ពលរដ្ឋ​ស្រុក​ឆែប​បារម្ភ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​រឿង​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន​ចិន

ប្រភប ៖ RFA

ពលរដ្ឋ​ខ្លះ​នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ កំពុង​ភ័យ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន​ពួក​គេ​ក្នុង​រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន។ ការ​ភ័យ​ខ្លាច​នេះ បន្ទាប់​ពី​អាជ្ញាធរ​ស្រុក​ឆែប បាន​កោះ​ហៅ​ពួក​គេ​ទៅ​សាកសួរ​នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​កញ្ញា ជុំវិញ​រឿង​ទំនាស់​ដីធ្លី ហើយ​លើក​គ្នា​ទៅ​ដាក់​ញត្តិ​តវ៉ា​ដល់​ស្ថានទូត​ចិន នៅ​ឯ​ទីក្រុង​ភ្នំពេញ​កន្លង​ទៅ។

អាជ្ញាធរ​ស្រុក​ឆែប បាន​កោះ​ហៅ​តំណាង​សហគមន៍​តវ៉ា​ដីធ្លី​ជាច្រើន​រូប​នៅ​ឃុំ​សង្កែ១ និង​ឃុំ​សង្កែ២ ទៅ​សាកសួរ​នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​កញ្ញា ឲ្យ​ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​ដែល​លើក​គ្នា​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​តវ៉ា​ទំនាស់​ដីធ្លី​ទៅ​ស្ថានទូត​ចិន។

តំណាង​សហគមន៍​ខ្លះ​ភ័យ​ខ្លាច​អាជ្ញាធរ​ចាប់​ខ្លួន នៅ​ពេល​ដែល​មេ​ភូមិ មេ​ឃុំ បាន​ដើរ​ប្រាប់​ឲ្យ​ទៅ​ជួបជុំ​គ្នា​នៅ​ឯ​សាលា​ស្រុក​ឆែប នោះ។ តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ម្នាក់​នៅ​ឃុំ​សង្កែ២ គឺ​លោកស្រី ឡាន ស៊ីម។ លោកស្រី​អះអាង​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៥ ខែ​កញ្ញា ថា មេ​ភូមិ មេ​ឃុំ​បាន​ប្រាប់​រូប​គាត់ និង​តំណាង ២​នាក់​ផ្សេង​ទៀត​ឲ្យ​ទៅ​សាលា​ស្រុក​ឆែប ដើម្បី​ឲ្យ​អាជ្ញាធរ​ស្រុក​សាកសួរ​ជុំវិញ​ការ​នាំ​គ្នា​យក​ញត្តិ​រឿង​ទំនាស់​ដីធ្លី​ប្រឆាំង​ក្រុមហ៊ុន​ចិន ហេង យូ (Heng Yu) ទៅ​ដាក់​នៅ​ស្ថានទូត​ចិន ឯ​ទីក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា នោះ។

លោកស្រី ឡាន ស៊ីម បញ្ជាក់​ថា នៅ​ថ្ងៃ​អង្គារ នេះ លោកស្រី និង​តំណាង​សហគមន៍​ដីធ្លី​ចំនួន ២​នាក់​ទៀត មិន​បាន​ទៅ​សាលា​ស្រុក​ឆែប តាម​ការ​កោះ​ហៅ​នោះ​ទេ ពីព្រោះ​តែ​មាន​សមត្ថកិច្ច​ខ្លះ​ខ្សឹប​ប្រាប់​ថា បើ​ឆ្លើយ​មិន​សមរម្យ គេ​នឹង​ដាក់​ខ្នោះ៖ «សមត្ថកិច្ច​ដែល​ចិត្ត​ល្អ​ប្រាប់​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ និង​ស្រុក​ឆែប ហៅ​ពួក​ខ្ញុំ​ទៅ​សួរ​រឿង​ឡើង​ទៅ​ភ្នំពេញ​ដាក់​ញត្តិ​ប្រឆាំង​ក្រុមហ៊ុន​ចិន ឲ្យ​ស្ថានទូត​ចិន នៅ​ភ្នំពេញ ហើយ​គេ​ថា​បើ​ឆ្លើយ​មិន​ត្រូវ គឺ​ដាក់​ខ្នោះ»

