ពន្ធដារ​ចេញ​លិខិត​ហាម​ដេលី​ ២ ​នាក់​មិន​ឲ្យ​ចេញ​ពី​កម្ពុជា

ប្រភព ៖ ភ្នំពេញបុស្តិ៍

អគ្គនាយកដ្ឋាន​ពន្ធដារ​កាលពី​ម្សិលមិញ​បាន​ស្នើ​ឲ្យ​ប៉ូលិស​អន្តោប្រវេសន៍​សហការ​ខ្ពស់​ក្នុង​ការ​រារាំង​អ្នក​គ្រប់គ្រង​កាសែត ខេមបូឌា ដេលី ២ ​រូប មិន​ឲ្យ​ចេញ​ពី​កម្ពុជា​មុន​ពេល​ពួកគេ​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ដែល​មាន​ទឹកប្រាក់​ជាង​ ៦ ​លាន​ដុល្លារ​។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​ ៤ របស់​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​បាន​ផ្ញើ​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ស្នើ​​ឲ្យ​សមត្ថកិច្ច​ទប់ស្កាត់​ការ​​ចាកចេញ​ពី​កម្ពុជា​របស់​លោកស្រី Deborath Krisher Steele អភិបាល​នៃ​សហគ្រាស ប៊ែណាត គ្រីសឺ ជីម៉ូស្ស ឯក. និង​លោក Douglas Eric Steele អ្នក​ចាត់ការ​ទូទៅ​របស់​កាសែត​នេះ​។

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​សរសេរ​ថា​ការ​ហាមឃាត់​ការ​ចាកចេញ​នេះ​គឺ​ «​ដើម្បី​ដាក់​បន្ទុក​ក្នុង​ការ​ជំរុញ​ឲ្យ​បុគ្គល​ទាំង​ ២ ​រូប​នេះ​មក​ធ្វើការ​ទូទាត់​បំណុល​ពន្ធ​ជូន​រដ្ឋ​ជា​មុន​សិន ចៀសវាង​ហានិភ័យ​នៃ​ការ​បាត់បង់​ចំណូល​ពន្ធដារ​ជា​យថាហេតុ​»​។

ភ្ជាប់​មក​ជាមួយ​លិខិត​ស្នើសុំ​នេះ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​របស់​លោកស្រី Deborath និង លោក Douglas និង​លិខិត​ឆ្លងដែន​របស់​ពួកគាត់​ផង​ដែរ​។

ភ្នំពេញ​ប៉ុស្តិ៍​ព្យាយាម​ទាក់ទង​លោក គង់ វិបុល ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម ប៉ុន្តែ​លោក​មិន​ឆ្លើយតប ខណៈ​លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បដិសេធ​អត្ថាធិប្បាយ​ដោយ​និយាយ​យ៉ាង​ខ្លី​ថា​៖ «​អ្នក​ឯង​សួរ​ឲ្យ ខេមបូឌា ដេលី​» រួច​ក៏​បិទ​ទូរស័ព្ទ​។ ប៉ុន្តែ​មន្ត្រី​ប៉ូលិស​ម្នាក់​​ប្រចាំ​ការ​នៅ​ច្រក​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​ដោយ​សុំ​មិន​​បញ្ចេញ​ឈ្មោះ​ថា​លោក​បាន​ទទួល​លិខិត​សុំ​ទប់ស្កាត់​ការ​ចាកចេញ​នេះ​ហើយ​កាលពី​ម្សិលមិញ​។

យោង​តាម​គេហទំព័រ​របស់​ក្រសួង​ពាណិជ្ជកម្ម លោកស្រី Deborath និង លោក Douglas គឺជា​ប្រធាន​សហគ្រាស ប៊ែណាត គ្រីសឺ ជីម៉ូស្ស ឯក។

ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ចុងក្រោយ​នេះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ពលរដ្ឋ​ជាច្រើន​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​បិទទ្វារ​របស់​កាសែត​ដែល​ហ៊ាន​និយាយ​រិះគន់​មិន​លាក់លៀម​មួយ​នេះ​។

ចំណែក​នៅ​តាម​តូប​លក់​កាសែត​ទូទាំង​រាជធានី​ភ្នំពេញ​វិញ ច្បាប់​ចេញ​ផ្សាយ​ចុង​ក្រោយ​របស់​ ខេមបូឌា ដេលី នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ​ត្រូវ​បាន​លក់​ដាច់​អស់​តាំងពី​ព្រឹក​ព្រលឹម​។

លោកស្រី Deborath និង លោក Douglas មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក មឿន ឈានណារិទ្ធ នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​ព័ត៌មាន​បាន​សម្តែង​ការ​សោកស្តាយ​ដែល​កាសែត​ឯករាជ្យ​មាន​ប្រវត្តិ​ជាង​ ២៤ ​ឆ្នាំ​នៅ​កម្ពុជា​ត្រូវ​បិទ​ទ្វារ​ដោយសារ​បញ្ហា​ពន្ធដារ​នេះ​។

លោក​ថ្លែង​ថា​៖ «​យើង​មាន​ការ​សោកស្តាយ​ដែល​កាសែត​នេះ​បិទ​ទ្វារ​ព្រោះ​កន្លង​មក​កាសែត​នេះ​មិន​ត្រឹម​តែ​បាន​រាយការណ៍​ព័ត៌មាន​ជូន​សារធារណជន​អំពី​បញ្ហា​ក្នុង​សង្គម អំពី​ព្រឹត្តិការណ៍​នានា​ទេ តែ​កាសែត​នេះ​បាន​ធ្វើ​ជា​ភ្នែក​ជា​​ច្រមុះ​ជា​ត្រចៀក​ជូន​ដល់​រដ្ឋាភិបាល​ដើម្បី​តាមដាន​មើល​ក្រែងលោ​មាន​ស្ថាប័ន​រដ្ឋាភិបាល​ណា​មួយ ឬ​មន្ត្រី​ណា​មួយ​ធ្វើ​អ្វី​ដែល​ខុស​ឆ្គង​»​។ «​កាសែត ខេមបូឌា ដេលី ប្រៀប​ដូចជា​រាមច្បង​ជួរ​មុខ​ក្នុង​ការ​​បំពេញ​វិជ្ជាជីវៈ​ក្នុង​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​»​។

កាលពី​ម្សិលមិញ​ដែរ ក្លិប​អ្នក​កាសែត​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយ​អំពាវនាវ​ឲ្យ​អ្នក​សារព័ត៌មាន​ធ្វើការ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ក្រម​សីលធម៌ ហើយ​អង្គការ​សារព័ត៌មាន​នេះ​បាន​សុំ​អំពាវនាវ​ដល់​ម្ចាស់​កាសែត ខេមបូឌាដេលី គួរ​រក​វិធី​សម្របសម្រួល​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ដើម្បី​រក​ដំណោះស្រាយ​សមស្រប​មួយ​ដែល​អាច​អនុញ្ញាត​ឲ្យ​កាសែត​នេះ​​ដំណើរការ​ឡើង​វិញ​បាន​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s