ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ស្ដាយ​ស្រណោះ​បរិវេណ​ដី​បឹង​ព្រែក​ទប់​ដែល​រួម​តូច

ប្រភព ៖ RFA

អ្នក​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍន៍​សង្គម និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​អារម្មណ៍​សោកស្តាយ​ដែល​ដី​ចំណី​មាត់​បឹង ឬ​ផ្ទៃ​រង​ទឹក​ភ្លៀង​នៃ​បឹង​ព្រែក​ទប់ ស្ថិត​ក្នុង​សង្កាត់​លេខ៣ ក្រុង-ខេត្ត​ព្រះសីហនុ ដែល​រួម​តូច។ នៅ​មុន​សកម្មភាព​ដឹក​ដី​ចាក់​លុប​បឹង​រំលោភ​ធ្វើ​កម្មសិទ្ធិ​ឯកជន​ពី​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន បឹង​នេះ​មាន​ទំហំ​ជាង ២០០​ហិកតារ (២៧០​ហិកតារ) ប៉ុន្តែ​បច្ចុប្បន្ន​នេះ ផ្ទៃ​បឹង​ធម្មជាតិ​ទឹកសាប​មួយ​នេះ​បាន​រួម​តូច​នៅ​សល់​ត្រឹម​ផ្ទៃ​បឹង​ជាង ១៦​ហិកតារ​តែ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ អះអាង​ថា មហិច្ឆតា​ដឹក​ដី​ចាក់​លុប​រំលោភ​យក​មាត់​បឹង ឬ​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ​ឯកជន​របស់​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​កន្លង​ទៅ ពេល​នេះ​ពួក​គេ​បាន​សម្រេច​បំណង​ហើយ ព្រោះ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ព្រម​ទាំង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រៀម​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​ព្រែក​ទប់​នេះ ជូន​បុគ្គល​ឯកជន​កាន់​កាប់​ស្រប​ច្បាប់។

មន្ត្រី​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី បង្ហាញ​អារម្មណ៍​ហួស​ចិត្ត​កាល​បើ​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​របស់​លោក ត្រូវ​ការពារ​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មាន​បឹង អូរ ឆ្នេរ ព្រៃ​កោងកាង ឆ្នេរ​សមុទ្រ និង​ធនធាន​ជីវចម្រុះ​បាត​សមុទ្រ​ផ្សេងៗ​ឲ្យ​បាន​គង់វង្ស ប៉ុន្តែ​បែរ​ជា​មន្ត្រី​ក្រោម​ឱវាទ​មិន​ស្តាប់ ឬ​អនុវត្ត​តាម​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ អ្នក​ទាំងនោះ​បន្ត​ធ្វើ​សកម្មភាព​ផ្គើន​ទៅ​បទបញ្ជា​របស់​ប្រមុខ​ដឹកនាំ​ថែម​ទៀត។

លោក វ៉ាន់លី សង្កេត​ឃើញ​ថា រាល់​ថ្ងៃ​នេះ លោក​ឃើញ​មាន​សកម្មភាព​រថយន្ត​ដឹក​ដី​ធំៗ​ដឹក​ដី​ចាក់​លុប​ចូល​ផ្ទៃ​បឹង​ព្រែក​ទប់​ជា​បន្តបន្ទាប់ ទោះ​បី​កន្លង​ទៅ អតីត​អភិបាល​ខេត្ត​ព្រះសីហនុ លោក សាយ ហាក់ ធ្លាប់​បាន​បញ្ជា​ឲ្យ​វាយ​កម្ទេច​ចោល​សំណង់​ផ្ទះ​វីឡា​របស់​លោក ខាត់ ប៊ុណ្ណា មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ទៅ​តាម​បទបញ្ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្តី ក៏ប៉ុន្តែ​ដី​ចំណី​ផ្ទះ​វីឡា​ដែល​ត្រូវ​អាជ្ញាធរ​វាយ​កម្ទេច​កាល​ពី​ពេល​មុន ត្រូវ​បាន​កាន់​កាប់​ដោយ​បុគ្គល​ផ្សេងៗ​ទៅ​វិញ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​និរាករណ៍​រាល់​ប័ណ្ណ​កម្មសិទ្ធិ​ទាំងឡាយ​ណា​ដែល​បុគ្គល​ឯកជន​ប៉ង​រំលោភ​យក​ដី​ចំណី​មាត់​បឹង ឬ​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់​កន្លង​ទៅ​យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។

