អ្នក​ភូមិ​នៅ​ខេត្ត​មណ្ឌលគិរី​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដី​ដែល​ពលរដ្ឋ​ចំណាក​ស្រុក​ហ៊ុមព័ទ្ធ​យក

ប្រភព ៖​​ RFA

ចាប់​ពី​ដើម​ឆ្នាំ​២០១៧ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន សហគមន៍​ឃុំ​ដាក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី តវ៉ា​ទាមទារ​ដី​អភិរក្ស​តំបន់​ទេសចរណ៍​សហគមន៍​ជាង ២​ហិកតារ ដែល​ពលរដ្ឋ​ចំណាក​ស្រុក​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​ជា​កម្មសិទ្ធិ​ដោយ​សំអាង​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ពួកគេ​ពីរ​គ្រួសារ ក៏ប៉ុន្តែ​ការ​តវ៉ា​នោះ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។

​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ឃុំ​ដាក់ដាំ ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ​ពន្លឿន​ដោះស្រាយ​ទំនាស់​ដី​ជាង ២​ហិកតារ ដែល​ពលរដ្ឋ​ចំណាកស្រុក​កាន់កាប់​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ទេសចរណ៍​សហគមន៍។នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា តំណាង​សហគមន៍ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អាជ្ញាធរ​ឃុំ​ដាក់ដាំ មាន​គ្នា​សរុប ១០​នាក់ បាន​ចុះ​ទៅ​វាស់វែង​ដី​តំបន់​ទេសចរណ៍​សហគមន៍ រួម​ទាំង​ដី​មាន​ជម្លោះ ដើម្បី​ដាក់​ជូន​អាជ្ញាធរ​ឃុំ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដែល​អូស​បន្លាយ​ច្រើន​ខែ​មក​ហើយ។

តំណាង​សហគមន៍​ដាក់ដាំ លោក ពើល ធិ បញ្ជាក់​ថា ការ​វាស់វែង​ចុង​ក្រោយ​នេះ គឺ​សហគមន៍ និង​អាជ្ញាធរ​សំអាង​ទៅ​លើ​បង្គោល​ព្រំ​ដី​ដែល​មន្ទីរ​បរិស្ថាន​បាន​បោះ​កំណត់​ផ្ទៃដី​តំបន់​ទេសចរណ៍ ហេតុ​នេះ​សហគមន៍​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដក​ហូត​ដី​ដែល​ពលរដ្ឋ​ចំណាក​ស្រុក​កាន់កាប់​ខុស​ច្បាប់​ទៅ​ប្រគល់​ទុក​ឲ្យ​ជា​សម្បត្តិ​រមណីយដ្ឋាន​ដូច​ដើម​វិញ៖ «សហគមន៍​ចង់​បញ្ចប់​រឿង​ហ្នឹង​យក​ត្រឹម​ព្រំ​ចាស់ ស៊ីម៉ង់​ធំៗ​តាម​បរិស្ថាន​គេ​រៀបចំ​យក​តាម​បង្គោល​​ចាស់​ដើម្បី​ប្រគល់​ឲ្យ​សហគមន៍​វិញ»

​តំបន់​ទឹកធ្លាក់​ជ្រៃ​ធំ មាន​ផ្ទៃដី​ប្រមាណ ៤​ហិកតារ​ឋិត​នៅ​ក្នុង​ភូមិ​ពូលេះ ជា​តំបន់​ទឹក​ជ្រោះ​ធម្មជាតិ​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន និង​មន្ទីរ​ទេសចរណ៍ ប៉ុន្តែ​ស្ថាប័ន​ទាំង​ពីរ​បាន​ប្រគល់​ទៅ​ឲ្យ​សហគមន៍​ថែរក្សា និង​ស្វែង​រក​ប្រាក់​ចំណូល​ពី​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ លើស​ពី​នេះ​ទៀត តំបន់​ទឹក​ជ្រោះ​ជ្រៃ​ធំ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​បោះ​បង្គោល​សំគាល់​ព្រំ​ដី​ជាក់លាក់​មិន​អាច​រំលោភ​បាន​ទេ។

