មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​រង​ការ​ចោទ​ថា​បង្ខំ​ពលរដ្ឋ​ឲ្យ​ដក​ដំណាំ​ចេញ​ពី​ដី​មាន​ទំនាស់

ប្រភព ៖​ RFA

ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ បញ្ជាក់​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​បង្ខំ​ពលរដ្ឋ​ឲ្យ​ដក​ដំណាំ​ចេញ​ពី​ដី​ចម្ការ​របស់​ខ្លួន ដោយ​អះអាង​ថា​ជា​ដី​របស់​រដ្ឋ។ ពួក​គាត់​យល់​ថា ករណី​នេះ​មិន​ត្រឹមត្រូវ​ឡើយ ត្បិត​ដី​តំបន់​នោះ​ពលរដ្ឋ​កាន់​កាប់​ជាច្រើន​ឆ្នាំ​មក​ហើយ។ ម្យ៉ាង​ទៀត អាជ្ញាធរ​ស្រុក និង​ខេត្ត ក៏​បាន​យល់ព្រម​ឲ្យ​ពួក​គាត់​អាស្រ័យ​ផល​លើ​ដី​នោះ​ដែរ។ ចំណែក​មន្ត្រី​រដ្ឋបាល​ព្រៃឈើ អះអាង​ថា ពួក​គាត់​មិន​មែន​ជា​ពលរដ្ឋ​សាមញ្ញ​ទេ ប៉ុន្តែ​ជា​ឈ្មួញ ហើយ​នាំ​គ្នា​ចូល​កាន់​កាប់​ដី​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​រដ្ឋបាល​ព្រៃឈើ​នៅ​ឃុំ​ក្រយា ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ជួយ​អន្តរាគមន៍​ឲ្យ​ពួក​គាត់​បាន​ដាំ​ដំណាំ​លើ​ដី​របស់​ខ្លួន​ធ្លាប់​កាន់​កាប់ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

ការ​លើក​ឡើង​នេះ គឺ​ក្រោយ​ពេល​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ប្រាប់​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​៦ កញ្ញា ឲ្យ​ដក​ដំណាំ​របស់​ខ្លួន រួម​មាន​ដំឡូង និង​ស្វាយចន្ទី​ចេញ​ពី​ដី​មាន​ទំនាស់ ក្រោម​ហេតុផល​ថា ដី​នោះ​ជា​ដី​ព្រៃ​របស់​រដ្ឋ ហើយ​ការ​ចូល​អាស្រ័យ​ផល​កន្លង​ទៅ​របស់​ពួក​គាត់ គឺ​ខុស​ច្បាប់។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ក្រយា លោក សួស គឹមសួន អះអាង​ថា ពលរដ្ឋ​ដែល​ធ្លាប់​ទាមទារ​សិទ្ធិ​អាស្រ័យ​ផល និង​កាន់​កាប់​ដី​នៅ​ចំណុច​អូរ​បឹង​រូង មាន​ចំនួន​ជាង ២០​គ្រួសារ លើ​ទំហំ​ដី​ជាង ២០​ហិកតារ។ លោក​បារម្ភ​ខ្លាច​មន្ត្រី​ជំនាញ​ដក​ហូត​ដី​ពី​ពលរដ្ឋ ក្រោម​ហេតុផល​អនុវត្ត​ច្បាប់ ហើយ​បន្ទាប់​មក​អាច​នឹង​ប្រគល់​ដី​នោះ​ឲ្យ​ទៅ​អ្នក​ទី​បី៖ «លោក​ចៅហ្វាយ​ខេត្ត​ក៏​បាន​ឯកភាព​តាម​ស្រុក​អ៊ីចឹង​ដែរ ហើយ​គាត់​នឹង​ឲ្យ​កូន​ចៅ​គាត់​មក​ត្រួត​ពិនិត្យ​មើល។ ហើយ​ខាង​មេ​ព្រៃ​គេ​ប្រទាំង​ប្រទូស គេ​ថា​មិន​ឲ្យ​យើង​ទេ»