មន្ត្រី​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​សោកស្តាយ និង​ហួស​ចិត្ត​ដែល​មក​ដល់​ពេល​នេះ​ទៅ​ហើយ មិន​គួរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទុក​បណ្តោយ​ឲ្យ​បុគ្គល​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន​តូច​ដែល​កន្លង​ទៅ​បាន​ប៉ុនប៉ង​ឃុបឃិត​រំលោភ​យក​ដី​ចំណី​មាត់​បឹង​នោះ​ធ្វើ​កម្មសិទ្ធិ អាច​សម្រេច​មហិច្ឆតា​ពួក​គេ​នោះ​ទេ៖ «សូម​ឲ្យ​ការ​អភិវឌ្ឍ​ហ្នឹង​ឲ្យ​បាន​ចំណេញ​ទាំងអស់​គ្នា កុំ​ឲ្យ​កាត់​ឆ្វៀល​ដី​បឹង​ត្រឹម​តែ ១៦,៣០​ហិកតារ​ហ្នឹង​ជា​សម្បត្តិ​របស់​រដ្ឋ ហើយ​នៅ​សល់​ច្រើន​ហិកតារ​ទៀត​ហ្នឹង​មាន​ការ​កាត់​ធ្វើ​ប្លង់​កម្មសិទ្ធិ ដើម្បី​ជា​ប្រយោជន៍​របស់​អ្នក​មាន​លុយ​មាន​អំណាច​មួយ​ចំនួន»

លោក វ៉ាន់លី ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​បឹង​ព្រែក​ទប់ បង្ហាញ​ការ​សោកស្តាយ​ដែល​ពេល​នេះ​ផ្ទៃ​រង​ទឹក​ភ្លៀង និង​ផ្ទៃ​បឹង​ព្រែក​ទប់​ទាំងមូល​ដែល​ធ្លាប់​មាន​ទំហំ​ជាង ២០០​ហិកតារ ប៉ុន្តែ​ពេល​នេះ​រួម​នៅ​សល់​ផ្ទៃ​បឹង​ត្រឹម​ជាង ១៦​ហិកតារ (១៦,៣) តែ​ប៉ុណ្ណោះ។

មន្ត្រី​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ ស្ទើរ​មិន​ជឿ​ថា រដ្ឋាភិបាល ឬ​ថ្នាក់​ដឹកនាំ​ក្រសួង​ដែនដី​ជាដើម អាច​ជួយ​លៃលក​ឲ្យ​បុគ្គល​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន​បាន​សម្រេច​មហិច្ឆតា​ប៉ុនប៉ង​រំលោភ​កាន់​កាប់​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់​នា​ពេល​កន្លង​ទៅ ឈាន​ទៅ​អាច​សម្រេច​បំណង​ពួក​គេ​ទេ។ លោក វ៉ាន់លី ថ្លែង​ថា នៅ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ មន្ត្រី​ជំនាញ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ នឹង​ឈាន​ទៅ​ចេញ​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដី​នៅ​ជុំវិញ​បរិវេណ​មាត់​បឹង​ព្រែក​ទប់​ទទួល​ស្គាល់​ដោយ​ក្រសួង​រៀបចំ​ដែនដី និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ថែម​ទៀត​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។

ទាក់ទិន​បញ្ហា​នេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​លិខិត​ជម្រាប​ជូន​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧ ដោយ​បើក​ផ្លូវ​ឲ្យ​រដ្ឋបាល​ខេត្ត​នេះ​អាច​ដំណើរការ​ចុះ​បញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ជូន​ប្រជាពលរដ្ឋ​ដែល​កាន់​កាប់​ដី​នៅ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់ ស្ថិត​ក្នុង​សង្កាត់​លេខ៣ ក្រុង​ខេត្ត​ព្រះសីហនុ ប្រើប្រាស់​ស្រប​ច្បាប់។

