បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេឃុំ​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​បដិសេធ

ប្រភព ៖ ភ្នំពេញបុស្តិ៍

តុលាការ​កំពូល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​សាលដីកា​ច្រានចោល​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេឃុំ​ជាប់​ឆ្នោត​ពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ចៅ ​វាសនា ជា​ចៅសង្កាត់​ប៉ោយប៉ែត បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃ​ទី​ ២៨ ​សីហា ពាក់ព័ន្ធ​បទ​ចោទ​ចូលរួម​បាតុកម្ម​របស់​ក្រុម​​កម្មករ​អូស​រទេះ​នៅ​ក្រុង​ប៉ោយប៉ែត​កាលពី​ឆ្នាំ ២០១៥​។

សាលដីកា​កំបាំង​មុខ​ជន​ត្រូវ​ចោទ​ពី​ម្សិលមិញ​លោក​ចៅក្រម ឃឹម ប៉ុណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​ថ្លែង​ថា​៖ «​ជន​ត្រូវ​ចោទ​ឈ្មោះ​ ចៅ​ វាសនា ​ដែល​តុលាការ​កំពូល​បាន​បើក​សវនាការ​ និង​ក្រោយ​ពី​បាន​ស្តាប់​ការ​សន្និដ្ឋាន​ពី​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជន​ត្រូវ​ចោទ​ និង​ស្តាប់​​ការ​សន្និដ្ឋាន​របស់​តំណាង​មហាអយ្យការ​មក​តុលាការ​សម្រេច​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​នៅ​ដដែល​»​។

តាម​អង្គហេតុ​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​គឺ​កាលពី​ថ្ងៃ​ទី​ ២៥ ខែ​ឧសភា ឆ្នាំ ២០១៥ មាន​ក្រុម​កម្មករ​អូស​រទេះ​ប្រមាណ​ជិត ២០០ នាក់​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ប៉ោយប៉ែត បញ្ឈប់​ការ​យក​ពន្ធ​ខ្ពស់​លើ​ការ​ដឹក​ទំនិញ​ចេញ-ចូល​តាម​រទេះ​។

ការ​តវ៉ា​នោះ​បង្ក​ឲ្យ​មាន​ហិង្សា​រវាង​ក្រុម​កម្មករ​អូស​រទេះ​ និង​សមត្ថកិច្ច​ដែល​បណ្ដាល​ឲ្យ​ខូច​រថយន្ត​របស់​គយ​ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត​ចំនួន​ ៧ ​គ្រឿង​ព្រម​ទាំង​កញ្ចក់ របង ទ្វារ បង្អួច​នៃ​ទីស្នាក់ការ​គយ​ខូចខាត​មួយ​ចំនួន​ទៀត​។ ក៏​ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​ឃាត់​ខ្លួន​លោក ចៅ វាសនា ភ្លាមៗ​ទេ​រហូត​ ២ ​ឆ្នាំ​ក្រោយ​ទើប​ឃាត់​ខ្លួន​លោក​។

ទោះបី​យ៉ាង​ណា​កាលពី​ថ្ងៃ​ជំនុំជម្រះ​លោក​មេធាវី​ ជូង ជូងី ការពារ​សិទ្ធិ​ឲ្យ​លោក​ ចៅ វាសនា បាន​លើក​ឡើង​ថា​លោក ចៅ វាសនា ចូលរួម​ក្នុង​នាម​ជា​អាជ្ញាធរ​ប៉ុណ្ណោះ​ព្រោះ​កាល​ណោះ​គាត់​ជា​ចៅសង្កាត់​រង​ទី​ ២ ​ក្រុង​ប៉ោយប៉ែត​។

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​ក្រុម​គ្រួសារ​លោក ចៅ វាសនា ​បាន​ទេ​ពី​ម្សិលមិញ ប៉ុន្តែ​លោក​ ឆាត វិជ្ជា ​ជា​ជំនួយការ​របស់​លោក​ ចៅ វាសនា ​ប្រាប់​ពី​ម្សិលមិញ​ថា​ការ​សម្រេច​តម្កល់​សាលដីកា​មិន​ឲ្យ​លោក​ ចៅ វាសនា បាន​នៅ​ក្រៅ​ឃុំ​នេះ​គឺ​មិន​សម​ហេតុផល​ទេ​។

លោក​ថា​៖ «​នៅ​ថ្ងៃ​បាតុកម្ម​នោះ​រឿង​វា​បាន​កើត​ឡើង​ហើយ ហើយ​គាត់​ទៅ​គ្រាន់តែ​តាមដាន និង​អង្កេត​ក្នុង​នាម​ជា​អាជ្ញាធរ​ប៉ុណ្ណោះ​ដោយសារ​តែ​គាត់​ទទួល​បន្ទុក​ក្នុង​រឿង​នោះ​ហើយ​គាត់​ទៅ​ក្នុង​ម៉ោង​រដ្ឋបាល​របស់​គាត់​។ ការ​ដែល​តុលាការ​មិន​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​នេះ​មិន​សម​ហេតុផល​ច្បាស់លាស់​ទេ ព្រោះ​គាត់​មាន​ជំងឺ​ក្រួស​ក្នុង​ថង់​ប្រមាត់​ខ្វះ​កាល់ស្យូម​។ ​ម្យ៉ាង​គាត់​ជាប់​ជា​ចៅសង្កាត់​ត្រូវ​បម្រើ​ពលរដ្ឋ​ផង​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s