លីកាដូ៖ ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ប៉ះពាល់​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដែល​គាំពារ​ដោយ​ច្បាប់

ប្រភព ៖ RFA

អង្គការ​លីកាដូ (LICADHO) យល់​ឃើញ​ថា វិធានការ​របស់​រដ្ឋាភិបាល​ដែល​បិទ​សំឡេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ចំនួន ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន។ អង្គការ​នេះ​រក​ឃើញ​ថា មាន​វិទ្យុ​ក្នុង​ស្រុក​ចំនួន ៣២ ស្ថានីយ​​ទូទាំង​ប្រទេស ត្រូវ​បង្ខំ​អោយ​បិទ​ការ​ផ្សាយ​ដែល​ស្ថានីយ​ទាំង​នោះ​បាន​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD)។ ក្រសួង​ព័ត៌មាន​ធ្លាប់​ថ្លែង​ការពារ​អំពី​ជំហរ​របស់​ខ្លួន​ថា នេះ​គឺ​ជា​ការ​ពង្រឹង​ច្បាប់ ហើយ​ការ​បិទ​វិទ្យុ​មួយ​ចំនួន​ដោយ​សារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ រំលោភ​លើ​ការ​ផ្សាយ​របស់​ខ្លួន។

អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន និង​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស ហៅ​កាត់​ថា លីកាដូ (LICADHO) ហៅ​ការ​អនុវត្ត​ច្បាប់​ដោយ​បង្ខំ​របស់​រដ្ឋាភិបាល ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កាសែត​បោះពុម្ព​ថា មិន​ត្រឹម​ធ្វើ​ឲ្យ​ពលរដ្ឋ​ទេ ដែល​ត្រូវ​ខាតបង់​តាមរយៈ​ទទួល​បាន​ព័ត៌មាន​ដែល​អាច​ជឿ​ទុកចិត្ត​បាន​នោះ។ បញ្ហា​នេះ​ថែម​ទាំង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខ្លួន​ឯង​ផ្ទាល់​ក៏​ត្រូវ​បាត់បង់​ប្រយោជន៍​ដ៏​ធំ​ពី​ការ​បិទ​ប្រព័ន្ធ​ព័ត៌មាន​នេះ​ដែរ។

អង្គការ​លីកាដូ បាន​ចេញ​របាយការណ៍​សង្ខេប​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ថា ការ​អនុវត្ត​ច្បាប់​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​លើ​ស្ថានីយ​វិទ្យុ​ដែល​ផ្សាយ​បន្ត​នូវ​ព័ត៌មាន​ឯករាជ្យ​ពី​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ីសេរី ដែល​ជា​សារព័ត៌មាន​មិន​រក​ប្រាក់​ចំណេញ ហើយ​ការ​បិទ​ក្រោម​ហេតុផល​អនុវត្ត​ច្បាប់​នេះ គឺ​ជា​មធ្យោបាយ​បិទ​ទាំង​ស្រុង​នៅ​តាម​រលក​ធាតុអាកាស​ផ្សេង​ទៀត។ អង្គការ​លីកាដូ យល់​ឃើញ​ថា វិទ្យុ​គឺ​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ដែល​រស់​នៅ​តាម​ជនបទ ដោយសារ​សេវា​អ៊ីនធឺណិត​នៅ​ទី​នោះ​មិន​អំណោយ​ផល។

អ្នក​ជំនាញ​ផ្នែក​វិស័យ​សារព័ត៌មាន​ចាត់​ទុក​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រៀប​ដូច​ជា​សវនកម្ម​ផ្ទៃ​ក្នុង​សម្រាប់​ស្ថាប័ន​នីមួយៗ ដើម្បី​កែ​លម្អ ផ្ដល់​យោបល់ ឬ​រិះគន់​ក្នុង​ន័យ​ស្ថាបនា។ ជាង​នេះ​ទៀត សេរីភាព​សារព័ត៌មាន​ប្រៀប​ដូច​រ៉ឺស័រ​យ៉ាង​ដូច្នេះ​ដែរ ប្រសិន​បើ​បន្ធូរ​ដៃ​តែ​បន្តិច សេរីភាព​នឹង​ត្រូវ​ថយ​ចុះ។

នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ មាន​ប្រសាសន៍​ថា លោក​មិន​លូកដៃ​ចូល​កិច្ចការ​ផ្លូវ​ច្បាប់​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​ទេ ប៉ុន្តែ​ជា​ទស្សនៈ ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដូច​នេះ មិន​មែន​តែ​ពលរដ្ឋ​ទេ​ដែល​ត្រូវ​ខាត​ប្រយោជន៍​នោះ សូម្បី​រដ្ឋាភិបាល​ក៏​ត្រូវ​បាត់បង់​ការ​គាំទ្រ​ក៏​មិន​ស្ទើរ​ដែរ។

លោក​បន្ត​ថា នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ សារព័ត៌មាន​ដែល​ឯករាជ្យ​ដើរ​តួនាទី​សំខាន់​ណាស់ ក្រៅ​ពី​ផ្ដល់​ព័ត៌មាន​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ហើយ ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ក៏​រួម​ចំណែក​ជំរុញ​ឲ្យ​អង្គភាព​របស់​រដ្ឋ​អនុវត្ត​ច្បាប់​ដោយ​ដោយ​តម្លាភាព និង​មាន​យុត្តិធម៌​សង្គម​ដែរ៖ «សារព័ត៌មាន​ដែល​ប្រកប​ដោយ​វិជ្ជាជីវៈ​គាត់​អាច​ជួយ​កែ​លម្អ ជួយ​ជម្រាប​ដល់​ថ្នាក់​ដឹកនាំ ដល់​អ្នក​ធ្វើ​គោលនយោបាយ​ដើម្បី​អាច​ឲ្យ​គាត់​កែ​លម្អ និង​បំពេញ​កិច្ចការ​ការងារ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ»

អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​ថា កាល​ពី​ចុង​ខែ​សីហា កន្លង​ទៅ​នេះ រដ្ឋាភិបាល​បាន​បិទ​រលក​ធាតុអាកាស​ផ្សាយ​វិទ្យុ​ចំនួន ៣២​អង្គភាព នៅ​តាម​បណ្ដា​ខេត្ត និង​រាជធានី​ចំនួន ២០​ទីតាំង។ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់​ថា រដ្ឋាភិបាល​មិន​បាន​បិទ​វិទ្យុ​បរទេស​ទាំង​ពីរ​ដែល​ផ្សាយ​ជា​ភាសាខ្មែរ​ទេ។ ប៉ុន្តែ​អ្វី​ដែល​ក្រសួង​អនុវត្ត​ច្បាប់​នេះ គឺ​ចំពោះ​តែ​ម្ចាស់​ស្ថានីយ​ណា​ដែល​រំលោភ​លើ​កិច្ចសន្យា​ការ​ផ្សាយ​របស់​ខ្លួន​ជាមួយ​នឹង​ក្រសួង​ព័ត៌មាន ប៉ុណ្ណោះ។

បើ​ទោះ​ជា​បែប​ណា ស្ថានីយ​វិទ្យុ​ដែល​ក្រសួង​អះអាង​ថា បាន​បិទ​ក្រោម​ហេតុផល​ពង្រឹង​ច្បាប់​នេះ គឺ​បិទ​តែ​ចំពោះ​វិទ្យុ​ណា​ផ្សាយ​បន្ត​ពី​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ប៉ុណ្ណោះ។

នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ យល់​ឃើញ​ថា នេះ​ពុំ​មែន​ជា​ជម្រើស​ល្អ​ឡើយ​សម្រាប់​រដ្ឋាភិបាល​ដែល​សម្រេច​ចិត្ត​បិទ​សព្វ​បែប​យ៉ាង​ពី​សំឡេង​សង្គម​ស៊ីវិល បក្ស​ប្រឆាំង និង​សារព័ត៌មាន។ ប៉ុន្តែ​បើ​ទោះ​ជា​បែប​ណា អ្នក​ជំនាញ​ផ្នែក​សារព័ត៌មាន​រូប​នេះ​បញ្ជាក់​ថា នៅ​ក្នុង​សម័យ​កាល​ដ៏​ទំនើប​នេះ ពលរដ្ឋ​នៅ​តែ​មាន​ជម្រើស​ផ្សេង​ដើម្បី​អាច​ទទួល​បាន​ព័ត៌មាន​ដែល​ពួក​គេ​ចាប់​បាន។

លោក​បន្ត​ថា៖ «ដោយសារ​តែ​ភាព​ជឿនលឿន​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​យើង​ឃើញ​ថា ការ​ទទួល​បាន​ព័ត៌មាន​សម្រាប់​សាធារណៈ​វា​មិន​បាន​បាត់បង់​ទាំង​ស្រុង​ទេ។ យើង​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម យើង​មាន​ផ្សាយ​តាម​អ៊ីនធឺណិត។ ដូច្នេះ​នៅ​ពេល​ដែល​សេវា​អ៊ីនធឺណិត​កាន់​តែ​ទូលំទូលាយ ហើយ​ទូរស័ព្ទ​ដៃ​ដែល​អាច​ភ្ជាប់​អ៊ីនធឺណិត​បាន​កាន់​តែ​មាន​តម្លៃ​ថោក ហើយ​ល្បឿន​អ៊ីនធឺណិត​កាន់​តែ​ដើរ​លឿន​ទៀត​នោះ ខ្ញុំ​ជឿ​ថា ប្រជាពលរដ្ឋ​គាត់​មិន​នៅ​ស្ងៀម​ទេ»

នៅ​មុន​ការ​ចាប់​ខ្លួន​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ លោក កឹម សុខា ទាំង​កណ្ដាល​អធ្រាត្រ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា រដ្ឋាភិបាល​ចាប់​ផ្ដើម​អនុវត្ត​ធម៌​ក្ដៅ​ដោយ​បិទ​ទ្វារ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ និង​បណ្ដេញ​បុគ្គលិក​បរទេស​របស់​អង្គការ​នេះ​ចេញ​ពី​កម្ពុជា។ មិន​តែ​ប៉ុណ្ណោះ​បាន​បង្ខំ​អោយ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បង់​ពន្ធ ហើយ​បន្តបន្ទាប់​មក​ទៀត បិទ​ដោយ​បង្ខំ​នូវ ការ ផ្សាយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន និង​បន្ត​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​បក្ស​ប្រឆាំង និង​អង្គការ​មិនមែន រដ្ឋាភិបាល​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​ថែម​ទៀត។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា វិធានការ​របស់​រដ្ឋាភិបាល​ទាំង​​នេះ អាច​ជា​ការ​ប៉ុនប៉ង​បំបិទ សំឡេង​កុំ​ឲ្យ​មាន​ការ​រិះគន់ និង​មាន​ភាព​ច្របូក​ច្របល់​រឿង​ចាប់​ខ្លួន​លោក កឹម សុខា ក្នុង​បទ​ចោទ​ក្រោម​ហេតុផល​​ថា​​មេ​បក្ស​ប្រឆាំង​រូប​នេះ​ក្បត់​ជាតិ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s