ប្រភព ៖ ភ្នំពេញបុស្តិ៍
រដ្ឋសភានឹងប្រជុំសម្រេចលើករណីដកអភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីតុលាការបានសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការទៅលើប្រធានគណបក្សប្រឆាំងរូបនេះពីបទ «ក្បត់ជាតិ» ខណៈដែលមានការផ្សព្វផ្សាយថាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ៦ រូបផ្សេងទៀតអាចនឹងត្រូវចាប់ខ្លួនដោយសារមានការពាក់ព័ន្ធនឹងករណីលោក
កឹម សុខា ឬពាក់ព័ន្ធជាមួយ CIA របស់អាមេរិក។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីកាលពីព្រឹកម្សិលមិញបានចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិជាផ្លូវការហើយពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌដែលបទចោទនេះស្ថិតក្រោមផ្នែកនៃអំពើក្បត់ជាតិ និងចារកម្មដែលប្រឈមមុខជាប់ពន្ធនាគារពី ១៥ ទៅ ៣០ ឆ្នាំ។
បទចោទប្រកាន់នេះត្រូវបានគេកត់សម្គាល់ឃើញថាគឺដូចទៅនឹងអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាបន្តបន្ទាប់ចាប់តាំងពីមានការចាប់ខ្លួនលោក កឹម សុខា នៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោកកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០១៧ មក។
លោក លី សុផាណា បានថ្លែងថា៖ «បន្ទាប់ពីបានពិនិត្យសំណុំរឿងរួមទាំងឆ្លងកាត់ការស្រាវជ្រាវស៊ើបអង្កេតដោយបានពិនិត្យភ័ស្តុតាង និងផ្ទៀងផ្ទាត់ចម្លើយជនសង្ស័យរួចមកព្រមទាំងយល់ឃើញថាមានមូលដ្ឋានគ្រប់គ្រាន់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញធ្វើការចោទប្រកាន់ដោយបើកការស៊ើបសួរលើឈ្មោះ កឹម សុខា ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា…ហើយបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី»។
យោងតាមក្រមព្រហ្មទណ្ឌបទ «សន្ទិដ្ឋិភាពជាមួយបរទេស» គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។
ការចាប់ខ្លួនលោក កឹម សុខា ធ្វើឡើងផ្អែកលើអ្វីដែលលោក សុខា បានថ្លែងកាលពីខែតុលាឆ្នាំ ២០១៣ នៅប្រទេសអូស្ត្រាលីពាក់ព័ន្ធនឹងការតស៊ូរបស់លោក ដើម្បីឆ្ពោះទៅរកការប្តូរមេដឹកនាំនៅប្រទេសកម្ពុជាហើយសម្តីរបស់លោកត្រូវបានបណ្តាញផ្សព្វផ្សាយ CBN ធ្វើការផ្សព្វផ្សាយតាមអនឡាញ។ ក្រុមអ្នកច្បាប់ដែលការពារលោក កឹម សុខា អះអាងថាការចាប់ខ្លួនទាំងយប់អធ្រាត្រនេះធ្វើឡើងបំពានលើនីតិវិធីនៃក្រមព្រហ្មទណ្ឌ។
ក៏ប៉ុន្តែលោក លី សុផាណា បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីម្សិលមិញថាការចាប់ខ្លួននេះធ្វើឡើងត្រឹមត្រូវតាមនីតិវិធីដោយលោក លី សុផាណា ចាត់ទុកអំពើរបស់លោក កឹម សុខា ថាជាបទល្មើសជាក់ស្តែង។
សេចក្តីថ្លែងការណ៍របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញសរសេរថា៖ «សកម្មភាពឃុបឃិតជាមួយបរទេសក្បត់កម្ពុជានេះកើតមានតាំងពីឆ្នាំ ១៩៩៣ ហើយផែនការនេះបន្តអនុវត្តជាជំហានៗរហូតមកដល់បច្ចុប្បន្ននេះ។ ការធ្វើសកម្មភាពបន្តមកដល់ពេលនេះគឺកំណត់បានជាស្ថានភាពនៃបទល្មើសជាក់ស្តែងដោយយោងតាមក្រមនីតិវិធីព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះការចាប់ខ្លួនឈ្មោះ កឹម សុខា ត្រូវបានធ្វើឡើងស្របតាមក្រមនីតិវិធី…»។
គិតត្រឹមល្ងាចម្សិលមិញមិនទាន់មានព័ត៌មានពីការសម្រេចរបស់ចៅក្រមស៊ើបសួរលើករណីនេះទេ។ ប៉ុន្តែព្រះរាជអាជ្ញាបានបញ្ជូនករណីលោក កឹម សុខា ទៅដល់រដ្ឋសភាហើយកាលពីរសៀលម្សិលមិញដើម្បីស្នើសុំដកអភ័យឯកសិទ្ធិ។
