CNRP ចាត់​ទុក​កិច្ច​ប្រជុំ​សភា​ព្រឹកនេះ «ខុស​ច្បាប់» ខណៈ​ប៉ូលិស​ យោធា រាប់​រយ​នាក់​ត្រូវ​ដាក់​ពង្រាយ​នៅ​គុក​ត្រពាំង​ផ្លុង

ប្រភព ៖ ភ្នំពេញបុស្តិ៍

គណបក្ស​ប្រឆាំង បាន​ចាត់​ទុក​​កិច្ច​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា ដែល​គ្រោង​ធ្វើ​ឡើង នៅ​ព្រឹក​នេះ ដើម្បី​សម្រេច​​ករណី​ចាប់​ខ្លួន​លោក​កឹម សុខា ថា ជា «ទង្វើ​ខុស​ច្បាប់» ខណៈ​ដែល​មាន​សេចក្តី​រាយ​ការណ៍​ថា កម្លាំង​ប៉ូលិស និង​យោធា​រាប់​រយ​នាក់ ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​មុន​ពេល​ដែល​ក្រុម​តំណាង​រាស្ត្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ទៅ​ជួបជុំ​គ្នា​​នៅ​មុខ​ពន្ធនាគារ ដើម្បី​ថ្លែងសារ នៅ​ព្រឹក​នេះ។

តាម​គម្រោង រដ្ឋសភា​នឹង​បើកកិច្ច​​ប្រជុំ​វិសាមញ្ញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួនលោក​កឹម សុខា ដែល​ពេល​នេះ​កំពុង​ដាក់​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ដើម្បី​ស៊ើប​អង្កេត​បន្ថែម និង​រង់​ចាំ​ការ​កាត់​ទោស។

ក៏​ប៉ុន្តែ​ក្រុម​សមាជិក​សភា គណបក្ស​សង្គ្រោះ​ជាតិ​​ នឹង​មិន​ចូល​រួម​ការ​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​នេះ​ទេ ដោយ​​សមាជិក​​សភាពី​សង្គ្រោះជាតិ​ប្រហែល​ ៣០ ​រូប ​នឹង​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្នា​ នៅ​មុខ​ពន្ធនាគារ​ត្រពាំង​ផ្លុង​រយៈពេល​មួយ​ម៉ោង​ ចាប់​ពី​ម៉ោង ៩ កន្លះ​ព្រឹក​​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ថ្លែង​សារ។ នេះ​បើ​តាម​ការ​​បញ្ជាក់​របស់​លោក​ស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។

កាល​ពី​សប្តាហ៍​មុន លោក​ស្រី​ មូរ សុខហួរ បាន​ស្នើ​សុំការ​អនុញ្ញាត​ ពី​ចៅក្រម​ស៊ើប​សួរ​ លោក គី ឫទ្ធី ដើម្បី​ចូល​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។

លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​បានថ្លែង​ថា ការ​ប្រកាស​ពហិការ​ប្រជុំសភា របស់​គណបក្ស​ប្រឆាំង​នេះ នឹង​មិន​មាន​អ្វី​រារាំង​ការ​សម្រេច​របស់​រដ្ឋសភា​ទេ ពាក់​ព័ន្ធនឹង​ករណី​លោក កឹម សុខា​ ពីព្រោះ​ដើម្បី​រារាំង​ចំណាត់​ការ​របស់​តុលាការ​បាន លុះ​ត្រា​តែ​មាន​សំឡេង ៣ ភាគ ៤ ឬ​ស្មើ ៩៣ សំឡេង។

លោក​​ថ្លែង​ថា៖ «អ៊ីចឹង​ បើ​សភា​ចង់​ទាម​ទារ​ឲ្យ​តុលាការ​ផ្អាក​ការ​ចោទ​ប្រកាន់ ត្រូវ​មាន​សំឡេង ៣ ភាគ ៤ ស្មើនឹង ៩៣ សំឡេង។ អ៊ីចឹង​ការ​ចូល​រួម​សំខាន់​ដែរ បើ​សិន​​អ្នក​ណា​ចង់​បោះ​ឆ្នោត​គាំទ្រ​ឲ្យ​ដោះ​លែង ឲ្យ​ផ្អាក​ការ​ចោទ​ប្រកាន់ លោក កឹម សុខា នោះអញ្ជើញ​ទៅ​ការពារ​លោក​កឹម សុខា រឿង​ស្អីៗ។ ធ្វើ​ម៉េច​បាន​ ៩៣​ សំឡេង ​ទើប​អាច​រារាំង​តុលាការ​មិន​ឲ្យ​ចោទ​ប្រកាន់​លោក​ កឹម​ សុខា។ បើ​សិន​ជា​មិន​បាន ៣ ភាគ​ ៤ ឬ​៩៣​ សំឡេង​ទេ តុលាការ ​គេ​អត់​រវល់​ទេ​ គេ​បន្ត​នីតិវិធី​របស់​គេ​ ដោយ​ស្វ័យ​ប្រវត្តិ»។

