សង្គ្រោះជាតិ ​មិន​តែង​តាំង​ប្រធាន​ថ្មី​ទេ​ ខណៈ UN សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​

ប្រភព ៖ ភ្នំពេញបុស្តិ៍

គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​​មិន​ធ្វើ​ការ​តែង​តាំង​ប្រធាន​ថ្មី ជំនួស​​លោក កឹម សុខា នោះ​ទេ ខណៈ​ដែល​​អង្គការ​សហប្រជាជាតិ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ការ​ឆ្មក់​ចូល​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង ទាំង​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​​ទី​៣ ខែកញ្ញា ហើយ​បាន​បញ្ជូន​យក​ទៅ​ឃុំ​ខ្លួន​ភ្លាម​ៗ នៅ​ឯ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ ត្បូងឃ្មុំ ​ចោទ​ពី​បទ​ «ក្បត់​ជាតិ»។

ក្នុង​អំឡុង​បទ​សម្ភាស​​កាល​ពី​ម្សិល​មិញ​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខហួរ ​បាន​ថ្លែង​ថា ការ​តែងតាំង​ប្រធាន​ថ្មី​​ នឹង​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ក្លាយ​ជា​​ «អ្នក​សម​គំនិត ចំពោះ​ការ​បំផ្លាញ​​ប្រជាធិបតេយ្យ»។

កាល​ពី​ខែ​​កុម្ភៈ​សភា​ជាតិ បាន​អនុម័ត​​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដ៏​ចម្រូង​ចម្រាស​ដែល​ហាម​​គណបក្ស​នយោបាយ ​មិន​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ទណ្ឌិត។

លិខិត​របស់​អ្នក​អាន​មួយ​​ច្បាប់ ដែល​សរសេរ​ទៅ​សារ​ព័ត៌មាន Fresh News ​ដែល​ជា​សារព័ត៌​មាន​​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ម្សិល​មិញ ទំនង​ជា​ផ្តល់​នូវ​​ជម្រើស​មួយ​ដល់​គណបក្ស​ប្រឆាំង​ ដោយ​ជំរុញ​ឲ្យ​លោក កឹម សុខា ចុះ​ចេញ​ពី​តំណែង​ប្រធាន ​ហើយ​ឲ្យ​អនុ​ប្រធាន លោក ប៉ុល ហំម ឡើង​​កាន់​តំណែង​​ជំនួស។

អត្ថបទ​ដែល​ទំនង​ជា​ការ​ណែនាំ​​នេះ ​បាន​រំឭក​​ថា ​ទាំង​អតីត​មេដឹកនាំ​គណបក្ស​​​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ​និង​ អតីត​មេដឹក​នាំ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ ​លោក ញឹក ប៊ុនឆៃ បាន​ចុះ​ចេញ​ពី​តំណែង​ដើម្បី​សង្គ្រោះ​គណបក្ស​​របស់​ខ្លួន។

លិខិត​នេះ​បន្ត​ថា​៖ «បើ​សូម្បី​​គាត់​មិន​មាន​ឆន្ទៈ​​បូជា​ ​លោក កឹម សុខា នឹង​បាត់បង់​​តំណែង​ប្រធាន​​គណបក្ស​​ដោយ​ស្វ័យ​ប្រវត្តិ​ដោយសារ​…​​វា​នឹង​មិន​មែន​ជា​គណបក្ស​»។

អត្ថបទ​នេះ​​ បាន​ផ្តល់​យោបល់​ឲ្យ​លោក ប៉ុល​ ហំម​ ​ធ្វើ​ជា​ប្រធាន​ថ្មី​ ដោយ​ព្រមាន​ថា ​ការ​តវ៉ា ​​ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ​នឹង​នាំ​ឲ្យ​មាន​ការ​​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

ទោះយ៉ាង​ណា​ក្តី លោកស្រី មូរ សុខ​ហួរ ​បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​តវ៉ា​ ហើយ​ក៏​មិន​តែង​តាំង​ប្រធាន​ថ្មី​ដែរ​។

