មន្ត្រី គ.ជ.ប ថា ការ​ចាប់​ខ្លួន​មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត

ប្រភព ៖ ភ្នំពេញបុស្តិ៍

មន្ត្រី​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​អះ​អាង​ថា ដំណើរ​ការ​បោះ​ឆ្នោត​នឹង​មិន​រង​ការ​ប៉ះ​ពាល់​ទេ បើ​ទោះ​ជា​មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​មួយ​ចំនួន​ដាក់​ពន្ធនាគារ​ក្ដី​ ប៉ុន្ដែ​អង្គការ​សង្គម​​ស៊ីវិល​និង​សហគមន៍​អន្តរជាតិ​បាន​មើល​ឃើញ​​ថា វា​នឹង​ធ្វើ​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​ពុំ​មាន​ភាព​សេរី​និង យុត្តិធម៌។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ (គ.ជ.ប) បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា គ.ជ.ប មាន​តួនាទី​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​ច្បាប់​និង​ការ​រៀប​ចំ​តាម​នីតិវិធី​រៀប​ចំ​ការ​បោះឆ្នោត​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន​រលូន។ ដូច្នេះ បើ​ទោះ​បី​ជា​មាន​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​មួយ​ចំនួន​ក៏​ដោយ ក៏វា​មិន​មែន​ជា​ហេតុ​ផល​រារាំង​ដំណើរ​ការ​នៃ​ការ បោះ​ឆ្នោត​ដែរ។

លោក​បញ្ជាក់​ថា៖ «ហេតុការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ គ.ជ.ប មិន​អាច​ទទួលខុ​សត្រូវ​បាន​ទេ តែ​ការ​ងារ​របស់ គ.ជ.ប គឺ​ជា​ការងារ​បច្ចេក​ទេស ហើយ​ការ​ប្រកួត​ប្រជែង​ដោយ​ប្រើ​ភាសា​របស់​អ្នក​នយោបាយ​ថា ប៉ះ ឬ​មិន​ប៉ះ វា​ជា​រឿង​មួយ​ផ្សេង​ទៀត តែ គ.ជ.ប នៅ​តែ​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា និង​ដោយ​រលូន​តាម​នីតិ​វិធី​នៃ​ច្បាប់​បោះ​ឆ្នោត​ដដែល»។

លោក​បន្ថែម​ថា ពលរដ្ឋ​កម្ពុជា​មាន​ចំនួន​សរុប ១៥ ៨៨៣ ២៥០ នាក់ ក្នុង​នោះ​អ្នក​មាន​​អាយុ​ពី​ ១៨ ឆ្នាំ​ឡើង ពោល​គឺ​គ្រប់​អាយុ​បោះ​ឆ្នោត​តំណាង​រាស្ត្រ ឆ្នាំ ២០១៨ (គិត​ដល់​ថ្ងៃ​បោះឆ្នោត) មាន​ចំនួន ៩ ៧៨៨ ២៣៩ នាក់​ ប៉ុន្តែ​ចំពោះ​ពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ ២០១៦ ​មាន​ចំនួន ៧ ៨៦៥ ០៣៣ នាក់​ ខណៈ​ពលរដ្ឋ​ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន​ជិត​២ ម៉ឺន​នាក់ សរុប​ទាំង​អ្នក​គ្រប់​អាយុ ​អ្នក​ផ្លាស់​ប្ដូរ​លំនៅ អ្នក​មិន​ធ្លាប់​ចុះ​​បោះ​ឆ្នោត​ តែ​ទើប​ចុះ​ឈ្មោះ និង​ហេតុ​ផល​ផ្សេងៗ​ទៀត។ នេះ​បើ​គិត​ជា​​​ចំនួន​ប៉ាន់​ស្មាន​ក្នុង​រយៈពេល​ ៤ ថ្ងៃ​នេះ។

លោក ហង្ស ពុទ្ធា ​បញ្ជាក់​ថា ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ឆ្នាំ ២០១៧​បាន ពលរដ្ឋ​ត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ហើយ​ប្រសិន​បើ​គ្មាន​ត្រូវ​មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជំនួស​វិញ។ ម្យ៉ាង​ទៀត​ ដើម្បី​បាន​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​បម្រើ​ឲ្យ​កា​រចុះ​ឈ្មោះ​បោះ​ឆ្នោត ​ពលរដ្ឋ​សាមី​ត្រូវ​ទៅ​ស្នើសុំ​ពី​សាលា ឃុំ-សង្កាត់ ដែល​ខ្លួន​កំពុង​ស្នាក់​នៅ​ដោយ​នាំ​ទៅ​ជាមួយ​នូវ​សាក្សី​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ហើយ​រស់​នៅ​ក្នុង​ ឃុំ-សង្កាត់ ​ជាមួយ​គ្នា​ចំនួន​ ២ នាក់​និង​រូបថត​ទំហំ​ ៣​ គុណ ៤ ​ចំនួន​ ២ សន្លឹក។

លោក សំ គន្ធាមី នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិ​ការ​អព្យាក្រឹត​និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា ឬ ​ហៅ​ថា និចហ្វិក​(NICFEC) បាន​ឲ្យ​ដឹង​ថា៖ «ការ​ចាប់​មេដឹកនាំ​គណបក្ស​ដាក់គុក​ជា​បន្ត​បន្ទាប់​នេះ វា​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​នេះ​ ដោយ​សារ​គណបក្ស​ទាំង​នោះ មិន​មាន​​មេដឹក​នាំ ប្រសិន​បើ​គ្មាន​មេដឹក​នាំ​ទេ ការ​សម្រេច​ធ្វើ​អ្វី​មួយ​វា​នឹង​ប្រព្រឹត្ត​ទៅ​មិន​បាន​រលូន​នោះ​ទេ​ហើយ​វាក៏​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​ដែរ ប៉ុន្ដែ​យ៉ាង​ណា យើង​មាន​តែ​ការ​រង់​ចាំមើល​តែ​ប៉ុណ្ណោះ»។

ទន្ទឹម​នឹង​នេះ​ដែរ​ សហរដ្ឋ​អាមេរិក​បាន​សម្ដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា​ ដែល​ជា​មេដឹកនាំ​គណបក្ស​ជំទាស់​ដ៏​គួរ​ឲ្យ​គោរព​ ដោយ​ចោទ​ពី​បទ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​មាន​និន្នា​ការ​នយោបាយ​និង​ការ​បិទ​សិទ្ធិ​សេរីភាព​ចំពោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ ​ដែល​មិន​ធ្លាប់​កើត​មាន​ពីមុន។

ដោយ​ឡែក​ សហភាព​អឺរ៉ុប​ក៏​បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន​ដែរ​ថា ដំណើរ​ការ​ប្រជាធិបតេយ្យ​ដែល​គួរ​ឲ្យ​ជឿ​ជាក់​បាន​ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​នៅ​ខែ​កក្កដា ឆ្នាំ​ ២០១៨ ខាង​មុខ ចាំ​បាច់​ត្រូវ​មាន​បរិយាកាស​ដែល​គ្មាន​ការ​ភ័យ​ខ្លាច គ្មាន​ការ​គំរាម​កំហែង​ ឬ​ការ​រឹត​ត្បិត​តាម​អំពើ​ចិត្ត។

ប្រមាណ​ជា​ ២ ​ខែ​ចុង​ក្រោយ​នេះ​មាន​មេដឹកនាំ​គណបក្ស​យ៉ាង​តិច​ ៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ហេតុ​ផល​ផ្សេងៗ​គ្នា ក្នុង​នោះ​មាន​លោក​ ញឹក​ ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក ​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s