ទោះយ៉ាងណាលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានឲ្យដឹងថារដ្ឋសភាមិនទាន់សម្រេចថា តើនឹងបើកអង្គប្រជុំនៅពេលណាទេចំពោះករណីនេះ។
លោកថ្លែងថា៖ «យើងនឹងកោះប្រជុំគណៈអចិន្រៃ្តយ៍ដើម្បីពិនិត្យឲ្យបានឆាប់បំផុត។ យើងធ្វើតាមច្បាប់ព្រោះនៅក្នុងការចោទប្រកាន់របស់ព្រះរាជអាជ្ញា ឬការចាប់ខ្លួនរបស់ប៉ូលិសគេចាប់ហ្នឹងចោទប្រកាន់ពីបទល្មើសជាក់ស្តែង។ បទល្មើសជាក់ស្តែងអត់មានកន្លែងណាតម្រូវឲ្យដកអភ័យឯកសិទ្ធិអីទេ។ បញ្ហាដែលត្រូវដោះស្រាយនោះគឺការចោទប្រកាន់ និងបើសភាចង់ឲ្យតុលាការផ្អាកការចោទប្រកាន់សភាត្រូវបោះឆ្នោតឲ្យសមាជិកបញ្ចេញមតិ ៣ ភាគ ៤ ថាបើសុំផ្អាកការចោទប្រកាន់អាហ្នឹងតុលាការត្រូវតែផ្អាក។ បើមិនបាន ៣ ភាគ ៤ ទេ តុលាការត្រូវបន្តនីតិវិធីតទៅទៀតដោយស្វ័យប្រវត្តិ»។
ស្របពេលជាមួយគ្នានេះដែរអាខោនហ្វេសប៊ុក សីហា ដែលតែងតែយាយីមន្ត្រីគណបក្សសង្គ្រោះជាតិបានបង្ហោះសារមួយដោយភ្ជាប់មន្ត្រីបក្សប្រឆាំង ៤ រូបទៅនឹងសំណុំរឿងលោក កឹម សុខា ព្រមទាំងភ្ជាប់កូនស្រីទាំង ២ រូបរបស់លោក កឹម សុខា គឺ កឹម មនោវិទ្យា និង កឹម សាម៉ាធីតា ទៅនឹងភ្នាក់ងារ CIA របស់អាមេរិក។
ហ្វេសប៊ុក សី ហា បានបង្ហាញឈ្មោះមន្ត្រីគណបក្សសង្គ្រោះជាតិទាំង ៤ រូបមានលោក ប៉ុល ហំម លោក យ៉ែម បុញ្ញាឬទ្ធិ លោក អ៊ូ ចាន់ឫទ្ធិ និងលោក សុន ឆៃ ដែលមន្ត្រីទាំងនេះធ្លាប់បានធ្វើទស្សនកិច្ចទៅជួបសហគមន៍ខ្មែរនៅក្រៅប្រទេស ឬធ្លាប់បម្រើការជាមួយលោក សុខា កាលពីនៅគណបក្សលោកតា សឺន សាន។
ភ្នំពេញប៉ុស្តិ៍មិនអាចទាក់ទងមន្ត្រីដែលមានឈ្មោះខាងលើបានទេកាលពីម្សិលមិញដោយសារភាគច្រើនមិនមានវត្តមាននៅក្នុងប្រទេស។ ប៉ុន្តែកូនស្រីទាំងពីររបស់លោក កឹម សុខា និយាយថាពួកគាត់មានការព្រួយបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួនក៏ដូចជាអនាគតរបស់គណបក្សសង្គ្រោះជាតិ។ ទាំង ២ នាក់បងប្អូននិយាយថា ពួកគាត់មិនអាចប្រាប់ពីទីតាំងដែលខ្លួនកំពុងស្ថិតនៅបានទេ។
កញ្ញា កឹម មនោវិទ្យា បានថ្លែងតាមប្រព័ន្ធបញ្ជូនសារថា៖ «ពួកគេបានបញ្ចេញឈ្មោះមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ប្អូនស្រីខ្ញុំ … ដែលគេរកចាប់ខ្លួន។ យើងបារម្ភថា តើគណបក្សសង្គ្រោះជាតិអាចបន្តដំណើរការបានយូរប៉ុនណាទៀតនៅពេលដែលមន្ត្រីដែលកាន់តំណែងដឹកនាំគណបក្សបានដឹងពីជោគវាសនារបស់ខ្លួនរួចស្រេចហើយនោះ។ ពួកគេនឹងប្រើប្រាស់តុលាការដើម្បីវាយប្រហារលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិរហូតដល់យើងអស់អ្នកដឹកនាំបក្ស»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថាការសម្រេចថាតើមន្ត្រីទាំងនេះមានជាប់ពាក់ព័ន្ធ ឬត្រូវចាប់ខ្លួនយ៉ាងណានោះអាស្រ័យលើការស៊ើបអង្កេតរបស់តុលាការ ប៉ុន្តែលោកថាជានីតិវិធីអ្នកដែលពាក់ព័ន្ធក៏ត្រូវជាប់ក្នុងសំណុំរឿងដូចគ្នា។
គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី ៣ ខែកញ្ញានេះបានចេញសេចក្តីថ្លែងការណ៍ដោយហៅការចាប់ខ្លួនលោក កឹម សុខា ថាដោយសារហេតុផលនយោបាយ និងរំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញ។ គណបក្សបានស្នើឲ្យអាជ្ញាធរដោះលែងលោកដោយឥតលក្ខខណ្ឌ និងស្នើឲ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍ឲ្យមានការដោះលែង៕