លោក​ស្រី​បាន​ថ្លែង​ថា​៖ «យើង​ទាម​ទារ​​ឲ្យមាន​ការ​ដោះលែង​លោក កឹម សុខា ដោយ គ្មាន​លក្ខខណ្ឌ»។

លោក កឹម សុខា ចាប់​តាំង​ពី​ពេល​នោះ​មក ត្រូវ​បាន​បញ្ជូន​ទៅ​​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ ត្បូងឃ្មុំ។ ភរិយា​របស់​លោក និង​ក្រុម​មេធាវី​ ៥ រូប បាន​ទៅ​ចូលជួប​លោក​កឹម សុខា កាល​ពី​ម្សិលមិញ។

ក្រុម​មេធាវី​របស់​លោក សុខា ត្រូវបាន​អនុញ្ញាត​ឲ្យ​ជួប​លោក រយៈពេល​ ១០ នាទី និង​បាន​អម​លោក​ក្នុង​អំឡុង​ការ​សាក​សួរ​​រយៈពេល​បួន​ម៉ោង ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​លោក កឹម សុខា។

លោក សំ សុគង់ មេធាវី​ម្នាក់​ក្នុង​ចំណោម​មេធាវី​ទាំង​នោះ​ថ្លែង​ថា៖ «គាត់​ឈឺ​មុន​ពេល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​គាត់ ហើយ​គាត់​ត្រូវ​ការ​ថ្នាំ»។

លោក បន្ត​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ហើយ​លោក​​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ អំពី​ការ​សួរ​ចម្លើយ​លោក កឹម សុខា។

បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ ៧ ​ម៉ោង ភរិយា​របស់​លោក កឹម សុខា ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​សួរ​សុខទុក្ខ​លោក​នៅ​វេលា​ម៉ោង​​ប្រមាណ​ ៦ ​ល្ងាច ប៉ុន្តែ​ មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ។

លោកស្រី មូរ សុខហួរ បាន​ថ្លែង​អំពី​ការ​យក​លោក កឹម សុខា ចេញ​ពី​រាជធានី​ភ្នំពេញ​ថា៖ «ពួកគេ​ខ្លាច​ការ​តវ៉ា» ប៉ុន្តែ​បាន​អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​មាន​គម្រោង​តវ៉ា ឬ​ចូល​រួម​ការ​តវ៉ា​ណា​មួយ​ទេ។

លោកស្រី​បាន​ថ្លែង​បន្ត​ថា​៖ «មាន​ធាតុ​ច្រើន​ណាស់ យើង​មិន​អាច​គ្រប់​គ្រង​បាន។ ឧប្បត្តិហេតុ​តូច​មួយ ពួកគេ​នឹង​តាម​ពី​ក្រោយ​យើង​ទាំង​អស់​គ្នា»។

លោកស្រី​បាន​ថ្លែង​ថា៖ «ការ​គំរាម​កំហែង​ [ចាប់​ខ្លួន] កំពុង​វិល​វល់​នៅ​លើ​ក្បាល​របស់​យើង ប៉ុន្តែ​វា​មិន​មែន​អំពី​ខ្ញុំ​ទេ»។

លោកស្រី បាន​អំពាវនាវ​ឲ្យ​សហគមន៍​ម្ចាស់​ជំនួយ​អន្តរជាតិ ចាត់​វិធាន​ការ​ការ​ពារ​មិន​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក គឹម សួរភីរិទ្ធ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ ចាប់​តាំង​ពី​មាន​ការ​ឆ្មក់​ចូល​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​ពាក់​កណ្តាល​យប់ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​នឹង មិន​​ចាក​ចេញ​ពី​កម្ពុជា​ឡើយ។

