សមត្ថកិច្ច​ខេត្ត​កណ្ដាល​រើ​ផ្ទះ​បី​ខ្នង​ ក្រោម​សម្រែក​ទ្រហោ​យំ​របស់​ម្ចាស់​ផ្ទះ

ប្រភព ៖ RFI

សមត្ថកិច្ច​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី ០៨ កញ្ញា ម្សិល​មិញ ​បាន​រុះ​រើ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​បី​ខ្នង នៅ​ក្នុង​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។ ការ​រុះរើ​នេះ​ធ្វើ​ឡើង​តាម​អំណាច​សាល​ដីកា​របស់​តុលាការ​កំពូល ដើម្បី​យក​ដី​ជូន​ភាគី​ឈ្នះ​ក្ដី​។ ខណៈ​ភាគី​ចាញ់​ក្ដី​ទាំង​បី​គ្រួសារ​រារាំង ស្រែក​ទ្រហោ​យំ ដេក​ននាល​ដី មិន​ឲ្យ​អាជ្ញាធរ​រុះរើ ដោយ​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ថា គឺ​អយុត្តិធម៌​។

អត្ថបទ​ដោយ៖ យ៉ា រសាត់

ផ្ទះ​ចំនួន​បី​ខ្នង​ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី​មួយ​ខ្នង និង​ផ្ទះ​ថ្ម​ប្រក់​ស័ង្កសី​ពីរ​ខ្នង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​កណ្ដាល​​ វាយ​កម្ទេច​ចោល​គ្មាន​ប្រណី បើ​ទោះ​បី​ជា​មាន​ការ​រារាំង​ពី​ម្ចាស់​ផ្ទះ​យ៉ាង​ណា​ក៏​ដោយ​។

នៅ​ពេល​បាន​ឃើញ​សមត្ថកិច្ច​ជា​ច្រើន​នាក់ រួម​នឹង​គ្រឿងចក្រ​បម្រុង​ចូល​ទៅ​រើ​ផ្ទះ​របស់​ខ្លួន ​ក្រុម​គ្រួសារ​ម្ចាស់​ផ្ទះ​ប្រុស​ស្រី​ បាន​នាំ​គ្នា​ចេញ​ទៅ​ស្រែក​ផង យំ​ផង ដើម្បី​រារាំង​ក្រុម​សមត្ថកិច្ច​។ អ្នក​ខ្លះ​ឡើង​អង្គុយ​លើ​ដៃ លើ​កង់​គ្រឿងចក្រ ខ្លះ​ដេក​ននាល​លើ​ដី​ពី​មុខ​គ្រឿង​ចក្រ ខ្លះ​ដុត​សម្បក​កង់​ឡាន អ្នក​ខ្លះ​កាន់​ដប​សាំង​គម្រាម​ចាក់​ដុត​ផ្ទះ​ជាដើម​។ សកម្មភាព​ទាំង​នេះ​បាន​ទាក់​ទាញ​ប្រជាពលរដ្ឋ​ជុំ​វិញ​ និង​អ្នក​ដំណើរ​ឲ្យ​ឈប់​មើល​យ៉ាង​ច្រើន​កុះករ ក្នុង​ទឹក​ចិត្ត​អាណិត​ម្ចាស់​ផ្ទះ ជា​ពន់​ពេក​។​ ក្រៅ​ពី​សកម្មភាព​ខាង​លើ ក៏​មាន​ការ​ប៉ះទង្គិច ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​ តែ​មិន​មាន​អ្នក​រង​របួស​ធ្ងន់​ធ្ងរ​ទេ​។

អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង សកម្មភាព​ទាំង​នោះ​មិន​អាច​រារាំង​ក្រុម​សមត្ថកិច្ច​បាន​ទេ ដោយ​នៅទីបំផុត គ្រឿង​ចក្រ​បាន​សម្រុក​ចូល រុះរើ​ផ្ទះ​ទាំង​បី​ខ្នង​ខ្ទេច​គ្មាន​សល់​។