កាល​ពី​ព្រឹក​ម្សិល​មិញ ស្នងការ​ខេត្ត​ ត្បូងឃ្មុំ លោក បែន រ័ត្ន បាន​សរសេរ​​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ថា៖ «ដើម្បី​សុវត្ថិភាព​ ម៣ ​បច្ចុប្បន្ន​ គណៈបញ្ជាការ​ឯកភាព​ខេត្ត​ ត្បូង​ឃ្មុំ​ សម្រេច​បញ្ជូន​សមត្ថកិច្ច​ចម្រុះ​បន្ថែម​កម្លាំង​ជួយ​ការពារ​ ម៣​ ចំនួន ៧៥ នាក់»។

លោក រ័ត្ន ​ថ្លែង​ថា លោក​​បញ្ជូន​កម្លាំង​បន្ថែម​ ទៅ​ទី​នោះ​​តាម​សំណើ​របស់​មណ្ឌល​អប់រំ​កែប្រែ។

ប៉ុន្តែ​នៅ​ល្ងាច​ម្សិល​មិញ​ Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ​បាន​ស្រង់​សម្ដី​លោក បែន​ រ័ត្ន​ ដោយ​លោក​ថ្លែង​ថា៖ «កម្លាំង​យើង​ជិត ២០០ នាក់​បូក​ជាមួយ​កម្លាំង​យោធា ១០០ នាក់​ទៀត​ បាន​បញ្ជូន​ទៅ​កាន់​ទីនោះ​ហើយ ពីព្រោះ​យើង​ត្រូវ​រក្សា​សន្តិសុខ និង​សណ្តាប់​ធ្នាប់​ជូន​សង្គមជាតិ»។

ទោះ​យ៉ាង​ណា លោក ភិន យ៉ាន ប្រធាន​ពន្ធនាគារ​ត្រពាំងផ្លុង​ថ្លែង​ថា​ លោក​មិន​ដឹង​ពី​សំណើ​សុំ​បន្ថែម​កម្លាំង​​នេះ​ទេ។

លោក សុន ឆ័យ សមាជិក​សភាគណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា ការ​បន្ថែម​កម្លាំង​នេះប្រហែល​ជា​កើត​មាន​ ដោយ​សារ​តែ​អាជ្ញាធរ​ ខ្លាច​មាន​បាតុកម្ម ដោយ​លោក​និយាយ​ថា៖ «អាជ្ញាធរ ប្រហែល​ខ្លាច​ពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ពន្ធនាគារ ​ដើម្បី​ទាមទារ​ឲ្យ​​ដោះ​លែង​លោក កឹម សុខា»។

លោក​ស្រី​ មូរ សុខហួរ បាន​បញ្ជាក់​ជំហរថា ការ​ជួប​ជុំ​នៅ​មុខ​ពន្ធនាគារ​ នឹង​ធ្វើ​ឡើង​ដូច​​ការ​គ្រោង​ទុក។ ប៉ុន្តែ​លោកស្រី​មាន​ចម្ងល់​ថា៖ «ហេតុ​អ្វី​ត្រូវ​បញ្ជូន​យោធា​ទៅ​ទីនោះ? តើ​កម្ពុជា​កំពុង​មាន​សង្គ្រាម​ឬ?»។

កាល​ពី​​ល្ងាច​ម្សិល​មិញ គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្មី​មួយ​ទៀត ក្រោយ​ពេល​គណៈកម្មាធិការ​អចិន្រៃ្តយ៍​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បើក​កិច្ច​ប្រជុំ​ផ្ទៃក្នុង។

