ប្រភព ៖ RFA
សហគមន៍ខ្មែរនៅក្រៅប្រទេស ចាប់ផ្តើមក្រោកតវ៉ា ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និង ស្តាស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ន ឲ្យមានលក្ខណៈអំណោយផល ដល់ការបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។ រលកនៃការតវ៉ានេះ ចាប់ផ្តើមពីទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត នៃសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារទី៥ខែកញ្ញា។
សម្រែកទាមទារឲ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ឲ្យមានសេរីភាពឡើងវិញ បានលាន់ឮរំពងចេញពីពលរដ្ឋសហគមន៍ខ្មែរ ដែលនាំគ្នាធ្វើបាតុកម្មនៅមុខសាលាក្រុងឡូវែល។ ពលរដ្ឋខ្មែរ-អាមេរិកមួយរូប គឺលោក អ៊ុង រិទ្ធី បានហៅលោក កឹម សុខា ថាជាវីរបុរស និង ជាក្តីសង្ឃឹមនៃការផ្លាស់ប្ដូរជាវិជ្ជមាន ដើម្បីឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា៖“ថ្ងៃនេះយើងជួបជុំគ្នា ពីព្រោះថារដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដោយគ្មានកំហុសអ្វីទាល់តែសោះ។ គេចាប់គាត់ទាំងកណ្ដាលអាធ្រាត្រ។ យើងជាខ្មែរអាមេរិកនៅក្រៅប្រទេស មានការឈឺចាប់ និង សោកស្ដាយបំផុត នៅអ្វីៗដែលរាជរដ្ឋាភិបាលបានធ្វើ។ ដោយសារតែខ្លាចចាញ់ឆ្នោត រដ្ឋាភិបាលធ្វើល្បិចកលផ្សេងៗ រហូតដល់ចាប់ចង ហើយចោទលោក កឹម សុខា ដែលជាវីរបុរសមួយដ៏ឆ្នើម របស់បងប្អូនយើងដែលមានជំនឿជឿជាក់លើលទ្ធិប្រជាធិបតេយ្យ ”។
ចំណែកអតីតសមាជិកក្រុមប្រឹក្សាក្រុងឡូវែលលោក នួន វាសនា វិញបញ្ជាក់ថា ការតវ៉ាថ្ងៃនេះ គឺដើម្បីផ្ញើសារដល់រដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា ពលរដ្ឋខ្មែរនៅគ្រប់ទិសទី មិនថានៅស្រុកខ្មែរ ឬ ក្រៅប្រទេស មិនពេញចិត្តនឹងទង្វើរបស់រដ្ឋាភិបាល ដែលរឹតត្បិតសិទ្ធិសេរីភាព និង ការធ្វើទុក្ខបុកម្នេញដល់គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និង បណ្ដាញផ្សព្វផ្សាយ៖ “ក្នុងនាមយើងជាខ្មែរអាមេរិក ចង់បង្ហាញឲ្យអន្តរជាតិ និង សហរដ្ឋអាមេរិក ហើយទទូចឲ្យដោះលែងលោកកឹម សុខា ដោយឥតលក្ខខណ្ឌ។ យើងរស់នៅប្រទេសសេរី ប៉ុន្តែ អ្វីដែលយើងមើលឃើញនៅស្រុករបស់យើង អត់មានសេរីទេ។ ម្ល៉ោះហើយយើងស្នើសុំឲ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា ដោយឥតមានលក្ខខណ្ឌ និង គោរពសិទ្ធិមនុស្ស គោរពនូវសំឡេងប្រជាពលរដ្ឋរបស់ខ្លួន។ សូមអរគុណ”។
ក្នុងចំណោមអ្នកតវ៉ា ក៏មានលោកអតីតអភិបាលក្រុងឡូវែល និង សព្វថ្ងៃជាសមាជិកក្រុមប្រឹក្សាក្រុងឡូវែលលោក រ៉តនី អ៊ីលៀត (Rodney Elliot) និង ជនជាតិអាមេរិកជាច្រើនរូបផ្សេងទៀត ដែលទាមទារឲ្យរដ្ឋាភិបាលកម្ពុជា គោរពលទ្ធិប្រជាធិបតេយ្យឲ្យបានខ្ជាប់ខ្ជួន និង គោរពសិទ្ធិមនុស្ស។
ពលរដ្ឋសហគមន៍ខ្មែរទាំងនៅសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និង បារាំង បានរៀបចំធ្វើបាតុកម្ម និងបន្តគ្រោងធ្វើបាតុកម្មជាបន្តបន្ទាប់ ដើម្បីផ្ញើសារដល់រដ្ឋាភិបាលបរទេស ឲ្យដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ដោយឥតលក្ខខណ្ឌ ព្រោះការបោះឆ្នោតជាតិ កាន់តែខិតជិតចូលមកដល់។
ស្របពេលនេះដែរ សារគាំទ្រឲ្យមានការដោះលែងលោក កឹម សុខា បន្តធ្លាក់មកពីក្រៅប្រទេស។ សមាជិកព្រឹទ្ធសភាពីខាងគណបក្សប្រឆាំង គឺគណបក្សពលករ (Labor Party) នៅប្រទេសអូស្ត្រាលីអ្នកស្រី Penny Wong ដែលជារដ្ឋមន្ត្រីស្រមោល នៃក្រសួងការបរទេសអូស្ត្រាលី ចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី០៦ ខែ កញ្ញានេះ អំពាវនាវរដ្ឋាភិបាលសហព័ន្ធអូស្រ្តាលី បន្តលើកឡើងពីបញ្ហារឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និង ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និង អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគោរពស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលធានាឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌។ អ្នកស្រី Penny Wong បន្តថា អ្នកស្រីគោរពសិទ្ធិសម្រេចជោគវាសនាប្រទេសកម្ពុជា ដោយពលរដ្ឋកម្ពុជា។ ប៉ុន្តែ អ្នកស្រី បញ្ជាក់ថា ពលរដ្ឋកម្ពុជាត្រូវតែទទួលបានសិទ្ធិ ក្នុងការជ្រើសរើសគណបក្សដែលខ្លួនពេញចិត្ត ដើម្បីដឹកនាំរដ្ឋាភិបាល និង សិទ្ធិទទួលបានការបោះឆ្នោតមួយ ដែលសេរី ត្រឹមត្រូវ និង យុត្តិធម៌។