ភរិយា​លោក កឹម សុខា ទ្រហោយំ​ពេល​ឃើញ​ស្វាមី​ស្លៀកពាក់​ខោអាវ​អ្នកទោស

ប្រភព ៖ RFA

ភរិយា​លោក កឹម សុខា ទប់​អារម្មណ៍​ក្ដុកក្ដួល​មិន​បាន​ពេល​ឃើញ​លោក កឹម សុខា ស្លៀកពាក់​ខោ​អាវ​អ្នក​ទោស និង​ត្រូវ​បាន​ឆ្មាំ​ពន្ធនាគារ​យក​ទៅ​ដាក់​ក្នុង​បន្ទប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ។  ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ចំណាត់​ការ​បំបិទ​សំឡេង​ប្រឆាំង ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​នៃ​សហគមន៍​អន្តរជាតិ រិះគន់​ថា កម្ពុជា​មិន​ទាន់​បំពេញ​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​លទ្ធិប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ។

​កូនស្រី​របស់​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា ប្រាប់​ថា ម្ដាយ​របស់​កញ្ញា​ទប់​ទឹក​ភ្នែក​មិន​បាន​ពេល​ឃើញ​ប្រាណ​លោក កឹម សុខា គ្រង​សម្លៀក​បំពាក់​អ្នក​ទោស​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា។ កញ្ញា កឹម មនោវិទ្យា សរសេរ​សារ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ (Twitter) របស់​កញ្ញា​ថា ឥឡូវ​នេះ លោក កឹម សុខា ត្រូវ​គេ​បញ្ជូន​ទៅ​ដាក់​នៅ​បន្ទប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ហើយ ដោយ​ដាក់​រួម​គ្នា​ជាមួយ​អ្នក​ទោស​ដទៃ​ទៀត។ កញ្ញា​បន្ត​ថា ម្ដាយ​របស់​កញ្ញា​ស្រែក​ទ្រហោ​យំ​ពេល​ឃើញ​ឪ​ពុក​របស់​កញ្ញា​ស្លៀក​ពាក់​ឯកសណ្ឋាន​ជា​អ្នក​ទោស។

​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា រង​ការ​រិះគន់​ពី​ជុំ​ទិស​ទាំង​ពី​ខាង​រដ្ឋាភិបាល​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ស្ថាប័ន​អង្គការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ និង​សមាជិក​ព្រឹទ្ធ​សភា និង​សមាជិក​សភា។ តំណាងរាស្ត្រ និង​ជា​ប្រធាន​គណបក្ស​ពលករ​អូស្ត្រាលី លោក ម៉ាក បាត់លើរ៍ (Mark Butler) លើក​ឡើង​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ចំពោះ​មុខ​សមាជិក​សភា​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា លោក ម៉ាក បាត់លើរ៍ លើក​ឡើង​ពី​ការណ៍​ដែល​លោក​បាន​ជួប​លោក កឹម សុខា នៅ​វត្ត​ខ្មែរ​មួយ​នៅ​ប្រទេស​អូស្ត្រាលី កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ និង​បាន​ស្ដាប់​លោក កឹម សុខា ថ្លែង​អំពី​ក្ដី​សង្ឃឹម​សម្រាប់​អនាគត​ប្រទេស​កម្ពុជា។

លោក​ថា ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​គោរព​សិទ្ធិ​សម្រេច​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​ដែល​ពួក​គាត់​ពេញ​ចិត្ត៖ «រឿង​ដែល​សំខាន់​បំផុត​នោះ​គឺ​ត្រូវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ឆ្នោត មាន​សិទ្ធិ​សម្រេច​ជោគវាសនា​ប្រទេស​ជាតិ​ខ្លួន​ដោយ​ខ្លួន​ឯង។ មិន​ថា គាត់​សម្រេច​ជ្រើស​យក​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​បី​ទសវត្ស​មក​ហើយ ឬ​ជ្រើស​យក​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹកនាំ​ប្រទេស​ទៅ​ថ្ងៃ​អនាគត​នោះ​ទេ ពលរដ្ឋ​ខ្មែរ​ត្រូវ​តែ​ទទួល​បាន​សិទ្ធិ និង​សេរីភាព​ពេញលេញ​ក្នុង​ការ​សម្រេច​ចិត្ត»

