មន្ត្រី​មូលដ្ឋាន​បក្ស​សង្គ្រោះ​ជាតិ​រិះគន់​បម្រាម​ការ​ប្រជុំ

ប្រភព ៖ ភ្នំពេញបុស្តិ៍

មន្ត្រី​បក្ស​ឃុំ ស្រុក​ និង​ខេត្ត​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង​បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ និង​សមត្ថកិច្ច​ថា​បាន​រារាំង​មិន​ឲ្យ​ពួកគេ​ប្រជុំ​ប្រចាំ​ខែ​ជាមួយ​សមាជិក​បក្ស​ ​បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ​ប៉ុន្ដែ​អាជ្ញាធរ​ថា​ការ​ហាម​សំដៅ​តែ​អ្នក​និយាយ​ពី​រឿង​លោក កឹម សុខា ប៉ុណ្ណោះឯ​រឿង​ផ្សេង​មិន​បាន​ហាម​ទេ​។

លោក កែវ ថៃ ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​នៅ​​តាម​ឃុំ​ជាច្រើន​ដែល​មាន​កិច្ច​​ប្រជុំ​គណបក្ស បើ​ទោះបី​ជា​ក្នុង​ទីស្នាក់ការ​បក្ស​ ឬ​ក្នុង​ផ្ទះ​សកម្មជន​ក៏ដោយ​គឺ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ និង​ប៉េអឹម​ស្រុក ចុះ​ហាម​​ឃាត់​ដោយ​ប្រាប់​ថា​មាន​បទបញ្ជា​ផ្ទាល់​មាត់​ពី​ថ្នាក់​លើ​។

លោក​បញ្ជាក់​ថា​ការ​រឹតត្បិត​សេរីភាព​ជួប​ប្រជុំ​នេះ​គឺ​នៅ​ក្រោយ​​ការ​ចាប់​ខ្លួន​លោក កឹម សុខា​៖ «​ខ្ញុំ​ឃើញ​ថា​មាន​សភាព​ធ្ងន់ធ្ងរ​មែនទែន​នៅ​កម្ពុជា ជាពិសេស​នៅ​មូលដ្ឋាន កាលណា​យើង​ចង់​ប្រជុំ​ជាទូទៅ​ដូចជា​បូក​សរុប​របាយការណ៍​បញ្ហា​ក្នុង​ឃុំ​ហើយ​​មក​ដល់​ពេល​ផ្ដោត​ទៅ​លើ​ការ​ចុះ​ឈ្មោះ ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​អ៊ីចឹង​ទៅ ប៉ុន្តែ​ដល់​រក​ជួបជុំ​គ្នា​អត់​បាន​ធ្វើ​បណ្ដាល​ឲ្យ​មាន​ការ​​លំបាក​ខ្លាំង​។ ដូច្នេះ​ហើយ​បាន​សូម​អំពាវនាវ​ដល់​សង្គម​ស៊ីវិល​ក៏​ដូចជា​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ ហើយ​បញ្ឈប់​សកម្មភាព​ចាត់​វិធានការ​ដ៏តឹងតែង​ទប់​ស្កាត់​ដំណើរការ​គណបក្ស​សង្គ្រោះជាតិ​នៅ​តាម​មូលដ្ឋាន​»​។

លោក ជាង សារុន មេឃុំ​ពពេល​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី​​បាន​ឲ្យ​ដឹង​ថា​សេរីភាព​ជួបប្រជុំ​ដោយ​សន្តិវិធី​ដែល​ធានា​ដោយ​ច្បាប់​កំពូល​របស់​ជាតិ​ត្រូវ​អាជ្ញាធរមាន​សមត្ថកិច្ច​បំពាន​។

លោក​បញ្ជាក់​ថា​៖ «​ស្នងការរង​​នគរបាល​ខេត្ដ​លោក ស៊ុំ សុជាតិ បាន​ប្រាប់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឈប់​ជួប​ប្រជុំ​សមាជិក​បក្ស​ទាំង​នៅ​តាម​ទីសាធារណៈ និង​ក្នុង​ទីស្នាក់ការ​បក្ស​របស់​ខ្លួន ព្រោះ​ខ្លាច​ពួក​យើង​និយាយ​រឿង​ទាក់ទង​លោក​ប្រធាន កឹម សុខា​»​។

