ចៅក្រម​ដាក់​លោក​ កឹម សុខា ​​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​មុន​ជំនុំជម្រះ

ប្រភព ៖​ ភ្នំពេញបុស្តិ៍

មួយ​ថ្ងៃ​បន្ទាប់ពី​លោក កឹម សុខា មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រូវ​បាន​ចោទប្រកាន់​ដោយ​ព្រះរាជអាជ្ញា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក គី រិទ្ធី បាន​ដាក់​លោក​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​មុន​ការ​ជំនុំជម្រះ និង​បាន​បញ្ជាក់​អំពី​ការ​ចោទប្រកាន់​ពី​បទ​ «​ក្បត់ជាតិ​»​។ នេះ​បើ​តាម​តុលាការ​។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក លី សុផាណា បាន​ថ្លែង​ថា​៖ «​បន្ទាប់ពី​បញ្ចប់​ការ​សាកសួរ​ផ្ទាល់​ទល់​មុខ​គ្នា​ទៅ​លើ​ជនសង្ស័យ កឹម សុខា ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ដាក់​ជនសង្ស័យ កឹម សុខា នៅ​ក្នុង​ការ​ឃុំ​ខ្លួន​មុន​ការ​ជំនុំជម្រះ​ពី​បទ​ «​ចារកម្ម​» ​តាម​មាត្រា​ ៤៤៣ ​នៃ​ក្រម​ព្រហ្មទណ្ឌ និង​ឃុំ​ខ្លួន​ជនសង្ស័យ​ទៅ​តាម​នីតិវិធី​»​។

មេធាវី​ការពារ​ក្តី​លោក ផេង ហេង បាន​ហៅ​សេចក្តី​សម្រេច​នេះ​ថា​ខុស​ច្បាប់​។

លោក​បាន​ថ្លែង​ថា​៖ «​មេធាវី​អវត្តមាន​…​វា​រំលោភ​បំពាន​សិទ្ធិ​របស់​ចុងចោទ និង​សិទ្ធិ​មេធាវី​ដូច​បាន​លើក​ឡើង​ក្នុង​មាត្រា ១៤៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​»​។ មាត្រា ១៤៩ ​ផ្តល់​សិទ្ធិ​ដល់​មេធាវី​របស់​ជន​ជាប់ចោទ​ក្នុង​ការ​ «​ទំនាក់​ទំនង​ដោយ​សេរី​ជាមួយ​កូនក្តី​របស់​គាត់​នៅ​ក្នុង​មណ្ឌល​ឃុំខ្លួន ឬ​ពន្ធនាគារ​»​។

មាត្រា​ ១៤៥ ​នៃ​ក្រម​នីតិវិធី​ចែង​ថា «​ចៅក្រម​ស៊ើបសួរ​ត្រូវ​កោះ​ហៅ​មេធាវី​យ៉ាង​ហោច​ណាស់ ៥ ថ្ងៃ​ពី​មុន​ការ​សាកសួរ​ធ្វើ​ឡើង​» ហើយ​លោក​ថា​ជន​ជាប់ចោទ​អាច​ត្រូវ​បាន​សាកសួរ​ដោយ​គ្មាន​មេធាវី ប្រសិន​បើ​មេធាវី​ «​ត្រូវ​បាន​កោះ​ហៅ​សមស្រប ប៉ុន្តែ​មិន​បង្ហាញ​ខ្លួន​» ឬ​ប្រសិន​បើ​ជន​ជាប់ចោទ​បោះបង់​សិទ្ធិ​នោះ​។

មេធាវី​ត្រូវ​បាន​បដិសេធ​មិន​ឲ្យ​ជួប​ជន​ជាប់ចោទ​កាលពី​ថ្ងៃ​អង្គារ​ខណៈ​សន្តិសុខ​ពន្ធនាគារ​អះអាង​ថា​ពួកគេ​ត្រូវការ​ការ​អនុញ្ញាត​ពី​តុលាការ​ជា​មុន​សិន ហើយ​ការ​ព្យាយាម​របស់​ក្រុម​មេធាវី ដើម្បី​សុំ​ជួប​ជាមួយ​ចៅក្រម​ស៊ើបសួរ​មិន​ទទួល​បាន​ជោគជ័យ​ទេ​រហូត​ដល់​ពេល​ល្ងាច​។

ក្រុម​មេធាវី​របស់​លោក​ កឹម សុខា បាន​អះអាង​កាលពី​ម្សិលមិញ​ថា​ពួកគេ​មិន​ត្រូវ​បាន​ជម្រាប​ជា​ផ្លូវការ​អំពី​ការ​សាកសួរ​លោក កឹម សុខា ដោយ​ចៅក្រម​ស៊ើបសួរ​របស់​សាលា​ដំបូង​រាជធានី​នោះ​ទេ​។

ករណី​លើក​លែង​មួយ​ទៀត​គឺ​ក្នុង​ករណី​ «​បន្ទាន់​» ​សម្រាប់​ការ​សាកសួរ​ជនសង្ស័យ​ដោយ​មិន​មាន​មេធាវី នៅ​ពេល​ដែល​មាន​ហានិភ័យ​នៃ​ការ​បាត់​ភ័ស្តុតាង​ដែល​លោក ហេង ថ្លែង​ថា​មិនមែន​ជា​ករណី​របស់​លោក កឹម សុខា ទេ​។

ចៅក្រម​ស៊ើបសួរ​លោក រិទ្ធី បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​នៅ​ពេល​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់ទង​កាលពី​ម្សិលមិញ​។

កូនស្រី​របស់​លោក សុខា ដែល​ជា​អនុប្រធាន​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា កឹម មនោវិទ្យា បាន​ថ្លែង​ថា​ទង្វើ​នេះ​ «​គ្មាន​អ្វី​ភ្ញាក់ផ្អើល​» ​ទេ​។ កញ្ញា​បាន​បញ្ជាក់​ថា​៖ «​ឥឡូវ​នេះ​ប្រព័ន្ធ​តុលាការ​គឺជា​ឧបករណ៍​ដ៏មាន​ប្រសិទ្ធភាព​បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​កម្ចាត់​អ្នក​ប្រឆាំង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​»​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​កាលពី​ម្សិលមិញ​ក្រុម​អ្នក​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​តុលាការ​ «​ទម្លាក់​ចោល​ការ​ចោទប្រកាន់​» និង​ដោះលែង​លោក កឹម សុខា​។ «​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់ទុក​ការ​ប្រើប្រាស់​តុលាការ​ថា​ជា​ឧបករណ៍​នយោបាយ​ដើម្បី​ធ្វើ​ទុក​បុកម្នេញ​ទៅ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​គណបក្ស​… និង​គ្រាន់​តែ​នាំ​ឲ្យ​មាន​ភាព​តានតឹង​នយោបាយ​ខ្លាំង​ឡើង​» ដែល​នឹង​ «​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​ការ​បោះឆ្នោត​យុត្តិធម៌ និង​ស្មើភាព​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា​» ​នាពេល​ខាង​មុខ​។

ទន្ទឹម​នឹង​នេះ​នៅ​ក្នុង​លិខិត​មួយ​ផ្សេង​ទៀត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខហួរ លោក ប៉ុល ហំម លោក សុន ឆ័យ លោក សួន រីដា និង​លោក គី វ៉ាន់ដារ៉ា បាន​ស្នើសុំ​ចូល​ជួប​សួរ​សុខទុក្ខ​លោក កឹម សុខា នៅ​ពន្ធនាគារ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នៅ​វេលា​ម៉ោង​ ២ ​រសៀល​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s