មន្ត្រី​តុលាការ​ខេត្ត​កណ្ដាល​បាន​បញ្ជាក់​ថា រឿង​ក្តី​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤​មក។ បើ​តាម​មន្ដ្រី​តុលាការ​ដដែល ដើម​បណ្ដឹង​ជា​អ្នក​ឈ្នះ​ក្តី​ចាប់​តាំង​ពី​សាលា​ដំបូង​ខេត្តកណ្ដាល សាលាឧទ្ធរណ៍ និងតុលាការកំពូល​។ ចំណែក​ភាគី​ចាញ់​ក្ដី មាន​បីរូប​ដែល​ជា​ម្ចាស់​ផ្ទះ​ត្រូវ​បាន​វាយ​កម្ទេច​។ ដី​ដែល​អនុវត្ត​សាល​ដីកា​ឲ្យ​ទៅ​ភាគី​ឈ្នះ​ក្តី មាន​ទំហំ​២៥​ម៉ែត្រ​គុណ​នឹង​១០​ម៉ែត្រ ពីរ​ប្លង់ និង​ដី​ទំហំ​២០​ម៉ែត្រ​គុណ​នឹង​១០០​ម៉ែត្រ មួយ​ប្លង់​។

 សាល​ដីកា​របស់​តុលាការ​កំពូល បាន​បង្គាប់​ឲ្យ​ភាគី​ចាញ់​ក្តី​រុះរើ​ផ្ទះ​ចេញ ប្រគល់​ដី​ឲ្យ​ភាគី​ឈ្នះ​ក្ដី និង​ជួយ​ដោះស្រាយ​សំណង​ពីរ​គ្រួសារ ក្នុង​មួយ​គ្រួសារ​ៗ​ចំនួន​១​ពាន់​ដុល្លារ និង​មួយ​គ្រួសារ​ទៀត ២​ពាន់​ដុល្លារ តែ​ភាគី​ចាញ់​ក្ដី​មិន​ព្រម​រុះរើ​តាម​សាល​ដីកា​។

ប៉ុន្តែ​បើ​តាម​ភាគី​ចាញ់​ក្តី​ទាំង​បី​គ្រួសារ ដី​នោះ​ ជា​ដី​ពួក​គាត់​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨៧ ហើយ​ក៏​មាន​ការ​ទទួល​ស្គាល់​ពី​ប្រធាន​ភូមិ មេ​ឃុំ​ដែរ​។ ភាគី​ចាញ់​ក្ដី​បន្ដ​ថា សាលក្រម​ឲ្យ​ពួក​គាត់​ចាញ់​ក្ដី ជា​រឿង​អយុត្តិធម៌​។

ជាមួយ​គ្នា​នោះ​ សាលា​ដំបូង​ខេត្ត​កណ្តាល​ ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ផង​ដែរ​ដោយ​បញ្ជាក់​ឲ្យ​ដឹង​ថា មុន​ពេល​មាន​វិវាទ ភាគី​ដែល​ត្រូវ​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​រុះរើ​ផ្ទះ​ខាង​លើ បាន​សុំ​ម្ចាស់​ដី​ស្នាក់​នៅ​ជា​បណ្តោះ​អាសន្ន​។ ក្រោយ​មក​ពួកគេ​ខាង​លើ​បាន​សាង​សង់​លំនៅឋាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ម្ចាស់​ដី​ពុំ​បាន​ដឹង​។ លុះ​ឃើញ​ដូច្នេះ ម្ចាស់​ដី​បាន​ស្នើ​សុំ​ឲ្យ​រុះរើ និង​ឲ្យ​ចាក​ចេញ តែ​ពួកគេ​មិន​ព្រម ដោយ​អះអាង​ថា សុខ​ចិត្ត​ស្លាប់​ក៏​មិន​ចេញ​ដែរ​។ ដោយ​សារ​តែ​ភាគី​ចាញ់​ក្ដី​មិន​ព្រម​រុះរើ​ដូច្នេះ​ហើយ ទើប​ឈាន​ដល់​ការ​អនុវត្ត​សាល​ដីកា ដោយ​វាយ​កម្ទេច​ផ្ទះ​នៅ​ថ្ងៃ​ទី​៨​សីហា​តែ​ម្ដង​។

យ៉ាង​ណា​ក៏​ដោយ​ ការ​អនុវត្ត​សាល​ដីកា​នេះ ហាក់​ផ្ទុយ​ពីគោលការណ៍​របស់​ក្រសួងរៀប​ចំ​ដែនដី​ ដែល​កន្លង​មក​តែង​តែ​អះអាង​ថា នឹង​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដី​ធ្លី​ជូន​ប្រជាពលរដ្ឋ​ដោយ​សន្ដិវិធី​៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s