លោក​បញ្ជាក់​ថា​៖«គណបក្ស​សង្គ្រោះ​ជាតិ អត់​មាន​ធ្វើ​អ្វី​ខុស​ទេ យើង​ធ្វើ​តែ​ទៅ​តាម​ច្បាប់ និង​គោលការណ៍​ប្រជាធិបតេយ្យ​។ បើ​ថា គេ​តាម​ឃ្លាំ​មើល គេ​ចោទ​ប្រកាន់​យ៉ាង​ម៉េច អាហ្នឹង​យើង​អត់​ដឹង»។

លោក សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា គណបក្ស​កាន់​អំណាច មិន​មែន​ចេះតែ​ដើរ​ចាប់​គេ​ផ្តេសផ្តាស​ទេ គឺ​ចាប់​តែ​អ្នក​ដែល​ប្រព្រឹត្តខុស ហើយ​អ្នក​ដែល​បាន​ឃុបឃិត​គ្នា ដើម្បី​​ ផ្តួលរំលំ​រដ្ឋាភិបាល ហើយ​ថា ការ​ស៊ើប​អង្កេត​ត្រូវ​តែ​ធ្វើ​ឡើង​បន្ត ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ខុស ត្រូវ​តែ​ទទួល​ខុស​ត្រូវ​នូវ​ទង្វើ​របស់​ខ្លួន។ «​អាហ្នឹង​វា​មាន​បណ្តាញ​របស់​វា​ដែរ ក៏ប៉ុន្តែ​យើង​មិនត្រូវ​មាន​ទុទិ្ទដ្ឋិនិយម ក្នុង​ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច​ទេ…»។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង មហាផ្ទៃ បាន​ថ្លែង​ថា ប្រសិន​បើ​លោក​សុខា ត្រូវ​បាន​ផ្តន្ទាទោស ហើយ​នៅ​តែ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នេះ​នឹង​ត្រូវ​រំលាយ ហើយ​មេដឹកនាំ​ដទៃៗ​ទៀត​​របស់​គណបក្ស​នេះ​នឹង​ត្រូវ​ហាម​ឃាត់​ពី​នយោបាយ​រយៈពេល​ ៥ ​ឆ្នាំ។ «វា​អាស្រ័យ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ»។

ភ្លាមៗ​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន លោក កឹម សុខា គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​សមាជិក​សភាអាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) នាយក​ដ្ឋាន​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក និង​មជ្ឈដ្ឋាន​មួយ​ចំនួន​ទៀត​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ដោយ​បាន​ថ្កោល​ទោស ចំពោះ​ការ​ចាប់​ខ្លួន​យ៉ាង​តក់​ក្រហល់​ទាំង​យប់​រំលង​អធ្រាត្រ​​នេះ ហើយ​ចាត់​ទុក​ចំណាត់​ការ​នេះ​ថា «ជា​រឿង​នយោបាយ»។

ចំណែក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក កឹម សុខា​ថា ជា​ «ការ​ប៉ុនប៉ង​ដ៏​អាក្រក់» ដើម្បី​ផ្តួល​បក្ស​ប្រឆាំង​នៅ​មុន​ពេល​បោះឆ្នោត​នៅ​ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

ប៉ុន្តែ នៅ​ក្នុង​ពិធី​សម្ពោធ​ព្រះវិហារ​អ៊ិស្លាម ក្នុង​ក្រុង​កំពង់ចាម កាល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រតិកម្ម​ទៅ​នឹង​អ្នក​ដែល​បាន​ថ្កោល​ទោស​រដ្ឋាភិបាល ចំពោះ​ការ​ចាប់​ខ្លួន​លោក កឹម សុខា​ថា​ ៖ «យើង​គ្រាន់​តែ​ផ្តាំ​ផ្ញើ​ថា អ្នក​ដែល​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍ ដើម្បី​ការពារ​នូវ​ជន​នេះ​ [កឹម សុខា] គឺ​វា​គ្រាន់​តែ​ជា​ការ​ការពារ​អាយ៉ង់​របស់​ខ្លួន ឲ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ។ សូម​គោរព​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា​។ មិន​ត្រូវ​​ប្រើប្រាស់​វិធី​ផ្តួល​រំលំ តាម​រយៈ​របស់​ដែល​ហៅថា បដិវត្ត​ពណ៌​នោះ​ទេ»។

