សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា

ប្រភព ៖ RFA

សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​​៣ នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែ​កញ្ញា ជួបជុំ​គ្នា​នៅ​តាម​ទីក្រុង​មួយ​ចំនួន​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ជុំវិញ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​បញ្ឈប់​លែង​ឲ្យ​អង្គការ​អន្តរជាតិ អិន.ឌី.អាយ (NDI) ធ្វើ​ការងារ​ឃ្លាំមើល​កិច្ចការ​បោះឆ្នោត និង​ការ​បិទ​ស្ថានីយ​ផ្សាយ​ព័ត៌មាន​បន្ត​ឲ្យ​វិទ្យុ​បរទេស និង​បិទ​ស្ថាប័ន​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia daily)។ បញ្ហា​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ចាត់​ទុក​ថា រដ្ឋាភិបាល​អនុវត្ត​តាម​ច្បាប់។

សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស រួម​មាន​នៅ​​ប្រទេស​អូស្ត្រាលី (Australia) កាណាដា (Canada) និង​ប្រទេស​បារាំង (France) រាប់​រយ​នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​លើក​បដា​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក កឹម សុខា ស្នើ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ខាង​សារព័ត៌មាន​នៅ​កម្ពុជា។

តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី លោក ហុង លីម មាន​ប្រសាសន៍​ថា បាតុកម្ម​ធ្វើ​ឡើង​នៅ​មុខ​សាលាក្រុង​ស្ព្រីងវែល (Springvale Town Hall) ក្នុង​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) មាន​ពលរដ្ឋ​ប្រមាណ​ជាង ៤០០​នាក់។ លោក​ថា ពលរដ្ឋ​ខ្មែរ-​អូស្ត្រាលី មិន​នៅ​ស្ងៀម​ឡើយ​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល​ដែល​បាន​ព្យាយាម​កម្ចាត់​មេដឹកនាំ​គណបក្ស​ប្រឆាំង​តាម​រូបភាព​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ថា ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ដោយ​អយុត្តិធម៌។ ក្រៅ​ពី​នេះ​លោក​ថា សហគមន៍​ខ្មែរ​ក៏​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ​ធ្វើ​យ៉ាង​ណា​អន្តរាគមន៍​ឲ្យ​មេដឹកនាំ​ប្រទេស​កម្ពុជា អនុវត្ត​ស្មារតី​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ឲ្យ​បាន​ពេញលេញ​ដែល​លោក​ឃើញ​ថា កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង៖ «ពេល​នេះ​មាន​អ្នក​តំណាងរាស្ត្រ​ពី​សហព័ន្ធ​បាន​មក​ពីរ​នាក់ ម្នាក់​ជា​រដ្ឋមន្ត្រី​ស្រមោល គាត់​ថា​ស្អីៗ​ដែល​លោក កឹម សុខា ធ្វើ គឺ​ជា​តួនាទី​ភារៈ​ជា​មុខ​របរ​ជា​ប្រធាន​គណបក្ស​ប្រឆាំង គេ​ត្រូវ​ធ្វើ​ម៉េច​ទាក់ទាញ​ឲ្យ​ធ្លាក់​រដ្ឋាភិបាល​ដែល​គេ​ផ្សព្វផ្សាយ​ជា​គំនិត​យោបល់ ហើយ​មក​ចាប់​គេ​ដាក់​គុក វា​ហួស​ចិត្ត​មិន​ដែល​មាន»

លោក ហុង លីម បញ្ជាក់​ថា ទន្ទឹម​នឹង​គ្នា​នេះ សហគមន៍​ខ្មែរ​នៅ​រដ្ឋ​ពីរ​ទៀត​ក៏​ធ្វើ​បាតុកម្ម​ដូច​គ្នា​ដែរ។ ក្នុង​នោះ​រួម​មាន​សហគមន៍​ខ្មែរ​ធ្វើ​នៅ​មុខ​រដ្ឋ​សភា​នៅ​ទីក្រុង​អាឌីឡែត (Adelaide) ភាគ​ខាង​ត្បូង​ប្រទេស​អូស្ត្រាលី និង​ទីក្រុង​ស៊ីដនី (Sydney) ធ្វើ​នៅ​ទីតាំង​វត្ត​បូណារិត ហៅ​វត្ត​ខេមសារាម។

នៅ​ថ្ងៃ​សៅរ៍​ដដែល សហគមន៍​ខ្មែរ​ប្រមាណ ៣០០​នាក់ ក៏​ជួបជុំ​គ្នា​បាតុកម្ម​នៅ​មុខ​រដ្ឋ​សភា នា​ទីក្រុង​អូតាវ៉ា (Ottawa) ប្រទេស​កាណាដា (Canada) ដូច​គ្នា​ដែរ។

បាតុករ​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​លោកស្រី ទិត្យ ស្រីណាល រស់​នៅ​ទីក្រុង​ម៉ុងរ៉េអាល់ (Montreal) ប្រទេស​កាណាដា ថ្លែង​ថា សហគមន៍​ខ្មែរ​បាតុកម្ម​នៅ​ពេល​នេះ​គឺ​ទាមទារ​ដោះលែង​លោក កឹម សុខា និង​អ្នក​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ និង​អ្នក​ទោស​នយោបាយ។ ស្រប​គ្នា​នេះ លោកស្រី​ក៏​ស្នើ​ឲ្យ​ប្រទេស​កាណាដា ជួយ​ជ្រោមជ្រែង និង​ឃ្លាំមើល​លើ​កិច្ចការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ៖ «ការ​ធ្វើ​នេះ គឺ​យើង​អត់​បាន​រៀបចំ​គម្រោង​ទុក​មុន ពីព្រោះ​ពេលវេលា​វា​តក់ក្រហល់ ព្រោះ​យើង​ប្រតិកម្ម​រឿង​ចាប់​លោក កឹម សុខា គ្រាន់​តែ​យើង​ដឹង​ភ្លាម យើង​រៀបចំ​ការ​ទាមទារ​ភ្លាមៗ»