ព្រម​ជាមួយ​គ្នា​នេះ លោក​ក៏​តម្រូវ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រក្សា​ទីតាំង​តំបន់​អភិរក្ស​ទឹកសាប​បឹង​ព្រែក​ទប់ មាន​ទំហំ​ជាង ១៦​ហិកតារ (១៦,៣) ឲ្យ​ស្រប​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយ​ត្រូវ​រក្សា​ដី​ចំណី​ផ្លូវ​ជុំវិញ​បឹង​សង​ខាង​អ័ក្ស​ផ្លូវ​សរុប​មាន​ទទឹង ២០​ម៉ែត្រ សម្រាប់​រៀបចំ​ជា​ផ្លូវ​ទំនប់ ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កខ្វក់​នៅ​តាម​បណ្ដោយ​ដី​ចំណី​ផ្លូវ​ព័ទ្ធ​ជុំវិញ​បឹង និង​ត្រូវ​ការពារ​ប្រឡាយ​ធម្មជាតិ​ដែល​តភ្ជាប់​ទៅ​នឹង​បឹង​ធម្មជាតិ​មួយ​នេះ ដោយ​ត្រូវ​រៀបចំ​ប្រព័ន្ធ​អាង​ចម្រោះ​ទឹក​កខ្វក់​នៅ​ខាង​មុខ​ប្រឡាយ​នោះ មុន​នឹង​បង្ហូរ​ទឹក​ចេញ​ពី​ប្រឡាយ​ចូល​ទៅ​ក្នុង​ផ្ទៃ​បឹង​ព្រែក​ទប់។

ត្រង់​ចំណុច​នេះ អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ថ្លែង​ហួស​ចិត្ត​កាល​បើ​ដឹង​ថា សកម្មភាព​ចាក់​ដី​រំលោភ​យក​បឹង​ធម្មជាតិ​ទឹកសាប​នៃ​បឹង​ព្រែក​ទប់​ពី​បុគ្គល​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​មួយ​ចំនួន​នៅ​ពេល​នេះ បាន​សម្រេច​បំណង​ពួក​គេ​ដោយ​ជោគជ័យ ឬ​ឈាន​ទៅ​មាន​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដី​នេះ​ស្រប​ច្បាប់​ចេញ​ដោយ​ស្ថាប័ន​ជំនាញ​ថែម​ទៀត។

អ្នកស្រី សុធារី ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពិចារណា​ជា​ថ្មី​ទៀត ឬ​ជួយ​ថែរក្សា​បរិវេណ​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​ព្រែក​ទប់​ទាំង​ផ្ទៃ​រង​ទឹក​ភ្លៀង និង​ផ្ទៃ​បឹង​ព្រែក​ទប់​ទាំងមូល ឲ្យ​មាន​ទំហំ​ធំ​ដូច​ដើម​វិញ ដោយ​មិន​គួរ​អនុញ្ញាត​ឲ្យ​ជន​ឆក់​ឱកាស​ដែល​មាន​មហិច្ឆតា​ចាក់​ដី​រំលោភ​យក​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់​ធ្វើ​កម្មសិទ្ធិ​ឯកជន អាច​សម្រេច​មហិច្ឆតា​របស់​ពួក​គេ​នោះ​ទេ៖ «អ្វី​ដែល​យើង​ព្រួយ​បារម្ភ​នោះ គឺ​ថា​តើ​សម្ដី​របស់​សម្តេច​ហ្នឹង មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​តាម​បណ្តា​ខេត្ត​ហ្នឹង​យក​ចិត្ត​ទុក​ដាក់​កម្រិត​ណា គឺ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មាន​ទាំង​មន្ទីរ​រៀបចំ​ដែនដី មន្ទីរ​បរិស្ថាន និង​មន្ត្រី​ជលផល​ជាដើម អនុវត្ត​តាម​ដែរ​ឬ​ទេ»

មន្ត្រី​សមាគម​អាដហុក​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី និង​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បំពេញ​ការងារ​ដោយ​ត្រូវ​តម្កល់​ផល​ប្រយោជន៍​សង្គម​ជាតិ​ជា​ធំ ហើយ​ត្រូវ​ជៀស​ឲ្យ​ផុត​ពី​ការ​ឃុបឃិត​ណា​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ​នា​ថ្ងៃ​អនាគត​ទៀត។

អ្នកស្រី សុធារី អ្នក​ឃ្លាំ​មើល​សង្គម​រូប​នេះ​បាន​ឲ្យ​ដឹង​ថា អ្នក​មាន​ឈ្មោះ​កាន់​កាប់​ចំណែក​ក្បាល​ដី​នៅ​ជុំវិញ​បរិវេណ​មាត់​បឹង​ព្រែក​ទប់ ភាគច្រើន​ជា​មន្ត្រី​មាន​ឋានៈ​បុណ្យ​ស័ក្តិ​ខ្ពស់​កំពុង​បម្រើ​ការងារ​នៅ​តាម​មន្ទីរ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ខ្លះ​ទៀត​កំពុង​បម្រើ​ការងារ​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ថ្នាក់​ជាតិ។