ឧត្តម​ស្នងការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោក ហ្សេត រ៉ាអាត អាល់ស៊ូសេន (Zeid Ra’ad Al Hussein) កាលពី​ម្សិលមិញ បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ដោយ​បាន​សម្តែង​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង ចំពោះ​ការ​ចាប់​ខ្លួន លោក កឹម សុខា ដែល​លោក​ថា ទំនង​ជា​ត្រូវ​បាន​អនុវត្ត​ដោយ​ពុំ​មាន​ការ​គោរព​ចំពោះ​​ការ​ធានា​តាម​នីតិវិធី​ត្រឹម​ត្រូវ រាប់ទាំង​ការ​មិន​គោរព​អភ័យ​ឯក​សិទ្ធិសភា របស់​លោក​សុខា។

លោក​​បញ្ជាក់​ថា៖ «ខ្ញុំ​ក៏​មាន​កង្វល់​ផងដែរ​ថា សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ជាច្រើន​ដោយ​លោក​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​អំពី​ពិរុទ្ធភាព​ដែល​អាច​មាន​របស់​លោក សុខា បំពាន​លើ​ការ​​សន្មត​ជា​មុន​ថា​ គ្មាន​ទោស និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ប្រកប​ដោយ​យុត្តិធម៌ ដែល​គាត់​​មាន​សិទ្ធិ​ទទួល​បាន​ក្រោម​​ច្បាប់​សិទ្ធិ​មនុស្ស​កម្ពុជា និង​អន្តរជាតិ»។

សេចក្តីថ្លែងការ​ណ៍​បញ្ជាក់​ទៀតថា ការ​ចាប់​ខ្លួន​លោក សុខា គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ថែម​ទៀត ព្រោះ​ថា ការ​ចាប់​ខ្លួន​នេះ​កើត​មាន​នៅ​​ចំ​ពេល​មាន​វិធានការ​ថ្មីៗ​ជា​ច្រើន​ទៀត​របស់​​រាជ​រដ្ឋាភិបាល​កម្ពុជា។

វិធាន​ការ​ទាំង​នេះ​បាន​នាំ​ឲ្យ​មាន​ការ​បិទ​អង្គការ​មិន​មែន​រដ្ឋាភិបាល​បរទេស​មួយ ហើយ​បាន​មាន​គោលដៅ​លើ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា ដែល​រួម​មាន​ស្ថានីយ​វិទ្យុ​ជាច្រើន​និង​កាសែត​ឯករាជ្យ​ដ៏​ធំ​មួយគឺ​កាសែត​ ឌឹ​ ខេម បូឌា ដេលី ដែល​ពេល​នេះ​ត្រូវ​បាន​បង្ខំ​ឲ្យ​បញ្ឈប់​ការ​បោះពុម្ព។

ជាមួយគ្នា​នេះ លោក Phil Robertson នៅ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស បាន​ថ្លែង​ថា «បន្ទាប់​ពី​ រដ្ឋាភិបាល​បាន​ផលិត​ បទ​ចោទ​ប្រកាន់​មិន​ពិត​ទៅ​លើ​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប ហេតុអ្វី​គួរ​អ្នក​រាល់​គ្នា​ជឿ​ថា ពួកគេ​នឹង​មិន​ធ្វើ​ដាក់​អ្នក​បន្ទាប់​?» ដោយ​លោក​អំពាវនាវ​ឲ្យ​មន្ត្រី​ការ​ទូត និង​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ បដិសេធ​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ថា​ ជា​ការ​បោះឆ្នោត​ស្របច្បាប់៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s