លោក ម៉ាក បាត់លើរ៍ លើក​ឡើង​បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា នៅ​ជំពាក់​សន្យា​សំខាន់​មួយ​ក្នុង​ចំណោម​សន្យា​ធំៗ​ទាំង​បី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។ លោក​បន្ត​ថា កម្ពុជា​សន្យា​បី​ធំៗ ទី​មួយ​គឺ​សន្តិភាព ទី​ពីរ​គឺ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ទី​បី គឺ​លទ្ធិប្រជាធិបតេយ្យ​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ លោក​អះអាង​បន្ថែម​ថា ពលរដ្ឋ​កម្ពុជា នៅ​តែ​រង់ចាំ​ការ​សន្យា​នេះ​នៅ​ឡើយ ព្រោះ​គណបក្ស​ប្រឆាំង​នៅ​តែ​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ចំណែក​ឯ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ក៏​នៅ​តែ​រង​ការ​បិទ​ការ​ផ្សាយ ដូចជា​ការ​បិទ​ស្ថានីយ​វិទ្យុ​ជាច្រើន រួម​នឹង​ការ​បិទ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ជាដើម។

លោក ម៉ាក បាត់លើរ៍ ថា កម្ពុជា​មាន​កាតព្វកិច្ច​គោរព​តាម​ការ​សន្យា​នេះ។ ពិភពលោក​មិន​ព្រងើយកន្តើយ​នោះ​ទេ និង​កំពុង​តាមដាន​ស្ថានការណ៍​កម្ពុជា យ៉ាង​យក​ចិត្ត​ទុក​ដាក់៖ «ជា​ការ​សំខាន់​ខ្លាំង​ណាស់​ដែល​រដ្ឋាភិបាល​កម្ពុជា ត្រូវ​តែ​ធានា​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ ពិភពលោក​កំពុង​តាមដាន​ស្ថានការណ៍​កម្ពុជា យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គោរព​គោលការណ៍​ប្រជាធិបតេយ្យ តម្លាភាព និង​ការ​គោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើត​មាន»

​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​តំណាង​ខាង​រដ្ឋាភិបាល​កម្ពុជា បាន​នៅ​ឡើយ​ទេ​នៅ​ពេល​នេះ។

ប្រធាន​រាជបណ្ឌិត្យសភា លោក​បណ្ឌិត សុខ ទូច កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា កន្លង​ទៅ​នេះ​ថា សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស បើ​ធៀប​ទៅ​នឹង​មនុស្ស​គឺ​បាត់បង់​ជីវិត​ទៅ​ហើយ ដែល​សព្វថ្ងៃ​គ្រាន់​តែ​ជា​និមិត្តរូប​ប៉ុណ្ណោះ ព្រោះ​អ្វីៗ​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា សព្វគ្រប់​អស់​ហើយ។ លោក​ព្រឹទ្ធាចារ្យ លឺ ឡាយស្រេង មិន​យល់​ស្របតាម​សម្ដី​របស់​លោក​បណ្ឌិត សុខ ទូច៖ «ឥឡូវ​ដូច​មិនសូវ​យល់​សោះ អ្នកចេះដឹង​ច្រើន​ទៅ​ដូចជា​ឡប់​គ្រឿង​ទៅៗ ខ្ញុំ​មិន​យល់​គាត់​រៀន​ដល់​បណ្ឌិត​ហើយ​គាត់​និយាយ​អ៊ីចឹង​»​។​

​ខណៈ​ដែល​ការ​បោះឆ្នោត​ជាតិ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ គេ​នៅ​មិន​ទាន់​ដឹង​ពិត​ប្រាកដ​អំពី​ជោគវាសនា​របស់​លោក កឹម សុខា ថា​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​នៅ​ឡើយ​ទេ។ មាន​មតិ​ច្រើន​ណាស់​ចាត់​ទុក​ចំណាត់​ការ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន មក​លើ​គណបក្ស​ប្រឆាំង​ថា ជា​រឿង​នយោបាយ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s