ចំណែក​នៅ​ប្រទេស​បារាំង វិញ ក៏​មាន​ចលនា​បាតុកម្ម​ទាមទារ​ដែរ នៅ​ឯ​ទីលាន​សិទ្ធិ​មនុស្ស ទីក្រុង​ប៉ារីស។ សហគមន៍​ខ្មែរ​ដែល​ចូលរួម​បាតុកម្ម​លោក យុន សារុន ថ្លែង​ថា សហគមន៍​ខ្មែរ​នៅ​ប្រទេស​បារាំង មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ស្ថានភាព​នយោបាយ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មួយ​រយៈពេល​ចុង​ក្រោយ​នេះ។ លោក​យល់​ថា ប្រទេស​កម្ពុជា គ្មាន​ភាព​ឯករាជ្យ​របស់​ខ្លួន​ឡើយ​គឺ​រវល់​តែ​ពឹង​ផ្អែក​បរទេស ហើយ​មាន​ការ​បែកបាក់​ពី​ខ្មែរ​គ្នា​ឯង​ទៅ​វិញ៖ «ខ្ញុំ​ជា​ពលរដ្ឋ​ម្នាក់​មិន​ដែល​គិត​ពី​នយោបាយ​កម្ពុជា តាំង​ពី​ឆ្នាំ​១៩៩ មក ប៉ុន្តែ​ឆ្នាំ​នេះ​គឺ​ទ្រាំ​លែង​បាន ព្រោះ​អី​ប្រទេស​ខ្មែរ​កាន់​តែ​ហិនហោច​ទៅៗ គេ​ធ្វើ​បាប។ បាតុកម្ម​នេះ​យើង​ខ្ញុំ​ជម្រាប​ថា យើង​មិន​ទទួល​បក្សពួក​គណបក្ស​ណា​ទាំងអស់ គឺ​ទទួល​តែ​សមាគម​បម្រើ​ផល​ប្រយោជន៍​ក្នុង​សង្គម​ទាំងអស់ គណបក្ស​មិន​ព្រម​ឲ្យ​ចូលរួម​ជាមួយ​ទេ»

ឆ្លើយ​តប​ទៅ​នឹង​បាតុកម្ម​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ជា​រូប​ភាព​មួយ​នៃ​ការ​សម្ដែង​មតិ។ ប៉ុន្តែ​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​គួរ​ពិចារណា​ពី​តថភាព​សង្គម និង​ច្បាប់​ដែល​លោក កឹម សុខា ចង់​ឃុបឃិត​ជាមួយ​បរទេស​បំណង​ផ្ដួល​រលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​ជា​ទោស​ក្បត់ជាតិ៖ «និយាយ​ពី​ប្រសិទ្ធភាព គឺ​អត់​មាន​ទេ ពីព្រោះ​រដ្ឋាភិបាល​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់ ដែល​ពាក់ព័ន្ធ​នឹង​ភស្តុតាង និង​ឯកសារ​ច្បាស់លាស់​ដែល​លោក កឹម សុខា បាន​លាតត្រដាង​បើ​នៅ​ប្រទេស​ក្រៅ គេ​ព្យួរ​ក​បាត់​ទៅ​ហើយ ស្រុក​ខ្មែរ​អត់​មាន​ទោស​ប្រហារ​ជីវិត លោក កឹម សុខា គាត់​សំណាង​ហើយ​គាត់​ជាប់​គុក»

ដោយ​ឡែក​សហគមន៍​ខ្មែរ​នៅ​តាម​បណ្ដា​រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក នឹង​មាន​ការ​រៀបចំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កញ្ញា នៅ​រដ្ឋ​វ៉ាស៊ីនតុន (Washington State) និង​រដ្ឋ​កាលីហ្វ័រញ៉ា (California)។ ក្រៅ​ពី​នោះ នៅ​ឯ​ប្រទេស​នូវែលហ្សេឡង់ (New Zealand) ក៏​មាន​ការ​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សេរីភាព យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ។

ស្ថានការណ៍​ថ្មីៗ​ចុង​ក្រោយ​នេះ​រួម​មាន លោក​នាយករដ្ឋមន្ត្រី​បណ្ដេញ​បុគ្គលិក​បរទេស​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ (NDI) ចេញ​ពី​កម្ពុជា ការ​បិទ​ទ្វារ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) រឿង​ជំពាក់​ប្រាក់​ពន្ធ ការ​ហាម​មិន​ឲ្យ​ស្ថានីយ​វិទ្យុ​នៅ​ស្រុក​ផ្សាយ​បន្ត​ឲ្យ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក អាស៊ីសេរី និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) ព្រម​ទាំង​ការ​ចាប់​ខ្លួន​​មេដឹកនាំ​គណបក្ស​ជា​បន្ត​បន្ទាប់ និង​ចុង​ក្រោយ​គឺ​ការ​ចាប់​ខ្លួន​លោក កឹម សុខា។

អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​បណ្ដុំ​អង្គការ​អន្តរជាតិ​កំពូលៗ​នៅ​លើ​ពិភពលោក​ចុង​ក្រោយ​នេះ ព្រួយ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ រដ្ឋាភិបាល​កាណាដា ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រឹត​បន្តឹង​លើ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s