ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​បាត់បង់​សិទ្ធិ​សេរីភាព​បន្ទាប់​ពី​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក កឹម សុខា

ប្រភព ៖ RFA

អ្នក​វិភាគ​សង្គម​យល់​ថា បញ្ហា​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ចោទ​ប្រកាន់​ថា​ក្បត់​ជាតិ​នោះ គឺ​ជា​ការ​ឲ្យ​ព្រួយ​បារម្ភ​ពី​ឥទ្ធិពល​ដែល​អាច​នឹង​ត្រូវ​គេ​យក​ទៅ​ប្រើ​លើ​ករណី​តូចតាច​ផ្សេង​ទៀត​នៅ​ក្នុង​សង្គម​នៅ​ពេល​ខាង​មុខ ធ្វើ​ឲ្យ​ច្របូកច្របល់។

ចំណែក​ពលរដ្ឋ​ខ្លះ​នៅ​ខេត្ត​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា វិញ ព្រួយ​បារម្ភ​ថា ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​កម្ពុជា ពេល​នេះ ធ្វើ​ឲ្យ​ពួក​គេ​ព្រួយ​បារម្ភ​ពី​ការ​រឹតត្បិត​សេរីភាព​ពលរដ្ឋ សិទ្ធិ​បញ្ចេញ​មតិ និង​សិទ្ធិ​ចូលរួម​ខាង​នយោបាយ ជាដើម។

ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ ព្រួយ​បារម្ភ​អំពី​សិទ្ធិ​នយោបាយ និង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ ដោយ​ថា​អាច​នឹង​ត្រូវ​រដ្ឋាភិបាល​រឹត​បន្តឹង​ឲ្យ​កាន់​តែ​ចង្អៀត​ថែម​ទៀត​នៅ​ពេល​ខាង​មុខ។

ការ​ព្រួយ​បារម្ភ និង​ភ័យ​ខ្លាច​នោះ កើត​មាន​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​ខាង​នយោបាយ​ដ៏​ប្រកៀក​ប្រកិត​ជាមួយ​នឹង​គណបក្ស​កាន់​អំណាច។

បុរស​ជនជាតិ​ដើម​ភាគតិច​កួយ ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ខ្លះ​ទៀត​នៅ​ឃុំ​រមទម ស្រុក​រវៀង នៃ​ខេត្ត​ព្រះវិហារ គឺ​លោក រស់ លីន។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣ ខែ​កញ្ញា ថា រូប​លោក​មាន​ការ​ព្រួយ​បារម្ភ​ជុំវិញ​សេរីភាព​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ បន្ទាប់​ពី​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក កឹម សុខា។ បុរស​ដដែល​អះអាង​ថា ការ​ដែល​រដ្ឋាភិបាល​ចាប់​ខ្លួន​លោក កឹម សុខា នេះ ជា​សញ្ញា​បំភ័យ​ដល់​អ្នក​គាំទ្រ​នយោបាយ​គណបក្ស​ប្រឆាំង ព្រម​ទាំង​ជា​ការ​គំរាម​កំហែង​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ជាមួយ​នឹង​ការ​ព្រួយ​បារម្ភ​ទៅ​ដល់​ដំណើរការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ផង៖ «យោបល់​របស់​ខ្ញុំ ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ប្រហែល​ជា​មិន​យុត្តិធម៌ ឬ​ក៏​ដំណើរការ​បាន​រលូន​ទេ ពីព្រោះ​មាន​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង​ដែល​ជា​គូ​ប្រកួត​ដ៏​ស្វិតស្វាញ​ទៅ​ហើយ»