មេឃុំ​ពន្លៃ​របស់​បក្ស​ប្រឆាំង​ដែល​ទើប​ជាប់​ឆ្នោត​ក្នុង​អាណត្តិ​​ទី​ ៤ លោក ម៉ៅ ផល្លី ថា​ស្នងការរង​លោក ស៊ុំ សុជាតិ បាន​យក​ឱកាស​ក្នុង​កិច្ចប្រជុំ​ប្រចាំ​​ខែ​របស់​គណៈបញ្ជាការ​ឯកភាព​​រដ្ឋបាល​ស្រុក​បរិបូណ៌​ទៅ​ដាស់​​តឿន​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ និង​មេឃុំ​មកពី​គណបក្ស​សង្គ្រោះ​​ជាតិ​ថា​កុំ​ឲ្យ​មាន​សតិ​អារម្មណ៍​​ ឬ​ចូល​ពាក់ព័ន្ធ​នឹង​ករណី​លោក កឹម សុខា ដែល​តុលាការ​កំពុង​ដំណើរការ​នីតិវិធី​។

លោក​ថា​៖ «​ពេល​ក្នុង​អង្គប្រជុំ​​ហ្នឹង​គេ​ថា​រឿង​លោក កឹម សុខា ជា​រឿង​បុគ្គល​ទេ​។ ទាក់ទង​នឹង​រដ្ឋាភិបាល​ចាប់​ខ្លួន​ចោទប្រកាន់​អីហ្នឹង​ណា អ៊ីចឹង​កុំ​ឲ្យ​មាន​សតិអារម្មណ៍ ហើយ​ធ្វើ​ការងារ​ធម្មតា​ទៅ ហើយ​យើង​ហាមឃាត់​ដាច់​ខាត​ជួបប្រជុំ​ជជែក​គ្នា​រឿង​លោក កឹម សុខា ទាំង​ក្នុង​ទីស្នាក់ការ​ និង​​ក្រៅ​ទីស្នាក់ការ​»​។

យ៉ាង​ណា​ក្ដី​លោក ស៊ុំ សុជាតិ បាន​ថ្លែង​យ៉ាង​ខ្លី​កាលពី​ម្សិលមិញ​ថា​៖ «​យើង​មិន​បាន​ហាមឃាត់​បក្ស​ប្រឆាំង​មិន​ឲ្យ​ជួប​ប្រជុំ​គ្នា​នោះ​ទេ ប៉ុន្ដែ​បើ​ក្រុម​បក្ស​ប្រឆាំង​ជួបជុំ​គ្នា​ជជែក​រឿង​លោក កឹម សុខា គឺ​ត្រូវ​តែ​ហាមឃាត់ យើង​មិន​ឲ្យ​ជជែក​គ្នា​ពី​រឿង​នយោបាយ​នេះ​ទេ​»​។

លោក កឹម សុខា ត្រូវ​បាន​​ចាប់​ខ្លួន​កាលពី​ម៉ោង​ ១២ ​និង​ ៣៥ ​នាទី​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ ៣ ​កញ្ញា​រួច​បញ្ជូន​ទៅ​ពន្ធនាគារ​​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។

លោក កឹម សុខា ត្រូវ​បាន​ចោទ​ពី​បទ​ក្បត់ជាតិ​ និង​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ក្រោយ​លេច​ធ្លាយ​វីដេអូ​ដែល​លោក​ថ្លែង​នៅ​អូស្ត្រាលី កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។ ប៉ុន្ដែ​បទ​ចោទ​នេះ​ត្រូវ​បាន​រិះគន់​ពី​មតិ ជាតិ​និង​អន្តរជាតិ ព្រម​ទាំង​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​នៅ​តាម​ខេត្ត​ជាច្រើន​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s