កងអង្គរក្ស​ បង្ហាញ​សាច់​ដុំ​ក្នុង​ខួប​ ៩ ឆ្នាំ ដើម្បី​ការពារ​លោក ហ៊ុន សែន

ប្រភព ៖​ ភ្នំពេញបុស្តិ៍

កង​អង្គ​រក្ស​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រារព្ធ​ខួប​ទី ៩ នៃ​ការ​បង្កើត​អគ្គបញ្ជា​ការដ្ឋាន​អង្គរក្ស​កាល​ពី​ម្សិល​មិញ ​ដោយ​មេដឹក​នាំ​​នៃ​អង្គភាព​នេះ បាន​សរសើរ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ​សែន នៅ​ចំពោះ​មុខ​​កង​​ប្រដាប់​អាវុធ​ដែល​បំពាក់​ដោយ​អាវុធ រថក្រោះ ​បេអឹម រថពាស​​ដែក ហើយ​ក៏​បាន​ព្រមាន​ផង​ដែរ​ទៅ​គណបក្ស​ប្រឆាំង​ចំពោះ​ការ​តវ៉ា​​និង​បាតុកម្ម​ផ្សេងៗ ដែល​​បំពាន​ច្បាប់ កង​កម្លាំង​អង្គរក្ស​នឹង​​ចូល​រួម​ទប់​ស្កាត់​ដើម្បី​រក្សា​សណ្តាប់ធ្នាប់។

ថ្លែង​នៅ​ទី​ស្នាក់​ការ​នៃ​អង្គភាព​នេះ​នៅ​ តាខ្មៅ ជិត​ផ្ទះ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មេបញ្ជាការ​​កង​អង្គ​រក្ស លោក ហ៊ីង ប៊ុនហៀង បាន​ឆ្លៀត​ឱកាស​នេះ​ថ្លែង​ដោយ​ផ្ទាល់​ទៅ​គណបក្ស​សង្គ្រោះជាតិ មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ថ្កោល​ទោស​​ពី​មជ្ឈដ្ឋាន​ជាច្រើន ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​នេះ ពី​ «បទ​ក្បត់​ជាតិ»។

លោក ប៊ុនហៀង បាន​ថ្លែង​ថា៖ «ពេល​ដែល​យើង​ធ្វើ​ខួប​អនុស្សាវរីយ៍ ​យើង​ត្រូវ​តែ​បង្ហាញ​អាវុធ​និង​សម្ភារ​របស់​យើង… គឺ​ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់​ធ្នាប់​និង​បង្ហាញ​ភាព​មាំមួន​និង​សាមគ្គី​ភាព។ អង្គភាព​នេះ​​មាន​កាតព្វ​កិច្ច​ការ​ពារ​ជាតិ មាតុភូមិ​របស់​យើង និង​សន្តិសុខ​សម្រាប់​សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត និង​គ្រួសារ ពិសេស គឺជា​កង​កម្លាំង​សេនា​ផ្ទាល់​សម្រាប់​គណៈបញ្ជាការ​រាជធានី​ភ្នំពេញ​និង​ចល័ត​កង​ទ័ព​ទៅ​គ្រប់​កន្លែង​ទូទាំង​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​មាន​សភាព​ការណ៍​ជាក់​ស្តែង​ចាំ​បាច់»។

បង្វែរ​ទៅ​គណបក្ស​ប្រឆាំង​វិញ លោក ប៊ុនហៀង ក៏​បាន​អួត​ផង​ដែរ​អំពី​ចំនួន​រថក្រោះ​ដែល​អង្គភាព​នេះ​មាន។

លោក​បាន​ថ្លែង​ថា៖ «អ្នក​និ​យាយ​ខុស​ហើយ គណបក្ស​ប្រឆាំង មាន​រថក្រោះ​ចំនួន ១០០ មិន​មែន ៥០ ទេ»។

លោក ឃួង ស្រេង អភិបាល​សាលា​រាជធានី​ភ្នំពេញ ក៏​បាន​​ប្រើ​ព្រឹត្តិការណ៍​នេះ​ចោទ​សួរ​ទៅ​គណបក្ស​ប្រ​ឆាំង​ផងដែរ។

លោក ស្រេង បាន​ថ្លែង​បន្ត​ថា៖ «មាន​តែ​សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន ប៉ុណ្ណោះ​ដែល​មាន​ឆន្ទៈ និង​ស្រឡាញ់​សន្តិភាព… ​សូម​បង​ប្អូន​មើល​វីរភាព​របស់​សម្តេច​ឲ្យ​ច្បាស់​ ហើយ​កុំ​ជឿ​ការ​ញុះ​ញង់​ពី​បរទេស​និង​អ្នក​ដែល​មាន​ចេតនា​អាក្រក់ តើ​ពួកគេ​​ធ្លាប់​ជួយ​អ្វី​ខ្លះ​ដល់​ប្រទេស?លោក​ ​កឹម សុខា​ ស័ក្តិសម​នឹង​ចាប់​ខ្លួន ហើយ​បាន​ព្រមាន​ទៅ​កង​ប្រដាប់​អាវុធ​មិន​ឲ្យ​ស្តាប់​ការ​កុហក​របស់​អ្នក​ទាំង​នោះ​ដែល​តាំង​ខ្លួន​ឯង​ជា​បីតា​ប្រជាធិបតេយ្យ​​ក្នុង​ប្រទេស​កម្ពុជា»។

លោក ប៊ុនហៀង បាន​ថ្លែង​ថា​ នៅ​ពេល​មាន​បញ្ហា​ដូច​ជា​ ការ​តវ៉ា ឬ​កូដកម្ម​ទាម​ទារ​អ្វី​មួយ​ដែល​ផ្ទុយ​នឹង​ប្រជាធិបតេយ្យ​ឬ​បំពាន​ច្បាប់​..​.​ ​កម្លាំង​នេះ​នឹង​​សហការ​ជាមួយ​កង​រាជ​អាវុធហត្ថ និង​នគរបាល​ជាតិ​ដើម្បី​រក្សា​សន្តិសុខ។

អ្នក​នាំ​ពាក្យ​​​គណ​បក្ស​សង្គ្រោះ​ជាតិ​​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិល​មិញ​ជុំវិញ​បញ្ហា​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​បែប​គំរាម​កំហែង​ដែល​ចេញ​អំពី​ខួប​នៃ​​កង​អង្គរក្ស​នេះ។

អនុ​ប្រធាន​គណបក្ស​នេះ លោក​ស្រី​ មូរ​ សុខ​ហួរ បាន​ថ្លែង​​មុន​ការ​រៀប​ចំ​ពិធី​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​រៀប​ចំ​ឬ​ចូល​រួម​នៅ​ក្នុង​ការ​តវ៉ា​ណា​មួយ​ទេ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s