ចំណែក​ជនជាតិ​ដើម​ភាគតិច​ម្នាក់​ទៀត​នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ លោកស្រី នួន ម៉ុន យល់​ថា លោក កឹម សុខា ហាក់​មិន​មាន​កំហុស​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ។ ស្ត្រី​ដដែល​យល់​ថា លោកស្រី​ក៏ដូចជា​អ្នក​ភូមិ​ជាច្រើន​ទៀត គឺ​ធ្លាប់​ជួប​លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ហើយ​លោក កឹម សុខា ក៏​បាន​ជួយ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដោយ​ស្មោះ​ត្រង់។ លោកស្រី នួន ម៉ុន យល់​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា អាច​ធ្វើ​ឲ្យ​ដំណើរការ​យុត្តិធម៌​នៅ​កម្ពុជា មាន​ការ​រាំង​ស្ទះ ហើយ​ពលរដ្ឋ​ដែល​កំពុង​ទាមទារ​រក​យុត្តិធម៌​រឿង​ជម្លោះ​ដីធ្លី អាច​នឹង​មាន​ការ​ភ័យ​ខ្លាច៖ «ការ​ចាប់​ខ្លួន​លោក កឹម សុខា ខ្ញុំ​គ្រប់​គ្នា​ក៏​ព្រួយ​បារម្ភ​ដែរ ពីព្រោះ​ពួក​ខ្ញុំ​ក៏​ជា​អ្នក​គាំទ្រ​គាត់ ដោយសារ​តែ​គណបក្ស​របស់​គាត់​ជួយ​ឲ្យ​មាន​សិទ្ធិ​សេរីភាព និង​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​យុត្តិធម៌»

ពលរដ្ឋ​នៅ​ខេត្ត​ខ្លះ​ទៀត​ក៏​មាន​មតិ​ប្រហាក់​ប្រហែល​គ្នា​នេះ។ អ្នក​ឃុំ​បេង ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ លោក កើត ម៉ាប់ មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ព័ត៌មាន​រឿង​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ហើយ​លោក​យល់​ថា​ការ​ចាប់​ខ្លួន​នេះ អាច​ជា​រឿង​គាប​សង្កត់​ខាង​នយោបាយ​ទៅ​លើ​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ដែល​ជា​អ្នក​គាំទ្រ​បក្ស​ប្រឆាំង៖ «ខ្លួន​ខ្ញុំ​ផ្ទាល់​មាន​ការ​បារម្ភ​ជាច្រើន។ ខ្ញុំ​យល់​ថា​ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ ហាក់​ដូចជា​គណបក្ស​កាន់​អំណាច​ចង់​បំបាក់​ស្មារតី​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ដែរ»

សមត្ថកិច្ច​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ម៉ោង​ជាង ១២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣ កញ្ញា ពាក់ព័ន្ធ​នឹង​វីដេអូ​ឃ្លីប​មាន​រយៈពេល​ជាង ១៣​នាទី ដោយ​គេ​ចោទ​ប្រកាន់​ថា​បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​បំផ្លាញ​សន្តិភាព និង​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​សង្គម​កម្ពុជា។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​បំផ្លាញ​សន្តិភាព ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ហើយ​និង​ការ​រស់នៅ​យ៉ាង​សុខដុមរមនា​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស។ លោក សុខ ឥសាន បញ្ជាក់​ថា មាន​ភស្តុតាង​ជាច្រើន​មិន​អាច​ប្រកែក​បាន​នៅ​ក្នុង​វីដេអូ​ឃ្លីប​ដែល​អាច​ចោទ​ប្រកាន់​អំពើ​របស់​លោក កឹម សុខា ទៅ​នឹង​ទោស​ឧក្រិដ្ឋ ដូចជា​លោក កឹម សុខា ទៅ​ជួល​អ្នក​ជំនាញ​ពី​សាកលវិទ្យាល័យ​វ៉ាស៊ីនតុន (Washington) សហរដ្ឋ​អាមេរិក និង​ពី​សាកលវិទ្យាល័យ​ម៉ុងត្រេអាល់ (Montreal) ប្រទេស​កាណាដា ឲ្យ​ផ្ដល់​បច្ចេកទេស​ក្នុង​ការ​បំផ្លាញ​សង្គម​ខ្មែរ។ មន្ត្រី​ដដែល​យល់​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា មេ​បក្ស​ប្រឆាំង​ពេល​នេះ មិន​អាច​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨ ខាង​មុខ​ឡើយ៖ «ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល បាន​ចាត់​ទុក​ថា​នេះ​ជា​ទង្វើ​ឧក្រិដ្ឋ​របស់​លោក កឹម សុខា ដែល​ឃុបឃិត​ជាមួយ​បរទេស»

