មាន​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ លោក អ៊ូច សែម ទេ។ លោក សួស វណ្ណៈ មើល​ឃើញ​ថា ចៅក្រម​មិន​បាន​ស៊ើប​អង្កេត​ត្រឹមត្រូវ​នោះ​ទេ ដោយ​សម្រេច​ក្ដី ទាំង​មាន​ភាព​លំអៀង​ទៅ​រក​ភាគី​ជា​មេ​ភូមិ។ ទោះ​យ៉ាង​ណា សមាគម​អាដហុក បាន​ត្រៀម​ជួយ​រក​មេធាវី​ដើម្បី​រៀបចំ​បណ្ដឹង​ទៅ​សាលាឧទ្ធរណ៍៖ «ការ​សម្រេច​សេចក្ដី​របស់​តុលាការ (សាលាដំបូង​ខេត្ត​តាកែវ) ធ្វើ​ឡើង​ដោយ​មិន​ឈរ​ទៅ​លើ យុត្តិធម៌ គ្មាន​ភាព​យុត្តិធម៌ ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​ត្រឹមត្រូវ​ទេ ដោយ​លំអៀង​ទៅ​រក​ភាគី​មាន​ប្រយោជន៍»

​ភាគី​រងគ្រោះ​បាក់​ធ្មេញ​ក្នុង​ហេតុការណ៍​ហិង្សា​នោះ គឺ​លោក អ៊ូច សែម អះអាង​ថា លោក​មាន​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ប៉ុន្តែ​លោក​មិន​យល់​ថា ហេតុអ្វី​លោក​នៅ​តែ​ចាញ់​ក្ដី។ លោក​រំពឹង​ថា លោក​នឹង​បាន​ទទួល​យុត្តិធម៌​នៅ​សាលាឧទ្ធរណ៍៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s