អាជ្ញាធរ​ស្រុក​ឆែប ទទួល​ស្គាល់​ថា គេ​ពិត​ជា​បាន​ហៅ​តំណាង​សហគមន៍​ទំនាស់​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ជាច្រើន​នាក់​ទៅ​សាកសួរ​មែន នៅ​ថ្ងៃ​អង្គារ ក៏ប៉ុន្តែ​មិន​មាន​ការ​គំរាម​រហូត​ដល់​ទៅ​វាយ​ខ្នោះ​អ្នក​ទាំងនោះ​ទេ។

អភិបាល​រង​ស្រុក​ឆែប លោក សុខ មុន្នីរិទ្ធ មាន​ប្រសាសន៍​ថា ការ​កោះ​ហៅ​តំណាង​សហគមន៍​ទៅ​សាកសួរ​នេះ គឺ​ធ្វើ​តាម​ការ​ណែនាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ចង់​ដឹង​ឲ្យ​ប្រាកដ​ថា តើ​ក្រុមហ៊ុន​ចិន ពិត​ជា​រំលោភ​យក​ដី​ចំនួន​ប៉ុន្មាន​ហិកតារ និង​រំលោភ​បំពាន​លើ​សិទ្ធិ​មនុស្ស​មែន​ឬ​ក៏​យ៉ាង​ណា? មន្ត្រី​ដដែល​បញ្ជាក់​ថា អាជ្ញាធរ​មិន​បាន​គំរាម​ដាក់​ខ្នោះ​នៅ​ពេល​ហៅ​អ្នក​ទាំងនោះ​ទៅ​សាកសួរ​ទេ ប៉ុន្តែ​ប្រសិន​បើ​អាជ្ញាធរ​ស្រាវជ្រាវ​ឃើញ​ថា សហគមន៍​ទាំងនោះ​ឆ្លើយ​មិន​ត្រឹមត្រូវ អាច​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់៖ «ករណី​នេះ​យើង​មិន​បាន​និយាយ​ដល់​ថ្នាក់​ថា​វាយ​ខ្នោះ​ទេ យើង​ថា​បើ​សិន​ជា​ករណី​ហ្នឹង​យើង​ស្រាវជ្រាវ អ្នក​ដែល​ឆ្លើយ​បំភ្លឺ​វា​មិន​ពិតប្រាកដ គឺ​នឹង​ប្រឈម​មុខ​ចំពោះ​ផ្លូវ​ច្បាប់»

នៅ​ថ្ងៃ​អង្គារ ទី​៥ ខែ​កញ្ញា មាន​អ្នក​ភូមិ​រហូត​ដល់​ជាង ១០០​នាក់​មក​ពី​ឃុំ​សង្កែ១ និង​ឃុំ​សង្កែ២ បាន​នាំ​គ្នា​ទៅ​សាលា​ស្រុក​ឆែប។

កាល​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា សហគមន៍​ទំនាស់​ដីធ្លី​ជាច្រើន​កន្លែង​មក​ពី​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ បាន​នាំ​គ្នា​ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ពី​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា ជុំវិញ​រឿង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន រំលោភ​យក​ដីធ្លី​របស់​ពួក​គេ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ យល់​ថា ការ​ដែល​សហគមន៍​លើក​គ្នា​ទៅ​តវ៉ា​នៅ​ស្ថានទូត​ចិន នោះ គឺ​ជា​សិទ្ធិ​របស់​គាត់​ដែល​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ដែល​ពួក​គាត់​រស់នៅ ប៉ុន្តែ​បើ​អាជ្ញាធរ​ហៅ​ទៅ​សួរនាំ និង​ដេញដោល​ច្រើន​ពេក នោះ​មាន​ន័យ​ថា​វា​ជា​ការ​គំរាម​កំហែង៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s