អ្នកស្រី សុធារី សោកស្តាយ​ដែល​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ការពារ​បរិស្ថាន ឬ​ធនធាន​ធម្មជាតិ​លើក​ទី​ពីរ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា នា​វិមាន​សន្តិភាព ប៉ុន្តែ​បែរ​ជា​មិន​មាន​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​អនុវត្ត​តាម​នោះ​ទេ ហើយ​ថែម​ទាំង​បាន​ផ្គើន​ទៅ​នឹង​បទបញ្ជា​នេះ​ថែម​ទៀត។

បញ្ហា​នេះ​ដែរ លោក នួន ប៉ុក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា កន្លង​ទៅ មន្ត្រី​ជំនាញ​បាន​ចុះ​បោះ​បង្គោល​កំណត់​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ទឹកសាប​ព្រែក​ទប់ ដោយ​អនុវត្ត​ត្រឹមត្រូវ​តាម​អនុក្រឹត្យ​របស់​រាជ​រដ្ឋាភិបាល​ស្ដីពី​ការងារ​ថែរក្សា​ការពារ​ផ្ទៃ​បឹង​ព្រែក​ទប់ មាន​ទំហំ​ជាង ១៦​ហិកតារ (១៦,៣​ហិកតារ) សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​នា​ខេត្ត​ព្រះសីហនុ។ លោក​បន្ត​ថា សកម្មភាព​ចុះ​កំណត់​ព្រំ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​នេះ បាន​ឈាន​ដល់​រាល់​ថ្ងៃ​នេះ ក្រុម​ការងារ​ធ្វើ​សកម្មភាព​ដឹក​ដី​ចាក់​រៀបចំ​ស្ថាបនា​ផ្លូវ សង់​ទំនប់​ការពារ​ផ្ទៃ​បឹង និង​ដាំ​ដើមឈើ​ជុំវិញ​មាត់​បឹង ដើម្បី​កែលំអ​បឹង​ទឹកសាប​មួយ​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​តាម​បែប​ធម្មជាតិ​សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​តំបន់​បឹង​ព្រែក​ទប់​នេះ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។