លោក សុខ ឥសាន អះអាង​ថា ក្នុង​ការ​ជួប​សន្ទនា​របស់​លោក​នៅ​តាម​វិទ្យុ​នា​ថ្ងៃ​អាទិត្យ រយៈពេល ២​ម៉ោង ឃើញ​ថា​ពលរដ្ឋ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​បាន​គាំទ្រ​រដ្ឋាភិបាល​ដែល​ចាប់​ខ្លួន​លោក កឹម សុខា បាន​ទាន់​ពេលវេលា។

អ្នក​វិភាគ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ពាក្យ​ថា​ក្បត់​ជាតិ​ដែល​រដ្ឋាភិបាល​ខ្មែរ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ធ្លាប់​ប្រើ​ដើម្បី​បំបែក​អ្នក​ប្រឆាំង​នោះ ត្រូវ​បាន​រដ្ឋាភិបាល​បច្ចុប្បន្ន​យក​មក​ប្រើ​ម្ដង​ទៀត​ហើយ។ លោក​យល់​ថា កាល​ពី​អំឡុង​ឆ្នាំ​១៩៦០ ពាក្យ​ថា​ក្បត់​ជាតិ​នេះ លោក​មិន​ដែល​ឃើញ​មាន​ការ​ផ្ដល់​និយមន័យ​ច្បាស់លាស់​យ៉ាង​ណា​ឡើយ ប៉ុន្តែ​កាលណោះ អ្នក​ណា​ក៏ដោយ​ឲ្យ​តែ​ប្រឆាំង គឺ​ត្រូវ​បាន​ចោទ​ថា​ជា​អ្នក​ក្បត់​ជាតិ បណ្ដាល​ឲ្យ​ខ្លះ​រត់​ចោល​ស្រុក និង​ខ្លះ​ត្រូវ​ចាប់​ខ្លួន។ លោក​បណ្ឌិត មាស នី ព្រួយ​បារម្ភ​ថា ពាក្យ​ក្បត់​ជាតិ​នេះ​អាច​នឹង​ត្រូវ​គេ​យក​មក​ប្រើ​លើ​ករណី​តូចតាច​ផ្សេង​ទៀត​នៅ​ក្នុង​សង្គម​នៅ​ពេល​ខាង​មុខ ធ្វើ​ឲ្យ​ច្របូកច្របល់។

លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា លោក​មិន​សូវ​ដឹង​រឿង​របស់​លោក កឹម សុខា ច្បាស់លាស់​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក៏​លោក​គិត​ថា​ការ​ចាប់​ខ្លួន​លោក កឹម សុខា ពេល​នេះ គឺ​វា​អាច​ជា​ការ​បំបាក់​ដៃគូ​ប្រកួត​ប្រជែង​ខាង​នយោបាយ នៅ​ពេល​ដែល​ការ​រត់​ប្រណាំង​ប្រកៀក​ប្រកិត​គ្នា​ទៅ​ហើយ​នោះ៖ «ស្ថានភាព​នយោបាយ​បច្ចុប្បន្ន គឺ​អ្នក​ឈ្នះ​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ភ័យ​ខ្លាច​ដៃគូ​ប្រជែង​រត់​ទាន់»

នៅ​ថ្ងៃ​អាទិត្យ ទី​៣ ខែ​កញ្ញា គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដោយ​ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា នេះ។ គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក កឹម សុខា គឺ​ជា​ការ​គំរាម​ខាង​នយោបាយ ដោយ​បំពាន​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា ផង៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s