កាសែត ខេមបូឌា ដេលី បិទ​ទ្វារ​បន្ទាប់​ពី​ដំណើរការ​រយៈពេល​២៤​ឆ្នាំ

ប្រភព ៖ RFA

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែល​ជា​សារព័ត៌មាន​ឯករាជ្យ ឈប់​ដំណើរការ​នៅ​ថ្ងៃ​ទី​៤ កញ្ញា បន្ទាប់​ពី​ខ្លួន​បាន​ដំណើរការ​ចំនួន ២៤​ឆ្នាំ និង ១៥​ថ្ងៃ​នៅ​ប្រទេស​កម្ពុជា ក្រោយ​ពី​មិន​មាន​ដំណោះស្រាយ​ស្ដីពី​រឿង​ពន្ធ​តម្លៃ ២៥​ពាន់​លាន​រៀល ឬ​ជាង ៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​កាសែត​នេះ​អះអាង​ថា ជា​គំនាប​ផ្នែក​នយោបាយ។ ការ​អះអាង​នេះ ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ។ ចំណែក​អ្នក​វិភាគ​យល់​ថា ការ​ឈប់​ផ្សាយ​នេះ គឺ​ទាក់ទង​នឹង​រឿង​បោះឆ្នោត​ឆ្នាំ​២០១៨។

អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់​ថា ទោះ​បី​ជា​កាសែត ខេមបូឌា ដេលី បិទ​ក៏ដោយ កាសែត​នេះ​ត្រូវ​តែ​សង​បំណុល​ពន្ធ។

នៅ​ថ្ងៃ​ទី​៤ កញ្ញា អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ស្នើ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឲ្យ​ទប់ស្កាត់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ទទួល​ខុស​ត្រូវ​កាសែត​នេះ​ចាកចេញ​ពី​ប្រទេស​កម្ពុជា ដើម្បី​ដាក់​បន្ទុក​ឲ្យ​ពួក​គេ​បង់​ពន្ធ ជៀសវាង​ការ​បាត់បង់​ប្រាក់​ចំណូល​រដ្ឋ។

ត្រឹម​ម៉ោង​ផ្សាយ អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​គ្រប់គ្រង​កាសែត ខេមបូឌា ដេលី ដើម្បី​សុំ​ការ​ឆ្លើយតប​ចំពោះ​ចំណាត់ការ​នេះ​នៅ​ឡើយ។

កាសែត​ផ្សាយ​ជា​ភាសា​អង់គ្លេស និង​ដំណឹង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ បាន​បញ្ចប់​ការ​ផ្សាយ​របស់​ខ្លួន​ដោយ​អត្ថបទ​គម្រប​មុខ ស្ដីពី​ការ​ព្រមាន​របស់​អ្នក​តាមដាន​ពី​ការ​ធ្លាក់​ចូល​ស្ថានភាព​ផ្ដាច់ការ​គ្មាន​កាល​កំណត់​នៅ​កម្ពុជា បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ខណៈ​ការ​បោះឆ្នោត​សកល​មក​ដល់​នៅ​ឆ្នាំ​ក្រោយ។

កាសែត ខេមបូឌា ដេលី បោះពុម្ព​ផ្សាយ​ចំនួន ៣ ទៅ ៤​ពាន់​ច្បាប់​ជា​រៀង​រាល់​ថ្ងៃ ហើយ​មាន​អត្ថបទ​ស្ដីពី​បញ្ហា​ពុក​រលួយ ការ​កាប់ និង​ជួញដូរ​ព្រៃ​ខុស​ច្បាប់ ការ​តវ៉ា​ដីធ្លី និង​រឿង​នយោបាយ​ជ្រាលជ្រៅ។ ប្រធានបទ​ទាំងនេះ​ពិបាក​រក​នៅ​លើ​ទូរទស្សន៍ និង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ស្រុក​ដទៃ​ទៀត។ កាសែត​នេះ ប្រកាស​បិទ​ដំណើរការ​ដោយ​ខ្លួន​ឯង​រយៈពេល​មួយ​ខែ​គត់ បន្ទាប់​ពី​រដ្ឋាភិបាល​ដាក់​ឱសានវាទ​ឲ្យ​បង់​ពន្ធ​ចំនួន ៦,៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដោយ​អគ្គនាយកដ្ឋាន​ពន្ធដារ​ចោទ​ថា កាសែត​នេះ​គេច​មិន​បង់​ពន្ធ​ជាច្រើន​ឆ្នាំ​មក​ហើយ សូម្បី​តែ ១​រៀល ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទ​ប្រកាន់​បណ្ណាធិការ​កាសែត​នេះ​ថា​ជា «មេ​ចោរ»។ លោក​បាន​បញ្ជាក់​ថា ប្រសិន​បើ​កាសែត​នេះ​មិន​ព្រម​បង់​ពន្ធ​ទេ នឹង​ត្រូវ​វេច​បង្វេច​ចាកចេញ។