សេចក្តី​ថ្លែង​ការណ៍​បាន​សម្រេច​លើ​ជំហរ​ ៥​ ចំណុច​រួម​មាន៖ ១​. ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ ​ចំពោះ​ការ​ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ​ចូល​ចាប់​លោក​កឹម សុខា ទាំង​យប់​អធ្រាត្រ​ដោយ​រំលោភ​លើ​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្រ្ត ២.សម្រេច​ថា លោក​សុខា នៅ​តែ​ជា​ប្រធាន​គណប្ស​ដដែល ៣. គាំទ្រ​ការ​ថ្កោល​ទោស​ ពី​មជ្ឈដ្ឋាន​អន្តរជាតិ​ ចំពោះ​ការ​ចាប់​ខ្លួនលោក សុខា ៤.បន្ត​ការងារ​ឆ្ពោះ​ទៅ​កាន់​ការ​បោះ-​ឆ្នោត​ឆ្នាំ​ ២០១៨ ហើយ​ចុង​ក្រោយ​បាន​ថ្លែង​ថា ការ​ប្រជុំ​វិសាមញ្ញ​​រដ្ឋសភា​នៅ​ថ្ងៃនេះ ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ​បន្ត​ការ​ចោទ​ប្រកាន់​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន​លោក សុខា «ជា​ទង្វើ​ខុស​ច្បាប់​ ពីព្រោះ​ទោះ​បី​​ជា​រដ្ឋសភា ប្រើ​ប្រាស់​គោល​ការណ៍​នៃ​មាត្រា ៨០ នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​លើក​អភ័យ​ឯកសិទ្ធិ​សភា ឬការ​បញ្ចេញ​មតិ​ ឲ្យ​ផ្អាក​តាម​មតិ​ភាគ​ច្រើន ៣ ភាគ ៤ ក៏​រដ្ឋសភា ពុំ​​មាន​កូរ៉ុម​គ្រប់​គ្រាន់ ក្នុង​ការ​ប្រជុំ​សម្រេច​​បាន​ដែរ»។

កាល​ពី​ម្សិល​មិញ ​​ភរិយាលោក កឹម សុខា គឺ​លោក​ស្រី តែ ចន្ទមនោ បាន​ប្រាប់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ លោក កឹម សុខា នៅ​មាន​ស្មារតី​រឹង​មាំ​ដដែល ប៉ុន្តែ​សុខ​ភាព​របស់​លោក បាន​ធ្លាក់​ចុះជា​លំដាប់។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃកន្លង​មក​នេះ ប្រជាពលរដ្ឋ​ខ្មែរ នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​បាន​ធ្វើ​បាតុកម្ម​​ជា​បន្ត​បន្ទាប់​ជា​​អ្វី ដែល​ត្រូវ​បាន​ក្រុម​មេដឹក​នាំ​បាតុកម្ម​ទាំង​នោះ​ ពន្យល់​ថា គឺ​ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​លោក​ សុខា និង​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​សហគមន៍​អន្តរជាតិ ចាត់​វិធាន​ការ​ជាក់​ស្តែង «ប្រឆាំង​នឹង​រដ្ឋាភិបាល ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រើ​កម្លាំង ​ចាប់​ឃុំ​ខ្លួន​លោក​កឹម សុខា​ទាំង​បំពាន​ច្បាប់»។

ប៉ុន្តែលោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​​ថា ការ​ទាមទារ​ឲ្យ​ដោះ​លែង​លោក កឹម សុខា​ គឺវា​គ្មាន​ប្រយោជន៍​នោះ​ទេ ដោយសារ​តែ​ករណី​លោក កឹម សុខា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ហើយ​កំពុង​តែ​ធ្វើការ​បន្ត​តាម​នីតិវិធី​ច្បាប់។

លោក​បន្ត​ថា៖ «ការ​ទាមទារ​ជា​សិទ្ធិ​របស់​គាត់ ក៏​ប៉ុន្តែ​វា​មិន​មាន​ប្រសិទ្ធភាព​អីទេ។ ទុក​ឲ្យ​តុលាការ​ដោះ​ស្រាយ។ គេ​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​នីតិវិធី កំពុង​តែ​ស៊ើប​អង្កេត…ទាម​ទារ​ម៉េច​កើត បើ​នៅ​ក្នុង​តុលាការ​ហ្នឹង»។

លោក ឥសាន បាន​ថ្លែង​​​ហាក់​ដូច​ជា​​សំដៅ​ទៅ​លើ​ការ​ធ្វើ​បាតុកម្ម​នៅក្នុង​ប្រទេសថា៖ «ពេល​ណា​ធ្វើ​បាតុកម្ម​ត្រូវ​ច្បាប់វា​អត់​បញ្ហា​ទេ…ធ្វើ​បាតុកម្ម​ខុស​ច្បាប់​ហ្នឹង​គេមាន​វិធាន​ការ​ហើយ។ អាហ្នឹង​វាអត់​មាន​រឿង​អីប្លែក​ទេ»។

លោក​បាន​បញ្ជាក់​ថា៖ «បើ​ធ្វើ​ត្រូវ​ច្បាប់​សមត្ថកិច្ច​ជួយ​ការពារ រៀប​ចំ​សណ្តាប់​ធ្នាប់​ជូន តែ​បើ​ធ្វើ​អត់​ត្រូវ​ច្បាប់​ទេ គេ​ទទួល​ការ​បង្ក្រាប​ហើយ…»៕ រាយការណ៍​បន្ថែមៈផាក់ ស៊ាងលី

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s