មន្ត្រី៖ ករណី​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​ក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ខេត្ត រាជធានី និង​សមាជិកសភា ព្រឹទ្ធសភា​របស់​បក្ស​នេះ​នឹង​ត្រូវ​រំលាយ

ប្រភព ៖ ភ្នំពេញបុស្តិ៍

ខណៈ​ដែល​មជ្ឈដ្ឋាន​ជាច្រើន​បាន​ដាក់​ការ​ព្រួយបារម្ភ​ថា​ការ​ចាប់​ខ្លួន​លោក កឹម សុខា អាច​ជា​ដំណើរ​ជាក់ស្តែង​មួយ​ឆ្ពោះ​ទៅ​រំលាយ​គណបក្ស​ប្រឆាំង​ទៅ​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដ៏ចម្រូង​ចម្រាស​ដែល​ទើប​តែ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​បាន​ព្រមាន​ថា ក្នុង​ករណី​គណបក្ស​ប្រឆាំង​ត្រូវ​រំលាយ ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ស្រុក ខេត្ត រាជធានី និង​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា​ទាំងអស់​របស់​គណបក្ស​នេះ​ក៏​នឹង​ត្រូវ​រំលាយ​ចោល​ផង​ដែរ​។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​មុខ​ការពារ​លោក កឹម សុខា ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ពាក់ព័ន្ធ​នឹង​អំពើ​ «​ក្បត់ជាតិ​» ​នោះ​វាសនា​គណបក្ស​នេះ និង​សមាជិក​របស់​ខ្លួន​ដែល​ជា​ក្រុម​ប្រឹក្សា ឃុំ សង្កាត់ ស្រុក ខណ្ឌ ខេត្ត រាជធានី និង​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា រាប់​ពាន់​នាក់​ដែល​កំពុង​នៅ​ក្នុង​តំណែង​នៅ​ទូទាំង​ប្រទេស​គឺ​នឹង​ត្រូវ​រំលាយ​ចោល​ទៅ​តាម​គ្នា​ដែរ​។

លោក សុភ័គ ព្រមាន​ថា​៖ «​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច​ពាក់ព័ន្ធ​អី​ខ្លះ បើ​គណបក្ស​ពាក់ព័ន្ធ​ត្រូវ​តែ​ប្តឹង​រំលាយ​គណបក្ស​ហ្នឹង​ចោល ហើយ​បើ​រំលាយ​គណបក្ស​ហ្នឹង​ទៀត វា​អស់​រលីង​។

លោក​បាន​លើក​ឡើង​ថា ​បើ​សិន​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​មុខ​ការពារ​លោក កឹម សុខា គណបក្ស​នឹង​ត្រូវ​រំលាយ​គ្រប់​ជាន់​ថ្នាក់​។ ​«​និយាយ​តាម​ត្រង់​ទៅ​បើ​គណបក្ស​ការពារ​បន្ត​ទៅ​ទៀត​វា​កាន់តែ​វែង​ឆ្ងាយ​ហើយ វា​ទៅ​ជា​រំលាយ​បក្ស​។ បើ​រំលាយ​បក្ស​វា​អស់​រលីង​ហើយ អស់​តាំង​ពី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អស់​ទាំង​ពី​ក្រុម​ប្រឹក្សា​ស្រុក ខណ្ឌ អស់​តាំងពី​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា​អា​នេះ​បើ​បក្ស​គាត់​ការពារ​។ បើ​គាត់​ (​កឹម សុខា​) ខុស ខុស​តែ​គាត់​ទៅ តែ​បើ​ថា​ទេ​អាហ្នឹង​បក្ស​ខ្ញុំ​ធ្វើ​អាហ្នឹង​វា​ទៅ​ទាំង​ប៉ី​ទាំង​ទ្រ​ហើយ​»​។

