កងអាវុធហត្ថ ​ត្រូវ​បាន​បញ្ជា​ឲ្យ​ត្រៀម​ការពារ​រាជរដ្ឋាភិបាល

ប្រភប ៖ ភ្នំពេញបុស្តិ៍

មួយ​ថ្ងៃ​បន្ទាប់ពី​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​​ប្រទេស​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ទាំង​អស់​ត្រៀម​លក្ខណៈ​ដើម្បី​​ការពារ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ និង​ទប់​មិន​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​នេះ​បើ​យោង​ទៅ​តាម​សារ​មួយ​បង្ហោះ​លើ​ទំព័រ​ព័ត៌មាន​របស់​កងរាជ​អាវុធហត្ថ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​។

នា​ថ្ងៃ​ទី​ ៤ ខែ​កញ្ញា​នៅ​សាលប្រជុំ​សេនាធិការដ្ឋាន​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក​ឧត្តមសេនីយ៍ឯក វង្ស ពិសេន បាន​បញ្ជា​ឲ្យ​កងកម្លាំង​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ទាំង​ ២៥ ត្រូវ​គ្រប់គ្រង​ព័ត៌មាន​ទាំង​ក្នុង​ប្រទេស និង​ព័ត៌មាន​ក្រៅ​ប្រទេស​ឱ្យ​បាន​ច្បាស់លាស់​ហើយ​រាយការណ៍​ឱ្យ​បាន​ទាន់​ពេលវេលា​មក​មេបញ្ជាការ​គ្រប់​ម៉ោង ហើយ​កម្លាំង​អាវុធហត្ថ​ទាំងអស់​ត្រូវ​ត្រៀម​លក្ខណៈ​ទាំង​កម្លាំង​ទ័ព ប្រតិបត្តិការ ទាំង​កម្លាំង​សិក្ខាកាម មធ្យោបាយ សម្ភារ គ្រឿង​បំពាក់​ភ័ស្តុភារ បច្ចេកទេស វិទ្យុទាក់ទង រថយន្ត រថពាសដែក​ត្រៀម​ជា​ស្រេច​នៅ​ពេល​មាន​ការ​អ្វី​គឺ​អាច​យក​មក​ប្រើប្រាស់​បាន​ទាន់​ពេលវេលា​។

លោក​បាន​បន្ត​ថា​កម្លាំង​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ និង​កម្លាំង​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ត្រូវ​ទទួល​ខុសត្រូវ​នៅ​រាជធានី​ភ្នំពេញ ហើយ​កងរាជ​អាវុធហត្ថ​នៅ​តាម​ខេត្ត​គឺ សហការ​រួម​គ្នា​ជាមួយ​នឹង​បញ្ជាការ​ឯកភាព​របស់​ខេត្ត និង​គ្រប់​បណ្តា​អង្គភាព​អាវុធហត្ថ​ទាំងអស់​នៅ​ពេល​ទទួល​ការ​អប់រំ​ និង​ការ​ផ្សព្វផ្សាយ​រួច​ត្រូវ​យក​ការ​ផ្សព្វផ្សាយ​ទាំង​នេះ​ទៅ​ពន្យល់​ដល់​អ្នក​នៅ​ក្រោម​ឱវាទ​ឱ្យ​បាន​យល់ និង​ជ្រួតជ្រាប​អំពី​កិច្ច​ការងារ​ដែល​ត្រូវ​ទទួល​ខុសត្រូវ​​ទប់ស្កាត់​មិន​ឲ្យ​មាន​បដិវត្តន៍​​ពណ៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ជា​ដាច់ខាត​។

លោក​បាន​ថ្លែង​ថា​៖ «​គ្រប់​បណ្តា​អង្គភាព​កងរាជ​អាវុធហត្ថ​ទាំងអស់​ត្រូវ​តែ​គោរព​ និង​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួង​ការពារ​ជាតិ អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ការពារ​ឱ្យ​បាន​រដ្ឋាភិបាល​ស្រប​ច្បាប់​ប្តេជ្ញាចិត្ត​មិន​ឱ្យ​បដិវត្តន៍​ពណ៌​មាន​នៅក្នុង​ប្រទេស​កម្ពុជា​ជា​ដាច់ខាត​»​។

លោក​បាន​ណែនាំ​ឲ្យ​មន្ត្រី​នាយ​ទាហាន នាយ​ទាហានរង​នៃ​កងរាជ​អាវុធហត្ថ​ទាំងអស់​ត្រូវ​តែ​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា និង​មើល​ឱ្យ​ឃើញ​នូវ​ល្បិចកល​អមិត្ត​ដែល​ចង់​ប្រើប្រាស់​រូបភាព​បដិវត្តន៍​ពណ៌​មក​លើ​ទឹកដី​កម្ពុជា​។

លោក ជាម ច័ន្ទនី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា​ការ​ត្រៀម​នេះ​ជា​រឿង​នយោបាយ​។

លោក ច័ន្ទនី ថ្លែង​ថា​៖ «​យើង​ឃើញ​ហើយ​ថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​យើង​បាន​ដឹង​ទាំងអស់​គ្នា​ហើយ​ខ្ញុំ​គ្មាន​អ្វី​និយាយ​ទេ​ហើយ​ខ្ញុំ​គ្រាន់​សន្និដ្ឋាន​ថា​គ្រប់​យ៉ាង​ទាំងអស់​វា​ជា​រឿង​ដែល​ពាក់ព័ន្ធ​ទៅ​រឿង​នយោបាយ​»​។

លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ថ្លែង​ថា​នេះ​ភារកិច្ច​របស់​កម្លាំង​កងរាជ​អាវុធហត្ថ ហើយ​ធ្វើ​តាម​តួនាទី​របស់​កងរាជ​អាវុធហត្ថ​។

លោក មាស នី អ្នកវិភាគ​សង្គម​ក្នុង​អង្គការ​មិនមែន​រដ្ឋាភិបាល​ថ្លែង​ថា​រឿង​នេះ​មិន​ចម្លែក​អី​ទេ​។

លោក​ថ្លែង​ថា​៖ «​បើ​យើង​ពិនិត្យ​មើល​លទ្ធផល​នៃ​ការ​បោះឆ្នោត​ក៏​គេ​អាច​មើល​ឃើញ​ថា​ប្រហែល​មាន​មនុស្ស​ជាង​ ៣ ​លាន​នាក់​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង ដូច្នេះ​ការ​ចាប់​មេដឹកនាំ​គណបក្ស​ប្រឆាំង​គឺ​គេ​មាន​ការ​ព្រួយ​បារមុ្ភ​ខ្លាំង​ពីព្រោះ​អ្នក​ទាំង​ ៣ ​លាន​នាក់​អាច​ធ្វើការ​បះបោរ​តវ៉ា​ហើយ​ប្រសិន​បើ​មាន​ការ​បះបោរ​តវ៉ា​គេ​នឹង​យក​កម្លាំង​មក​បង្ក្រាប​តែ​ម្តង កុំ​ឲ្យ​បះបោរ​។ ​ទី​ពីរ​ប្រសិន​បើ​ការ​បះបោរ​អាច​ក្លាយ​ទៅ​ជា​ធ្ងន់ធ្ងរ​ពេល​នោះ រាជរដ្ឋាភិបាល​អាច​មាន​លទ្ធភាព​ស្រប​ច្បាប់​ក្នុង​ការ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​មាន​អាសន្ន​ហើយ​វា​អាច​នឹង​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​។ វា​អាច​ដូច​របប​យោធា​ថៃ​»៕

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s