ទោះ​បី​ជា​យ៉ាង​ណា ម្ចាស់​កាសែត ខេមបូឌា ដេលី អ្នកស្រី ដេបូរ៉ា គ្រីស័រស្ទៀល (Deborah Krisher-Steele) បាន​ថ្លែង​ថា អំណាច​ពន្ធ គឺ​ជា​អំណាច​ដែល​មាន​ចេតនា​បំផ្លាញ។ អ្នកស្រី​ថា កាសែត​នេះ​ត្រូវ​បាន​ចាត់ការ​ដោយសារ​ការ​កំណត់​ថ្លៃ​ពន្ធ​ខ្ពស់​កប់​ពពក ការ​បែក​ធ្លាយ​តាម​បណ្ដាញ​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល និង​សេចក្តី​ថ្លែងការណ៍​មិន​ពិត​ដោយ​នាយកដ្ឋាន​ពន្ធដារ និង​ការ​និយាយ​មួលបង្កាច់​ជា​សាធារណៈ​ដោយ​ប្រមុខ​រដ្ឋាភិបាល​មុន​ពេល​សវនកម្ម ដែល​វា​ខុស​ឆ្ងាយ​ពី​ដំណើរការ​ស្រប​ច្បាប់។

ស្ថាបនិក​កាសែត ឌឹ ខេមបូឌា ដេលី លោក បឺនី គ្រីស័រ (Bernie Krisher) គូស​បញ្ជាក់​ថា លោក​បាន​ដំណើរការ​កាសែត​នេះ​ដោយ​ស្រប​ច្បាប់ ហើយ​នឹង​អនុញ្ញាត​តុលាការ​កម្ពុជា កាត់​ទោស​លោក ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​មាន​ទោស។

និពន្ធ​នាយក​កាសែត ខេមបូឌា ដេលី អ្នកស្រី ចូឌី ដឺជុង (Jodie DeJonge) ព្រួយ​បារម្ភ​ថា ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨ នឹង​ត្រូវ​ធ្វើ​ក្នុង​ភាព​ងងឹត ហើយ​រដ្ឋាភិបាល​នឹង​ប្រើ​អំណាច​ដែល​មាន​ទាំង​ប៉ុន្មាន ដើម្បី​គាស់​អ្នក​ប្រឆាំង និង​បិទ​មាត់​អ្នក​ដែល​អាច​មាន​ការ​យល់​ឃើញ​ផ្សេង​ពី​រដ្ឋាភិបាល៖ «ខ្ញុំ​យល់​ថា​កាសែត ដេលី មិន​សូវ​ត្រូវ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​គាត់​ក៏​ក្រពុល​មុខ​ជាមួយ​យើង​មិន​តិច​ពេល​ដែរ»

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ច្រាន​ចោល​ការ​លើក​ឡើង​របស់​កាសែត ខេមបូឌា ដេលី ដែល​ថា​នេះ​ជា​យុទ្ធនាការ​របស់​រដ្ឋាភិបាល​បំបិទ​សំឡេង​មតិ​រិះគន់។ លោក​ហៅ​កាសែត​នេះ​ថា​ជា​ក្រុម​ឧទ្ទាម និង​ញុះញង់​ធ្វើ​ឲ្យ​កម្ពុជា ឈ្លោះ​គ្នា៖ «»។

ដោយឡែក​លោក​បណ្ឌិត មាស នី អ្នក​វិភាគ​នយោបាយ យល់​ថា នេះ​ជា​ការ​បិទ​សំឡេង​ឯករាជ្យ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ឮ៖ «»។

កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា វិទ្យុ​អេហ្វ.អិម (FM) មួយ​ចំនួន​ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​ដែល​ផ្តល់​ជំនួយ​ដោយ​សហរដ្ឋ​អាមេរិក វីអូអេ (VOA) និង​អាស៊ីសេរី (RFA) ឈប់​ចាក់​កម្មវិធី​ព័ត៌មាន បន្ទាប់​ពី​ទទួល​បាន​បញ្ជា​ពី​ក្រសួង​ព័ត៌មាន។ បទបញ្ជា​នេះ កើត​ឡើង​មុន​ពេល​មាន​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s