ស្ថាបនិក​ ឌឹខេមបូឌាដេលី ​ផ្ញើ​លិខិត​ ២ ជូន​នាយក​រដ្ឋមន្ត្រី

ប្រភព ៖ ភ្នំពេញបុស្តិ៍

​ស្ថាបនិក​ និង​ចាងហ្វាង​រង​នៃ​កាសែត​ ឌឹខេមបូឌាដេលី ដែល​ឥឡូវ​នេះ​ត្រូវ​បាន​បិទ បាន​ផ្ញើ​លិខិត​ដោយឡែក​ពី​គ្នា​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុង​សប្តាហ៍​ដោយ​ស្នើសុំ​អន្តរាគមន៍​ពី​លោក​ដើម្បី​បើក​កាសែត​នេះ​ឡើង​វិញ ដោយ​ស្ថាបនិក​នៃ​កាសែត​នេះ​លោក Bernard Krisher ថ្លែង​ថា​ លោក​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ដើម្បី​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​ពន្ធ​ថែម​ទាំង​បញ្ហា​ពន្ធ​របស់​កូនស្រី​របស់​លោក លោកស្រី DeborahKrisher-Steele​។

កាសែត​ ឌឹខេមបូឌាដេលី ​ត្រូវ​បាន​បិទ​នៅ​ថ្ងៃ​ទី​ ៤ កញ្ញា បន្ទាប់ពី​ត្រូវ​បាន​តម្រូវ​ឲ្យ​សង​បំណុល​ពន្ធ​ចំនួន​ ៦,៣ ​លាន​ដុល្លារ ហើយ​បន្ទាប់ពី​ការ​បិទ​ក៏​មាន​ចំណាត់ការ​ខ្លាំងក្លា​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​​ផង​ដែរ គឺ​ហាម​លោកស្រី Deborah Krisher-Steele និង លោក Douglas Steele មិន​ឲ្យ​ចេញ​ពី​កម្ពុជា និង​បាន​ប្តឹង​អ្នក​ទាំង​ពីរ និង​លោក​ Bernard Krisher ពី​បទ​គេចពន្ធ​ដែល​បណ្តឹង​នេះ​មាន​ទោស​ជាប់​ពន្ធនាគារ​។

លោក​ Krisher ​ដែល​បាន​បង្កើត​កាសែត​នេះ​ក្នុង​ឆ្នាំ​ ១៩៩៣ បាន​ផ្ញើ​លិខិត​មួយ​ជា​ភាសា​អង់គ្លេស​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​និយាយ​ថា​លោក​បាន​លក់​ទ្រព្យសម្បត្តិ​ទៅ​កូនស្រី​របស់​លោក​គឺ​លោកស្រី Deborah Krisher-Steele ដើម្បី​ឲ្យ​លោកស្រី​អាច​គ្រប់គ្រង​កាសែត​នេះ បន្ទាប់ពី​លោក​ស្លាប់ ហើយ​ថា​កិច្ចព្រមព្រៀង​លក់​របស់​ពួកគេ​បង្ហាញ​ថា​លោក​នឹង​ជំពាក់​បំណុល​ពន្ធ​ណា​មួយ​មុន​ការ​លក់​ទ្រព្យសម្បត្តិ​​ខែ​មីនា​។

លិខិត​របស់​លោក Bernard Krisher ចុះ​ថ្ងៃ​ទី​ ៧ កញ្ញា​បាន​សរសេរ​ថា​៖ «​បញ្ហា​គឺ​ថា​ឥឡូវ​នេះ​កូនស្រី​របស់​ខ្ញុំ Deborah ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បំណុល​ពន្ធ​ពី​ឆ្នាំ​ ២០០៧ ​ដល់​ ២០១៦ ​ដែល​ក្នុង​អំឡុង​ពេល​នេះ ខ្ញុំ​ជា​ម្ចាស់​កាសែត​ ឌឹខេមបូឌាដេលី​»​។

លោក Krisher ស្នើសុំ​ការ​ទទួល​ខុសត្រូវ​បំណុល​ពន្ធ​ធ្លាក់​ទៅ​លើ​រូបលោក មិនមែន​កូនស្រី​របស់​លោក​ទេ ដែល​លោក​ថា​កូនស្រី​លោក​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​តាំង​ពី​ខែ​មេសា​មក​។ ​«​ខ្ញុំ​កំពុង​រៀបចំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​សង្គ្រោះ​កូនស្រី​របស់​ខ្ញុំ​»​។

ជាង​នេះ​ទៀត​លិខិត​របស់​លោកស្រី Krisher-Steele បាន​បំភ្លឺ​ថា​លោកស្រី និង​ឪពុក​របស់​លោកស្រី​មិន​មាន​ចេតនា​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ពន្ធ​ទេ ហើយ​ថា​ការ​បិទ​របស់​កាសែត​ដេលី​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ និង​មិនមែន​ជា​ករណី​នយោបាយ​ដែល​ប៉ះពាល់​សេរីភាព​សារព័ត៌មាន​ទេ​។

លិខិត​ថ្ងៃ​ទី​ ៩ កញ្ញា​ជា​ភាសា​ខ្មែរ​បាន​សរសេរ​ថា​៖ «​ខ្ញុំ​ពិតជា​សោកស្តាយ​ដែល​មាន​អត្ថាធិប្បាយ​ជាច្រើន​ពី​មជ្ឈដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស​​បាន​ចាត់​ទុក​ការ​បិទ​ព្រឹត្តិបត្រ​ ឌឹខេមបូឌាដេលី ​ភ្ជាប់​នឹង​រឿង​នយោបាយ ហើយ​ចោទ​រាជរដ្ឋាភិបាល​ថា​ព្យាយាម​បំបិទ​សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​»​។