​អតីត​មេ​ឃុំ​ដាក់ដាំ ដែល​ជា​អ្នក​ចុះ​ហត្ថលេខា​ប្រគល់​ដី​ទៅ​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក គឺ​លោក អាត់ ប៊ុននី ដែល​បច្ចុប្បន្ន​លោក​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដាក់ដាំ ទទួល​ស្គាល់​ថា ដី​ដែល​ពលរដ្ឋ​ពីរ​គ្រួសារ​ឈូស​ឆាយ និង​ហ៊ុមព័ទ្ធ​យក​ជា​កម្មសិទ្ធិ​ពិត​ជា​ឋិត​ក្នុង​តំបន់​អភិរក្ស​ទេសចរណ៍​ប្រាកដ​មែន និង​មិន​មែន​ជា​ដី​ដែល​លោក​បាន​ចុះ​ហត្ថលេខា​ប្រគល់​ទៅ​ឲ្យ​ពលរដ្ឋ​ចំណាក​ស្រុក​នោះ​ទេ។ លោក​ថា នឹង​ធ្វើ​របាយការណ៍​វាស់វែង​ពី​ទំហំ​ដែល​ប៉ះពាល់​ដី​តំបន់​ទេសចរណ៍​ដាក់​​ជូន​អាជ្ញាធរ​ឃុំ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ៖ «វាស់​ដី​ទំនាស់​ហើយ វាស់​ដី​ការពារ​ទៀត ដី​ទំនាស់​នៅ​ក្នុង​ដី​ការពារ​នៅ​ក្រៅ។ គេ​សុំ​កាន់កាប់​ក៏​មាន​​ដែរ កំណត់​តាម​ព្រំ ឥឡូវ​គេ​ឆ្លង​ព្រំ​ចង់​យក​អស់​ហើយ»

​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក (ADHOC) លោក សុក រដ្ឋា បញ្ជាក់​ថា អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​ផ្នែក​ជំនាញ ត្រូវ​កំណត់​ឲ្យ​ច្បាស់លាស់​ពី​អត្តសញ្ញាណ​ដី​ដែល​មាន​ទំនាស់​ឋិត​ក្នុង​តំបន់​អភិរក្ស ដែល​ជា​ប្រភេទ​ដី​សាធារណៈ​របស់​រដ្ឋ ឬ​យ៉ាង​ណា។ លោក​បន្ត​ថា មិន​មាន​ជន​ណា​មួយ​មាន​សិទ្ធិ​កាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ​បាន​ទេ។ ដូច្នេះ​អាជ្ញាធរ​មាន​សិទ្ធិ​ដក​ហូត​ដី​នោះ​មក​វិញ៖ «សំខាន់​អ្នក​ដែល​ដឹង​ថា ដី​ហ្នឹង​ជា​ដី​សាធារណៈ​របស់​រដ្ឋ គឺ​អាជ្ញាធរ​ដែនដី​ដែល​គាត់​គ្រប់គ្រង​ដែនដី​ហ្នឹង​ហើយ និង​អាជ្ញាធរ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត»

​របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ដី​តំបន់​រមណីយដ្ឋាន​ជ្រៃធំ គឺ​ជា​តំបន់​ព្រៃ​ដើម​ស្រល់​ដែល​អ្នក​ភូមិ​អភិរក្ស​សម្រាប់​យក​ប្រភព​ទឹក​ពី​ជ្រោះ​ធម្មជាតិ​ប្រើប្រាស់​ក្នុង​សហគមន៍​ចំនួន​បី​ភូមិ​នៅ​តំបន់​ក្បែរ​នោះ ជាពិសេស​​តំបន់​នោះ​ក៏​ជា​ព្រៃ​គោរព​បូជា​តាម​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច​ទៀត​ផង៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s