លោក សម គន្ធាមី នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា ហៅ​កាត់​ថា (NICFEC) ​ក៏​បាន​អះអាង​ដែរ​ថា​ផ្អែក​តាម​ច្បាប់​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់​គ្រប់​ជាន់​ថ្នាក់​រហូត​ដល់​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ត្រូវ​រលាយ​ដោយ​ស្វ័យប្រវតិ្ត​ទៅ​តាម​គណបក្ស​ដែរ​ប្រសិន​បើ​គណបក្ស​នេះ​ត្រូវ​បាន​គេ​រំលាយ​។

លោក​ សម គន្ធាមី បាន​និយាយ​ថា​៖ «​ក្រុមប្រឹក្សា​មេឃុំ​ហ្នឹង​គាត់​ចេញ​ពី​គណបក្ស ហើយ​បើ​អត់​មាន​គណបក្ស​ហ្នឹង​គាត់​ក៏​អត់​មាន​អាសនៈ​ដែរ​។ កាលណា​អស់​គណបក្ស គាត់​ក៏​អស់​តួនាទី​ពី​តំណាងរាស្ត្រ​ដែរ​។ គាត់​អត់​មាន​បក្ស​ព្រោះ​បក្ស​គេ​រំលាយ​ហើយ​»​។

ទោះ​ជា​យ៉ាង​ណា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក ប៉ុល ហំម ដែល​ត្រូវ​បាន​គេ​រាយការណ៍​ថា​ស្ថិត​នៅ​ក្នុង​បញ្ជី​ដែល​នឹង​ត្រូវ​ចាប់​ខ្លួន​បន្ទាប់​ទៀត​នោះ​ហាក់​ដូចជា​មិន​ចាប់​អារម្មណ៍​នឹង​ការ​បន្ត​ប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​ ៣ ​លាន​នាក់​នេះ​ទេ​ដោយ​និយាយ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​រំលាយ​គឺ​គណបក្ស​មិន​តតាំង​អ្វី​ទេ​ទុក​ឲ្យ​គេ​ធ្វើ​តាម​ចិត្ត​ចុះ​។

លោក ប៉ុល ហំម បាន​និយាយ​ហាក់បី​ដូចជា​មិន​ខ្វល់​ថា​៖ «​យើង​អត់​មាន​ផែនការ​ទៅ​តតាំង​តទល់​ដើម្បី​ការពារ​លោក កឹម សុខា គឺ​អត់​ទេ​។ បើ​បាន​គេ​ (​រំលាយ​) ​ក៏​ស្រួល​ដែរ​ធ្វើ​ម៉េច​មុខ​តែ​ចង់​ឈប់​ស្រាប់​ផង ខ្ញុំ​អត់​មាន​តតាំង​អី​ទេ​។ ​ឥឡូវ​នេះ​យើង​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​គណបក្ស​អ្នក​ណា​បបួល​ខ្ញុំ​ធ្វើ​ផ្ទុយ​នឹង​ក្របខ័ណ្ឌ​គណបក្ស ខ្ញុំ​អត់​ធ្វើ​។ ឥឡូវ​បើ​គេ​មិន​ឲ្យ​ធ្វើ​សកម្មភាព​មិន​ឲ្យ​ជួបជុំ យើង​ក៏​អត់​ជួបជុំ​ដែរ​ធម្មតា​ខ្ញុំ​កំពុង​ចង់​ទៅ​វត្ត​ស្រាប់​ផង​ចាស់​ហើយ​»​។

លោក កឹម សុខា ត្រូវ​កម្លាំង​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ឆ្មក់​ចូល​ចាប់​ខ្លួន​ទាំង​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ៣ ខែ​កញ្ញា​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ត្រពាំងផ្លុង​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។

ភ្លាមៗ​បន្ទាប់ពី​ការ​ចាប់​ខ្លួន​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បាន​ធ្វើការ​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា និង​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​លោក កឹម សុខា ​វិញ​ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​។

ជាមួយ​គ្នា​នេះ​ សហគមន៍​អន្តរជាតិ​ជាច្រើន​រួមមាន​ទាំង​អង្គការ​សហប្រជាជាតិ សហរដ្ឋអាមេរិក និង​អូស្ត្រាលី​ផង​ដែរ​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​មេបក្ស​ប្រឆាំង​ទាំង​តក់ក្រហល់​នេះ​។

ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​លោក ហ្សេត រ៉ាអាត អាល់ហ៊ូសសេន (Zeid Ra’ad Al Hussein) កាលពី​ថ្ងៃ​ចន្ទ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន លោក កឹម សុខា ដែល​លោក​ថា​ទំនង​ជា​ត្រូវ​បាន​អនុវត្ត​ដោយ​ពុំ​មាន​ការ​គោរព​ចំពោះ​ការ​ធានា​តាម​នីតិវិធី​ត្រឹមត្រូវ​រាប់​ទាំង​ការ​មិន​គោរព​អភ័យ​ឯកសិទិ្ធ​សភា​របស់​លោក​ សុខា ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ក៏​មាន​កង្វល់​ផង​ដែរ​ថា សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​ជាច្រើន​ដោយ​លោក​នាយក​រដ្ឋមន្ត្រី និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​អំពី​ពិរុទ្ធភាព​ដែល​អាច​មាន​របស់​លោក សុខា បំពាន​លើ​ការ​សន្មត​ជា​មុន​ថា​គ្មាន​ទោស និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ប្រកប​ដោយ​យុត្តិធម៌​ដែល​គាត់​មាន​សិទ្ធិ​ទទួល​បាន​ក្រោម​ច្បាប់​សិទ្ធិមនុស្ស​កម្ពុជា និង​អន្តរជាតិ​»​។

សេចក្តី​ថ្លែងការណ៍​បាន​បញ្ជាក់​ទៀត​ថា​ ការ​ចាប់​ខ្លួន​លោក សុខា គឺជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ថែម​ទៀត​ព្រោះ​ថា​ការ​ចាប់​ខ្លួន​នេះ​កើត​មាន​នៅ​ចំពេល​មាន​វិធានការ​ថ្មីៗ​ជាច្រើន​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

វិធានការ​ទាំង​នេះ​បាន​នាំ​ឲ្យ​មាន​ការ​បិទ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​មួយ​ហើយ​បាន​មាន​គោលដៅ​លើ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដែល​រួមមាន​ស្ថានីយ​វិទ្យុ​ជាច្រើន និង​កាសែត​ឯករាជ្យ​ឌឹខេមបូឌា ដេលី​។

លោក​ ហង្ស ពុទ្ធា ​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ គ្រាន់តែ​បញ្ជាក់​ថា​បើ​តុលាការ​រកឃើញ​ថា​គណបក្ស​នោះ​មាន​ពាក់ព័ន្ធ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​ហើយ​ត្រូវ​រំលាយ​នោះ​គឺ​សមាជិក​ក្រុមប្រឹក្សា​គ្រប់​លំដាប់​ថ្នាក់ និង​សមាជិក​សភា​ព្រឹទ្ធសភា​របស់​បក្ស​នេះ​ក៏​ត្រូវ​រំលាយ​ដែរ​។

ប៉ុន្តែ​លោក ពុទ្ធា បញ្ជាក់​ថា​៖ «​ជា​ទិដ្ឋភាព​ផ្លូវ​ច្បាប់​អ្វី​ដែល​ជា​ប្រជាពលរដ្ឋ​បោះឆ្នោត​ហើយ វា​អត់​ប្រតិសកម្ម​ធាក់​ថយ​ក្រោយ​ទេ ពីព្រោះ​ពួកគាត់​ត្រូវ​បាន​បោះឆ្នោត​ដោយ​ប្រជាពលរដ្ឋ​អ៊ីចឹង​គាត់​នៅ​រហូត​ដល់​ដាច់​អាណត្តិ​»​។

ទោះ​ជា​យ៉ាង​ណា​លោក​បន្ថែម​ថា ​លោក​នឹង​ពិភាក្សា​បន្ថែម​ជាមួយ​ក្រុម​អ្នក​ច្បាប់​ទៅ​លើ​ករណី​នេះ​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s