លោក នួន ប៉ុក បន្ត​ថា នៅ​ថ្ងៃ​អនាគត ទីតាំង​នៅ​ជុំវិញ​តំបន់​បរិវេណ​មាត់​បឹង​ព្រែក​ទប់​មាន​ទីតាំង​នៅ​ជាប់​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ ៧​ជាន់ ស្ថិត​ក្នុង​សង្កាត់​លេខ៣ ក្រុង-ខេត្ត​ព្រះសីហនុ នឹង​ត្រូវ​ធានា​ថែរក្សា​ការពារ​សោភ័ណភាព​ធម្មជាតិ វប្បធម៌ ព្រម​ទាំង​អភិរក្ស​ប្រែ​ក្លាយ​បឹង​ទឹកសាប​មួយ​នេះ​សម្រាប់​បម្រើ​ដល់​ផល​ប្រយោជន៍​រួម​របស់​សាធារណជន​ទូទៅ និង​រួម​គ្នា​ថែរក្សា​បឹង​ព្រែក​ទប់​ឲ្យ​បាន​គង់វង្ស។ ប៉ុន្តែ​ការ​អះអាង​នេះ ត្រូវ​បាន​សាធារណជន ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ រិះគន់ និង​ចាត់​ទុក​សកម្មភាព​ចាក់​ដី​អភិវឌ្ឍ​ផ្លូវ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់ ថា​នាំ​ឲ្យ​បាត់បង់​ផ្ទៃ​បឹង​ធម្មជាតិ​មួយ​នេះ​ថែម​ទៀត។ ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ថែរក្សា​ការពារ​ផ្ទៃ​រង​ទឹក​ភ្លៀង ឬ​មាត់​បឹង​ព្រែក​ទប់​ឲ្យ​បាន​គង់វង្ស ជាពិសេស​ត្រូវ​និរាករណ៍​រាល់​ប័ណ្ណ​កម្មសិទ្ធិ​ទាំងឡាយ​ណា​ដែល​មន្ត្រី​ជំនាញ​ចេញ​ឲ្យ​បុគ្គល​ឯកជន​កន្លង​ទៅ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ថា បរិវេណ​នៅ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់ ឬ​ផ្ទៃ​រង​ទឹក​ភ្លៀង ផ្ទៃ​បឹង​ព្រែក​ទប់ ព្រម​ទាំង​បរិវេណ​ដី​ហ៊ុមព័ទ្ធ​នៅ​ជុំវិញ​មាត់​បឹង​ព្រែក​ទប់​ទាំងមូល​សរុប​មាន​ជាង ២០០​ហិកតារ (២៧០)។ ប៉ុន្តែ​ក្រោយ​មក បន្ទាប់​ពី​មាន​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​ខុស​ច្បាប់​ពី​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​មួយ​ចំនួន​ជា​បន្តបន្ទាប់ ដោយ​មាន​ការ​ឃុបឃិត​ពី​មន្ត្រី​ស្ថាប័ន​ជំនាញ​ខ្លះ​នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នាំ​ឲ្យ​ផ្ទៃ​បឹង​ព្រែក​ទប់​បាន​រួម​នៅ​សល់​ជាង ៩០​ហិកតារ ដែល​កាលណោះ​នៅ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក សាយ ហាក់ ធ្វើ​ជា​អភិបាល​ខេត្ត។ កន្លង​ទៅ លោក សាយ ហាក់ ធ្លាប់​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​វាយ​កម្ទេច​វីឡា​របស់​លោក ខាត់ ប៊ុណ្ណា មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​នេះ​ចោល ដែល​កាលណោះ​ចោទ​ថា បាន​សង់​នៅ​លើ​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ ប៉ុន្តែ​ពេល​បច្ចុប្បន្ន ដី​ផ្ទៃ​មាត់​បឹង​ព្រែក​ទប់ ត្រូវ​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​បាន​រំលោភ​ស្ទើរ​ទាំងស្រុង​អស់​ទៅ​ហើយ។ បន្តបន្ទាប់​មក​ទៀត នៅ​ក្នុង​អាណត្តិ​ទី​៤ ក្រោម​ការ​ដឹកនាំ​របស់​លោក ស្បោង សារ៉ាត់ ជា​អភិបាល​ខេត្ត​ព្រះសីហនុ វិញ គឺ​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​បឹង​ព្រែក​ទប់​ដែល​នៅ​សល់​ជាង ៩០​ហិកតារ ត្រូវ​បាន​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​នៅ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​លោក ស្បោង សារ៉ាត់ ឃុបឃិត​គ្នា​រំលោភ​ធ្វើ​ជា​កម្មសិទ្ធិ​ស្ទើរ​គ្មាន​សល់។

សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​នៅ​ជុំវិញ​បឹង​ព្រែក​ទប់​នេះ លោក ស្បោង សារ៉ាត់ អតីត​អភិបាល​ខេត្ត​ព្រះសីហនុ និង​អតីត​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ អាច​ដឹង​រឿង​នេះ​ច្បាស់​ជាង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ​ទៀត​នៅ​ក្រោម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​ក្នុង​រជ្ជកាល​នោះ។ ក្រោយ​មក លោក ស្បោង សារ៉ាត់ បាន​សម្រេច​រក្សា​ផ្ទៃ​បឹង​ព្រែក​ទប់​នៅ​ចន្លោះ​ពី ១៥ ទៅ ១៦​ហិកតារ​តែ​ប៉ុណ្ណោះ។

ទោះ​យ៉ាង​ណា លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា បញ្ហា​កើត​មាន​នៅ​បឹង​ព្រែក​ទប់ មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​លេខ​៣ បច្ចុប្បន្ន​នេះ ក្រុម​ការងារ​ចម្រុះ​របស់​រដ្ឋាភិបាល​មាន​ក្រសួង​ដែនដី និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជាដើម បាន​ចុះ​អនុវត្ត​តាម​សេចក្តី​សម្រេច​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ទៅ​អភិរក្ស​ថែរក្សា​ការពារ​បឹង​ធម្មជាតិ​ទឹកសាប​មួយ​នេះ​ឲ្យ​បាន​គង់វង្ស និង​ដាក់​ឲ្យ​ការពារ​ដោយ​ព្រះរាជ្យក្រឹត្យ៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s