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ឲ្យ​ដឹង​ថា កាល​ពី​ដើម​ខែ​សីហា មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ធ្លាប់​មក​បង្ខំ​លោក​ឲ្យ​ដក​ដើម​ស្វាយចន្ទី​ចេញ ព្រោះ​តែ​បារម្ភ លោក​សម្រេច​កាប់​ដើម​ស្វាយចន្ទី​ជាង ២០០​ដើម​ចោល​តែ​ម្តង។ លោក​បន្ត​ថា ដី​របស់​គាត់​មាន​ទំហំ​ជិត ២​ហិកតារ ហើយ​បាន​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​២០១៣។ នៅ​ឆ្នាំ​២០១៦ ទើប​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​យក​កូន​ឈើ​ប្រណិត​ទៅ​ដាំ​នៅ​ក្នុង​ចម្ការ​ដំឡូង​របស់​ពួក​គាត់៖ «ឲ្យ​ប្រជាពលរដ្ឋ​ខ្ញុំ​ហ្នឹង​បាន​ដី​មក​វិញ ព្រោះ​ពួក​ខ្ញុំ​ខ្វះខាត​ណាស់​មួយ»

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ លោក តិប ញាតា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៧ កញ្ញា ថា ពួក​គាត់​ទាំងនោះ​មិន​មែន​ជា​ពលរដ្ឋ​សាមញ្ញ​ទេ ប៉ុន្តែ​ជា​ឈ្មួញ​ដី ហើយ​ឈ្មោះ សួស គឹមសួន ដែល​អះអាង​ថា​ជា​តំណាង​ពលរដ្ឋ គឺ​ជា​ជន​សង្ស័យ​ក្នុង​ករណី​រុករាន​ដី​ព្រៃ​របស់​រដ្ឋ​ទៀត​ផង។ លោក​បន្ត​ថា ដី​តំបន់​នោះ​ជា​ដី​ព្រៃ​សេសសល់​ពី​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​វៀតណាម ឈ្មោះ​ក្រុមហ៊ុន បាលវ៉ារៀល ហើយ​ក៏​បាន​បញ្ចូល​ជា​ដី​ព្រៃ​របស់​រដ្ឋ​វិញ។ លោក​អះអាង​ថា ពួក​គាត់​ទាំងនោះ​ចូល​កាន់​កាប់​ក្រោយ​បទបញ្ជា​០១ របស់​រាជ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១២៖ «មាន​ភស្តុតាង​គ្រប់គ្រាន់ ពេល​គាត់​ចូល​កាប់​រាន​ក៏​យើង​បាន​ថត។ គាត់​មិន​បាន​ចេញ​មុខ​មក​អះអាង​ទេ។ នៅ​ពេល​ដុត ក៏​យើង​បាន​ថត។ គាត់​មិន​បាន​ចេញ​មុខ​អះអាង​ទេ ហើយ​នៅ​ពេល​គាត់​ទៅ​លួច​ដាំ​ក៏​យើង​បាន​ឃាត់»

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដដែល​បញ្ជាក់​បន្ថែម​ថា សំណុំ​រឿង​នេះ​បាន​ទៅ​ដៃ​តុលាការ​រួច​រាល់​ហើយ ហើយ​មន្ត្រី​តុលាការ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​បើ​ពលរដ្ឋ​ទាំងនោះ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ គាត់​អាច​តវ៉ា​ជាមួយ​តុលាការ​បាន។

ដី​កំពុង​មាន​ទំនាស់ គឺ​មិន​មាន​ព្រៃឈើ​នៅ​សល់​ទៀត​ទេ ក្រៅ​ពី​កូន​ឈើ​ប្រណិត​មួយ​ចំនួន​ដែល​មន្ត្រី​ជំនាញ​បាន​ដាំ និង​សល់​តែ​គល់​ឈើ​មួយ​ចំនួន​ប៉ុណ្ណោះ។ ក្រៅ​ពី​នោះ​ជា​ដំណាំ​របស់​ពលរដ្ឋ។

មន្ត្រី​សម្របសម្រួល​ស្តីទី​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ យល់​ឃើញ​ថា មន្ត្រី​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់លាស់។ លោក​បន្ត​ថា ប្រសិន​បើ​ពលរដ្ឋ​ទាំងនោះ​ក្រីក្រ​គ្មាន​ដីធ្លី​បង្កបង្កើនផល​ពិតប្រាកដ អាជ្ញាធរ​គប្បី​ផ្តល់​ដី​ជូន​ពួក​គាត់​ដើម្បី​រស់ ប៉ុន្តែ​បើ​ជា​ក្រុម​ឈ្មួញ​ដូច​ការ​លើក​ឡើង​របស់​មន្ត្រី​ជំនាញ ហើយ​ការ​ចូល​កាន់​កាប់​ដី​តំបន់​នោះ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់​មែន ពួក​គាត់​អាច​មាន​ទោស៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s