លោកស្រី​ក៏​បាន​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី​ស្វែងរក​ដំណោះស្រាយ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ «​ឈ្នះ‑ឈ្នះ​» ​និង​ច្បាប់​កម្ពុជា​។

សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ដាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​អង្គការ​មិន​ស្វែងរក​ប្រាក់​ចំណេញ​របស់​ម្ចាស់​នេះ​បាន​បញ្ជាក់​ថា​គណនី​ធនាគារ​របស់​អង្គការ​នេះ​ត្រូវ​បាន​បង្កក​ហើយ​ប្រតិបត្តិការ​ភាគច្រើន​បំផុត​របស់​អង្គការ​នេះ​ត្រូវ​បាន​​បញ្ឈប់​។ ​បុគ្គលិក​អង្គការ​នេះ​ឥឡូវ​នេះ​បាន​ឈប់​បណ្តោះអាសន្ន ហើយ​អង្គការ​នឹង​បន្ត​ប្រតិបត្តិការ​សេវា​ថែទាំ​ក្មេង​របស់​ខ្លួន​វិញ​នៅ​ខែ​ក្រោយ​។

លោកស្រី Deborah Krisher-Steele និង​លោក Douglas Steele មិន​បាន​ឆ្លើយតប​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​លិខិត​ពីរ​ដែល​ផ្ញើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ទេ​។

យ៉ាង​ណា​ក្ដី​ការ​បិទ​កាសែត​ដេលី​បាន​ធ្វើ​ឡើង​ចំ​ពេល​មាន​ការ​បង្ក្រាប​ទូលំ​ទូលាយ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​នោះ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​និយាយ​ថា​ប្រេកង់​វិទ្យុ​ចំនួន​ ៣២ ​នៅ​ក្នុង​ខេត្ត​ចំនួន ​២០ ​ត្រូវ​បាន​បិទ​ដោយ​​ប៉ះពាល់​វិទ្យុ​ឯករាជ្យ​ដូចជា វិទ្យុ​សំឡេង​​ប្រជាធិបតេយ្យ វិទ្យុ​អាស៊ីសេរី​ដែល​ទទួល​បាន​ថវិកា​ពី​អាមេរិក និង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​។

នាយិការង​សម្រាប់​ការ​តស៊ូ​មតិ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោកស្រី ណារី ភីឡូក បាន​ថ្លែង​ថា​អង្គការ​បាន​ពិនិត្យ​ខ្លឹមសារ​នៃ​ការ​បិទ​ដោយ​ប្រើប្រាស់​អត្ថបទ​សារព័ត៌មាន ទិន្នន័យ​ក្រសួង​ព័ត៌មាន​​ និង​បណ្តាញ​តាម​ខេត្ត​របស់​ពួកគេ​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​វា​បង្ហាញ​ច្បាស់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (​វិទ្យុ ​និង​កាសែត​) ​និង​ជាពិសេស​ដែល​ទទួល​ថវិកា​ពី​អាមេរិក​ត្រូវ​បាន​តម្រង់​ទិសដៅ​នាពេល​ថ្មីៗ​ពី​បទ​ចោទប្រកាន់​មួយ​ចំនួន​ដែល​នាំ​ទៅ​ដល់​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​រិះគន់​នេះ ខណៈ​កំពុង​ខិត​ទៅ​ជិត​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨»​។

ទោះ​យ៉ាង​ណា​ក្តី​អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​លោក អ៊ុក គឹមសេង បាន​ថ្លែង​ថា​មាន​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តែ​ជាង​ ១០ ​ប៉ុណ្ណោះ ហើយ​ហៅ​របាយការណ៍​ខ្លី​របស់​អង្គការ​លីកាដូ​ថា​ «​មិន​ផ្លូវការ​»​។

លោក​ថា​៖ «​ប្រសិន​បើ​ពួកគេ​ធ្វើ​របាយការណ៍​ដែល​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​បែប​នេះ​ខ្ញុំ​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​ក្រសួង​បាន​រក​​ឃើញ​តែ​ជាង​ ១០ ​ប៉ុណ្ណោះ​។ ហេតុ​អ្វី​ពួកគេ​នៅ​តែ​និយាយ​ដូច​នោះ​?»

លោក ប៉ាក់ មុនី អ្នក​គ្រប់គ្រង​ទូទៅ​សម្រាប់​វិទ្យុ​ ៨៨,២៥FM ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ ១០៥FM ​ក្នុង​ខេត្ត​បាត់ដំបង​បាន​ថ្លែង​ថា​ពួកគេ​ត្រូវ​បាន​បិទ​ដោយសារ​ផ្សាយ​កម្មវិធី​វិទ្យុ​អាស៊ីសេរី​ និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​។

លោក​បាន​បញ្ជាក់​ថា​៖ «​ពួកគេ​និយាយ​ថា​យើង​បំពាន​ច្បាប់​។ ​តើ​ខុស​យ៉ាង​ម៉េច​? ​សូម​ឲ្យ​យើង​ដឹង​ដើម្បី​យើង​អាច​កែប្រែ​»៕ PS

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s